តុលាការរាយការណ៍ទៅប្រធានរដ្ឋសភាអំពីករណីបង្គាប់ឲ្យចាប់ខ្លួនលោក កឹម សុខា
ដោយ អ៊ុង សេរីវុទ្ធ
2016-05-27
លោក ហេង សំរិន ប្រធានរដ្ឋសភា ថ្លែងក្នុងសិក្ខាសាលាស្ដីពីសេចក្ដីព្រាងច្បាប់សហជីព នាវិមានរដ្ឋសភា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។
RFA/Brach Chev
តុលាការក្រុងភ្នំពេញបញ្ជូនលិខិតមួយច្បាប់ទៅប្រធានរដ្ឋសភា លោក ហេង សំរិន នៅថ្ងៃទី២៧ ឧសភា ដើម្បីរាយការណ៍ពីមូលហេតុ នៃការតាមចាប់ខ្លួនប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
លិខិតរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់មូលហេតុពីការបង្គាប់ចាប់ខ្លួនលោក កឹម សុខា នេះ ដោយលើកហេតុផលថា លោក កឹម សុខា មិនបានចូលខ្លួនទៅបំភ្លឺនៅតុលាការចំនួនពីរលើក ពាក់ព័ន្ធនឹងអំពើសញ្ចារកម្មក្នុងនាមជាសាក្សី ក្រោយពីអយ្យការបានស្ដាប់ចម្លើយរបស់នាង ខុម ចាន់តារាទី ហៅ ស្រីមុំ នៃសំណុំរឿងព្រហ្មទណ្ឌលេខ ១២៨០ ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦។
លិខិតនោះក៏បញ្ជាក់ពីសកម្មភាពដែលតុលាការបានស្ទាក់ឃាត់រថយន្តលោក កឹម សុខា កាលពីថ្ងៃទី២៦ ឧសភា នៅតាមផ្លូវនរោត្តម ក្បែរសាលាពញាហុក តែពុំមានវត្តមានលោក កឹម សុខា។
ចំណែកមន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព អះអាងនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៧ ឧសភា នេះ ថា អភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា មិនអាចរារាំងការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួននោះបានទេ សម្រាប់ទង្វើដែលជាបទល្មើសជាក់ស្ដែងតាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ។
លោក គឹម សន្តិភាព អះអាងបែបនេះ ដោយលោកយោងនីតិវិធីព្រហ្មទណ្ឌបានកំណត់ច្បាស់លាស់លើមាត្រា ៨៦ ៨៧ និង១០៦ ហើយលោកបន្តថា មានតែសំឡេងគាំទ្រ ៣ ភាគ ៤ នៃចំនួនសមាជិករដ្ឋសភាទាំងមូលទេ ទើបអាចផ្អាកនីតិវិធីចាប់ខ្លួនលោក កឹម សុខា បាន។
មាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ ចែងថា បុគ្គលណាដែលមិនចូលទៅឆ្លើយជាសាក្សីនៅចំពោះមុខអយ្យការ ចៅក្រមស៊ើបសួរ ឬតុលាការព្រហ្មទណ្ឌ តាមដីកាកោះហៅ ដោយគ្មានមូលហេតុសមស្រប នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់១០ម៉ឺនរៀល ទៅ១លានរៀល។
កាលពីថ្ងៃទី២៦ ឧសភា សមត្ថកិច្ចប្រដាប់ដោយអាវុធគ្រប់ដៃ បានសម្រុកចូលទីស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ដោយមិនបញ្ជាក់ពីមូលហេតុ ហើយមុនហេតុការណ៍នោះ សមត្ថកិច្ចប្រដាប់ដោយអាវុធមួយក្រុម ក៏បានឃាត់រថយន្តរបស់លោក កឹម សុខា ខណៈដែលប្រពន្ធលោកកំពុងធ្វើដំណើរតាមដងផ្លូវផងដែរ។
1 comment:
He is another dick-head scarecrow samdech.
Post a Comment