A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Wednesday, 4 May 2016
ស្ថានទូតអាមេរិកគ្រោងជួបគ្រួសារមន្ត្រីសិទ្ធិមនុស្សអាដហុកដែលតុលាការឃុំខ្លួន
ដោយ ថា កិត្យា
2016-05-03
ភរិយារបស់មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក ណៃ វ៉ង់ដា គឺអ្នកស្រី ភាវ ម៉ី ទៅសួរសុខទុក្ខប្ដីនៅពន្ធនាគារព្រៃស នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។ RFA/Tha Kitya
RFA/Tha Kitya
ស្ថានទូតអាមេរិក ប្រចាំកម្ពុជា គ្រោងជួបជាមួយគ្រួសាររបស់មន្ត្រីអាដហុក និងគ្រួសាររបស់មន្ត្រី គ.ជ.ប នៅថ្ងៃទី៤ ខែឧសភា។ ជំនួបនេះធ្វើឡើងបន្ទាប់ពីមន្ត្រីអាដហុក ៤រូប និងមន្ត្រី គ.ជ.ប ១រូប ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ កាលពីថ្ងៃទី២ ឧសភា បន្ទាប់ពីសាកសួររយៈពេលពីរថ្ងៃ ក្រោយទទួលសំណុំរឿងពីអង្គភាពប្រឆាំងអំពើពុករលួយ។
ជំនួបសម្ងាត់រវាងស្ថានទូតអាមេរិក និងគ្រួសាររបស់មន្ត្រីអង្គការសង្គមស៊ីវិលនោះ គេនៅមិនទាន់ទម្លាយឲ្យដឹងពីរបៀបវារៈ ឬប្រធានបទអ្វីដែលត្រូវជជែកគ្នានោះទេ។
ភរិយារបស់លោក ណៃ វ៉ង់ដា គឺអ្នកស្រី ភាវ ម៉ី ឲ្យដឹងថា ស្ថានទូតអាមេរិក អញ្ជើញពួកគាត់ឲ្យចូលរួមទទួលទានអាហារជុំគ្នា តែអ្នកស្រីមិនទាន់ដឹងថា គេនឹងជជែក ឬសួរនាំអ្វីនោះទេ។ ចំពោះអ្នកស្រី មិនទាន់ដឹងថានឹងប្រាប់ ឬស្នើឲ្យស្ថានទូតអាមេរិក ជួយអន្តរាគមន៍យ៉ាងណានៅឡើយទេ ព្រោះពេលនេះកំពុងជាប់រវល់ និងមិនទាន់បានគិត៖ «អត់ដឹងដែរ ព្រោះអត់ទាន់បានគិតផង ដោយសារត្រូវទៅមើលប្ដី និងរវល់ទិញអីវ៉ាន់ឲ្យគាត់»។
នៅព្រឹកថ្ងៃទី៣ ខែឧសភា ក្រុមគ្រួសារ និងសហការីនៃសមាគមអាដហុក ក៏បានទៅសួរសុខទុក្ខ និងទិញថ្នាំសង្កូវផ្ញើជូនមន្ត្រីអាដហុក ទាំង ៤នាក់ គឺលោក ណៃ វ៉ង់ដា លោក នី សុខា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប។ ក្រុមគ្រួសារព្រួយបារម្ភពីសុខភាពរបស់អ្នកជាប់ឃុំទាំងនោះ និងស្នើឲ្យរដ្ឋាភិបាលដោះលែងពួកគាត់វិញ។
តុលាការសម្រេចបញ្ជូនមន្ត្រីសិទ្ធិមនុស្ស ៤រូបទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ខណៈមន្ត្រី គ.ជ.ប ១រូប ទៅមន្ទីរឃុំឃាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ (PJ) ក្រោមបទចោទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងលិខិតចំហ ៤ទំព័ររបស់អ្នកនាង ខុម ចាន់តារាទី ដែលថាអ្នកទាំងនោះណែនាំឲ្យនាងផ្តល់សក្ខីកម្មក្លែង ថាមិនមានទំនាក់ទំនងជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
ជុំវិញការចោទប្រកាន់នេះ មេធាវីការពារក្តីជនជាប់ចោទលើកឡើងថា មិនយុត្តិធម៌សម្រាប់កូនក្តីពួកគាត់ ព្រោះការចោទប្រកាន់នេះគ្មានភស្តុតាងដាក់បន្ទុកធ្ងន់ធ្ងរ និងគ្មានមូលដ្ឋានច្បាស់លាស់។ រីឯអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ៥៩ស្ថាប័ន ចេញសេចក្តីថ្លែងការណ៍រួមគ្នានៅល្ងាចថ្ងៃទី២ ឧសភា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ។
ក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកករណីនេះថាមានចរិតនយោបាយ និងជាការប្រើប្រាស់ប្រព័ន្ធតុលាការ និងស្ថាប័នរដ្ឋដោយខុសនីតិវិធី ដើម្បីជាឧបករណ៍គំរាមកំហែងបង្កើតជាករណីព្រហ្មទណ្ឌ និងដាក់ទោសចំពោះសកម្មភាពស្របច្បាប់របស់មន្ត្រីការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល។
បើទោះបីជាយ៉ាងណា ក្នុងច្បាប់ប្រឆាំងអំពើពុករលួយបានកំណត់យ៉ាងច្បាស់ថា ទាំងអ្នកស៊ី និងទាំងអ្នកសូក ត្រូវទទួលទោសពី ៥ឆ្នាំទៅ ១០ឆ្នាំដូចគ្នា។ តែរហូតមកដល់ពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយ និងសាលាដំបូងរាជធានីភ្នំពេញ ទើបតែចាត់ការលើអ្នកសូកប៉ាន់ប៉ុណ្ណោះ។ រីឯអ្នកស៊ីសំណូក ឬអ្នកទទួលសំណូកដែលមហាជនស្គាល់ច្បាស់ថាជាអ្នកនាង ខុម ចាន់តារាទី មិនទាន់ឃើញចាត់ការតាមច្បាប់ឡើយ។
ក្នុងមាត្រា៥៤៧ នោះចែងថា «មិនចាំបាច់ដល់ថ្នាក់ទទួលយកសំណូកនោះទេ គឺគ្រាន់តែសន្យា ហើយបានផ្តល់សក្ខីកម្មភូតកុហក ក៏ត្រូវមានទោសដែរ»៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment