អ្នកសិក្សាស្រាវជ្រាវ៖ អាជ្ញាធរមូលដ្ឋានខ្វះចំណេះដឹងនិងថវិកាធ្វើការកាត់បន្ថយកាកសំណល់
ដោយ សាន សែល
2016-05-27
គំនរសំរាមដែលគេដឹកទៅចាក់ចោលក្បែរផ្ទះអ្នកភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ រូបថតថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥
RFA/Chin Chetha
អ្នកស្រាវជ្រាវ អង្កេតឃើញថា អាជ្ញាធរមូលដ្ឋាន តាមថ្នាក់ក្រុង ស្រុក ខណ្ឌ កំពុងត្រូវការជំនាញចំណេះដឹង ផ្នែកគ្រប់គ្រងសំរាម និងកាកសំណល់រឹង ដើម្បីរៀបចំផែនការ គ្រប់គ្រងកាកសំណល់។ អ្នកស្រាវជ្រាវ យល់ថា អាជ្ញាធរមូលដ្ឋាន ជាដើរតួនាទីសំខាន់ ដើម្បីរៀបចំផែនការប្រមូលសំរាម។
លោក មិន មុន្នី អ្នកសរសេររបាយការណ៍អង្កេត ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹង ដោយរដ្ឋបាល ថ្នាក់ក្រុង ស្រុក សង្កត់ធ្ងន់ថា សង្កេតឃើញថា ការប្រមូលសំរាម កាកសំណល់រឹង នៅមិនទាន់ត្រឹមត្រូវតាមស្តង់ដារ ដែលបណ្ដាលឲ្យបញ្ហាសំរាមនៅកម្ពុជា បន្តជារឿងឈឺក្បាល។
លោក មុន្នី សង្កេតឃើញថា ការជញ្ជូនសំរាម នៅតាមតំបន់ទីប្រជុំជន កន្លែងទេសចរ និងផ្សារ មិនទាន់ស្មើភាព។ កាលវិភាគនៃការប្រមូលសំរាម មិនច្បាស់លាស់ បណ្ដាលឲ្យសំរាមហូរហៀរ ហើយកន្លែងផ្ទុកសំរាម មិនទាន់ដាក់បានត្រឹមត្រូវ។ លោក មុន្នី បញ្ជាក់ថា សណ្ឋាគារខ្លះ ឲ្យថ្លៃឈ្នួលប្រមូលសំរាមច្រើន ដើម្បីឲ្យគេជញ្ជូនសំរាមចេញទាល់ពេលវេលា ក៏ប៉ុន្តែប្រជាពលរដ្ឋ ដែលថ្លៃឈ្នួលធម្មតា អ្នកប្រមូលសំរាម មកជញ្ជូនសំរាមយឺត។ «»
លោក មុន្នី ក៏ចង់ឲ្យមានការកែច្នៃសំរាមឡើងវិញ ហើយលោកថ្លែងថា សំរាមនេះ ក៏ចូលរួមឲ្យមានការប្រែប្រួលអាកាសធាតុ ពិសេសថង់ប្លាស្ទិកដែលនៅកប់ក្នុងដី ធ្វើឲ្យដីចម្ការខូច មិនអាចដាំដំណាំបាន។
របាយការណ៍អង្កេតបានរកឃើញថា ការប្រមូលសំរាមនៅតាមក្រុង ស្រុក ដោយក្រុមហ៊ុនឯកជនចុះកិច្ចសន្យា ប្រមាណ៧២ភាគរយ ពិសេសបើនៅតាមផ្សារ អ្នកម៉ៅការផ្សារ ឬភាស៊ីផ្សារ ជាអ្នកប្រមូលសំរាម។ ក្រុមហ៊ុន ភាគច្រើន ទទួលបានកុងត្រា ពី១ ទៅ៣០ឆ្នាំ ដើម្បីប្រមូលសំរាម ខណៈក្រុមហ៊ុនទាំងនោះ មិនទាន់មានផែនការ និងយុទ្ធសាស្ត្រ គ្រប់គ្រាន់ ក្នុងការគ្រប់គ្រងសំរាម។ របកគំហើញនៃការអង្កេត ក៏រកឃើញទៀតថា ៥៣ភាគរយ នៃក្រុមប្រឹក្សាក្រុង ស្រុក មិនទំនាក់ទំនងរវាងទីតាំងមួយទៅមួយ ដើម្បីសហការគ្រប់គ្រងសំរាម ហើយមានតែម្ភៃប្រាំបីភាគរយនៃក្រុង ស្រុក ដែលមានរណ្ដៅចាក់សំរាមរួមគ្នា។
អគ្គលេខាធិការនៃសម្ព័ន្ធជាតិឃុំ-សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា លោក ប៉ុក សុគន្ធដារ៉ា មានប្រសាសន៍ថា ក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ ពិតជាខ្វះជំនាញបច្ចេកទេស គ្រប់គ្រងកាកសំណល់ ដែលរារាំងពួកគាត់ មិនអាចចូលរួមពេញ រៀបចំ និងអនុវត្តផែនការគ្រប់គ្រងកាកសំណល់។«»
អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ លោក លេង វី ថ្លែងថា វត្តមានរបស់អង្គការសង្គមស៊ីវិល រួមចំណែកជួយសម្របសម្រួល មានការគ្រប់គ្រងសំរាម និងសំណល់រឹង ឲ្យបានល្អ។ លោកលើកឧទាហរណ៍ ពីមូលនិធិខុនរ៉ាដ ដែលកំពុងសហការជាមួយអាជ្ញាធរខេត្តបាត់ដំបង ដែលជាលទ្ធផល ខេត្តបាត់ដំបង ទទួលបានចំណាត់ថ្នាក់ល្អ ផ្នែកគ្រប់គ្រងសំរាម និងសំណល់រឹង។
លោក លេង វី បន្ថែមទៀតថា ការរៀបចំរដ្ឋបាលរាជធានី ស្រុក ខណ្ឌ ដើម្បីអភិវឌ្ឍចិរភាព បែបប្រជាធិបតេយ្យវិមជ្ឈការ គឺធានាគុណភាពជីវិតនៅតាមមូលដ្ឋាន ហើយការគ្រប់គ្រងសំរាម ក៏ជាផ្នែកមួយនៃការធានាគុណភាពជីវិត។«»
នាពេលថ្មីៗនេះ រដ្ឋាភិបាល បានប្ដេជ្ញាផ្ទេរមុខងារ និងថវិកា៥លានដុល្លារ ដល់ក្រុងទាំង២៦ ដើម្បីគ្រប់គ្រងកាកសំណល់ ហើយ ក្នុងមួយឆ្នាំៗនៅខេត្តស្ទឹងត្រែង សាលាខេត្ត ផ្ដល់ប្រាក់៣លានរៀល ដល់អាជ្ញាធរមូលដ្ឋាន តាំងពីឆ្នាំ២០១១មក៕
No comments:
Post a Comment