A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 31 March 2016

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រង​ការ​រិះគន់​ដែល​ចាត់​ការ​លើ​បណ្ដឹង​ករណី​លោក កឹម សុខា


អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រង​ការ​រិះគន់​ដែល​ចាត់​ការ​លើ​បណ្ដឹង​ករណី​លោក កឹម សុខា
ដោយ ឆោម ចក្រា
2016-03-31

ឱម យ៉ិនទៀង ៨៥៥ ២០១៦
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ទៅ​កាន់​ក្រុម​យុវជន​ក្នុង​កម្មវិធី​ប្រកាស​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​ខ្សែ​អាត់​សំឡេង​ដែល​គេ​ចោទ​ថា ជា​សំឡេង​របស់​លោក កឹម សុខា ជាមួយ​ស្រី​កំណាន់ នៅ​ថ្ងៃ​ទី​២៤ មីនា ឆ្នាំ​២០១៦។
 RFA/Cheu Sideth


អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន និង​មាន​ការ​ទិតៀន​យ៉ាង​ចាស់​ដៃ​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បន្ទាប់​ពី​អង្គភាព​មួយ​នេះ​ទទួល​ពាក្យ​បណ្ដឹង​ពី​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា ជា​និស្សិត​ដែល​ប្ដឹង​ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​ស្នេហា​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យ​ចូល​បំភ្លឺ​រឿង​ខ្សែ​អាត់​សំឡេង​ឆ្លើយ​ឆ្លង​ស្នេហា​ជាមួយ​ស្រី​កំណាន់​ជាច្រើន​រូប។

ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ធ្វើ​ឡើង​តាម​ពាក្យ​បណ្ដឹង​របស់​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា​ជា​និស្សិត​មាន​ឈ្មោះ ស្រី ចំរើន ជា​តំណាង ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ជា​ហូរហែ​ពី​សំណាក់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ជាពិសេស​ពី​សំណាក់​មជ្ឈដ្ឋាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។



អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដ៏​សកម្ម​ម្នាក់​មាន​គណនី​ឈ្មោះ ឆាំ ឆានី ដែល​តែង​តែ​រិះគន់​ឥត​សំចៃ​លើ​រដ្ឋាភិបាល ហៅ​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នា​ពេល​នេះ​ថា ជា​រឿង​មួយ​ដែល​គួរ​អស់​សំណើច​បំផុត ដោយ​លោក​លើក​ឡើង​ថា អំពើ​ពុក​រលួយ​នៅ​ប្រទេស​កម្ពុជា មាន​រាប់​រយ​ករណី ដែល​ក្រសួង​មួយ​នេះ​មិន​ព្រម​ធ្វើ ប៉ុន្តែ​បែរ​ជា​ចាត់ការ​រឿង​ដែល​លោក​អះអាង​ថា​ជា​រឿង​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​អង្គភាព​មួយ​នេះ​ពុំ​គួរ​ធ្វើ​ទៅ​វិញ៖ «យើង​មើល​ឃើញ​អំពី​ករណី​អំពី​ពុក​រលួយ​នៅ​ស្រុក​ខ្មែរ​យើង ពី​ណា​ក៏​គេ​ដឹង​ដែរ​ថា មាន​រាប់​រយ​រាប់​ពាន់​ករណី។ ចុះ​ហេតុ​អ្វី​គណៈកម្មការ​ហ្នឹង​អត់​ធ្វើ ហើយ​ចំណាយ​ពេល​ធ្វើ​រឿង​ស្រី​ញី​ទៅ​វិញ? ធម្មតា​រឿង​ស្រី​ញី​វា​មាន​ពាក់ព័ន្ធ​ទៅ​រឿង​ពុក​រលួយ​ទេ វា​អត់ វា​ផ្ទុយ​ស្រឡះ វា​អត់​មាន​សោះ គ្រាន់​តែ​ទំនាក់ទំនង​ទូរស័ព្ទ​អូន​បង វា​ទៅ​ជា​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ ធ្វើ​ទៅ​វិញ ដូច​គណៈកម្មការ​ហ្នឹង​គេ​បង្កើត​ឡើង​ដើម្បី​ធ្វើ​កិច្ចការ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ពុក​រលួយ ឬ​ក៏​គេ​បង្កើត​ឡើង​ធ្វើ​ការងារ​ពាក់ព័ន្ធ​រឿង​សាសង​អូន​បង​តាម​ទូរស័ព្ទ»។

ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​សប្ដាហ៍​មុន ប្រធាន​ការិយាល័យ​មេធាវី លោក សុក សំអឿន អះអាង​ថា ខ្សែ​អាត់​សំឡេង​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​យក​មក​ប្រើប្រាស់​សម្រាប់​ធ្វើ​ជា​ទឡ្ហីករណ៍​សម្រាប់​ស៊ើប​អង្កេត ជា​ខ្សែ​អាត់​មិន​ស្រប​ច្បាប់​ឡើយ ព្រោះ​បាន​មក​ពី​ការ​លួច​ថត​សំឡេង​សន្ទនា​របស់​អ្នក​ដទៃ។ អ្នក​ច្បាប់​រូប​នេះ​បន្ត​ថា ភស្តុតាង​នានា​ដែល​មាន​នៅ​លើ​ខ្សែ​អាត់​សំឡេង​ហាក់​នៅ​ពុំ​ទាន់​គ្រប់គ្រាន់​សម្រាប់​យក​មក​ធ្វើ​ការ​ស៊ើប​អង្កេត​ទេ។ លោក​ជំរុញ​ឲ្យ​អង្គភាព​កំពូល​មួយ​នេះ ប្រមូល​ភស្តុតាង​បន្ថែម​មុន​នឹង​បើក​ការ​ស៊ើប​អង្កេត៖ «ឧទាហរណ៍​ថា​ចូល​ឆែកឆេរ​ដោយ​ខុស​ច្បាប់ ទោះ​បី​ឆែកឆេរ​ឃើញ​កាំភ្លើង ឃើញ​អាភៀន​អី​ក៏ដោយ គេ​មិន​អាច​យក​អា​ហ្នឹង​ជា​ភស្តុតាង​ដើម្បី​សម្រាប់​ចោទ​ប្រកាន់​ទេ ដោយសារ​ការ​ឆែកឆេរ​ហ្នឹង​វា​ខុស​ច្បាប់ មិន​មែន​ធ្វើ​កោសល្យវិច័យ ហើយ​ឃើញ​អាភៀន។ ដូច្នេះ​ប្រើ​ជា​ភស្តុតាង មិន​អាច​អ៊ីចឹង​បាន​ទេ បើ​អ៊ីចឹង​ដដែល គឺ​អាច​ធ្វើ​ឲ្យ​ការ​ឆែកឆេរ​ដោយ​ខុស​ច្បាប់ ការ​ប្រមូល​ភស្តុតាង​ដោយ​ខុស​ច្បាប់ នឹង​មាន​ត​ទៅ​ទៀត»។

ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នា​ពេល​នេះ ត្រូវ​បាន​ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ ស្វាគមន៍ ប៉ុន្តែ​លោក​ក៏​សម្ដែង​នូវ​ទុទ្ទិដ្ឋិនិយម​ចំពោះ​អង្គភាព​មួយ​នេះ​ដែរ ដោយ​លោក​លើក​ឡើង​ថា ដើម​ហេតុ​ឈាន​ដល់​ការ​ស៊ើប​អង្កេត​នេះ ជា​រឿង​មិន​សម​ហេតុផល និង​ជា​រឿង​នយោបាយ។ លោក អ៊ូ វីរៈ សម្ដែង​នូវ​ការ​សោកស្ដាយ​របស់​ខ្លួន​ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​ក្រសួង​មួយ​នេះ ដោយ​លោក​លើក​ឡើង​ថា ជា​ការ​សម្រេច​ចិត្ត​បែប​បក្ខពួក​និយម ដោយ​ផ្ទុយ​ពី​គោលការណ៍​នីតិរដ្ឋ និង​មិន​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ឡើយ៖ «ជា​រឿង​មួយ​សោកស្ដាយ​ដែល​ឆ្លុះ​បញ្ចាំង​ថា ការ​អនុវត្ត​ច្បាប់ គឺ​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​បក្ខពួក​និយម មិន​មែន​ទាក់ទង​រឿង​នីតិរដ្ឋ ឬ​មួយ​ស្មើ​មុខ​គ្នា ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ហើយ​នេះ​ជា​រឿង​មួយ​ដែល​ខ្ញុំ​សោកស្ដាយ»។

អ៊ូ វីរៈ ៨៥៥ ២០១៦
ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦។ RFA


លោក អ៊ូ វីរៈ បន្ត​រិះគន់​ចំៗ​ទៀត​ថា មាន​មន្ត្រី​គណបក្ស​កាន់​អំណាច​ដែល​ទទួល​បាន​ប្រាក់​បៀវត្ស​ទាបៗ ដែល​មាន​លុយ​កាក់ និង​ទ្រព្យ​សម្បត្តិ​ច្រើន ដូច្នេះ​បើ​សិន​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ យក​អ្នក​មាន​លុយ​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ស៊ើប​អង្កេត​នោះ អង្គភាព​មួយ​នេះ​នឹង​មាន​កិច្ចការ​របស់​ខ្លួន​ជាច្រើន​ដែល​ត្រូវ​ធ្វើ​ក្នុង​ពេល​តែ​មួយ៖ «ខ្ញុំ​មើល​ទៅ​ប្រហែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ប្រហែល​ជា​បើក​ការ​ស៊ើប​អង្កេត​រាប់​រយ​ករណី​ក្នុង​ពេល​តែ​មួយ ហើយ​គួរ​តែ​ពិចារណា​ក្នុង​ការ​បើក​អង្កេត​ទៅ​លើ​មន្ត្រី​ជាច្រើន​ដែល​មាន​ប្រាក់​ខែ​ទាប ប៉ុន្តែ​មាន​ប្រាក់​ខែ​ច្រើន​ហ្នឹង គឺ​ខ្ញុំ​ឃើញ​មាន​ច្រើន​ពាសពេញ​ទូទាំង​ប្រទេស​តែ​ម្តង។ ចៅហ្វាយ​ខេត្ត មេ​ប៉ូលិស​ខេត្ត មន្ត្រី​ជាច្រើន​ផ្សេង​ទៀត​ឡើង​ដល់​ថ្នាក់​កំពូល​តែ​ម្តង គឺ​សុទ្ធតែ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ហើយ​បើ​គិត​ជា​ស៊ើប​អង្កេត​ពិត​ប្រាកដ​ពី​ប្រភព​នៃ​ទ្រព្យ​សម្បត្តិ ខ្ញុំ​គិត​ថា​ប្រជាពលរដ្ឋ​នឹង​ស្វាគមន៍​ទៅ​វិញ»។

ស្រដៀង​គ្នា​នេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ប្រសិន​បើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​យក​ចិត្ត​ទុក​ដាក់ និង​ចាត់​វិធានការ​រហ័ស​បែប​នេះ​គ្រប់​បណ្ដឹង​ផ្សេងៗ​ទៀត នោះ​គឺ​ជា​ការ​ប្រសើរ។ លោក​បន្ត​ថា បើ​ពុំ​នោះ​ទេ វា​អាច​នាំ​ឲ្យ​មាន​ការ​យល់​ឃើញ​ពី​សាធារណជន​ថា ចំណាត់​ការ​នេះ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល ឬ​ជា​ការ​លើក​ទឹក​ចិត្ត​បែប​នយោបាយ។

ក្នុង​សារ​ដដែល​នោះ លោក​បន្ត​សរសេរ​ដោយ​ផ្ដោត​ក្តី​សង្ឃឹម​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​មាន​ចំណាត់​ការ​ដូច​គ្នា​នេះ​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​ផ្សេងៗ​ទៀត​របស់​រដ្ឋាភិបាល ដែល​មាន​តម្រុយ ឬ​មាន​ការ​សង្ស័យ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ប្រសិន​បើ​មាន​ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ពី​ប្រភព​ដែល​មិន​អាច​ពន្យល់​បាន ឬ​បាន​មក​ពី​ប្រភព​ខុស​ច្បាប់ ដោយ​ធៀប​ទៅ​នឹង​ទឹក​ប្រាក់​ចំណូល​ស្រប​ច្បាប់​របស់​គាត់ ដូច​មាន​ចែង​ក្នុង​មាត្រា​៣៦ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ។

កាល​ពី​ដើម​សប្ដាហ៍​នេះ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង បាន​ដាក់​លិខិត​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដើម្បី​សុំ​ឲ្យ​បដិសេធ​ជុំវិញ​ញត្តិ​របស់​តំណាង​យុវជន ដែល​ទាមទារ​ឲ្យ​កោះ​ហៅ លោក កឹម សុខា ចូល​បំភ្លឺ​នៅ​រដ្ឋសភា។ លិខិត​ស្នើសុំ​នោះ​សរសេរ​ថា នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ពុំ​មាន​មាត្រា និង​ប្រការ​ណា​មួយ​អនុញ្ញាត​ឲ្យ​រដ្ឋសភា​កោះ​អញ្ជើញ​តំណាង​រាស្ត្រ​មក​បំភ្លឺ​ពី​បញ្ហា​អ្វី​ឡើយ។ លិខិត​នេះ ធ្វើ​ឡើង​ដើម្បី​ជំទាស់​ទៅ​នឹង​ញត្តិ​របស់​យុវជន ស្រី ចំរើន ជា​តំណាង​យុវជន និង​និស្សិត​ប្រមាណ ១០០​នាក់ ដែល​បាន​ស្នើសុំ​ឲ្យ​ប្រធាន​រដ្ឋសភា កោះ​ហៅ លោក កឹម សុខា ចូល​បំភ្លឺ​ចំពោះ​ខ្សែ​អាត់​សំឡេង​ពាក់ព័ន្ធ​រឿង​ស្នេហា​នោះ​ឲ្យ​បាន​ឆាប់។

យុវជន ស្រី ចំរើន ៨៥៥ ២០១៦
យុវជន​មួយ​ក្រុម​នាំ​គ្នា​ហែ​ក្បួន​ចេញ​ពី​វិមាន​រដ្ឋ​សភា ឆ្ពោះ​ទៅ​កាន់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​រឿង​ខ្សែអាត់​សំឡេង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Morm Moniroth


ដោយឡែក​យុវជន​មួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ លោក ស្រី ចំរើន កាល​ពី​ថ្ងៃ​ទី​២៩ មីនា នេះ បាន​ដង្ហែ​ក្បួន​របស់​ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ លោក កឹម សុខា បកស្រាយ​ខ្សែ​អាត់​សំឡេង​ដែល​បែក​ធ្លាយ និង​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​តាម​បណ្ដា​សារព័ត៌មាន​មួយ​ចំនួន។ ក្រុម​យុវជន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​នោះ បាន​ប្រើប្រាស់​សញ្ញា​សម្គាល់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា ទង់ មួក អាវ សម្រាប់​ធ្វើ​សកម្មភាព​របស់​ខ្លួន ដែល​ទង្វើ​ទាំង​នេះ​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា​ជា​សកម្មភាព​អនាធិបតេយ្យ ហើយ​បក្ស​ប្រឆាំង​ថ្កោលទោស និង​ត្រៀម​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាល​ពី​ថ្ងៃ​ទី​២៩ មីនា លោក ឱម យ៉ិនទៀង ព្រមាន​ពី​ការ​ទម្លាយ​ព័ត៌មាន​សម្ងាត់​ស្ដីពី​អំពើ​ពុក​រលួយ​របស់ លោក សម រង្ស៊ី បើ​សិន​ប្រធាន​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​ដោយ​ការ​គេចវេះ​ពី​សាល​ដីកា​របស់​តុលាការ នៅ​តែ​បន្ត​រិះគន់​លើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទៀត​នោះ៖ «ខ្ញុំ​មាន​ព័ត៌មាន​ច្រើន​ណាស់​ពី​បញ្ហា​នេះ ហើយ​បើ​គាត់​នៅ​តែ​ធ្វើ​ការ​បំពាន​លើ​ច្បាប់ យើង​ខ្ញុំ​នឹង​លាត​ត្រដាង​ម្តង​ឲ្យ​គាត់​ឃើញ​ថា មាន​ច្រើន​ណាស់​ដែល​យើង​ខ្ញុំ​ខំ​អត់ធ្មត់​លើ​បញ្ហា​នេះ។ ករណី សម រង្ស៊ី ក៏​យើង​ខ្ញុំ​អត់​បញ្ហា​ជាមួយ​គាត់​ទេ។ យើង​ខ្ញុំ​មាន ប៉ុន្តែ​កន្លង​ហើយ​យើង​ខ្ញុំ​យល់​ឃើញ​ថា ជា​ការងារ​មួយ​ដែល​ទុក​ពេល​វេលា​ជូន​ទៅ​គាត់​លើ​បញ្ហា​នេះ។ ខ្ញុំ​មិន​ចង់​និយាយ​ទេ​លើ​បញ្ហា​នេះ ប៉ុន្តែ​បើ​សិន​គាត់​នៅ​តែ​រារាំង​កិច្ចការ​ស៊ើប​អង្កេត​របស់​យើង​ខ្ញុំ​បែប​ហ្នឹង​ទៀត អា​ហ្នឹង​យើង​ខ្ញុំ​នឹង​បញ្ចេញ​ជូន»។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី បាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ថា ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លើ​ករណី លោក កឹម សុខា ជា​រឿង​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​សាធារណជន និង​ជា​អង្គភាព​ដែល​មិន​ស្គាល់​ពី​តួនាទី​របស់​ខ្លួន៕

1 comment:

Anonymous said...

ត្រូវតែសើបអងកេត យួនទៀង មុនគេ ឃើញទេគ្រាន់តែ នាឡិការ ថ្លៃ ១ម៉ឺនពីរពាន់ ទៅហើយ ឯស្រីស្នេ វីញខំលាក់បាំង ឃើញមានទាំងកូនផង ប្រធានអំពើពុករលួយ តែខ្លួនឯងវិញ អាចន៍ជាប់នឹងគូថ តែធ្វើដូចគ្រាន់ហួស បើចង់ដឹងតាមទៅ ភាពពិតនឹងចេញហើយ។