លោក សន ជ័យ អ្នកសម្របសម្រួលនៃបណ្ដាញរួបរួមដើម្បីសម្ព័ន្ធគណនេយ្យភាពកម្ពុជា។ រូបថត សហការី
|
តើការអនុវត្ដច្បាប់ប្រឆាំងអំពើពុករលួយ អព្យាក្រឹត ឬនៅ?
Fri, 22 April 2016 ppp
គឹម សារុំ
ថ្មីៗនេះក្រុមហ៊ុនមួយក្នុងប្រទេសប៉ាណាម៉ាឈ្មោះ PanamaPapers បានរកឃើញឯកសារទិញភាគហ៊ុនបរទេសរបស់មេដឹកនាំ និងអ្នកមានឈ្មោះល្បីក្នុងលោកជាច្រើនដែលក្នុងនោះក៏មានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជាលោក អង្គ វង្សវឌ្ឍានា ផងដែរដោយថាលោកមានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ៥ ពាន់ដុល្លារ។
ទោះបីជាយ៉ាងណាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានចេញលិខិតបំភ្លឺថាជារឿងមិនពិតប៉ុន្តែការអះអាងនោះគ្មានអ្វីបញ្ជាក់បន្ថែមក្រៅពីលិខិតនោះទេ។
ភ្នំពេញប៉ុស្តិ៍បានសម្ភាសលោក សន ជ័យ មន្ត្រីសម្របសម្រួលបណ្ដាញរួបរួមដើម្បីសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (Affiliated Network for Social Accountability (ANSA) CAMBODIA ទាក់ទងនឹងការស៊ើបអង្កេតករណីពុករលួយដែលមានខ្លឹមសារដូចខាងក្រោម៖
ជាទិដ្ឋភាពជាក់ស្តែងមួយរបស់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងរឿងមួយទៀតរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
ករណីនេះធ្វើឲ្យមតិទូទៅមើលឃើញថាអង្គភាពប្រឆាំងអំពើពុករលួយយករឿងលោក កឹម សុខា មកអនុវត្តភ្លាមៗ និងធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ទៀតផង។ ប៉ុន្តែរឿងលោករដ្ឋមន្រ្តី អង្គ វង្សវឌ្ឍានា ហាក់មានដំណើរការយឺត។ ករណីនេះធ្វើឲ្យមជ្ឈដ្ឋានទូទៅគិតថាអង្គភាពប្រឆាំងអំពើពុករលួយអនុវត្តស្តង់ដារពីរខុសគ្នា។
តើលោកយល់ឃើញបែបនេះដែរទេ?
ខ្ញុំយល់ឃើញថាវាមិនមែនជារឿងចៃដន្យនោះទេដែលរដ្ឋមន្ត្រីក្រសួងយុតិ្តធម៌កម្ពុជាមានឈ្មោះនៅក្នុងបញ្ជីរបស់ PanamaPapers។ មានឈ្មោះជាច្រើនជាសាច់ញាតិមេដឹកនាំអតីតប្រមុខរដ្ឋមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល និងតារាល្បីៗរបស់ពិភពលោកត្រូវបានទម្លាយថាបានលាក់លុយនៅទីនោះ។ រហូតមកទល់ពេលនេះមនុស្សដែលមានឈ្មោះក្នុង PanamaPapers បានចេញពីតំណែង និងខ្លះទៀតកំពុងត្រូវបានស៊ើបអង្កេតដោយរដ្ឋាភិបាលរបស់គេយ៉ាងយកចិត្តទុកដាក់។ ចំណែកនៅអង់គ្លេសនាយករដ្ឋមន្ត្រីគេបានសារភាពពីការពាក់ព័ន្ធ និងបានពន្យល់ពីភាពស្អាតស្អំហើយ។
ដោយឡែកកម្ពុជាយើងបានដឹងតែត្រឹមថាក្រសួងយុត្តិធម៌នឹងខិតខំស្រាវជ្រាវពីក្រុមហ៊ុននោះបន្ថែមយើងចង់ដឹងលទ្ធផលថាក្រសួងយុត្តិធម៌បង្ហាញរបាយការណ៍របស់ខ្លួនពីព័ត៌មានទាក់ទងនឹងរដ្ឋមន្ត្រីរបស់ខ្លួនដែរ។ ខ្ញុំយល់ថាអ្វីដែលក្រសួងនេះធ្វើគឺដើម្បីការពាររដ្ឋមន្ត្រីតែប៉ុណ្ណោះ។ ខ្ញុំគិតថាកម្ពុជាមិនដូចអង់គ្លេសនោះទេ។
យើងនៅតែមើលឃើញថារឿងរបស់លោក កឹម សុខា ជារឿងបុគ្គលហើយតម្រុយនៃការស៊ើបអង្កេតដោយ ACU (អង្គភាពប្រឆាំងអំពើពុករលួយ) នៅឆ្ងាយដោយសារតែភ័ស្តុតាងគ្រាន់តែលើខ្សែអាត់សំឡេងតែករណីលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានតម្រុយជាក់លាក់ច្រើនជាងព្រោះវាលេចឮកម្រិតពិភពលោក។
តាមប្រសាសន៍របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីកងមកថាករណីនេះលោកកំពុងតែធ្វើការផ្ទៀងផ្ទាត់ព័ត៌មានព្រោះនេះជាដំណឹង។ អ៊ីចឹងយើងស្រាវជ្រាវស្វែងរកដំណឹងតើវាពិតប៉ុនណាវាទុកចិត្តបានទេ? ហើយបើទុកចិត្តបានយើងទៅជួបអ្នកណាទៀត។ វាចេះតែកៀកៗទៅក្នុងគោលដៅដើម្បីអាចរកឃើញការសន្និដ្ឋានមួយបើកការស៊ើបអង្កេត ឬមិនបើកលើបញ្ហានេះ។
នៅពេលដែលអង្គភាព ACU ជាស្ថាប័នជំនាញមួយនេះមានការតាំងចិត្តខ្ពស់គឺអ្វីៗអាចទៅរួច។ សំណួរសួរថាតើការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធនឹងករណីពុករលួយព្រមទាំងច្បាប់ពាក់ព័ន្ធនានាមានស្តង់ដារប៉ុន្មាននោះវាអាស្រ័យលើករណីនេះហើយ។ និយាយនេះមិនមែនមានន័យថាយើងគាំទ្រការស៊ើបអង្កេតករណីរបស់លោក កឹមសុខា នោះទេព្រោះវាជារឿងបុគ្គល និងនៅឆ្ងាយពីរដ្ឋបាលសាធារណៈហើយក៏មិនទាន់ចោទលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថាពិតជាមានការពាក់ព័ន្ធនឹងករណីនេះនោះទេសំខាន់យើងរង់ចាំមើលចំណាត់ការរបស់ ACU សិន។
វាមានប្រយោជន៍ខ្លាំងណាស់បើសិនជា ACU ស៊ើបអង្កេតទៅលើរឿងនេះគឺទី ១-អាចនាំមកនូវភាពស្អាតស្អំដល់រដ្ឋមន្ត្រីរូបនេះបើគាត់គ្មានការពាក់ព័ន្ធមែន។ ទី ២-ជាការបង្ការកុំឲ្យមានរឿងអាស្រូវបែបនេះទៀតនៅក្នុង panamapapers ជាប្រយោជន៍ដល់មុខមាត់របស់ជាតិ។ ជាមួយគ្នានោះដែរយើងក៏អាចធ្វើកិច្ចការរបស់យើងដែរទៅលើករណីនេះ។
ដើម្បីបង្ហាញពីភាពត្រឹមត្រូវមួយរបស់ក្រសួងយុត្តិធម៌តើលោកយល់ថាគួរតែមានអ្វីមកធ្វើអំណះអំណាងបន្ថែម ?
អ្វីដែលយើងបានឮពីក្រសួងយុត្តិធម៌ហ្នឹងគឺក្រៅតែពីការចេញសេចក្តីថ្លែងការណ៍ដោយអ្នកនាំពាក្យរបស់ក្រសួងគឺអត់មានអំណះអំណាងអីទៀតទេ។ ចំណុចនេះយើងចង់ឃើញការទាក់ទងរវាងក្រុមហ៊ុននោះជាមួយក្រសួងយុត្តិធម៌ព្រោះវាជាការសំខាន់ណាស់ប្រសិនបើមានការបំភ្លឺណាមួយ។ ប៉ុន្តែ រហូតមកទល់ពេលនេះ ការបំភ្លឺណាមួយដែលថាមិនមានការពាក់ព័ន្ធរវាងលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អង្គវង្ស វឌ្ឍានា និងក្រុមហ៊ុននោះ។ អ៊ីចឹងវាជាការចាំបាច់ណាស់ប្រសិនបើមានការបំភ្លឺណាមួយតាមសារអេឡិចត្រូនិកបន្ថែមអំពីការអះអាងរបស់ក្រសួងយុត្តិធម៌។
តែទោះយ៉ាងណាចំណុចនេះវាមិនមែនជាចំណុចសំខាន់ខ្លាំង ឬក៏ជាចំណុចមួយដែលបិទច្រកនៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយទេ។ ទោះបីជាមានការអះអាងដូច្នេះមែនក៏អង្គភាពប្រឆាំងអំពើពុករលួយគួរតែស៊ើបអង្កេតនេះបើអង្គភាពប្រឆាំងអំពើពុករលួយជាស្ថាប័នឯករាជ្យព្រោះអង្គភាពនេះមានភារកិច្ចក្នុងការស៊ើបអង្កេតដែរពីរឿងលុយកាក់នេះ។
ក្នុងករណីដែលមានតម្រុយជាឯកសារបែបនេះទៅហើយតើអាចរៀបរាប់ថាបានប្រព្រឹត្តអំពើពុករលួយដែរឬទេ? ហើយដើម្បីផ្ទៀងផ្ទាត់នឹងរឿងបែបនេះតើស្ថាប័នមានសមត្ថកិច្ចគួរធ្វើយ៉ាងណា ?
គ្រាន់តែមានតម្រុយមិនមែនមានន័យថាជនដែលពាក់ព័ន្ធនោះប្រព្រឹត្តអំពើពុករលួយនោះទេសំខាន់គឺមានតែស្ថាប័នជំនាញ ACU មួយនេះបើកការស៊ើបអង្កេតជាមុនសិនហើយលទ្ធផលយ៉ាងណានោះគឺចាំមើលទាំងអស់គ្នាដោយយកចិត្តទុកដាក់ថាតើការស៊ើបអង្កេតស៊ីជម្រៅប៉ុនណាមានតម្លាភាពដែរឬទេ? ហើយលទ្ធផលគួរឲ្យទុកចិត្តប៉ុនណា?
យោងមាត្រា ៤៩ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានចែងថានៅក្នុងករណីដែលគេរកឃើញថាទ្រព្យសម្បត្តិ និងផលនៃអំពើពុករលួយត្រូវបានរក្សាទុកនៅក្នុងរដ្ឋបរទេសអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាត្រូវចាត់វិធានការដើម្បីទាមទារយកទ្រព្យសម្បត្តិ និងផលទាំងនោះមកកម្ពុជាវិញទៅតាមមធ្យោបាយនៃកិច្ចសហប្រតិបត្តិការជាអន្តរជាតិ។ កម្ពុជាក៏ត្រូវធ្វើសហប្រតិបត្តិការជាមួយប្រទេសដទៃដែលលើកសំណើសុំបញ្ជូនទៅវិញនូវផលនៃបទល្មើសពុករលួយដែលត្រូវបានរក្សាទុកក្នុងប្រទេសកម្ពុជា។
បើយោងតាមមាត្រា ៤៩ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនេះតើលោកយល់ថាអង្គភាពប្រឆាំងអំពើពុករលួយគួរតែអនុវត្តទេប្រសិនបើរកឃើញថាកើតមានមែននោះ?
នីតិរដ្ឋគឺច្បាប់មិនមានលក្ខខណ្ឌលើកលែងចំពោះជនណាមួយឡើយគ្រប់គ្នាត្រូវតែស្ថិតនៅក្រោមច្បាប់ទាំងអស់។
អ៊ីចឹង ACU ចាំបាច់អនុវត្តតាមស្តង់ដារតែមួយគឺជនណាប្រព្រឹត្តអំពើពុករលួយត្រូវតែទទួលទោសតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងបទល្មើសដែលមានចែងនៅក្នុងច្បាប់ពាក់ព័ន្ធ៕
No comments:
Post a Comment