A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 30 March 2016

សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​ស្តុក​ឈើ​គ្រញូង​ជិត​២០​តោន​ទៅ​តុលាការ​ខេត្ត​ត្បូងឃ្មុំ


ដោយ​ សូត សុខប្រាថ្នា
2016-03-29

ដឹក​ឈើ ត្បូងឃ្មុំ ៨៥៥
គំនរ​ឈើ​ប្រណីត​ដែល​ឈ្មួញ​បម្រុង​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ហើយ​ត្រូវ​រថយន្ត​ក្រឡាប់​នៅ​ចំណុច​ភូមិ​ជ្រៃឡើង ឃុំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៦។
Photo provided


អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឱ្យ​ដឹង​ថា សំណុំរឿង​លាក់​ឈើ​ប្រណិត​ប្រភេទ​គ្រញូង​ជិត ២០​តោន ដែល​គេ​សង្ស័យ​ថា ជា​ឈើ​របស់​មេឃុំ​ត្រពាំងផ្លុង​នោះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ រួច​រាល់​ហើយ។ ចំណែក​សង្គម​ស៊ីវិល​មិន​មាន​ជំនឿ​ចំពោះ​នីតិវិធី​របស់​អាជ្ញាធរ​ឡើយ។

មន្ត្រី​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ថា ពាក់ព័ន្ធ​ករណី​ស្តុក​ឈើ​ប្រណិត​ប្រភេទ​គ្រញូង​នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ជិត ២០​តោន​នោះ សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ​រួចរាល់​ហើយ។

លោក​ឱ្យ​ដឹង​ដែរ​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិន​បាន​បញ្ជាក់​ថា ឈើ​ទាំង​នោះ​ជា​របស់​ជន​ណា​ប្រាកដ​ទេ ហើយ​ខាង​លោក​ក៏​មិន​ដឹង​ថា ជា​របស់​បុគ្គល​ណា​ដែរ គឺ​អាស្រ័យ​ទៅ​លើ​ការ​ស៊ើប​អង្កេត​របស់​តុលាការ​បន្ត​ទៀត៖ «ប្រសិនបើ​មាន​ករណី​បទល្មើស​ជាក់ស្ដែង ឬ​មួយ​ករណី​ស៊ើប​អង្កេត​បឋម ហើយ​ស្រាវជ្រាវ​ទៅ​ពិត​ជា​មាន​វត្ថុ​តាង​ថា មាន​បទល្មើស​មែន គឺ​យើង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ»។



ឈើ​គ្រញូង ចំនួន ១៧​តោន ត្រូវ​បាន​សមត្ថកិច្ច​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ចុះ​បង្ក្រាប​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ចំណុច​ភូមិ​ត្រពាំងផ្លុង ក្នុង​ទីតាំង​ដី​កូនស្រី​លោក​មេ​ឃុំ​ត្រពាំងផ្លុង ហើយ​គេ​សង្ស័យ​ថា ឈើ​ទាំង​នោះ​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​មេឃុំ​ត្រពាំងផ្លុង លោក ហែម យៀប ទៀត​ផង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក ងី វីរៈ និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ លោក ហៀង សុភ័ក្ត្រ បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា។ ដោយ​ឡែក​មេ​ឃុំ​ត្រពាំងផ្លុង លោក ហែម យៀប មិន​បាន​ឆ្លើយ​តប​យ៉ាង​ណា​ឡើយ ដោយ​អ្នក​ទទួល​ទូរស័ព្ទ​បញ្ជាក់​ថា លោក​មេ​ឃុំ​កំពុង​ជាប់​ប្រជុំ។

ជាមួយ​គ្នា​នេះ សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ដកស្រង់​សម្ដី​មេឃុំ​ត្រពាំងផ្លុង លោក ហែម យៀប ដែល​បាន​ទទួល​ស្គាល់​ថា ឈើ​ទាំង​នោះ​ស្ថិត​នៅ​លើ​ទីតាំង​ដី​កូនស្រី​របស់​លោក ប៉ុន្តែ​លោក​បដិសេធ​ថា ឈើ​ទាំង​នោះ​មិន​មែន​ជា​របស់​លោក​ឡើយ តែ​ជា​របស់​មិត្តភ័ក្ដិ​កូនស្រី​លោក។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មួយ​រូប​ឱ្យ​ដឹង​ថា មេឃុំ​ត្រពាំងផ្លុង ធ្លាប់​រក​ស៊ី​ឈើ​ជា​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​និយាយ។

​ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​ធនធាន​ធម្មជាតិ បញ្ជាក់​ថា ជា​ធម្មតា​អ្នក​រក​ស៊ី​ជួញដូរ​ឈើ​ខុស​ច្បាប់​តែងតែ​បដិសេធ​ថា ខ្លួន​មិន​បាន​ពាក់ព័ន្ធ​នៅ​ពេល​ណា​ដែល​សមត្ថកិច្ច​ចាប់​បាន។

ប្រធាន​ក្រុម​កិច្ចការ​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង មិន​មាន​ជំនឿ​ទាល់តែសោះ​ថា សមត្ថកិច្ច ឬ​តុលាការ​អាច​ចាត់​វិធានការ​ចំពោះ​បុគ្គល​ពាក់ព័ន្ធ​ករណី​ស្តុក​ឈើ​ប្រណិត​ទាំង​នោះ​បាន។ លោក​ថា នីតិវិធី​របស់​តុលាការ គឺ​គ្រាន់​តែ​ធ្វើ​ឡើង​ដើម្បី​ពន្យារ​ពេល​ឱ្យ​ក្រុម​ជនល្មើស​រួច​ផុត​ពី​សំណាញ់​ច្បាប់​ប៉ុណ្ណោះ៖ «ជា​ការ​អូស​បន្លាយ​ដើម្បី​សម្រួល​ដល់​ឈ្មួញ​ឈើ​ទាំង​នោះ​ទេ។ អ្នក​កសាង​សំណុំរឿង ព្រោះ​ថា អ្នក​ផ្សេងៗ​ទៀត ក្រៅ​ពី​រឿង​ឧកញ៉ា ក្រៅ​ពី​រឿង​ឈើ ប្រហែល​ជា​ត្រូវ​ចាប់​ដាក់​គុក​ផ្សេងៗ​ជាដើម»។

លោក​បន្ថែម​ថា ប្រសិនបើ​ឈើ​ទាំង​នោះ​ជា​របស់​មេឃុំ​មែន គឺ​វា​អាច​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ជំនាញ និង​មន្ត្រី​អាជ្ញាធរ​ដែនដី​ទៀត​ផង ពីព្រោះ​ករណី​បែប​នេះ មិន​អាច​ធ្វើ​ឡើង​តែ​ម្នាក់​ឯង​បាន​ឡើយ។

ច្បាប់​ព្រៃឈើ​ឆ្នាំ​២០០២ មាត្រា ១០០ ចែង​ថា សកម្មភាព​ទាំង​ឡាយ​ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល កងកម្លាំង​ប្រដាប់អាវុធ ដែល​បាន​អន្តរាគមន៍ ឬ ផ្ដល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ ប្រយោល ជួយ​ដល់​អាជីវកម្ម​ព្រៃឈើ និង​គំរាមកំហែង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ឬ រារាំង​កិច្ចការ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ គឺ​ចាត់​ទុក​ជា​បទល្មើស ដោយ​ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង ពិន័យ​ជា​ប្រាក់ ពី ១០​លាន​រៀល ដល់ ១០០​លាន​រៀល៕

No comments: