A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 30 April 2016

គ្រួសារ​លោក មាជ សុវណ្ណារ៉ា ប្តេជ្ញា​ប្រើ​ប្រាស់​តុលាការ​អាមេរិក​រក​យុត្តិធម៌

គ្រួសារ​លោក មាជ សុវណ្ណារ៉ា ប្តេជ្ញា​ប្រើ​ប្រាស់​តុលាការ​អាមេរិក​រក​យុត្តិធម៌

លោក​ មាជ សុវណ្ណារ៉ា និង​លោកស្រី ជេមី មាជ ជា​ភរិយា​ព្រម​ទាំង​កូន​តូចៗ​ចំនួន​បីនាក់​បាន​ដាក់​ពាក្យ​ប្តឹង​ទៅតុលាការ​​សហព័ន្ធ​ប្រចាំ​​ភាគ​កណ្តាល​នៃ​រដ្ឋ​កាលីហ្វញ៉ា​ប្រឆាំង​នឹង​លោក​​ហ៊ុន ម៉ាណែត ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ពី​បទ​ធ្វើ​ទារុណកម្ម ​ភេរវកម្ម​អន្តរជាតិ ​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវចិត្ត​ដោយ​ចេតនា ​ការវាយ​តប់ ការបំពារ​បំពាន​រាងកាយ ​ការឃុំឃាំង​ដោយ​ខុស​ច្បាប់​ និង​ការព្រាត់​ប្រាស់​ប្តី​ប្រពន្ធ។

រូបឯកសារ៖ អ្នកស្រី Jamie Meach ភរិយា​របស់​លោក មាជ សុវណ្ណារ៉ា កំពុង​ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៥។ (ម៉ែន គឹមសេង/VOA)
រូបឯកសារ៖ អ្នកស្រី Jamie Meach ភរិយា​របស់​លោក មាជ សុវណ្ណារ៉ា កំពុង​ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៥។ (ម៉ែន គឹមសេង/VOA)

30 មេសា 2016

វ៉ាស៊ីនតោន—
ពេល​វេលា​សេស​សល់​កំពុង​តែ​ត្រូវ​រាប់ថយ​ក្រោយ​សម្រាប់​សំណុំរឿង​ដែល​ក្រុម​គ្រួសារ​លោក​មាជ សុវណ្ណារ៉ា​ប្តឹង​លោក​ហ៊ុន ម៉ាណែត ​នាយរងសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមភូមិន្ទ​និង​រដ្ឋាភិបាល​កម្ពុជា​។ នេះ​បើតាម​ការ​អះអាង​របស់​មេធាវី​សិទ្ធិ​មនុស្ស។

ប៉ុន្តែ​ការ​ប្តេជ្ញាចិត្តរបស់​ក្រុមគ្រួសារ​អ្នក​នយោបាយ​ខ្មែរ​អាមេរិកាំងនេះ​មិនដើរថយក្រោយ​ទេ​គឺ​បោះជំហាន​ទៅមុខរហូត​ទាល់​តែមាន​ការ​ដោះលែង​លោក​មាជ សុវណ្ណារ៉ានិង​ទទួល​បានសំណង​សមរម្យសម្រាប់​ការខាតបង់​ដែល​ខ្លួន​ទទួល​រងគ្រោះ។

លោក​មាជ សុវណ្ណារ៉ា ​មន្ត្រី​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​និង​លោកស្រី ជេមី មាជ ជា​ភរិយា​ព្រម​ទាំង​កូន​តូចៗ​ចំនួន​បីនាក់​បាន​ដាក់​ពាក្យ​ប្តឹង​ទៅតុលាការសហព័ន្ធ​ប្រចាំភាគ​កណ្តាល​នៃ​រដ្ឋ​កាលីហ្វញ៉ា​ប្រឆាំង​នឹង​លោក​ឧត្តមសេនីយ៍​ហ៊ុន ម៉ាណែត ​និង​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃសុក្រទី​៨ខែ​មេសា​ពី​បទ​ធ្វើ​ទារុណកម្ម ​ភេរវកម្ម​អន្តរជាតិ ​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវចិត្ត​ដោយ​ចេតនា ​ការវាយ​តប់ ការបំពារ​បំពាន​រាងកាយ ​ការឃុំឃាំង​ដោយ​ខុស​ច្បាប់​ និង​ការព្រាត់​ប្រាស់​ប្តី​ប្រពន្ធ។

​លោកស្រី ​ជេមី មាជ ​បាន​បញ្ជាក់​ប្រាប់​ VOA ​ក្នុង​បទសម្ភាស​មួយថា៖

«អ្វី​ដែល​យើង​ចង់​បាន​នៅ​ពេល​នេះ​គឺ​ចង់​ឱ្យ​គាត់​សង​នូវ​ជំងឺ​ចិត្ត​ដែល​គាត់​បាន​ធ្វើ​បាប​ទាំង​ផ្លូវកាយផ្លូវចិត្ត​មិន​ថា​គ្រួសារ​របស់​ខ្ញុំ​គាត់​នៅ​ឯ​ពន្ធនាគារ​មួយ​ចំណែក​ហើយ​មួយ​ចំណែក​ទៀត​គឺ​នាង​ខ្ញុំ​និង​គ្រួសារ​គឺកូននាង​ខ្ញុំ​គាត់​រន្ធត់​ស្មារតី​រៀន​ក៏​មិនសូវ​បាន​ អ្វី​មិន​បាន​ដោយ​សារ​ការបាត់​បង់​ឱពុក​ហើយ​អ្វី ដែល​យើង​ចង់​បាន​គឺ​យើង​ចង់​ស្វែង​រកយុត្តិធម៌​ឱ្យ​គ្រួសារ​របស់​នាង​ខ្ញុំ​នៅ​ក្នុង​ការដែល​ចោទ​គាត់​ថា​បង្ក​កុប្បកម្ម​អ្វី ហ្នឹង​ទៅ ហើយ​ចង់​រក​យុត្តិធម៌​ឱ្យ​គាត់‍»។



លោកមេធាវី ​ម៉តុន​ សក្លា ​ដែល​ការពារ​រឿង​ក្តី​សិទ្ធិ​មនុស្ស​ជាច្រើន​មក​ហើយ​នោះ​និង​ពេល​នេះ​កំពុង​តំណាង​ឱ្យ​ក្រុម​គ្រួសារ​លោក​មាជ សុវណ្ណារ៉ាអះអាង​ថា​ពេល​កំណត់​ចុងក្រោយ​សម្រាប់​លោក​ហ៊ុន ម៉ាណែត​ សល់​ពេល​ត្រឹម​ថ្ងៃ​ច័ន្ទ​ទី​៩ខែ​ឧសភា​ដើម្បី​ឆ្លើយ​តប​មុន​នឹង​តុលាការ​ត្រូវ​ចាប់​ផ្តើម​ដំណើរការ​នីតិវិធី​របស់​ខ្លួន​តាម​ការ​ស្នើ​សុំ​របស់​ភាគី​ដើម​បណ្តឹង​ថា​ភាគី​ចុងចម្លើយ​បោះបង់​សិទ្ធិការពារ​ខ្លួន​និង​ក្រោយ​មក​អាច​នឹង​ឈាន​ទៅ​ដល់​ការ​ចេញសាលក្រម​កំបាំងមុខ។

លោក​ម៉តុន សក្លា ​ពន្យល់​ថា​តាម​គោលការណ៍​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​គឺ​អ្នក​ដែល​ដាក់​ពាក្យ​បណ្តឹង​ត្រូវ​ជូនដំណឹង​ទៅ​ដល់​ភាគី​ចុង​ចម្លើយដើម្បី​ឱ្យ​គេ​ត្រៀម​ការពារ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ។ ដោយ​ហេតុនោះ​ហើយ​ទើប​មាន​អ្នក​ស៊ើបអង្កេត​ម្នាក់​គឺ​លោក​ Paul Hayes ​បាន​យក​ដីកា​ជូនដំណឹង​ពី​ដំណើរការ​រឿងក្តី​នេះ​ដល់​លោក​ហ៊ុន​ ម៉ាណែត​នៅ​ភោជនីយដ្ឋាន​ឋាន​ព្រះច័ន្ទ​ក្នុង​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា ​កាលពី​ ថ្ងៃ​សៅរ៍​ទី​៩ខែមេសា​ពេល​ដែល​លោក​ធ្វើ​ដំណើរទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក។

លោក​ម៉តុន សក្លា​បាន​ពន្យល់​ពី​យុត្តាធិការ​ឬសិទ្ធិ​ស្របច្បាប់​របស់​តុលាការរដ្ឋកាលីហ្វញ៉ា​មកលើ​សំណុំ​រឿង​នេះ​ថាច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ហើយ​ច្បាប់​ដែល​ចែង​ដោយ​សភា​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ឱ្យ​ប្តឹង​រដ្ឋាភិបាល​ណា​ដែល​ធ្វើទារុណកម្ម​និង​រំលោភ​ធ្ងន់​ធ្ងរ​មក​លើ​ពលរដ្ឋ​អាមេរិកាំង​។ លោក​ចាត់ទុក​ថា​ការដាក់​ពន្ធនាគារ​លោកមាជ សុវណ្ណារ៉ា​រយៈពេល​យូរ​ដោយ​មិន​មាន​ការគោរព​តាម​នីតិវិធី​របស់​តុលាការ​គឺជា​ការ​ធ្វើ​ទារុណកម្ម​មួយ។

លោក​ហ៊ុន ម៉ាណែត​បញ្ជាក់​ថា​លោក​នៅ​មិន​ទាន់មាន​ជំហរ​យ៉ាង​ណានៅឡើយ​ទាក់​ទង​នឹង​បណ្តឹង​នេះ​ទេ។ លោក​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ឯ​អាកាស​យានដ្ឋាន​ភ្នំពេញ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នៅ ​សហរដ្ឋ​អាមេរិក​និង​កាណាដា​កាលពីថ្ងៃ​ច័ន្ទ​ថា។​

«ទាក់​ទង​នឹង​ករណី​លោក​ម៉ាជ សុវណ្ណារ៉ា ​ខ្ញុំ​អត់​ដឹង​រឿង​ហ្នឹង​ទេ​ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ឮ​តាម​សារព័ត៌មាន​ថា​មាន​ប្តឹង​ខ្ញុំ​ប៉ុន្មាន​ចំណុច​រួមទាំង​ភេរវកម្ម​អន្តរជាតិ‍​ ហើយ​ខ្ញុំ​កប់​យោបល់​រឿងហ្នឹង»។

លោក​បន្ថែម​ថាផ្អែកតាម​ការប្តឹ​ង​នេះ​រហូត​ដល់​ភ្ជាប់លោក​ទៅ​នឹង​ករណី​ភេរវកម្ម​គឺ​ជាការប្តឹង​មាន​លក្ខណៈ​នយោបាយ​ច្រើនជាង។

«ខ្ញុំ​គិត​ថា​ការប្តឹង​កន្លង​មក​នេះ​ដែលគ្មាន​មូលដ្ឋាន​ច្បាស់​លាស់​គឺ​គ្រាន់​តែ​ជា​ការចង់​រៀប​ឱ្យ​ចំណេញ​ខាង​នយោបាយ​តែប៉ុណ្ណោះ​គឺ​គ្មាន​មូលដ្ឋាន​អ្វីច្បាស់​លាស់​ទេ‍»។​

លោក​ម័រតុន សក្លា ​បាន​បញ្ជាក់​ថា​នេះ​គឺជា​សំណុំរឿង​សិទ្ធិ​មនុស្ស​សុទ្ធសាធ។​

«នេះមិនមែន​ជា​សំណុំ​រឿង​នយោបាយ​ទេ។ ខ្ញុំ​អត់​មាន​អ្វីជាប់​ទាក់​ទង​ ទាល់តែ​សោះ​ជាមួយ​នឹង​អ្នក​នយោបាយ។ ហេតុផល​ដែល​ខ្ញុំ​ចូល​ពាក់​ព័ន្ធ​ក្នុង​សំណុំរឿង​នេះ​ដោយ​សារ​តែ​ខ្ញុំ​គឺ​ជា​មេធាវី​សិទ្ធិ​មនុស្ស​។ ខ្ញុំ​លះបង់​កម្លាំង​ជួយ​ការពារ​សិទ្ធិ​មនុស្ស​ហើយ​មាន​ដំណើរការ​ជាប្រព័ន្ធ​ដើម្បី​រំលោភសិទ្ធិ​មនុស្ស​ប្រព្រឹត្ត​ដោយរដ្ឋាភិបាល​កម្ពុជា‍»។​

លោក​បន្ថែម​ថា​លោកមាជ សុវណ្ណារ៉ា​គឺ មិន​មែន​ជា​ជន​រងគ្រោះ​តែម្នាក់​គត់​ដែល​រង​ការរំលោភ​បំពានទេ។ ជន​រងគ្រោះ​ដទៃ​ទៀតដែល​លោក​យក​ចិត្ត​ទុក​ដាក់​ ​មាន​លោក ញ៉យ ចំរើន​និង​លោក​គង់ សភា អ្នកតំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វាយ​ដំទាត់​ធាក់ ​លោកហុង​ សុខហួរ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ​និង​ លោក​អ៊ុំ សំអាន ​អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លោក​ទាំងពីរ​កំពុង​ជាប់​ពន្ធនាគារ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ឯកសារ​ព្រំដែន ​និង​កម្មករ​ជាច្រើន​ពាន់​នាក់​ដែល​ត្រូវ​ធ្វើ​បាប​ដោយ​សារតែ​ការ​តវ៉ាទាមទារ​ការដំឡើង​ប្រាក់​ខែ​និង​ជន​រងគ្រោះ​ដោយ​សារ​ការ​រំលោភ​យក​ដីធ្លី​ជាដើម។​

បណ្តឹង​នេះ​ ក៏​ ទាមទារ​សំណង​ជាច្រើន​ដែល​មិន​ទាន់​កំណត់​ចំនួន​នៅឡើយ​ចំពោះ​ផល​ប៉ះពាល់​មក​លើ​ក្រុម​គ្រួសារ​លោក​ មាជ សុវណ្ណារ៉ា។

លោក​មាជ សុវណ្ណារ៉ា ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កាលពី​ថ្ងៃ​ទី​២១​ខែ​កក្កដា​ឆ្នាំ​២០១៥ ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០ឆ្នាំ​ដោយ​សារ​តែ​ការចូលរួម​ក្នុង​បាតុកម្ម​ទាមទារ​ឱ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ។

នាង ​សុវណ្ណារ៉ា សុជាតា ថតរូប​ជាមួយឪពុករបស់នាង គឺលោក មាជ សុវណ្ណារ៉ា ដែលជាមន្ត្រី​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ មុនពេលត្រូវបានឃុំខ្លួន​ក្នុងពន្ធនាគារ។ (រូបថត៖ ចេមី មាជ)
នាង ​សុវណ្ណារ៉ា សុជាតា ថតរូប​ជាមួយឪពុករបស់នាង គឺលោក មាជ សុវណ្ណារ៉ា ដែលជាមន្ត្រី​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ មុនពេលត្រូវបានឃុំខ្លួន​ក្នុងពន្ធនាគារ។ (រូបថត៖ ចេមី មាជ)


កញ្ញា​ សុជាតា​ មាជ ​ឈ្មោះ​ហៅ​ក្រៅ​ថា​សាម៉ាន់តា ​កូនស្រី​ច្បង​របស់​លោក​មាជ សុវណ្ណារ៉ា ​បានរៀបរាប់​ពី​ផល​ប៉ះពាល់​លើ​គ្រួសារ​នាង។​

«ពួកប្អូនស្រី​របស់​ខ្ញុំ​ពៅគេ​បាន​យ៉ាប់​ជាង​ វានៅ​តូច​ទើ​បតែ​អាយុ​៧ឆ្នាំ​ រៀនអ្វី​អត់ប៉ា វារៀន​អត់​សូវ​ចូល គិត​តែ​យំ​នឹកប៉ា ​មុន​គេង​ក៏នឹក​ប៉ា។ ដូច្នេះ​តាំងពីប៉ា​ចូលគុក​តាំងពីឆ្នាំមុន​មក​ក៏​ខួរក្បាល​គ្នា​ Stressed និង​ Depressed (ពិបាកផ្លូវចិត្ត) ​អត់​មាន​ប៉ា​នៅ ជាមួយ​ដូច្នេះ​ត្រូវ​ធ្លាក់​ថ្នាក់​ទីមួយ​ម្តង​ទៀត​ ត្រូវ​រៀនថ្នាក់​ទីមួយ​ពីរដង​ហើយឆ្នាំនេះ‍»។​

នាង​ក៏ធ្លាប់​បាន​សរសេរ​លិខិត​ស្វែងរក​អន្តរាគមន៍​ពី​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា ​និង​រដ្ឋ​មន្ត្រី​ការបរទេស ​លោក​ចន ឃែរី ។ ប៉ុន្តែ​ក្តី​សង្ឃឹម​ចុងក្រោយ​របស់​នាង​គឺ​សំណុំរឿង​នេះ​ហើយ។

ក្រុមអង្គការ​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុក​ថា​សំណុំរឿង​របស់​លោក​មាជ សុវណ្ណារ៉ា​និង​មន្ត្រី គណបក្ស​ប្រឆាំង​ដទៃ​ទៀត​គឺ​ជា​សំណុំ​រឿង​មាន​លក្ខណៈ​នយោបាយ​ដែល​ទទូច​ឱ្យ​មាន​ការ​ដោះស្រាយ​ដោយ​ការ​ចរចា​គ្នា​រវាង​មេដឹកនាំ​គណបក្ស​។​

ប៉ុន្តែ​សម្រាប់​លោក​ស្រី​ជេមី មាជ ​បង្ហាញ​ការជឿជាក់​លើ​ការដោះស្រាយសំណុំរឿង​នេះតាមផ្លូវ​តុលាការ​សហរដ្ឋ​អាមេរិកនិង​បង្ហាញការអស់​សង្ឃឹម​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយនយោបាយ។​

«បើសិន​ជា​យើង​ថា​រឿង​នយោបាយ​ចរចា​ដោយ​នយោបាយ​។ ឥឡូវ​យើង​សួរ​ថា​តើ​លោក​ហ៊ុន សែន​គាត់​ដែល​និយាយ​អ្វី មួយ​គោរព​នូវ​ពាក្យ​សម្តី​គាត់​ឬអត់? យើង​ឃើញ​ឧទាហរណ៍​ពីដើម​មក​ហើយ​ ធ្លាប់​មានការ​ចរចា​ដើម្បី​មាន​ការ​ដោះដូរ​ចូល​ប្រទេស​កម្ពុជា​វិញ​គឺ​ក្រោយ​មក​នៅ តែ​មាន​ចេញ​ចាប់​ដដែល​។ ចឹង​នយោបាយ​បើ​សិន​ជា​យើង​ដោះស្រាយ​តាម​នយោបាយ​តើគាត់​អាច​ដម្កល់​ជាតិ​ជាធំអត់?‍»

​លោកគ្រីស ផៅវឺ ​មន្ត្រី​តុលាការ​សហព័ន្ធ​ប្រចាំ​ភាគកណ្តាល​នៃរដ្ឋ​កាលីហ្វញ៉ា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​អ៊ីម៉េល​ថា​ពាក្យ​បណ្តឹង​នេះ​ត្រូវ​បាន​តុលាការ​ទទួល​បាន​ជាផ្លូវការ​នៅ​ថ្ងៃ​ទី​៨ខែ​មេសា។​

លោក​បាន​បន្ថែមថា​៖

«ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ចាត់ការ​អ្វី​នៅឡើយ​ទេ​ក្រៅពី​ការ​ចុះបញ្ជី​ឯកសារ​ដំបូង​និង​ការជូន​ដំណឹងរដ្ឋបាល​មួយ​ចំនួន​ប៉ុណ្ណោះ‍»។​

នៅក្នុងប្រទេស​កម្ពុជា​ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​លោក​មាជ សុវណ្ណារ៉ា​កំពុង​តែ​ដាក់​ពាក្យ​ប្តឹង​បន្ត​ទៅ​សាលាឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​ដាក់​ទោស​លោកឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​ដោយចាត់​ទុកថា​មាន​កំហុសនីតិវិធី។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​មេធាវី ជូង ជូងី​ហើយ​លោក​ក៏​បាន​សម្តែង​ការគាំទ្រ​ចំណាត់​ការ​របស់​តុលាការ​សហរដ្ឋ​អាមេរិក។

«​សម្រាប់​ប្រយោជន៍​លោកមាជ សុវណ្ណារ៉ា​ បើកាលណា​ក្រុម​គ្រួសារ​គាត់​ឬគាត់​ប្តឹងនៅតុលាការ​អាមេរិក​គឺ​មាន​ផល​ល្អ​សម្រាប់​គាត់​ទៅវិញ​ពីព្រោះ​ថា​បើ​យើង​ពិនិត្យទៅលើ​ចំណាត់​ការ​របស់​តុលាការ​គឺ​តុលាការ​ខ្មែរ​យើង​អត់​ទាន់​មាន​ស្តង់ដា​ដូចគេ​នៅ​ស្រុក​ក្រៅ​ទេ​។ តុលាការ​នៅ​អាមេរិក​ខ្ញុំ​មាន​ជំនឿ​។ គេមាន​ការវិនិច្ឆ័យ​ខ្ពស់​ជាង​។ អីចឹង​គឺ​ខ្ញុំ​មើល​ឃើញ​ថា​ការដែល​ក្រុមគ្រួសារ​លោក​មាជ សុវណ្ណារ៉ា​ឬគាត់​ប្តឹង​នៅ​តុលាការ​អាមេរិក​មាន​ផល​ល្អ​សម្រាប់​គាត់​ជាង​បើ​ប្រៀបធៀប​ទៅនឹង​ខ្មែរ‍»។

លោក​ម៉តុន សក្លា​ បញ្ជាក់​ថា​ក្រុម​ការងារ​កំពុង​តែ​រៀបចំ ​ដំណើរការ​ដើម្បី​ជូនដំណឹង​ដល់​រដ្ឋាភិបាល​កម្ពុជា​ហើយ​អាច​នឹង​ត្រូវ​ចំណាយពេល​យូរ​ដោយ​សារ​តែ​នីតិវិធី​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ព្រោះ ត្រូវ​ឆ្លងកាត់​ប្រព័ន្ធ​ការទូត។ ​រដ្ឋាភិបាល​កម្ពុជា​នឹង​មាន​ពេល​៦០ថ្ងៃ​នៅ​ក្រោយ​ពី​ពេល​ជូនដំណឹង​ដើម្បី​ឆ្លើយ​តប៕

No comments: