ដោយ ជី វិតា
2016-05-03
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង។
Photo: RFA
នាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ហៅការចាប់ខ្លួន និងចោទប្រកាន់មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ៤រូប និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ១រូប ថាជាអំពើខុសច្បាប់។ លោកថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) គួរតែស៊ើបអង្កេតប្រធានអង្គភាពមួយនេះ និងស៊ើបអង្កេតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីអំពើពុករលួយ។
លោក ជី វិតា៖ អង្គភាពប្រឆាំងអំពើពុករលួយ ឬ ACU កំពុងប្រើប្រាស់រឿងស្នេហារវាងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ជាមួយបុរសដែលគេចោទថាជាលោក កឹម សុខា មកចោទប្រកាន់មន្ត្រីសិទ្ធិមនុស្សថាពាក់ព័ន្ធរឿងពុករលួយ តើលោកមានទស្សនៈយ៉ាងណា?
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម។
លោក ប្រ៊ែដ អាដាម៖ វាមិនមានពាក់ព័ន្ធនឹងរឿងពុករលួយអីទេក្នុងករណីនេះ។ វាជាបញ្ហាទំនាក់ទំនងរវាងមនុស្សចាស់ ២នាក់ ពុំមានអ្វីពាក់ព័ន្ធនឹងច្បាប់ប្រឆាំងអំពើពុករលួយទេ។ តែបើទោះជារឿងនេះទាក់ទងនឹងការប៉ុនប៉ងចំណាយលុយទៅឲ្យនរណាម្នាក់ក៏ដោយ ក៏ករណីបែបនេះ គួរតែប៉ូលិសទេដែលមានតួនាទីចាត់ការរឿងនេះ មិនមែនជាការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ឬ ACU ទេ។ តួនាទី ACU គឺជាអ្នកចាត់ការមន្ត្រីរាជការដែលកិបកេងលុយរដ្ឋឯណោះទេ។ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាបុគ្គលមានទ្រព្យសម្បត្តិច្រើន។ លោកមានផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយស្ថិតនៅបណ្ដោយមហាវិថីព្រះនរោត្ដម ហើយប្រហែលជាអង្គភាពប្រឆាំងរបស់លោកគួរតែទៅស៊ើបអង្កេតពីទ្រព្យសម្បត្តិរបស់លោក ឱម យ៉ិនទៀង ខ្លួនឯង។ នោះទើបជាករណីដែលអង្គភាពប្រឆាំងអំពើពុករលួយ គួរស៊ើបអង្កេត។ ពួកគេក៏អាចទៅស៊ើបអង្កេតពីទ្រព្យសម្បត្តិរបស់លោក ហ៊ុន សែន ដែរ។ មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រាប់ខ្ញុំថា លោក ហ៊ុន សែន មានទ្រព្យសម្បត្តិយ៉ាងហោចណាស់ប្រហែល ៥០០លានដុល្លារអាមេរិក ($500 million)។ ACU អាចស៊ើបអង្កេតថា តើលោក ហ៊ុន សែន បានលុយទាំងនោះមកពីណា? បើលោកបម្រើការតែជាមន្ត្រីរដ្ឋាភិបាលតែមួយមុខនោះ។ ប្រហែលជាអង្គភាពនេះអាចទៅស៊ើបអង្កេតរកថា តើមន្ត្រីនគរបាល និងយោធាជាច្រើនដែលរស់នៅក្នុងវីឡាស្កឹមស្កៃរាប់លានដុល្លារនោះ បានលុយពីណាមក? នោះហើយជាការងារដែលអង្គភាពនេះគួរធ្វើ ជាជាងមកពាក់ព័ន្ធនឹងករណីស៊ើបអង្កេតដែលផ្ទុយពីច្បាប់។
