A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 28 April 2016
មេធាវីជាតិនិងអន្តរជាតិបង្ហាញពីទិដ្ឋភាពច្បាប់ជុំវិញការចាប់ខ្លួនតំណាងរាស្ត្រ អ៊ុំ សំអាន
ដោយ ជី វិតា
2016-04-27 rfa
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប លោក អ៊ុំ សំអាន (អាវស) ត្រូវបានសមត្ថកិច្ចបញ្ជូនពីក្រសួងមហាផ្ទៃ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។ Photo courtesy of VOD
ការចាប់ឃុំខ្លួនលោក អ៊ុំ សំអាន ទាំងកំពុងនៅមានអភ័យឯកសិទ្ធិតំណាងរាស្ត្រកាលពីថ្ងៃទី១១ មេសា ពីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ក្នុងការជជែកវែកញែកគ្នារវាងអ្នកគាំទ្រការចាប់ខ្លួនតំណាងរាស្ត្រ អ៊ុំ សំអាន និងអ្នកមិនគាំទ្រការចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំងរូបនេះ។
តើមេធាវីជាតិ និងអន្តរជាតិវិញ យល់យ៉ាងណាចំពោះសំណុំរឿងនេះ?
ការបញ្ចេញមតិរបស់សមាជិករដ្ឋសភា មិនត្រឹមតែមិនមែនជាបទល្មើសប៉ុណ្ណោះទេ ប៉ុន្តែវាជាភារកិច្ច និងកាតព្វកិច្ចរបស់អ្នកតំណាងរាស្ត្រថែមទៀតផង នេះបើតាមការបកស្រាយរបស់មេធាវីការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។
មេធាវីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក គង់ ពិសី មានប្រសាសន៍ថា ការបង្ហោះឯកសារផែនទីនៅលើហ្វេសប៊ុក (Facebook) របស់តំណាងរាស្ត្រ មិនមែនជាបទល្មើសជាក់ស្តែងអីទេ។ លោកថា បើរដ្ឋាភិបាលពិនិត្យឃើញថា វាជាផែនទីមិនត្រឹមត្រូវ រដ្ឋាភិបាលអាចប្រកាសថា ឯកសារនោះជាឯកសារមិនត្រឹមត្រូវទៅ វាជាការស្រេចទៅហើយ៖ «គ្រាន់តែឃើញជាក់ស្តែងនៅលើហ្វេសប៊ុកអ៊ីចឹងទៅ ប៉ុន្តែការដែលប្រព្រឹត្តហ្នឹងវាកន្លងហួសទៅយូរហើយ។ យើងច្រឡំគ្នាអារឿងជាក់ស្តែង ស្ដែងឃើញនឹងភ្នែក ប៉ុន្តែឃើញហើយរត់បាត់អ៊ីចឹងទៅ ដេញតាមអត់ទាន់។ ដេញប្រផាប់ចាប់ប្រភីងអ៊ីចឹងទៅ។ ដេញទាន់ទៅបាន តែបើដេញមិនបានទេ ត្រូវត្រឡប់មកវិញសុំដីកាពីតុលាការ។ ការបង្ហោះហ្នឹងជាការសម្ដែងមតិរបស់គាត់។ ដូច្នេះការសម្ដែងមតិមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ អ៊ីចឹងអ្នកណាសម្ដែងមតិ គេមិនដែលដាក់ទោសអ្នកសម្ដែងមតិទេ»។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរី នាទីក្រុងវ៉ាស៊ីនតោន (Washington DC) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣។
ស្រដៀងគ្នានេះដែរ នាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) បញ្ជាក់ថា ការបង្ហោះឯកសារនៅលើហ្វេសប៊ុក គឺជាការសម្ដែងទស្សនៈរបស់មនុស្ស ហើយការជឿ ឬមិនជឿទៅលើព័ត៌មានដែលបង្ហោះនោះ វាស្ថិតនៅលើការយល់ឃើញរបស់មហាជន៖ «គួរឲ្យអស់សំណើចណាស់។ ទោះបីជាផែនទីនោះពិតក៏ដោយ មិនពិតក៏ដោយ ការបង្ហោះផែនទីនៅលើហ្វេសប៊ុក មិនមែនជាបទឧក្រិដ្ឋទេ។ វាជាការបញ្ចេញមតិផ្នែកនយោបាយ។ វាជាសិទ្ធិរបស់លោក អ៊ុំ សំអាន ក្នុងការបង្ហោះផែនទីនោះលើហ្វេសប៊ុក ហើយវាជាសិទ្ធិរបស់លោក ហ៊ុន សែន ក្នុងការនិយាយថា ផែនទីនោះមិនត្រឹមត្រូវទេដែរ។ ខ្ញុំមិនមានជំហរគាំទ្រផែនទីរបស់អ្នកណាម្នាក់នោះទេ ឬក៏ផែនទីណាមួយរវាងកម្ពុជា-វៀតណាម នោះ ក៏ទេដែរ។ ប៉ុន្តែអ្នកណាក៏ដោយ ក៏អាចគូរផែនទីបានដែរ វាមិនមែនជាបទឧក្រិដ្ឋទេ។ វាមិនមែនជាបទឧក្រិដ្ឋទេបើលោក ហ៊ុន សែន គូរផែនទីរំកិលព្រំដែននោះ។ វាមិនមែនជាបទឧក្រិដ្ឋទេ បើសិនលោក ហ៊ុន សែន គូរផែនទីប្រទេសសហរដ្ឋអាមេរិក របស់ខ្ញុំកាត់ផ្ដាច់ជាពីរ ដោយសរសេរថា ពាក់កណ្ដាលផ្នែកខាងលិចជាប្រទេសម៉ិចស៊ិក។ ការពិត វាជារបស់ប្រទេសម៉ិចស៊ិក កាលពីមុន។ ប្រសិនបើគាត់និយាយថា រដ្ឋតិចសាស់ និងរដ្ឋកាលីហ្វ័រញ៉ា គួរតែជារបស់ប្រទេសម៉ិចស៊ិក ហើយគូរផែនទីតាមនោះ វាជាការជ្រើសរើសរបស់គាត់។ វាមិនមែនជាបទឧក្រិដ្ឋទេ។ ការនិយាយឲ្យមនុស្សយល់ច្រឡំ វាមិនមែនជាបទឧក្រិដ្ឋទេ។ មនុស្សអាចនិយាយតាមចិត្តរបស់ខ្លួន ហើយការជឿ ឬមិនជឿនោះ វាអាស្រ័យលើអ្នកស្តាប់ទេតើ»។
មួយថ្ងៃបន្ទាប់ពីការចាប់ខ្លួនតំណាងរាស្ត្រ អ៊ុំ សំអាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា តំណាងរាស្ត្របក្សប្រឆាំងរូបនេះ ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ពីព្រោះកំពុងបង្ហោះផែនទីកម្ពុជា-វៀតណាម ក្លែងក្លាយ៖ «ពេលចូលទៅសភាអត់មាននិយាយពីដកអភ័យឯកសិទ្ធិ ឬអត់ដកអភ័យឯកសិទ្ធិទេ ព្រោះចាប់ក្នុងបទល្មើសជាក់ស្តែង គឺមានតែសួរសភាថា ដំណើរការក្តីនេះទៅមុខទៀតឬអត់? ទៅមុខឬថយក្រោយ? បើចង់ឲ្យថយក្រោយ ត្រូវមានសំឡេងបីភាគបួន ដើម្បីទាញក្តីនេះឲ្យថយក្រោយ បើអ្នកឯងរកបីភាគបួនមិនបានទេ ក្តីនេះទៅមុខ ក្តីនេះទៅមុខ»។
ក្តីនេះត្រូវទៅមុខដូចប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលោកបានច្បិចយកកថាខណ្ឌចុងក្រោយនៃមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ មកសំអាង ដែលចែងថា «ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយ ត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឲ្យផ្អាកតាមមតិភាគច្រើន បីភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល»។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី មិនបានលើកយកមាត្រាទាំងមូលមកបកស្រាយទេ។ មាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ចែងពីសិទ្ធិពិសេសរបស់តំណាងរាស្ត្រ ដែលមិនអាចចាប់ខ្លួនបានតាមអំពើចិត្តដូចមនុស្សដទៃបានទេ។ មាត្រានេះចែងយ៉ាងដូច្នេះ «តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្រណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនដោយហេតុពីបានសម្ដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍សភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា លើកលែងតែបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ ក្នុងខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍សភាជាបន្ទាន់ ដើម្បីសម្រេច។ សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភា ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឲ្យផ្អាកតាមមតិភាគច្រើនបីភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល»។
ផែនទីកម្ពុជា មួយចំនួនដែលតំណាងរាស្ត្រ អ៊ុំ សំអាន ដាក់បង្ហាញនៅលើទំព័រហ្វេសប៊ុក ចុះកាលបរិច្ឆេទនៅក្នុងខែតុលា ឆ្នាំ២០១៥ និងខែមករា ឆ្នាំ២០១៦ គឺមានរយៈពេលពី ៤ខែទៅ ៦ខែមុន គឺមុនពេលលោកត្រឡប់ពីសហរដ្ឋអាមេរិក។
លោក ប្រ៊ែដ អាដាម ដែលជាមេធាវីអាមេរិកាំង និងជាអតីតមន្ត្រីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អះអាងថា លោកនាយករដ្ឋមន្ត្រីកម្ពុជា និងអ្នកច្បាប់របស់លោក មិនយល់អ្វីទៅដែលហៅថា បទល្មើសព្រហ្មទណ្ឌជាក់ស្តែងនៅឡើយទេ៖ «ជាក់ស្តែងណាស់ លោក ហ៊ុន សែន និងមន្ត្រីផ្នែកច្បាប់របស់គាត់ មិនយល់ពីអ្វីដែលរដ្ឋធម្មនុញ្ញបានចែងនោះឡើយ ឬក៏មិនយល់ពីអ្វីទៅជាបទល្មើសជាក់ស្ដែងនោះទេ។ បទល្មើសជាក់ស្ដែងមានន័យថា អ្នកប្រព្រឹត្តិបទល្មើស ត្រូវគេចាប់បានក្នុងពេលកំពុងប្រព្រឹត្តបទល្មើសណាមួយ។ ហើយមូលហេតុដែលរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជារដ្ឋធម្មនុញ្ញដទៃទៀតនៅលើពិភពលោក អនុញ្ញាតឲ្យមានការចាប់ខ្លួនមន្ត្រីដែលមានអភ័យឯកសិទ្ធិ បានតែក្នុងករណីបទល្មើសជាក់ស្ដែងនោះ គឺដោយសារថា បើមិនចែងដូច្នេះទេ សមត្ថកិច្ចមិនអាចចាប់ខ្លួនបុគ្គលនោះបានទេ ក្នុងករណីបុគ្គលដែលមានអភ័យឯកសិទ្ធិនោះ ទៅប្រព្រឹត្តបទឧក្រិដ្ឋណាមួយ។ បទល្មើសព្រហ្មទណ្ឌជាក់ស្ដែង គឺសំដៅដល់ករណីដែលបុគ្គលណាមួយកំពុងប្រព្រឹត្តបទឧក្រិដ្ឋ ឬហិង្សាចោរកម្ម គឺជាបទល្មើសដែលកំពុងកើតឡើង។ ហើយក្នុងករណីនោះ សមត្ថកិច្ចអាចធ្វើសកម្មភាពបាន ដោយមិនចាំបាច់ត្រូវរង់ចាំស្នើសុំទៅរដ្ឋសភាឲ្យដកអភ័យឯកសិទ្ធិរបស់បុគ្គលនោះទេ។ ប៉ុន្តែបន្ទាប់ពីការចាប់ខ្លួននោះមក បើសមត្ថកិច្ចចង់បន្តនីតិវិធីចោទប្រកាន់ សមត្ថកិច្ចត្រូវស្នើសុំទៅរដ្ឋសភាឲ្យដកអភ័យឯកសិទ្ធិរបស់បុគ្គលនោះ។ បទល្មើសព្រហ្មទណ្ឌជាក់ស្ដែង មិនត្រូវគេយកមកប្រើប្រាស់ក្នុងករណីបទចោទណាមួយ ដែលត្រូវបានប្រព្រឹត្តក្នុងអតីតកាលនោះទេ ដូចជាលើសពី ២ម៉ោង ៥ម៉ោង ២ថ្ងៃ ៥ថ្ងៃ ៦ខែ ឬ ១ឆ្នាំមុននោះឡើយ»។
មេធាវីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក គង់ ពិសី ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤។
ចំណែកលោកមេធាវី គង់ ពិសី បញ្ជាក់បន្ថែមថា សកម្មភាពរបស់លោក អ៊ុំ សំអាន គឺជាការបំពេញភារកិច្ចជាតំណាងរាស្ត្រ ហើយសកម្មភាពរបស់គាត់ក៏មិនបានញុះញង់ឲ្យមានភាពវឹកវរ អសន្តិសុខសង្គម ដូចការចោទប្រកាន់របស់ព្រះរាជអាជ្ញានោះដែរ៖ «ពីព្រោះកន្លងមកមិនឃើញមានចលាចលអីទេ បើយើងពិនិត្យមើលទៅ»។
មន្ត្រីអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម រំឭកថា អ្នកដែលញុះញង់ឲ្យមានអំពើហិង្សា ចលាចលសង្គមច្រើនរាប់មិនអស់នោះ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯងតែម្តង។ លោកថា លោក ហ៊ុន សែន ធ្លាប់ញុះញង់សម្លុតគំរាមលើមន្ត្រីសង្គមស៊ីវិល មន្ត្រីបក្សប្រឆាំង រហូតដល់គំរាមរំលាយរបបរាជានិយមថែមទៀតផង។
ករណីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបត្រូវហ្វូងបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រួតគ្នាវាយស្ទើរស្លាប់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅក្បែររដ្ឋសភា ជាឧទាហរណ៍។ ហេតុការណ៍នោះ កើតឡើងមួយថ្ងៃបន្ទាប់ពីលោក ហ៊ុន សែន បញ្ជាពីប្រទេសបារាំង ឲ្យមានបាតុកម្មទាមទារទម្លាក់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា។
លោក គល់ បញ្ញា ប្រធានអង្គការខុមហ្វ្រែល (Comfrel) ថ្លែងទៅកាន់អ្នកកាសែត នៅសណ្ឋាគារអ៊ីមភើរៀល រាជធានីភ្នំពេញ នៅថ្ងៃទី ២០ មករា ២០១៥។ RFA/Morm Moniroth
ទោះបីជាយ៉ាងណាក៏ដោយចុះ នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា យល់ថា សកម្មភាពបង្ហោះឯកសារផែនទីរបស់លោក អ៊ុំ សំអាន គឺជាការបំពេញភារកិច្ចក្នុងនាមជាតំណាងរាស្ត្រមួយរូប៖ «ខ្ញុំឃើញថា គាត់ខិតខំរកភស្តុតាងនានាដើម្បីឲ្យមានព័ត៌មានឲ្យបានច្បាស់លាស់។ នេះជាចំណុចខ្លាំងរបស់តំណាងរាស្ត្រ។ អ្នកតំណាងរាស្ត្រណាដែលបានខិតខំរកភស្តុតាងដើម្បីហេតុផល អាហ្នឹងអ្នកតំណាងរាស្ត្របំពេញតួនាទីកាន់តែប្រសើរឡើងទេ គួរតែយើងឲ្យតម្លៃពីការដែលលើកហេតុផលឲ្យមានការស្រាវជ្រាវមួយដែលច្បាស់លាស់អ៊ីចឹង»។
លោក គល់ បញ្ញា ដែលឃ្លាំមើលការងាររបស់របស់តំណាងរាស្ត្រ បញ្ជាក់ថា គ្មានហេតុផលដែលរដ្ឋាភិបាលត្រូវចាប់លោក អ៊ុំ សំអាន ដាក់គុកទាល់តែសោះ។
តើការចាប់តំណាងរាស្ត្រ អ៊ុំ សំអាន ដាក់ពន្ធនាគារពិតជាចាំបាច់ឬទេ?
ទាំងទិដ្ឋភាពច្បាប់ និងគោលការណ៍សិទ្ធិមនុស្សសកល ការឃុំខ្លួនធ្វើឲ្យមនុស្សបាត់បង់សេរីភាពដើរហើរ លុះត្រាតែមានភាពចាំបាច់បំផុត។ ភាពចាំបាច់ទាំងនោះរួមមាន ខ្លាចក្រែងជនសង្ស័យ ឬជនត្រូវចោទរត់គេចខ្លួន ខណៈតុលាការកំពុងដំណើរការនីតិវិធីចោទប្រកាន់។ ខ្លាចជនសង្ស័យគំរាម ឬសម្លាប់សាក្សី ឬបំផ្លាញភស្តុតាង ប្រសិនបើទុកឲ្យជនសង្ស័យនៅក្រៅមន្ទីរឃុំឃាំង។ ចំពោះលោក អ៊ុំ សំអាន វិញ តើមានភស្តុតាងអ្វីបញ្ជាក់ថា តំណាងរាស្ត្ររូបនេះអាចនឹងគេចខ្លួន គំរាមសាក្សី ឬមានបំណងបំផ្លាញភស្តុតាងឬទេ?
បន្ទាប់ពីស្នាក់នៅសហរដ្ឋអាមេរិក ប្រមាណកន្លះឆ្នាំ ជាប្រទេសដែលលោកមានសញ្ជាតិអាមេរិក និងមានកូនប្រពន្ធនៅទីនោះផង តំណាងរាស្ត្រ អ៊ុំ សំអាន បានសម្រេចចិត្តវិលត្រឡប់ចូលមកមាតុភូមិកម្ពុជា វិញនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បើទោះបីជាដឹងខ្លួនជាមុនថា រូបលោកអាចនឹងត្រូវចាប់ខ្លួនក៏ដោយចុះ។ បើតាមអ្នកសង្កេតការណ៍ ភាពក្លាហាននេះបញ្ជាក់ថា លោកគ្មានបំណងរត់គេចទៅណាទេ។ ដូច្នេះ ការចាប់ឃុំខ្លួនប្រហែលជាគ្មានការចាំបាច់នោះឡើយ។
លោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប ដែលតែងរិះគន់រដ្ឋាភិបាលកម្ពុជា ថាមានភាពកម្សោយក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម ត្រូវបានសមត្ថកិច្ចសម្ងាត់ចាប់ខ្លួន នៅពេលលោកទៅដកប្រាក់នៅធនាគារកាណាឌីយ៉ា ក្នុងទីក្រុងសៀមរាប។ ការចាប់ខ្លួននេះ ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោកវិលត្រឡប់ពីសហរដ្ឋអាមេរិក។ មួយថ្ងៃបន្ទាប់ពីការចាប់ខ្លួន ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ចោទថា លោក អ៊ុំ សំអាន បានញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងញុះញង់ឲ្យមានការរើសអើង។
ទោះបីជាយ៉ាងណាក៏ដោយចុះ មេធាវីការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ យល់ថា ការចាប់ខ្លួនតំណាងរាស្ត្រ អ៊ុំ សំអាន គឺជាការរំលោភអភ័យឯកសិទ្ធិតំណាងរាស្ត្រដែលធានាដោយមាត្រា៨០ នៃរដ្ឋធម្មនុញ្ញកម្ពុជា។
លោក អ៊ុំ សំអាន មិនមែនជាមនុស្សទីមួយទេដែលជាប់ពន្ធនាគារដោយសារការបញ្ចេញមតិរិះគន់រដ្ឋាភិបាលអំពីបញ្ហាផែនទីព្រំដែនកម្ពុជា-វៀតណាម។ កាលពីខែតុលា ឆ្នាំ២០០៥ លោក ម៉ម សូណង់ដូ នាយកស្ថានីយវិទ្យុសំបុកឃ្មុំ និងលោក រ៉ុង ឈុន មន្ត្រីក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានជាប់ពន្ធនាគារដោយសារការផ្សាយ និងសម្ដែងមតិរិះគន់រដ្ឋាភិបាលពីរឿងព្រំដែនកម្ពុជា-វៀតណាម នេះដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment