A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 4 May 2016

លោក ប្រ៊ែដ អាដាម ជំរុញ​ឲ្យ​ស៊ើប​អង្កេត​លោក ហ៊ុន សែន និង​លោក ឱម យ៉ិនទៀង ពី​អំពើ​ពុក​រលួយ

លោក ប្រ៊ែដ អាដាម ជំរុញ​ឲ្យ​ស៊ើប​អង្កេត​លោក ហ៊ុន សែន និង​លោក ឱម យ៉ិនទៀង ពី​អំពើ​ពុក​រលួយ
ដោយ ជី វិតា
2016-05-03

ហ៊ុន សែន ឱម យ៉ិនទៀង ៨៥៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង។

Photo: RFA


នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ហៅ​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ១​រូប ថា​ជា​អំពើ​ខុស​ច្បាប់។ លោក​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) គួរ​តែ​ស៊ើប​អង្កេត​ប្រធាន​អង្គភាព​មួយ​នេះ និង​ស៊ើប​អង្កេត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​អំពើ​ពុក​រលួយ។

លោក ជី វិតា៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឬ ACU កំពុង​ប្រើប្រាស់​រឿង​ស្នេហា​រវាង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ជាមួយ​បុរស​ដែល​គេ​ចោទ​ថា​ជា​លោក កឹម សុខា មក​ចោទ​ប្រកាន់​មន្ត្រី​សិទ្ធិ​មនុស្ស​ថា​ពាក់ព័ន្ធ​រឿង​ពុក​រលួយ តើ​លោក​មាន​ទស្សនៈ​យ៉ាង​ណា?


ប្រ៊ែដ អាដាម ៦១១
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម។




លោក ប្រ៊ែដ អាដាម៖ វា​មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ​អី​ទេ​ក្នុង​ករណី​នេះ។ វា​ជា​បញ្ហា​ទំនាក់ទំនង​រវាង​មនុស្ស​ចាស់ ២​នាក់ ពុំ​មាន​អ្វី​ពាក់ព័ន្ធ​នឹង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ទេ។ តែ​បើ​ទោះ​ជា​រឿង​នេះ​ទាក់ទង​នឹង​ការ​ប៉ុនប៉ង​ចំណាយ​លុយ​ទៅ​ឲ្យ​នរណា​ម្នាក់​ក៏ដោយ ក៏​ករណី​បែប​នេះ គួរ​តែ​ប៉ូលិស​ទេ​ដែល​មាន​តួនាទី​ចាត់ការ​រឿង​នេះ មិន​មែន​ជា​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឬ ACU ទេ។ តួនាទី ACU គឺ​ជា​អ្នក​ចាត់ការ​មន្ត្រី​រាជការ​ដែល​កិបកេង​លុយ​រដ្ឋ​ឯណោះ​ទេ។ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជា​បុគ្គល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។ លោក​មាន​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​មួយ​ស្ថិត​នៅ​បណ្ដោយ​មហាវិថី​ព្រះនរោត្ដម ហើយ​ប្រហែល​ជា​អង្គភាព​ប្រឆាំង​របស់​លោក​គួរ​តែ​ទៅ​ស៊ើប​អង្កេត​ពី​ទ្រព្យ​សម្បត្តិ​របស់​លោក ឱម យ៉ិនទៀង ខ្លួន​ឯង។ នោះ​ទើប​ជា​ករណី​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គួរ​ស៊ើប​អង្កេត។ ពួក​គេ​ក៏​អាច​ទៅ​ស៊ើប​អង្កេត​ពី​ទ្រព្យ​សម្បត្តិ​របស់​លោក ហ៊ុន សែន ដែរ។ មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ខ្ញុំ​ថា លោក ហ៊ុន សែន មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ហោច​ណាស់​ប្រហែល ៥០០​លាន​ដុល្លារ​អាមេរិក ($500 million)។ ACU អាច​ស៊ើប​អង្កេត​ថា តើ​លោក ហ៊ុន សែន បាន​លុយ​ទាំង​នោះ​មក​ពីណា? បើ​លោក​បម្រើ​ការ​តែ​ជា​មន្ត្រី​រដ្ឋាភិបាល​តែ​មួយ​មុខ​នោះ។ ប្រហែល​ជា​អង្គភាព​នេះ​អាច​ទៅ​ស៊ើប​អង្កេត​រក​ថា តើ​មន្ត្រី​នគរបាល និង​យោធា​ជាច្រើន​ដែល​រស់នៅ​ក្នុង​វីឡា​ស្កឹមស្កៃ​រាប់​លាន​ដុល្លារ​នោះ បាន​លុយ​ពីណា​មក? នោះ​ហើយ​ជា​ការងារ​ដែល​អង្គភាព​នេះ​គួរ​ធ្វើ ជា​ជាង​មក​ពាក់ព័ន្ធ​នឹង​ករណី​ស៊ើប​អង្កេត​ដែល​ផ្ទុយ​ពី​ច្បាប់។

ទី​ពីរ ការ​ស៊ើប​អង្កេត​នេះ ច្បាស់​ណាស់​គឺ​ធ្វើ​ឡើង​សំដៅ​កម្ទេច​អង្គការ​សង្គម​ស៊ីវិល។ អង្គការ​អាដហុក ដែល​ជា​អង្គការ​សិទ្ធិ​មនុស្ស​ល្បី​ឈ្មោះ​លើ​ឆាក​អន្តរជាតិ ត្រូវ​បាន​គេ​ដៅ​ដោយសារ​តែ​អង្គការ​នេះ បាន​រិះគន់​រដ្ឋាភិបាល​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​លោក ហ៊ុន សែន បាន​រង់ចាំ​អស់​ជា​យូរ​មក​ហើយ​ក្នុង​ការ​ចាត់ការ​លោក ធន សារាយ ដែល​ជា​ប្រធាន​អង្គការ​នេះ។ លោក ហ៊ុន សែន ស្អប់​លោក ធន សារាយ ព្រោះ​លោក ធន សារាយ បាន​ចាក​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ចុង​ទសវត្ស​ឆ្នាំ​៨០ មក​ធ្វើ​ជា​បុគ្គល​ឯករាជ្យ ដោយ​បាន​បង្កើត​អង្គការ​អាដហុក ក្នុង​សម័យ​អ៊ុនតាក់ (UNTAC) ដើម្បី​តាម​ដាន​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហើយ​ធ្វើ​ការងារ​នេះ​បាន​យ៉ាង​ល្អ ដូច​ក្រុម​ការងារ​របស់​គាត់​ដែរ។

ទី​បី ពួក​គេ​កំពុង​ស៊ើប​អង្កេត​អតីត​បុគ្គលិក​របស់​អង្គការ​អាដហុក គឺ​លោក នី ចរិយា ដែល​បច្ចុប្បន្ន​ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​ឯករាជ្យ​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ពីព្រោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា ខ្លាច​ចាញ់​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​លើក​នេះ។ ដូច្នេះ​ពួក​គេ​ត្រូវ​កម្ចាត់​ការ​ព្រួយ​បារម្ភ​នេះ ដើម្បី​គ្រប់គ្រង គ.ជ.ប ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ដែល​ពួក​គេ​អាច​ឈ្នះ​ដោយ​លួច​បន្លំ​សន្លឹក​ឆ្នោត​ដូច​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។ ដូច្នេះ នេះ​គឺ​ជា​រឿង​អាស្រូវ ហើយ​រឿង​នេះ​នឹង​បំបាក់​មុខ​រដ្ឋាភិបាល ពីព្រោះ​មនុស្ស​គ្រប់​គ្នា​នៅ​កម្ពុជា អាច​ស្វែង​យល់​បាន​ពី​អ្វី​ដែល​កំពុង​កើត​ឡើង។


មន្ត្រី​អាដហុក ៤​នាក់ នី ចរិយា ៦២០
ពី​ឆ្វេង៖ អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។ RFA


លោក ជី វិតា៖ តើ​កិច្ច​សន្ទនា​ស្នេហា​រវាង ស្រី​មុំ និង​បុរស​ដែល​គេ​ជឿ​ថា​ជា​លោក កឹម សុខា ជា​រឿង​បំពាន​ច្បាប់​ទេ?

លោក ប្រ៊ែដ អាដាម៖ ពិត​ជា​មិន​មែន​ទេ! វា​គឺ​ជា​កិច្ច​សន្ទនា​ឯកជន​រវាង​បុគ្គល​ពីរ​នាក់។ អ្នក​ដែល​បាន​ថត​សំឡេង​នោះ គឺ​ប្រហែល​ជា​ប្រព្រឹត្ត​បទឧក្រិដ្ឋ។ នោះ​ហើយ​គឺ​ជា​រឿង​ដែល​រដ្ឋាភិបាល​ត្រូវ​ស៊ើប​អង្កេត​ថា ខ្សែ​អាត់​សំឡេង​នោះ​លេច​ធ្លាយ​ជា​សាធារណៈ​ដោយ​របៀប​ណា។ ប៉ុន្តែ​វា​មិន​មែន​ជា​បទល្មើស​ទេ បើ​គ្រាន់​តែ​មនុស្ស​ធំ​ម្នាក់​សន្យា​ផ្តល់​អ្វី​មួយ​ទៅ​ឲ្យ​មនុស្ស​ធំ​ម្នាក់​ទៀត​នោះ។ ខ្ញុំ​មិន​យល់​ដែរ ហេតុ​អ្វី​បាន​ជា​គ្រាន់​តែ​រឿង​អ៊ីចឹង​ជា​បទឧក្រិដ្ឋ​នោះ? ក្រោម​ច្បាប់​ស្អី? វា​ចម្លែក​មែន​ទែន។ វា​មិន​មាន​បទល្មើស​អី​ទេ។ ខ្ញុំ​សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​មើល​ផ្ទះ​លោក ឱម យ៉ិនទៀង នៅ​មហាវិថី​ព្រះនរោត្ដម ហើយ​សួរ​លោក ឱម យ៉ិនទៀង ទៅ​មើល​ថា តើ​លោក​បាន​លុយ​ពីណា​មក​ធ្វើ​ផ្ទះ​នេះ។

លោក ឱម យ៉ិនទៀង មិន​ធ្លាប់​ដែល​បាន​កាត់​ក្ដី​បទល្មើស​ពុក​រលួយ​ធំ​ដុំ​របស់​មន្ត្រី​ជាន់​ខ្ពស់​ណា​មួយ​នោះ​ទេ ទោះ​បី​ជា​ស្ថាប័ន​ជាច្រើន​ដែល​ធ្វើ​ការ​តាម​ដាន​អំពើ​ពុក​រលួយ បាន​រក​ឃើញ​ករណី​ពុក​រលួយ​ជាច្រើន​នៅ​កម្ពុជា ក៏ដោយ។ នេះ​ជា​ការ​ថ្លែង​របស់​លោក ប៊្រែដ អាដាម។

លោក ឱម យ៉ិនទៀង មិន​ធ្លាប់​ដែល​បាន​កាត់​ក្ដី​បទល្មើស​ពុក​រលួយ​ធំ​ដុំ​របស់​មន្ត្រី​ជាន់​ខ្ពស់​ណា​មួយ​នោះ​ទេ ទោះ​បី​ជា​ស្ថាប័ន​ជាច្រើន​ដែល​ធ្វើ​ការ​តាម​ដាន​អំពើ​ពុក​រលួយ ដូចជា ធនាគារ​ពិភពលោក (World Bank) ធនាគារ​អភិវឌ្ឍន៍​អាស៊ី (Asian Development Bank) អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) អង្គការ​ឃ្លាំ​មើល​អន្តរជាតិ (Global Witness) បាន​រក​ឃើញ​ករណី​ពុក​រលួយ​ជាច្រើន​នៅ​កម្ពុជា ក៏ដោយ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ប្រធាន​ធនាគារ​ពិភពលោក នៅ​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា បាន​និយាយ​ថា បញ្ហា​ទី​មួយ​នៅ​កម្ពុជា គឺ​ពុក​រលួយ បញ្ហា​ទី​ពីរ ពុក​រលួយ ទី​បី ក៏​នៅ​តែ​ពុក​រលួយ​ដែរ។ អំពើ​ពុក​រលួយ​ទាំង​នេះ កំពុង​លួច​ស្បៀង​អាហារ​ពី​ពលរដ្ឋ​ខ្មែរ ហើយ​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​លួច​លុយ​ពី​ប្រទេស​ដ៏​ក្រីក្រ​នេះ​ជា​រៀង​រាល់​ថ្ងៃ តាម​រយៈ​ការ​កាប់​បំផ្លាញ និង​នាំ​ចេញ​ឈើ​ខុស​ច្បាប់ ការ​ប្លន់​ដី​ពី​ប្រជាជន និង​ក្នុង​រូបភាព​ដទៃ​ទៀត​នៃ​អំពើ​ពុក​រលួយ ហើយ​លោក ឱម យ៉ិនទៀង មិន​ដែល​បាន​ស៊ើប​អង្កេត​ពី​ករណី​ណា​មួយ​ក្នុង​ចំណោម​ករណី​ទាំង​នេះ​ទេ។ យើង​មិន​ដែល​ឃើញ​មាន​ការ​កាត់​ទោស​រឿង​ពុក​រលួយ​របស់​មន្ត្រី​ជាន់​ខ្ពស់​នោះ​ទេ លុះត្រា​តែ​បុគ្គល​នោះ​ជា​មនុស្ស​ដែល​លោក ហ៊ុន សែន មិន​ចូល​ចិត្ត។ ដូច្នេះ លោក ឱម យ៉ិនទៀង មិន​មែន​ជា​បុគ្គល​ដែល​ប្រឆាំង​អំពើ​ពុក​រលួយ​មែន​ទែន​នោះ​ទេ។ គាត់​កំប្លុកកំប្លែង​តែ​ប៉ុណ្ណោះ។

លោក ជី វិតា៖ លោក​លើក​ឡើង​ពី​បទល្មើស​ព្រៃ​ឈើ ប៉ុន្តែ​លោក ឱម យ៉ិនទៀង និយាយ​ថា បទល្មើស​ព្រៃ​ឈើ​មិន​មែន​ជា​ដែន​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទេ តើ​លោក​ថា​យ៉ាង​ម៉េច​ដែរ?

លោក ប្រ៊ែដ អាដាម៖ ហាហា! បទល្មើស​កាប់​ព្រៃ​ឈើ​មិន​មែន​ជា​ដែន​សមត្ថកិច្ច​របស់​គាត់​ទេ? លួច​ស្ដាប់​សំឡេង​សន្ទនា​ឯកជន​រវាង​មនុស្ស​ពីរ​នាក់ ទើប​ជា​ដែន​សមត្ថកិច្ច​របស់​គាត់? ដូច្នេះ ទាំង​នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​អំពី​លោក ឱម យ៉ិនទៀង។ គាត់​មិន​មែន​សមត្ថភាព​ទេ។ នៅ​ពេល​អ្នក​ខ្លះ​កាប់​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់ ហើយ​យក​ទៅ​លក់​បាន​ប្រាក់​ចំណេញ​សន្ធឹកសន្ធាប់ សង់​ផ្ទះ​វីឡា​ស្កឹមស្កៃ ទិញ​ឡាន​ទំនើប ទៅ​កម្សាន្ត​នៅ​បរទេស នោះ​ហើយ​គឺ​អំពើ​ពុក​រលួយ។ លុយ​នោះ​គួរ​តែ​ត្រូវ​ចូល​ទៅ​រតនាគារ​ជាតិ​សម្រាប់​ការ​ចាយ​វាយ​លើ​សាលា​រៀន មន្ទីរពេទ្យ ផ្លូវ​ថ្នល់ និង​វិស័យ​ផ្សេងៗ​ទៀត​ដល់​ជន​ក្រីក្រ​នៅ​តាម​ទី​ជនបទ។ នោះ​ហើយ​ជា​ទម្រង់​នៃ​អំពើ​ពុក​រលួយ​ដែល​អាក្រក់​បំផុត។ ជា​ករណី​ដែល​គួរ​តែ​ធ្វើ​ឲ្យ​បុគ្គល​ដែល​ប្រព្រឹត្ត និង​លោក ឱម យ៉ិនទៀង មិន​អាច​ដេក​លក់ ពីព្រោះ​នោះ​ហើយ​ជា​ការងារ​របស់​លោក ឱម យ៉ិនទៀង ក្នុង​ការ​ការពារ​ប្រជាពលរដ្ឋ​ពី​អំពើ​ពុក​រលួយ​ទាំង​នោះ។ ប៉ុន្តែ​លោក​មិន​ធ្វើ​ទេ។

លោក ជី វិតា៖ លោក ឱម យ៉ិនទៀង គំរាម​ចេញ​ដីកា​នាំ​ខ្លួន​បុគ្គលិក​អង្គការ​សហប្រជាជាតិ មួយ​រូប​ដែល​ជាប់​សង្ស័យ​ក្នុង​រឿង​ផ្តល់​យោបល់​ដល់​អ្នក​នាង ខុម ចាន់តារាទី នៅ​ពេល​មន្ត្រី​រូប​នោះ​មិន​ចូល​ខ្លួន​តាម​លិខិត​កោះ​ហៅ។ តើ​លោក​យល់​យ៉ាង​ណា?

លោក ប្រ៊ែដ អាដាម៖ លោក ឱម យ៉ិនទៀង នឹង​ប្រព្រឹត្ត​ទោស​កំហុស​ដ៏​ធំ​មួយ។ ការិយាល័យ​អង្គការ​សហប្រជាជាតិ ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​នៃ​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ មាន​អភ័យ​ឯកសិទ្ធិ។ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា ចាប់​ផ្ដើម​ចាប់​ខ្លួន​បុគ្គលិក​អង្គការ​សហប្រជាជាតិ ខ្ញុំ​សង្ស័យ​ថា អង្គការ​សហប្រជាជាតិ នឹង​ដក​ការិយាល័យ​ចេញ​ពី​កម្ពុជា។ មាន​ន័យ​ថា គ្រប់​កម្មវិធី​អភិវឌ្ឍន៍​ទាំងអស់​របស់​អង្គការ​សហប្រជាជាតិ នឹង​ស្ថិត​ក្នុង​ហានិភ័យ ដូចជា​អង្គការ​សុខភាព​ពិភពលោក (WHO) អង្គការ​សហប្រជាជាតិ​ស្ដីពី​ជំងឺ​អេដស៍ (UNAIDS) យូ.អិន.ឌី.ភី (UNDP) យូនីសេហ្វ (UNICEF) អង្គការ​ទាំងអស់​នេះ​នឹង​ត្រូវ​ពិចារណា​ឡើង​វិញ​ថា តើ​ត្រូវ​នៅ​កម្ពុជា ឬ​យ៉ាង​ណា? ដូច្នេះ ប្រសិន​បើ​លោក ឱម យ៉ិនទៀង ប្រព្រឹត្ត​កំហុស​នេះ នោះ​នឹង​មាន​ផល​វិបាក​ធ្ងន់ធ្ងរ។ ពេល​នោះ ចង់​មិន​ចង់ គាត់​នឹង​បង្កើត​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ គឺ​សារព័ត៌មាន​នៅ​លើ​ពិភពលោក នឹង​ផ្សព្វផ្សាយ​ពី​រឿង​នេះ​នៅ​លើ​ទំព័រ​មុខ នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហើយ​នោះ​នឹង​ក្លាយ​ជា​កំហុស​ដ៏​អាក្រក់​បំផុត។

លោក ជី វិតា៖ ចេញ​ពី​ព្រឹត្តិការណ៍​ប្តឹងផ្តល់ និង​ចាប់​ដាក់​គុក​នូវ​មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​នេះ តើ​លោក​គិត​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​បាន​អ្វី?

លោក ប្រ៊ែដ អាដាម៖ ខ្ញុំ​គិត​ថា ពលរដ្ឋ​នៅ​កម្ពុជា ដឹង​ថា លោក ហ៊ុន សែន កំពុង​ព្យាយាម​ចង់​ធ្វើ​អី។ លោក ហ៊ុន សែន កំពុង​ព្យាយាម​កម្ចាត់​គណបក្ស​ប្រឆាំង អង្គការ​ឯករាជ្យ​ដែល​តាម​ដាន​នូវ​ទង្វើ​របស់​រដ្ឋាភិបាល។ លោក ហ៊ុន សែន កំពុង​ព្យាយាម​នាំ​កម្ពុជា ទៅ​រក​ទសវត្សរ៍​ឆ្នាំ​៨០ មុន​ពេល​មាន​រដ្ឋធម្មនុញ្ញ មុន​ពេល​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ មុន​ពេល​ប្រទេស​កម្ពុជា ចាប់​ផ្ដើម​ធ្វើ​ដំណើរ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ប្រជាធិបតេយ្យ ព្រោះ​លោក ហ៊ុន សែន ចង់​ក្ដាប់​អំណាច​តែ​ឯង ហើយ​ច្បាស់​ណាស់ លោក ហ៊ុន សែន ខ្លាច​គណបក្ស​ប្រឆាំង ហើយ​ខ្លាច​ការ​ពិត​ដែល​គេ​លាត​ត្រដាង​នៅ​ក្នុង​របាយការណ៍​របស់​ស្ថាប័ន​ឯករាជ្យ ដូចជា​អាដហុក ជាដើម ស្ដី​អំពី​បញ្ហា​ផ្សេងៗ​ជាច្រើន។ ខ្ញុំ​មិន​យល់​ទេ​ថា ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ធ្វើ​ដូច្នេះ​នៅ​ពេល​នេះ? មើល​ពី​ក្រៅ​ទៅ លោក ហ៊ុន សែន ហាក់​ដូចជា​កាន់​អំណាច​បាន​ដោយ​សុវត្ថិភាព។ លោក​បាន​ធ្វើ​ឲ្យ​លោក សម រង្ស៊ី រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។ គាត់​បាន​ចាប់​ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង​ច្រើន​រូប ហើយ​មួយ​ចំនួន​ទៀត កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ (Inaudible)។ ដូច្នេះ ខ្ញុំ​មិន​ដឹង​ថា លោក ហ៊ុន សែន នៅ​ខ្លាច​អី​ទៀត​ទេ លើក​លែង​តែ​គាត់​គិត​ថា តំណែង​របស់​គាត់​ហាក់​ដូចជា​នៅ​ទន់​ខ្សោយ ផុយ​ស្រួយ ហើយ​បើ​មិន​គាត់​ធ្វើ​អំពើ​ខុស​ច្បាប់​បែប​នេះ ដើម្បី​ចាត់ការ​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ​នោះ រូប​គាត់ លោក ហ៊ុន សែន នឹង​មិន​អាច​បន្ត​កាន់​អំណាច​បាន​ត​ទៅ​ទៀត​ទេ។

លោក ជី វិតា៖ តើ​លោក​មាន​អនុសាសន៍​អ្វី?

លោក ប្រ៊ែដ អាដាម៖ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​បញ្ឈប់​ការ​វាយ​ប្រហារ​ទៅ​លើ​សង្គម​ស៊ីវិល អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ផ្ដោត​លើ​សិទ្ធិ​មនុស្ស ទៅ​លើ​បុគ្គល​ដែល​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ប្រទេស​ល្អ​ប្រសើរ។ បញ្ហា​ដែល​កំពុង​មាន​ឥឡូវ​នេះ វល់​អស់​ហើយ។ នេះ​គឺ​ជា​ពេល​ដ៏​អាក្រក់​បំផុត​គិត​ចាប់​ពី​សម័យ​អ៊ុនតាក់​មក ក្នុង​រយៈកាល ២៣​ឆ្នាំ​ចុង​ក្រោយ​នេះ។ រដ្ឋាភិបាល​មិន​ដែល​ដើរ​ជំហាន​នេះ​ទេ។ រដ្ឋាភិបាល​ទទួល​បាន​ទំនុក​ចិត្ត​តិចតួច​ណាស់​ពី​សហគមន៍​អន្តរជាតិ ទំនុក​ចិត្ត​ទាប​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​បើ​រដ្ឋាភិបាល​ចង់​បាន​កេរ្តិ៍​ឈ្មោះ ចង់​ឲ្យ​គេ​ចាត់​ទុក​ថា​ជា​រដ្ឋាភិបាល​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​នោះ រដ្ឋាភិបាល​គួរ​តែ​បញ្ឈប់​ទង្វើ​នេះ​ទៅ ឈប់​ឥឡូវ​នេះ​តែ​ម្ដង៕

3 comments:

Anonymous said...

ហើយចុះមុននេះប៉ុន្មានថ្ងៃអាតិរច្ឆាន សម រង្សុី នេះវាថា គណបក្សប្រជាជនឆ្កួត និងសាហាវដូច ប៉ុល ពត តើ, ចុះម៉េចមុននេះបន្តិចវាប្រែវិញ? នយោបាយគេធ្វើអញ្ចឹង ព្រោះអាចរកសុីបោកប្រាស់ខ្មែរបានយ៉ាងងាយស្រួល ព្រោះខ្មែរដែលគាំទ្រអានរកនេះភាគច្រើនល្ងង់ចាំតែថ្ងៃងាប់។

Anonymous said...

បើអញ្ចឹង ម្សៀ ឯង ម៉េចមឹនទៅជូយ ធ្វើនយោបាយ ឲ្យវាផងទៅ? នៅតែអង្គុយលើ ក្ដឹតដ៏ស្អុយគគ្រុក ដូចតែគេឯង របស់ម្សៀឯងធ្វើអី???

Anonymous said...

The government is lead by crooks. Hun Sen is
Crook-in Chief.
How can the Khmer people get justice, when the crooks investigate the crooks ?

Dictator & Traitor Hun Sen must change or will be !