A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 30 April 2016

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រេច​ឃាត់​ខ្លួន​មន្ត្រី​អាដហុក​៤​នាក់

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រេច​ឃាត់​ខ្លួន​មន្ត្រី​អាដហុក​៤​នាក់
29 មេសា 2016

    ពិន ស៊ីសុវណ្ណ​


រូបឯកសារ៖ លោក ណៃ វង់ដា ​អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​​នៃ​អង្គការ​អាដហុក​ថ្លែងក្នុង​សន្និសីទ​កាសែត ក្នុងពេលកន្លង​មក​។ លោក ណៃ វង់ដា ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​សម្រេច​ឃាត់​ខ្លួន ​ពី​បទ​​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ (ឡេង ឡែន/VOA Khmer)


ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​​ក្នុង​ចំណោម​មនុស្ស​៨​នាក់​ ដែល​រួមមាន​​ប្រធាន​អង្គការ​ មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ ​មន្ត្រី​សិទ្ធិ​មនុស្ស​អ.ស.ប.​ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ​ មាន​៥នាក់​ត្រូវ​បាន​អង្គភាព​របស់​លោក​សម្រេច​ឃាត់​ខ្លួន​ពី​បទ​​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។

ភ្នំពេញ — voa


មន្ត្រី​សិទ្ធិ​មនុស្ស​៤នាក់​របស់​អង្គការ​អាដហុក និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​សម្រេច​ឃាត់ខ្លួន។ រី​ឯ​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​ការិយាល័យ​ឧត្តម​ស្នងការ​ អ.ស.ប.ដែល​មិន​បាន​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​អង្គភាព​នេះ ក៏​នឹង​ត្រូវ​នាំ​ខ្លួន​ឡើង​តុលាការ​ដែរ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយបាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្នុង​ចំណោម​មនុស្ស​៨​នាក់​ ដែល​រួមមានប្រធាន​អង្គការ​ មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ ​មន្ត្រី​សិទ្ធិ​មនុស្ស​អ.ស.ប.​ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ​ មាន​៥នាក់​ត្រូវ​បាន​អង្គភាព​របស់​លោក​សម្រេច​ឃាត់​ខ្លួន​ពី​បទពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។​ ទោះ​ជា​យ៉ាង​ណា​ក្តី ​លោក​ ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ មិន​បាន​និយាយ​ជាក់លាក់​ពី​បទ​ពុករលួយ​នោះ​ទេ នៅ​មុន​ពេល​តុលាការ​សម្រេច។​ ​



យ៉ាង​ណា​ក៏​ដោយ​ លោក​បញ្ជាក់​ថា ​ពួកគេ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ ​បន្ទាប់​ពី​អង្គភាព​របស់​លោក​ឃាត់​ខ្លួន​បាន​៤៨​ម៉ោង។ ​

លោក ​ឱម យ៉ិនទៀង​ ថ្លែង​ដូច្នេះក្រោយ​ពី​ការ​កោះ​ហៅ​ពួក​គេសាក​សួរ​ កាល​ពី​ថ្ងៃ​ពុធ​ និង​ថ្ងៃ​ព្រហស្បតិ៍​ទាក់ទង​នឹង​បណ្តឹង​របស់​នាង ​ខុម ចាន់តារ៉ាទី ​ហៅ​ស្រី​មុំ ​ដែល​គេ​សង្ស័យ​ថា ​ជា​ម្ចាស់​សំឡេង​របស់​នារី​ដែល​សាសង​ស្នេហា​ជាមួយ​បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ ជា​សំឡេង​របស់​លោក ​កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

​លោក​ ឱម យ៉ិនទៀង​ បាន​ប្រាប់​សន្និសីទ​កាសែត​នៅ​ការិយាល័យ​របស់​លោក​ពេល​ថ្ងៃ​ត្រង់​ នៅថ្ងៃ​សុក្រ​នេះ​ថា​ ​អ្នក​ទាំង​៥នាក់​ ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ​រួម​មាន​លោក​ នី ចរិយា ​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​និង​ជា​អតីត​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​អាដហុក ​ហើយ​នឹង​មន្ត្រី​អាដហុក​៤នាក់​ទៀត​គឺលោក​ នី សុខា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ អ្នកស្រី ​លឹម មុនី ​មន្ត្រី​អង្កេត​ជាន់​ខ្ពស់ ​លោក ​យី សុខសាន្ត​ និង​លោក ​ណៃ វ៉ង់ដា​ ដែល​អ្នក​ទាំង​ពីរ​ជា​អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត។​

លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយបន្ត​ថា ​ចំណែក​លោក​ សឺន សាលី ​មន្ត្រី​នៃ​ការិយាល័យឧត្ដម​ស្នងការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ដែល​មិន​បាន​បង្ហាញ​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​ត្រូវ​នាំខ្លួន​ បើ​រក​ឃើញ។​

អ្នក​ទាំង​នេះជាប់​ចោទ​តាម​បណ្តឹង​របស់​នាង ​ខុម ចាន់តារ៉ាទី​ ហៅ​ស្រី​មុំ​ដែល​បាន​ដូរ​ចម្លើយ​ចុះ​ឡើង​ថា​ ពួកគេ​បញ្ចុះ​បញ្ចូល​មិន​ឲ្យ​នាង​និយាយ​ការណ៍​ពិត។​ ​

លោក​ ឱម យ៉ិនទៀង ថ្លែង​ថា៖

«អ្វី​ដែល​បញ្ជាក់​គឺ​ថា​ ក្រោយ​ពី​ស្តាប់​ចម្លើយ​ទៅ ចម្លើយ​របស់គាត់​ស៊ី​សង្វាក់​ជាមួយ​ភស្តុតាង​ ជាមួយ​ចម្លើយ​របស់​អ្នក​ផ្សេង​ដែល​មាន»។​

លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បន្តថា រី​ឯ​អ្នក​ស្រី​ ធីតា ឃឹះ​ ប្រធាន​អង្គការ​សីលការ ​និងអ្នកស្រី​ ទ្រី ឈួន​ ដែល​ធ្លាប់​ជា​មេធាវី​របស់​អ្នក​នាង​ ខុម ចាន់តារ៉ាទី​ ឬ​ស្រី​មុំ​នោះ​ បាន​ផ្តល់​ចម្លើយច្បាស់លាស់​ និង​ធ្វើ​ការងារ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន។

លោក ​ឱម យ៉ិនទៀង​ និយាយ​ថា ​ក្នុង​ការ​សាកសួរ​នេះ​មាន​ចម្លើយ​និង​សំណួរ​ពាក់ព័ន្ធ​នឹង​បុគ្គល​មាន​អភ័យ​ឯកសិទ្ធិ​ ដែល​សង្ស័យ​ថា ជាម្ចាស់​សំឡេង​ក្នុង​ខ្សែអាត់​សាសងស្នេហា​នោះ។​

«សូម​កុំ​ឆ្លើយ​ដាក់​អ្នក​នេះ ​អ្នកនោះ​ច្រើន​ពេក។​ អ្នក​ខ្លះ​អភ័យ​ឯកសិទ្ធិ​ ខ្ញុំ​មិន​ចង់​ឈឺ​ក្បាល​ច្រើន​ទេ ​ព្រោះ​ធ្វើ​ទៅ​វាទៅ​មិន​រួច​ ព្រោះ​មាន​របង​មួយ​ ជញ្ជាំង។ ​វា​ទាល់តែ​របង​ហ្នឹង​រលំ​បាន​យើង​បន្ត​ទៅ​ទៀត។​ ខ្ញុំ​ធ្វើ​ ធ្វើ​អី វា​ខាត​ប្រយោជន៍»។

លោក ​ឱម យ៉ិនទៀង ​បញ្ជាក់​ថា ​ការ​ហៅ​សាកសួរ​របស់​អង្គភាព​លោក​នេះ​គឺ​ទាក់ទង​អំពើ​ពុករលួយ​ មិន​ទាក់ទង​រឿង​ស្នេហា​ក្នុង​ខ្សែ​អាត់​សំឡេងនោះ​ទេ។​

លោក ​ធន សារាយ​ ប្រធាន​អង្គការ​អាដហុក​បាន​ប្រាប់ ​VOA ​ថា ​លោក​ក៏​ដូច​ជា​អ្នក​ការ​ទូត​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែរ​ មាន​ការ​សោក​ស្តាយ​ចំពោះ​រឿង​នេះ​ដែល​ចេះ​តែ​រីកធំឡើង។​

លោក ធន សារាយ​ ថ្លែង​ប្រាប់ VOA ថា៖

«គេ​ប្រាប់​ខ្ញុំ​ថា​ គេ​ក៏​មិន​អាច​ទទួល​យក​បាន​ដែរ ​ព្រោះ​វា​ចូល​ខ្សែ​ក្រហម​ហើយ​បាទ។ ​ឃើញ​អញ្ចឹង​គេ​ក៏​គេ​មិន​សប្បាយ​ចិត្ត​ដែរ។ គេ​ក៏​បានសម្តែង​ការ​ខក​ចិត្ត​ដែរ»។

លោក ​ធន សារាយ​ ថ្លែង​ដូច្នេះ​ ក្រោយ​ពី​លោក​បាន​ជួប​មន្ត្រី​ទូត​ស.រ.អា.​ បារាំង ​និង​អាល្លឺម៉ង់ ​និង​សហ​ភាព​អឺរ៉ុប។ លោក​និយាយ​ថា ​សមាគម​អាដហុក​បាន​ជ្រើសរើស​មេធាវី​បួន​រូប​សម្រាប់​ការពារ​ក្តី​បុគ្គលិក​របស់​លោក​ហើយ។

ម៉្យាង​ទៀត​ មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ​ក្រោយ​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រកាស​ការ​សម្រេច​ឃាត់ខ្លួននេះ​ អង្គការ​សង្គម​ស៊ីវិល​ចំនួន​២៧​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ​ដោយ​សរសេរយ៉ាង​ដូច្នេះ​ថា «​សូម​ថ្កោល​ទោស​ចំពោះ​ការ​កោះ​ហៅ​និង​សាកសួរ​ទៅ​លើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ធ្វើ​សកម្មភាព​ស្រប​ច្បាប់​ និង​ត្រឹមត្រូវ​តាម​ច្បាប់​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស។ ​នេះ​ជា​ការអនុវត្ត​ដោយ​បំពាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​គំរាមកំហែង​ទៅ​លើ​សង្គម​ស៊ីវិល»។

ទាក់ទង​នឹង​ករណី​របស់​នាង ខុម ចាន់តារ៉ាទី នេះ​ដែរ​ លោក ​ស៊ាង ចែត​ មេឃុំ​ស្រក​ ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម ​ដែល​ជាមេឃុំ​មក​ពីគណបក្ស ​សម រង្ស៊ី ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ កាល​ពី​ថ្ងៃ​ពុធ​ពី​បទ​សូក​ប៉ាន់​សាក្សី ​ដោយ​សំអាង​តាម​ចម្លើយ​របស់​នាង ​ខុម ចាន់តារ៉ាទី ​ដែល​ថា ​លោក​ឲ្យ​លុយ​ម្តាយ​នាង​៥០០​ដុល្លារ​ដើម្បី​កុំ​ឲ្យ​នាងនិយាយ​ប៉ះ​ពាល់​កិត្តិយស​របស់លោក ​កឹម សុខា។​

ម៉្យាង​ទៀត ​នៅ​ថ្ងៃនេះ​ដែរ​ នាង ​ខុម ចាន់តារ៉ាទី​ ត្រូវ​លោក​ កែវ សុជាតិ ​ព្រះរាជអាជ្ញា​រង​តុលាការ​រាជធានី​ភ្នំពេញ​កោះហៅ​សាកសួរ​ជា​លើក​ទីពីរ​ទាក់ទង​នឹង​បណ្ដឹង​របស់​នាង ធី សុវណ្ណថា ​ពី​បទ​បរិហារ​កេរ្តិ៍។​ តែ​តុលាការ​មិន​ទាន់​សម្រេច​ថា​ នាង​ជា​សាក្សី​ ជា​ចុងចោទ​ ឬ​ជា​ជន​រង​គ្រោះ​ទេ។

នាង​បាន​ចេញ​ចូល​តុលាការ​ដោយ​អាថ៌កំបាំង​ ដែល​អ្នក​យក​ព័ត៌មាន​ជា​ច្រើន​ដែល​រង់ចាំ​សម្ភាសន៍​នាង​ មិន​បាន​ឃើញ​នាង​ទេ។​

អ្នក​យក​ព័ត៌មាន​ទាំង​នោះ​ថ្លែង​ថា៖

«បាទ ​យើង​ហួសចិត្ត​ដែរ ​យើង​ខំ​ទន្ទឹង​រង់​ចាំ​គាត់​ក្រែង​បាន​សាក​សួរ​ខ្លះ​ ឥឡូវ​គាត់ ​ចូល​មិន​ដឹង​ថា​ ចូល​ដោយ​របៀប​ណា។​ យើង​ក៏​ហួស​ចិត្ត​ អ្នក​កាសែត​ទាំងអស់​គ្នា​មក​តាំង​ពី​ព្រឹក»។​

«បងស្រី​មុំ​ចេញ​ទៅ​គ្មាន​អ្នក​ណា​ដឹង​ទេ។​ អ្នក​ខ្លះ​ចាំ​នៅមុខ​ អ្នកខ្លះ​ចាំ​នៅ​ក្រោយ​ គ្មាន​អ្នក​ណា​ថត​បាន​អី​មួយ​ទេ»។

​ក្រោយ​ពី​នាង ​ខុម ចាន់តារ៉ាទី​ កែប្រែ​ចម្លើយ​របស់​នាង​ប្រាប់​តុលាការ​ និង​នៅ​អគ្គនាយកដ្ឋាន​ប្រឆាំង​ចារកម្ម​នៃ​ក្រសួង​មហា​ផ្ទៃ​ ខុស​ពី​ចម្លើយ​នៅ​អង្គការ​អាដហុក ​នាង​មិន​ដែល​បាន​ផ្តល់​បទសម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នក​យក​ព័ត៌មានថា ចម្លើយ​របស់​នាង​មួយ​ណា​ជា​ចម្លើយ​ពិត​ទេ។ ​

ទោះ​ជា​យ៉ាង​ណា​ក្តី ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA​ ​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មីនា ​ដោយ​គ្មាន​ការ​គំរាម​កំហែង ​ការ​បញ្ចុះ​បញ្ចូល​ និង​គ្មាន​សមត្ថកិច្ច​ប្រដាប់​អាវុធ​នៅ​ក្បែរ​នោះ ​នាង ​ខុម ចាន់តារ៉ាទី​និយាយ​ថា ​នាង​មិន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក​ កឹម សុខា ​ទេ។​

«ជម្រៅ​រឿង​ស្នេហា​អី​ ទំនាក់​ទំនង​រឿង​ស្នេហា​អី​ជាមួយ​គាត់​គឺ​អត់​មាន។​ ហើយ​មួយ​ណា​ខ្ញុំ​គិត​ថា​ គាត់​មាន​អាយុ​ច្រើន​ជាង​ឪពុក​ម្តាយ​ខ្ញុំ​ទៅ​ទៀត។ ​អញ្ចឹង​ខ្ញុំ​អត់​បាន​រឿង​អី​ទៅ​គិត​ស្នេហា​ជាមួយ​គាត់​ទេ។​ ខ្ញុំ​អត់​មាន​រឿង​អី​ត្រូវ​ទៅ​គិត​អញ្ចឹង​ទេ។ ​ហើយ​គេ​ថា​ ស្រី​កំណាន់​របស់​គាត់ ​ខ្ញុំ​សូម​បដិសេធ​ថា ​ខ្ញុំ​មិន​មែន​ស្រី​កំណាន់​របស់​គាត់​ទេ»។​

នាង​និយាយ​ថា លោក​ កឹម សុខា​ គ្រាន់​តែ​ទូរស័ព្ទ​ទាក់ទង​នាង​អំពី​ការ​កាត់សក់​និង​លាប​សក់​តែ​ប៉ុណ្ណោះ។

យោង​តាមលិខិត​ចំហ​របស់​នាង​ ខុម ចាន់តារ៉ាទី​ ចុះ​ថ្ងៃ​ទី​២២​ ខែ​មេសា​ ឆ្នាំ​២០១៦​ ដែល​គេ​បាន​ចែក​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុកបាន​ឲ្យ​ដឹង​ថា ​នាង​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការរាជធានី​ភ្នំពេញ​ ​ទារ​ជំងឺ​ចិត្ត​ពី​លោក ​កឹម ​សុខា​ ដែល​នាង​បាន​ចោទ​ថា​ បាន​ក្បត់​ពាក្យ​សន្យា​ជាច្រើន​ជាមួយ​នាង។ ​ នាង​បាន​ប្តឹង​សុំ​ទារ​សំណង​ជំងឺ​ចិត្ត​ជា​ទឹក​ប្រាក់​ចំនួន​៣០​ម៉ឺន​ដុល្លារ​ពី​លោក​ កឹម សុខា ​និង​គូកន​ ព្រម​ទាំង​ជន​ពាក់ព័ន្ធ​ដទៃ​ទៀត។​ ​

នាង ​ខុម ចាន់តារ៉ាទី ​ហៅ​ស្រីមុំ​ ​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ជា​ស្រ្តី​ និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ មាន​ការ​ភ្ញាក់​ផ្អើល​ និង​សោក​ស្តាយ​ បន្ទាប់​ពី​នាង​បាន​ចោទ​ក្រុម​អង្គការ​សង្គម​ស៊ីវិលថា​ ពួក​គេ​បាន​ធ្វើ​សកម្មភាព​បង្គាប់​មិន​ឲ្យ​នាង​ទទួល​ស្គាល់​ខ្សែ​អាត់​សំឡេង​ ដែល​គេ​សង្ស័យ​ថា​ ជា​សំឡេង​របស់​នាង​ និង​សំឡេង​របស់លោក​ កឹម​ សុខា​ នោះ៕​

1 comment:

Anonymous said...

ក្នុងសង្គមនេះភាពត្រឹមត្រូវរបស់យើងស្ទើតែមិនអាចការពារខ្លួនយើងអោយបានសុខផង ចុះទម្រាំតែអ្នកជាមនុស្សគ្មានភាពត្រឹមត្រូវហើយចង់ទៅបំពានឬវាយប្រហារគេទៀតនោះតើវាគ្រោះថ្នាក់ប៉ុណ្ណាទៅ?នេះហើយជាលទ្ធផលនៃទង្វើទុច្ចរឹតរបស់ពួកគេ។រីឯកឹម សុខាពេលនេះវិញខ្លាយជាមេគ្រោះ ឬជាបុគ្គលចង្រៃដល់គេគ្រប់គ្នាហើយ។ ចុងក្រោយកឹម bសុខារត់យកតែរួចខ្លួនឯងតែប៉ុណ្ណោះ គ្មាននឹកស្រណោះឬអាសូរដល់អ្នកណាឡើយសម្រាប់បុគ្គលដែលគ្មានភាពខ្មាស់អៀនឬវិប្បដិសារិយ៍រូបនេះ។