ក្រុមអ្នករៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅបរាជ័យក្នុងការហែក្បួនទៅគុកព្រៃស
ដោយ ម៉ម មុនីរតន៍
2016-05-30
អាជ្ញាធរបំបែកក្រុមអ្នកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលប៉ុនប៉ងទៅជួបជុំគ្នានៅមុខពន្ធនាគារព្រៃស នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។ RFA/Uon Chhin
RFA/Uon Chhin
ក្រុមអ្នករៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលភាគច្រើនជាស្ត្រី ត្រូវបរាជ័យជាថ្មីទៀតក្នុងការជួបជុំគ្នា ដើម្បីទាមទារឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការរងនៃ គ.ជ.ប ម្នាក់ទៀត។
តំណាងសហគមន៍ដីធ្លីនៅតំបន់ថ្មគោល លោកស្រី ច្រាយ នីម ឲ្យដឹងនៅថ្ងៃទី៣០ ឧសភា ថា យុទ្ធនាការដែលគ្រោងថានឹងជួបជុំគ្នានៅខាងមុខពន្ធនាគារព្រៃសនោះ គឺត្រូវខកខានទៅវិញ ដោយសារត្រូវអាជ្ញាធរទប់ស្កាត់។ លោកស្រីបន្តថា រដ្ឋាភិបាលគួរហ៊ានបើកចិត្តឲ្យបានទូលាយ និងមិនត្រូវខ្លាចពលរដ្ឋ ដែលគ្រាន់តែសម្ដែងមតិដើម្បីទាមទារសិទ្ធិសេរីភាពស្របទៅតាមច្បាប់ឡើយ។ លោកស្រីបន្តថា «សូមឲ្យរាជរដ្ឋាភិបាលហ្នឹង កុំខ្លាចរឿងពាក់អាវខ្មៅហ្នឹង ឲ្យតែលែង គឺយើងឈប់ហើយ ហើយកុំខ្លាចរឿងអាវខ្មៅ អ្វីដែលគាត់ខ្លាចហ្នឹង គឺខ្លួនគាត់ធ្វើខុសច្រើន។ ការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ។ ចាប់មនុស្សល្អ ចាប់មនុស្សដែលជួយសង្គមជាតិ បែរយកទៅដាក់គុក ហើយអ្នកដែលធ្វើខុសនឹងច្បាប់ មន្ត្រីពុករលួយ ជនរត់គ្រឿងញៀន ចោរឆក់ចោរប្លន់ចាប់លែងៗ។ យើងមើលឃើញហើយអ្នកដែលប្រព្រឹត្តខុសហ្នឹង គឺសុទ្ធតែមន្ត្រីបក្ខពួកខ្លួនឯងធំៗតែម្ដង»។
លោកស្រីបន្តថា តាមការគ្រោងទុក អ្នកចូលរួមរៀបចំយុទ្ធនាការសម្រាប់ថ្ងៃច័ន្ទពណ៌ខ្មៅនេះប្រមាណ ៣០នាក់មកពី ៣សហគមន៍ខុសៗគ្នា រួមមាន សហគមន៍ថ្មគោល សហគមន៍អតីតបឹងកក់ និងសហគមន៍បុរីកីឡា។ ប៉ុន្តែចំនួននេះបានថយចុះមកនៅត្រឹម ២០នាក់វិញ ដោយសារបម្រាមរបស់អាជ្ញាធរ និងការរឹតបន្តឹងសន្តិសុខ។
បើទោះបីជាបែបណា អ្នកចូលរួមបានជម្នះបន្តដំណើរចេញពីគោលដៅ ត្រង់រង្វង់មូលចោមចៅ ឆ្ពោះទៅកាន់ពន្ធនាគារព្រៃស តាមផ្លូវជាតិលេខ៣ បាន ១គីឡូម៉ែត្រ មុននឹងពួកគេត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប។
លោកស្រី ច្រាយ នីម បញ្ជាក់ជំហរថា ពួកគាត់នៅតែធ្វើយុទ្ធនាការនេះបន្តទៀត នៅរៀងរាល់ថ្ងៃច័ន្ទ ប្រសិនបើពុំមានការដោះលែងអ្នកទាំង ៥រូបទេនោះ៕
No comments:
Post a Comment