ទីពីរ ការស៊ើបអង្កេតនេះ ច្បាស់ណាស់គឺធ្វើឡើងសំដៅកម្ទេចអង្គការសង្គមស៊ីវិល។ អង្គការអាដហុក ដែលជាអង្គការសិទ្ធិមនុស្សល្បីឈ្មោះលើឆាកអន្តរជាតិ ត្រូវបានគេដៅដោយសារតែអង្គការនេះ បានរិះគន់រដ្ឋាភិបាលអស់ជាច្រើនឆ្នាំមកហើយ ហើយលោក ហ៊ុន សែន បានរង់ចាំអស់ជាយូរមកហើយក្នុងការចាត់ការលោក ធន សារាយ ដែលជាប្រធានអង្គការនេះ។ លោក ហ៊ុន សែន ស្អប់លោក ធន សារាយ ព្រោះលោក ធន សារាយ បានចាកចេញពីគណបក្សប្រជាជនកម្ពុជា កាលពីចុងទសវត្សឆ្នាំ៨០ មកធ្វើជាបុគ្គលឯករាជ្យ ដោយបានបង្កើតអង្គការអាដហុក ក្នុងសម័យអ៊ុនតាក់ (UNTAC) ដើម្បីតាមដានស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ហើយធ្វើការងារនេះបានយ៉ាងល្អ ដូចក្រុមការងាររបស់គាត់ដែរ។
ទីបី ពួកគេកំពុងស៊ើបអង្កេតអតីតបុគ្គលិករបស់អង្គការអាដហុក គឺលោក នី ចរិយា ដែលបច្ចុប្បន្នត្រូវបានតែងតាំងជាសមាជិកឯករាជ្យក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ពីព្រោះថា គណបក្សប្រជាជនកម្ពុជា ខ្លាចចាញ់ឆ្នោតក្នុងការបោះឆ្នោតលើកនេះ។ ដូច្នេះពួកគេត្រូវកម្ចាត់ការព្រួយបារម្ភនេះ ដើម្បីគ្រប់គ្រង គ.ជ.ប ឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០១៨ ដែលពួកគេអាចឈ្នះដោយលួចបន្លំសន្លឹកឆ្នោតដូចការបោះឆ្នោតឆ្នាំ២០១៣។ ដូច្នេះ នេះគឺជារឿងអាស្រូវ ហើយរឿងនេះនឹងបំបាក់មុខរដ្ឋាភិបាល ពីព្រោះមនុស្សគ្រប់គ្នានៅកម្ពុជា អាចស្វែងយល់បានពីអ្វីដែលកំពុងកើតឡើង។
ពីឆ្វេង៖ អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា មន្ត្រីសមាគមអាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត។ RFA
លោក ជី វិតា៖ តើកិច្ចសន្ទនាស្នេហារវាង ស្រីមុំ និងបុរសដែលគេជឿថាជាលោក កឹម សុខា ជារឿងបំពានច្បាប់ទេ?
លោក ប្រ៊ែដ អាដាម៖ ពិតជាមិនមែនទេ! វាគឺជាកិច្ចសន្ទនាឯកជនរវាងបុគ្គលពីរនាក់។ អ្នកដែលបានថតសំឡេងនោះ គឺប្រហែលជាប្រព្រឹត្តបទឧក្រិដ្ឋ។ នោះហើយគឺជារឿងដែលរដ្ឋាភិបាលត្រូវស៊ើបអង្កេតថា ខ្សែអាត់សំឡេងនោះលេចធ្លាយជាសាធារណៈដោយរបៀបណា។ ប៉ុន្តែវាមិនមែនជាបទល្មើសទេ បើគ្រាន់តែមនុស្សធំម្នាក់សន្យាផ្តល់អ្វីមួយទៅឲ្យមនុស្សធំម្នាក់ទៀតនោះ។ ខ្ញុំមិនយល់ដែរ ហេតុអ្វីបានជាគ្រាន់តែរឿងអ៊ីចឹងជាបទឧក្រិដ្ឋនោះ? ក្រោមច្បាប់ស្អី? វាចម្លែកមែនទែន។ វាមិនមានបទល្មើសអីទេ។ ខ្ញុំសុំឲ្យពលរដ្ឋខ្មែរទៅមើលផ្ទះលោក ឱម យ៉ិនទៀង នៅមហាវិថីព្រះនរោត្ដម ហើយសួរលោក ឱម យ៉ិនទៀង ទៅមើលថា តើលោកបានលុយពីណាមកធ្វើផ្ទះនេះ។
លោក ឱម យ៉ិនទៀង មិនធ្លាប់ដែលបានកាត់ក្ដីបទល្មើសពុករលួយធំដុំរបស់មន្ត្រីជាន់ខ្ពស់ណាមួយនោះទេ ទោះបីជាស្ថាប័នជាច្រើនដែលធ្វើការតាមដានអំពើពុករលួយ បានរកឃើញករណីពុករលួយជាច្រើននៅកម្ពុជា ក៏ដោយ។ នេះជាការថ្លែងរបស់លោក ប៊្រែដ អាដាម។
លោក ឱម យ៉ិនទៀង មិនធ្លាប់ដែលបានកាត់ក្ដីបទល្មើសពុករលួយធំដុំរបស់មន្ត្រីជាន់ខ្ពស់ណាមួយនោះទេ ទោះបីជាស្ថាប័នជាច្រើនដែលធ្វើការតាមដានអំពើពុករលួយ ដូចជា ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) អង្គការតម្លាភាពអន្តរជាតិ (Transparency International) អង្គការឃ្លាំមើលអន្តរជាតិ (Global Witness) បានរកឃើញករណីពុករលួយជាច្រើននៅកម្ពុជា ក៏ដោយ។ កាលពីប៉ុន្មានឆ្នាំមុន ប្រធានធនាគារពិភពលោក នៅពេលធ្វើទស្សនកិច្ចនៅកម្ពុជា បាននិយាយថា បញ្ហាទីមួយនៅកម្ពុជា គឺពុករលួយ បញ្ហាទីពីរ ពុករលួយ ទីបី ក៏នៅតែពុករលួយដែរ។ អំពើពុករលួយទាំងនេះ កំពុងលួចស្បៀងអាហារពីពលរដ្ឋខ្មែរ ហើយការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កំពុងលួចលុយពីប្រទេសដ៏ក្រីក្រនេះជារៀងរាល់ថ្ងៃ តាមរយៈការកាប់បំផ្លាញ និងនាំចេញឈើខុសច្បាប់ ការប្លន់ដីពីប្រជាជន និងក្នុងរូបភាពដទៃទៀតនៃអំពើពុករលួយ ហើយលោក ឱម យ៉ិនទៀង មិនដែលបានស៊ើបអង្កេតពីករណីណាមួយក្នុងចំណោមករណីទាំងនេះទេ។ យើងមិនដែលឃើញមានការកាត់ទោសរឿងពុករលួយរបស់មន្ត្រីជាន់ខ្ពស់នោះទេ លុះត្រាតែបុគ្គលនោះជាមនុស្សដែលលោក ហ៊ុន សែន មិនចូលចិត្ត។ ដូច្នេះ លោក ឱម យ៉ិនទៀង មិនមែនជាបុគ្គលដែលប្រឆាំងអំពើពុករលួយមែនទែននោះទេ។ គាត់កំប្លុកកំប្លែងតែប៉ុណ្ណោះ។
លោក ជី វិតា៖ លោកលើកឡើងពីបទល្មើសព្រៃឈើ ប៉ុន្តែលោក ឱម យ៉ិនទៀង និយាយថា បទល្មើសព្រៃឈើមិនមែនជាដែនសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយទេ តើលោកថាយ៉ាងម៉េចដែរ?
លោក ប្រ៊ែដ អាដាម៖ ហាហា! បទល្មើសកាប់ព្រៃឈើមិនមែនជាដែនសមត្ថកិច្ចរបស់គាត់ទេ? លួចស្ដាប់សំឡេងសន្ទនាឯកជនរវាងមនុស្សពីរនាក់ ទើបជាដែនសមត្ថកិច្ចរបស់គាត់? ដូច្នេះ ទាំងនេះហើយជាអ្វីដែលអ្នកគួរដឹងអំពីលោក ឱម យ៉ិនទៀង។ គាត់មិនមែនសមត្ថភាពទេ។ នៅពេលអ្នកខ្លះកាប់ព្រៃឈើដោយខុសច្បាប់ ហើយយកទៅលក់បានប្រាក់ចំណេញសន្ធឹកសន្ធាប់ សង់ផ្ទះវីឡាស្កឹមស្កៃ ទិញឡានទំនើប ទៅកម្សាន្តនៅបរទេស នោះហើយគឺអំពើពុករលួយ។ លុយនោះគួរតែត្រូវចូលទៅរតនាគារជាតិសម្រាប់ការចាយវាយលើសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងវិស័យផ្សេងៗទៀតដល់ជនក្រីក្រនៅតាមទីជនបទ។ នោះហើយជាទម្រង់នៃអំពើពុករលួយដែលអាក្រក់បំផុត។ ជាករណីដែលគួរតែធ្វើឲ្យបុគ្គលដែលប្រព្រឹត្ត និងលោក ឱម យ៉ិនទៀង មិនអាចដេកលក់ ពីព្រោះនោះហើយជាការងាររបស់លោក ឱម យ៉ិនទៀង ក្នុងការការពារប្រជាពលរដ្ឋពីអំពើពុករលួយទាំងនោះ។ ប៉ុន្តែលោកមិនធ្វើទេ។
លោក ជី វិតា៖ លោក ឱម យ៉ិនទៀង គំរាមចេញដីកានាំខ្លួនបុគ្គលិកអង្គការសហប្រជាជាតិ មួយរូបដែលជាប់សង្ស័យក្នុងរឿងផ្តល់យោបល់ដល់អ្នកនាង ខុម ចាន់តារាទី នៅពេលមន្ត្រីរូបនោះមិនចូលខ្លួនតាមលិខិតកោះហៅ។ តើលោកយល់យ៉ាងណា?
លោក ប្រ៊ែដ អាដាម៖ លោក ឱម យ៉ិនទៀង នឹងប្រព្រឹត្តទោសកំហុសដ៏ធំមួយ។ ការិយាល័យអង្គការសហប្រជាជាតិ ក្នុងការទំនាក់ទំនងជាមួយរដ្ឋាភិបាលនៃគ្រប់ប្រទេសទាំងអស់លើពិភពលោក បុគ្គលិករបស់អង្គការសហប្រជាជាតិ មានអភ័យឯកសិទ្ធិ។ ប្រសិនបើរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមចាប់ខ្លួនបុគ្គលិកអង្គការសហប្រជាជាតិ ខ្ញុំសង្ស័យថា អង្គការសហប្រជាជាតិ នឹងដកការិយាល័យចេញពីកម្ពុជា។ មានន័យថា គ្រប់កម្មវិធីអភិវឌ្ឍន៍ទាំងអស់របស់អង្គការសហប្រជាជាតិ នឹងស្ថិតក្នុងហានិភ័យ ដូចជាអង្គការសុខភាពពិភពលោក (WHO) អង្គការសហប្រជាជាតិស្ដីពីជំងឺអេដស៍ (UNAIDS) យូ.អិន.ឌី.ភី (UNDP) យូនីសេហ្វ (UNICEF) អង្គការទាំងអស់នេះនឹងត្រូវពិចារណាឡើងវិញថា តើត្រូវនៅកម្ពុជា ឬយ៉ាងណា? ដូច្នេះ ប្រសិនបើលោក ឱម យ៉ិនទៀង ប្រព្រឹត្តកំហុសនេះ នោះនឹងមានផលវិបាកធ្ងន់ធ្ងរ។ ពេលនោះ ចង់មិនចង់ គាត់នឹងបង្កើតព្រឹត្តិការណ៍អន្តរជាតិមួយ គឺសារព័ត៌មាននៅលើពិភពលោក នឹងផ្សព្វផ្សាយពីរឿងនេះនៅលើទំព័រមុខ នៅលើកញ្ចក់ទូរទស្សន៍ ហើយនោះនឹងក្លាយជាកំហុសដ៏អាក្រក់បំផុត។
លោក ជី វិតា៖ ចេញពីព្រឹត្តិការណ៍ប្តឹងផ្តល់ និងចាប់ដាក់គុកនូវមន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលនេះ តើលោកគិតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់បានអ្វី?
លោក ប្រ៊ែដ អាដាម៖ ខ្ញុំគិតថា ពលរដ្ឋនៅកម្ពុជា ដឹងថា លោក ហ៊ុន សែន កំពុងព្យាយាមចង់ធ្វើអី។ លោក ហ៊ុន សែន កំពុងព្យាយាមកម្ចាត់គណបក្សប្រឆាំង អង្គការឯករាជ្យដែលតាមដាននូវទង្វើរបស់រដ្ឋាភិបាល។ លោក ហ៊ុន សែន កំពុងព្យាយាមនាំកម្ពុជា ទៅរកទសវត្សរ៍ឆ្នាំ៨០ មុនពេលមានរដ្ឋធម្មនុញ្ញ មុនពេលមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ មុនពេលប្រទេសកម្ពុជា ចាប់ផ្ដើមធ្វើដំណើរលើផ្លូវឆ្ពោះទៅរកប្រជាធិបតេយ្យ ព្រោះលោក ហ៊ុន សែន ចង់ក្ដាប់អំណាចតែឯង ហើយច្បាស់ណាស់ លោក ហ៊ុន សែន ខ្លាចគណបក្សប្រឆាំង ហើយខ្លាចការពិតដែលគេលាតត្រដាងនៅក្នុងរបាយការណ៍របស់ស្ថាប័នឯករាជ្យ ដូចជាអាដហុក ជាដើម ស្ដីអំពីបញ្ហាផ្សេងៗជាច្រើន។ ខ្ញុំមិនយល់ទេថា ហេតុអ្វីបានជាលោក ហ៊ុន សែន ធ្វើដូច្នេះនៅពេលនេះ? មើលពីក្រៅទៅ លោក ហ៊ុន សែន ហាក់ដូចជាកាន់អំណាចបានដោយសុវត្ថិភាព។ លោកបានធ្វើឲ្យលោក សម រង្ស៊ី រស់នៅនិរទេសខ្លួននៅក្រៅប្រទេស។ គាត់បានចាប់ខ្លួនសមាជិកគណបក្សប្រឆាំងច្រើនរូប ហើយមួយចំនួនទៀត កំពុងប្រឈមនឹងការចោទប្រកាន់ (Inaudible)។ ដូច្នេះ ខ្ញុំមិនដឹងថា លោក ហ៊ុន សែន នៅខ្លាចអីទៀតទេ លើកលែងតែគាត់គិតថា តំណែងរបស់គាត់ហាក់ដូចជានៅទន់ខ្សោយ ផុយស្រួយ ហើយបើមិនគាត់ធ្វើអំពើខុសច្បាប់បែបនេះ ដើម្បីចាត់ការគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលឯករាជ្យនោះ រូបគាត់ លោក ហ៊ុន សែន នឹងមិនអាចបន្តកាន់អំណាចបានតទៅទៀតទេ។
លោក ជី វិតា៖ តើលោកមានអនុសាសន៍អ្វី?
លោក ប្រ៊ែដ អាដាម៖ រដ្ឋាភិបាលចាំបាច់ត្រូវបញ្ឈប់ការវាយប្រហារទៅលើសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការផ្ដោតលើសិទ្ធិមនុស្ស ទៅលើបុគ្គលដែលកំពុងព្យាយាមធ្វើឲ្យប្រទេសល្អប្រសើរ។ បញ្ហាដែលកំពុងមានឥឡូវនេះ វល់អស់ហើយ។ នេះគឺជាពេលដ៏អាក្រក់បំផុតគិតចាប់ពីសម័យអ៊ុនតាក់មក ក្នុងរយៈកាល ២៣ឆ្នាំចុងក្រោយនេះ។ រដ្ឋាភិបាលមិនដែលដើរជំហាននេះទេ។ រដ្ឋាភិបាលទទួលបានទំនុកចិត្តតិចតួចណាស់ពីសហគមន៍អន្តរជាតិ ទំនុកចិត្តទាបណាស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែបើរដ្ឋាភិបាលចង់បានកេរ្តិ៍ឈ្មោះ ចង់ឲ្យគេចាត់ទុកថាជារដ្ឋាភិបាលដែលគួរឲ្យទុកចិត្តបាននោះ រដ្ឋាភិបាលគួរតែបញ្ឈប់ទង្វើនេះទៅ ឈប់ឥឡូវនេះតែម្ដង៕
3 comments:
ហើយចុះមុននេះប៉ុន្មានថ្ងៃអាតិរច្ឆាន សម រង្សុី នេះវាថា គណបក្សប្រជាជនឆ្កួត និងសាហាវដូច ប៉ុល ពត តើ, ចុះម៉េចមុននេះបន្តិចវាប្រែវិញ? នយោបាយគេធ្វើអញ្ចឹង ព្រោះអាចរកសុីបោកប្រាស់ខ្មែរបានយ៉ាងងាយស្រួល ព្រោះខ្មែរដែលគាំទ្រអានរកនេះភាគច្រើនល្ងង់ចាំតែថ្ងៃងាប់។
បើអញ្ចឹង ម្សៀ ឯង ម៉េចមឹនទៅជូយ ធ្វើនយោបាយ ឲ្យវាផងទៅ? នៅតែអង្គុយលើ ក្ដឹតដ៏ស្អុយគគ្រុក ដូចតែគេឯង របស់ម្សៀឯងធ្វើអី???
The government is lead by crooks. Hun Sen is
Crook-in Chief.
How can the Khmer people get justice, when the crooks investigate the crooks ?
Dictator & Traitor Hun Sen must change or will be !
Post a Comment