A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Wednesday, 4 May 2016
ពលរដ្ឋរស់នៅជាប់បឹងទន្លេឆ្មាខេត្តកំពង់ធំបារម្ភថាត្រីក្នុងបឹងអាចនឹងងាប់បន្តទៀត
ដោយ សូត សុខប្រាថ្នា
2016-05-03
ត្រីងាប់នៅបឹងទន្លេឆ្មា ឋិតនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។ RFA/Saut Sokprathna
RFA/Saut Sokprathna
ប្រជានេសាទរស់នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅតែបារម្ភចំពោះស្ថានភាពត្រីនៅតំបន់អភិរក្សបឹងទន្លេឆ្មា ថានឹងអាចមានងាប់បន្តទៀត។ ការបារម្ភនេះ ពីព្រោះជាច្រើនឆ្នាំមកហើយ បឹងទន្លេឆ្មា អាចមានត្រីងាប់បី ឬ បួនដងក្នុងមួយឆ្នាំៗ។ ចំណែកមន្ត្រីជលផលថា ពួកគេកំពុងចាត់វិធានការដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភនេះ។
បើទោះបីជាស្ថានភាពត្រីងាប់នៅតំបន់អភិរក្សបឹងទន្លេឆ្មា មានលក្ខណៈប្រសើរខ្លះហើយក្តី ប៉ុន្តែស្ថានភាពនេះនឹងអាចវិលត្រឡប់មកជាថ្មីទៀត ប្រសិនបើអាកាសធាតុនៅតំបន់នោះប្រែប្រួល។ ប្រជានេសាទរស់នៅក្បែរបឹងអភិរក្សមួយនេះ លើកឡើងថា នឹងអាចមានត្រីងាប់ពីរ ឬបីដងទៀត ពីព្រោះត្រីងាប់ខ្លាំងកាលពីថ្ងៃទី២២ មេសា គឺជាការងាប់ជំហានដំបូងប៉ុណ្ណោះ។
ប្រជានេសាទមួយរូបរស់នៅភូមិដូនស្តើង លោក នង សុខ មានប្រសាសន៍ថា ត្រីនៅបឹងទន្លេឆ្មា ដែលងាប់កន្លងមក គឺដោយសារតែកម្ដៅខ្លាំង គួបផ្សំនឹងភក់ក្នុងបឹងច្រើន។ លោកបន្តថា ប្រសិនបើមានខ្យល់ខ្លាំង ឬខ្យល់ព្យុះបក់កាត់ផ្ទៃបឹង នឹងធ្វើឲ្យត្រីនៅក្នុងបឹងអភិរក្សមួយនេះងាប់បន្តទៀត៖ «ទឹកវាអត់ទាន់ឡើងមក ហើយវានៅកម្ដៅ ហើយនៅព្យុះ ព្យុះរុញទឹក ខែទឹកឡើងមក នៅងាប់ម្តងទៀត»។
កាលពីរសៀលថ្ងៃទី៣០ មេសា ខណៈអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី កំពុងសម្ភាសប្រជាពលរដ្ឋអំពីស្ថានភាពត្រីងាប់ក្នុងបឹងទន្លេឆ្មា ស្រាប់តែមានព្យុះបក់កាត់បឹង និងភូមិបណ្ដែតទឹករបស់អ្នកស្រុក។ មួយសន្ទុះក្រោយពេលខ្យល់ស្ងប់ទៅ មានប្រជានេសាទជាច្រើននាំគ្នាចេញទូកទៅរើស និងចាប់ត្រីពុលនៅក្នុងបឹង។ ត្រីពុលខ្លះ យើងអាចមើលឃើញ ប៉ុន្តែខ្លះមិនអាចមើលឃើញទេ លុះរហូតព្រលឹមឡើង ទើបឃើញត្រីអណ្ដែតត្រៀបត្រានៅលើផ្ទៃបឹង។
ត្រីងាប់ទាំងនោះ ភាគច្រើនជាប្រភេទត្រីកញ្ចុះ ត្រីឆ្លាំង ត្រីច្រកែង ត្រីរៀល ហើយពលរដ្ឋនាំគ្នារើសយកទៅធ្វើប្រហុក ផ្អក និងយកធ្វើជាចំណីត្រីចិញ្ចឹមរបស់ពួកគាត់។ អាជ្ញាធរខេត្តធ្លាប់បញ្ជាក់ថា ត្រីទាំងនោះ ពលរដ្ឋអាចយកទៅបរិភោគបាន ពីព្រោះវាមិនបណ្ដាលឲ្យប៉ះពាល់សុខភាពទេ។
តំបន់អភិរក្សបឹងទន្លេឆ្មា មានទំហំជិត ១ម៉ឺនហិកតារ ស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ បឹងនេះមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីទីរួមស្រុកស្ទោង។ ដើម្បីអាចទៅដល់តំបន់នោះ ពលរដ្ឋត្រូវធ្វើដំណើរតាមផ្លូវគោក រួចត្រូវធ្វើដំណើរតាមទូកបន្តទៀត។
«សំឡេងទូក»
អ្នកភូមិនាំគ្នាលើកឡើងថា ទិន្នផលត្រីកាន់តែហិនហោចទៅៗពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែត្រីចេះតែងាប់ ព្រមទាំងមានសកម្មភាពបទល្មើសនៅតំបន់នោះផង។
ពលរដ្ឋឈ្មោះ ម៉ៃ យ៉ា កាន់តែបារម្ភចំពោះវាសនាត្រីនៅតំបន់បឹងទន្លេឆ្មា ដ្បិតអីទិន្នផលត្រីកាន់តែថយចុះ និងកំពុងប្រឈមបញ្ហាងាប់ជាបន្តបន្ទាប់។ ពលរដ្ឋរស់អាស្រ័យផលលើរបរនេសាទរូបនេះ ចង់ឲ្យមន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណាជួយការពារពូជត្រី និងទប់ស្កាត់មិនឲ្យមានបទល្មើសកើតឡើងបន្តទៀត៖ «អូ! បងសព្វថ្ងៃ ពោរពេញទៅដោយការបារម្ភ បារម្ភខ្លាចបាត់បង់ពូជត្រីណាបង។ ហើយខ្ញុំសុំសំណូមពរទៅរាជរដ្ឋាភិបាល ជួយគ្រប់គ្រងបឹងទន្លេឆ្មា និងពូជត្រីបឹងទន្លេឆ្មា ឲ្យបានគង់វង្សផង»។
បឹងទន្លេឆ្មា បច្ចុប្បន្នមានកម្ពស់ទឹកពីផ្ទៃភក់នៅកន្លែងខ្លះប្រហែលមួយចំអាម កន្លែងខ្លះមានកម្រិតទឹកលើសពីនេះ កន្លែងខ្លះនៅសល់តែភក់ រីឯកន្លែងខ្លះទៀត គោកដាច់ទឹកមានស្មៅដុះតែម្តង ដែលនាំឲ្យផ្ទៃបឹងកាន់តែរួញតូច។
អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជលផល បានអូសយកកំប្លោកទៅដាក់នៅកន្លែងខ្លះដែលមានទឹកជ្រៅ សម្រាប់ជាជម្រករបស់ត្រី និងការពារកម្តៅថ្ងៃ។ បន្ថែមពីនេះទៀត មានម៉ាស៊ីនបូមទឹកសម្រាប់បាញ់លើផ្ទៃបឹងនៅកន្លែងខ្លះ ដើម្បីឲ្យទឹកមានចលនា និងមានខ្យល់អុកស៊ីសែនឡើងវិញ។
នាយខណ្ឌជលផលខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ មានប្រសាសន៍នៅថ្ងៃទី២ ឧសភា ថា មន្ត្រីជំនាញបានបញ្ជូនគ្រឿងចក្រ ២គ្រឿងទៅកាន់តំបន់នោះ ដើម្បីយកទៅបូមភក់នៅផ្នែកខ្លះសម្រាប់ឲ្យត្រីរស់នៅបាន។ លោកបន្ថែមទៀតថា បើគ្មានអ្វីប្រែប្រួលទេ គ្រឿងចក្រនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី២ ឧសភា៖ «អាកាសធាតុវាថយចុះបន្តិច ថយកម្ដៅ។ អ៊ីចឹងស្ថានភាពត្រី ដូចជាវាមិនទាន់មានអីជាបញ្ហាទេ»។
នាយខណ្ឌជលផលដដែលបន្តថា មន្ត្រីជំនាញ និងអាជ្ញាធរខេត្ត កំពុងប្រឹងប្រែងការពារត្រីដែលនៅសេសសល់ក្នុងបឹងទន្លេឆ្មា។ លោកបញ្ជាក់ថា មន្ត្រីជំនាញជលផល និងក្រសួងកសិកម្ម នឹងស្ដារតំបន់អភិរក្សបឹងទន្លេឆ្មា ឲ្យបានទំហំជាង ១០ហិកតារនៅឆ្នាំនេះ ដើម្បីទប់ស្កាត់មិនឲ្យមានករណីត្រីងាប់នៅឆ្នាំក្រោយៗទៀត ព្រមទាំងបន្តស្ដារនៅឆ្នាំបន្តបន្ទាប់។
កាលពីថ្ងៃទី៣០ មេសា ក្រសួងបរិស្ថាន និងអាជ្ញាធរទន្លេសាប បានចេញសេចក្ដីប្រកាសរួមគ្នាមួយបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានត្រីងាប់ជាង ៦០តោននៅក្នុងតំបន់អភិរក្សបឹងទន្លេឆ្មា។ អាជ្ញាធរថា ការងាប់នេះ គឺបណ្ដាលមកពីអាកាសធាតុក្ដៅហួតហែង ធ្វើឲ្យទឹកបឹងរីងរាក់ ស្របពេលដែលក្នុងបឹងសម្បូរភក់ច្រើន ធ្វើឲ្យបាត់បង់លំហូរទឹក និងទឹកឡើងកម្ដៅធ្វើឲ្យបរិមាណអុកស៊ីសែនថយចុះ។ ចំណែកបាតុភូតខ្យល់កន្ទ្រាក់ក្នុងតំបន់នោះ បានធ្វើឲ្យផុសភក់ឡើងនាំឲ្យត្រីស្ទះស្រកី។ បញ្ហានេះ នាំឲ្យត្រីដែលត្រូវការអុកស៊ីសែនខ្ពស់ ពុលងាប់។
ទោះបីជាយ៉ាងណា ពលរដ្ឋអះអាងថា ត្រីងាប់កន្លងមក គឺមិនដល់ ៦០តោន ដូចការអះអាងរបស់ក្រសួងឡើយ គឺអាចមានប្រមាណពី ១០តោនទៅ ២០តោនប៉ុណ្ណោះ ពីព្រោះពួកគាត់យល់ថា ទិន្នផលត្រីក្នុងបឹងកាន់តែថយចុះជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកំណើនប្រជាជន ការបាត់បង់ព្រៃលិចទឹក ព្រមទាំងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់នៅទីនោះផង។
ប្រជានេសាទយល់ថា ការបំប៉ោងទិន្នន័យត្រីងាប់កាន់តែច្រើន គឺអាជ្ញាធរមានបំណងបង្ហាញឲ្យគេដឹងថា បរិមាណត្រីនៅក្នុងបឹងនៅតែមានច្រើនដដែល ហើយមន្ត្រីជំនាញធ្វើការងារការពារពូជត្រីបានល្អ ជាដើម។
បើទោះបីជាលោក ប៉ែន វណ្ណរិទ្ធ បដិសេធថាពុំមានបទល្មើសនេសាទឆក់កើតមាននៅតំបន់បឹងទន្លេឆ្មា ក្នុងពេលបច្ចុប្បន្នក្តី ប៉ុន្តែក្នុងពេលចុះយកព័ត៌មានកាលពីរសៀលថ្ងៃទី៣០ មេសា និងនៅព្រឹកថ្ងៃទី១ ឧសភា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី បានឃើញក្រុមជនល្មើសជាច្រើនធ្វើសកម្មភាពឆក់ត្រីលើផ្ទៃបឹងមួយនេះ។ ពួកគេមួយទូកៗមានគ្នាពីរនាក់ ហើយឆក់នៅក្បែរស្នាក់ការរបស់មន្ត្រីជលផល និងនៅជិតកន្លែងដែលមន្ត្រីជំនាញដាក់កំប្លោកសម្រាប់ឲ្យត្រីជ្រក។ ក្រុមជនល្មើសហាក់មិនខ្លាចសមត្ថកិច្ច និងមន្ត្រីជំនាញឡើយ ប៉ុន្តែពួកគេនាំគ្នាបើកទូកយ៉ាងលឿនរត់គេច បន្ទាប់ពីឃើញអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី តម្រង់កាមេរ៉ាសំដៅទៅពួកគេ។
ចំណែកមន្ត្រីអាជ្ញាធរនៅទីនោះ ឃើញតែដេញប្រជាពលរដ្ឋដែលយកស្បៃថ្នងទៅចូកត្រីពុល ប៉ុន្តែមិនឃើញពួកគេដេញចាប់ក្រុមជនល្មើសឡើយ។
ទាក់ទងបញ្ហានេះ សមាជិកក្រុមប្រឹក្សាស្រុកស្ទោង មកពីគណបក្សសង្គ្រោះជាតិ ដែលបានចុះផ្ទាល់ដល់បឹងអភិរក្ស លោក ឆាយ ចែង មានប្រសាសន៍ថា ជនល្មើសអាចឆក់ត្រីខុសច្បាប់នៅតំបន់អភិរក្សបឹងទន្លេឆ្មា បានដោយមិនខ្លាចសមត្ថកិច្ចសោះនោះ ដោយសារពួកគេត្រូវរ៉ូវគ្នាជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចតែម្តង៖ «អានេះបញ្ជាក់ថា សមត្ថកិច្ចប្រហែលជាបានលាភសក្ការៈ ឬបើកឱកាសឲ្យពួកហ្នឹងជាអ្នករកស៊ីខុសច្បាប់»។
លោក ឆាយ ចែង យល់ថា ដើម្បីឲ្យពូជត្រីតំបន់បឹងទន្លេឆ្មា អាចនៅគង់វង្សតទៅទៀត រាជរដ្ឋាភិបាលត្រូវបញ្ជូនមន្ត្រីស្មោះត្រង់ក្នុងការបម្រើប្រជាពលរដ្ឋ ព្រមទាំងហ៊ានចេញមុខការពារពូជត្រីពិតប្រាកដ និងទប់ស្កាត់មិនឲ្យមានបទល្មើសនេសាទកើតឡើង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment