A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 2 March 2016

ពលរដ្ឋ​ខេត្ត​កំពង់ធំ​ចង់​ឲ្យ​តុលាការ​ចាត់​វិធានការ​លើ​មន្ត្រី​អាង​អំណាច​រំលោភ​យក​ដី​អ្នក​ភូមិ

ពលរដ្ឋ​ខេត្ត​កំពង់ធំ​ចង់​ឲ្យ​តុលាការ​ចាត់​វិធានការ​លើ​មន្ត្រី​អាង​អំណាច​រំលោភ​យក​ដី​អ្នក​ភូមិ
ដោយ សូត សុខប្រាថ្នា
2016-03-01 rfa

ចម្ការ​ដំឡូងមី កំពង់ធំ ២០១៥ ៨៥៥
ចម្ការ​ដំឡូងមី​របស់​ពលរដ្ឋ​នៅ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ចំនួន ២១​គ្រួសារ​ដែល​មាន​ជម្លោះ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ។ រូបថត​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ Photo Provided
 Photo Provided


ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ លើក​ឡើង​ថា ពួក​គេ​ចង់​ឃើញ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ដល់​មន្ត្រី​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ទាំងឡាយ​ណា​ដែល​បាន​យក​តួនាទី​របស់​ខ្លួន មក​រំលោភ​យក​ដី​ពួក​គាត់។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​សាលា​ដំបូង​ខេត្ត​កំពង់ធំ បាន​សម្រេច​ចាត់​ចែង​ដី​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​ជាង ២០​គ្រួសារ​ជាមួយ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ធំ ជូន​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន​កាល​ពី​ពេល​ថ្មីៗ​នេះ។

ក្រោយ​ពេល​សាលា​ដំបូង​ខេត្ត​កំពង់ធំ សម្រេច​ចាត់​ចែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ជា​បណ្ដោះអាសន្ន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយ​រីករាយ។

បន្ថែម​ពី​នេះ ពួក​គាត់​ស្នើ​ឲ្យ​តុលាការ​សម្រេច​ផ្ដល់​ដី​ដែល​កំពុង​មាន​វិវាទ​ជាមួយ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ធំ មក​ឲ្យ​ពួក​គាត់​ជា​ផ្លូវ​ការ ជៀសវាង​មាន​បញ្ហា​ពេល​ក្រោយ។ លើស​ពី​នេះ​ទៀត ពលរដ្ឋ​ក៏​ចង់​ឃើញ​ចំណាត់​ការ​របស់​តុលាការ ចំពោះ​មន្ត្រី​អាជ្ញាធរ​ណា​ដែល​យក​អំណាច និង​តួនាទី មក​គាប​សង្កត់​ពួក​គាត់​ទៀត​ផង។

តំណាង​ពលរដ្ឋ ២១​គ្រួសារ​នៅ​ភូមិ​ថ្មសំលៀង លោកស្រី យ៉ែម ហេង ឲ្យ​ដឹង​ថា ដី​ប្រជាពលរដ្ឋ​ជាង ២០​គ្រួសារ​ដែល​បាន​ចូល​កាន់​កាប់​ជា​បន្តបន្ទាប់​ក្រោយ​ឆ្នាំ​២០០០ ត្រូវ​បាន​ខាង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ធំ ឈូស​ឆាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​ផ្សេងៗ​របស់​អ្នក​ភូមិ​កាល​ពី​ពេល​កន្លង​ទៅ។ លោកស្រី​បន្ត​ថា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ លោក តិប ញាតា ជា​អ្នក​បញ្ជា​ឲ្យ​បក្ខពួក​ទៅ​ឈូស​ឆាយ​ដី​ពួក​គាត់ ដោយ​បញ្ជាក់​ថា​ជា​ដី​របស់​រដ្ឋបាល​ព្រៃ​ឈើ​សម្រាប់​ដាំ​កូន​ឈើ​ឡើង​វិញ ប៉ុន្តែ​ធាតុ​ពិត ពលរដ្ឋ​អះអាង​ថា គឺ​ឈូស​ឆាយ​ដើម្បី​យក​ដី​ពលរដ្ឋ​លក់​ឲ្យ​ឈ្មួញ​ច្រើន​ជាង៖ «ដាំ​កូន​ឈើ​មិន​សម​ទេ ព្រោះ​ជា​ដី​ដែល​ប្រជាពលរដ្ឋ​កាន់​កាប់​តាំង​ពី​ឆ្នាំ​២០០០ ឲ្យ​តែ​មុន​បទបញ្ជា​០១»។

កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ធំ លោក វង្ស សិរី បាន​ចេញ​ដីកា​ចាត់​ចែង​ដីធ្លី​ជាង ១០០​ហិកតារ​ជា​បណ្ដោះអាសន្ន​ជូន​ប្រជាពលរដ្ឋ ២១​គ្រួសារ​នៅ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា និង​ពលរដ្ឋ​នៅ​ឃុំ​បាក់ស្នា។ ក្នុង​លិខិត សម្រេច​មិន​ឲ្យ លោក តិប ញាតា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​កំពង់ធំ និង​តតិយជន ឬ​ជន​ផ្សេង​ទៀត​ដែល​តំណាង​ឲ្យ លោក តិប ញាតា ទៅ​ឈូស​ឆាយ​ដំណាំ ព្រម​ទាំង​ធ្វើ​សកម្មភាព​ផ្សេងៗ​លើ​ដី​ប្រជាពលរដ្ឋ​ចំនួន ២១​គ្រួសារ នៅ​ចំណុច​ភូមិ​ថ្មសំលៀង ជា​បណ្ដោះអាសន្ន ដោយ​រង់ចាំ​តុលាការ​សម្រេច​ដល់​រឿង​អង្គ​សេចក្តី​ជា​មុន។

ចម្ការ​ស្វាយចន្ទី​របស់​ពលរដ្ឋ​នៅ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ចំនួន ២១​គ្រួសារ​ដែល​មាន​ជម្លោះ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ។ រូបថត​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ Photo Provided


ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​កំពង់ធំ លោក តិប ញាតា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ កុម្ភៈ ថា លោក​នៅ​មិន​ទាន់​ទទួល​បាន​លិខិត​នោះ និង​មិន​ទាន់​ដឹង​ច្បាស់​ថា តុលាការ​ចាត់​ចែង​ដី​នៅ​ចំណុច​ណា​ប្រាកដ​ទេ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ដី​នោះ​ស្ថិត​នៅ​ចំ​ចំណុច​របស់​រដ្ឋបាល​ព្រៃ​ឈើ​ធ្លាប់​ប្ដឹង​ប្រជាពលរដ្ឋ​កាល​ពី​ឆ្នាំ​២០១៣ ចំពោះ​ការ​ចូល​កាន់​កាប់​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់​នោះ លោក​នឹង​ប្ដឹង​ជំទាស់។ បន្ថែម​ពី​នេះ លោក​ថា​នៅ​តំបន់​ដី​ជម្លោះ​ជាមួយ​ខាង​រដ្ឋបាល​ព្រៃ​ឈើ គឺ​គ្មាន​ប្រជាជន​ណា​ម្នាក់​ចូល​ទៅ​កាន់​កាប់​តាំង​ពី​ឆ្នាំ​២០០០ ឡើយ ប៉ុន្តែ​ជា​ពលរដ្ឋ​ចូល​ទៅ​កាន់​កាប់​ក្រោយ​បទបញ្ជា​០១ របស់​រាជ​រដ្ឋាភិបាល ដែល​ចេញ​កាល​ពី​ឆ្នាំ​២០១២ ទៅ​វិញ។ លោក​បដិសេធ​ថា ការ​ឈូស​ឆាយ​ដី​កន្លង​មក មិន​មែន​សម្រាប់​លក់​ចែក​គ្នា​នោះ​ទេ ប៉ុន្តែ​ដើម្បី​រៀបចំ​ដាំ​កូន​ឈើ​ឡើង​វិញ​ប៉ុណ្ណោះ៖ «ប៉ុន្តែ​ផ្ទៃ​ដី ២១​គ្រួសារ​អី​ណា​ហ្នឹង វា​មិន​សម​ហេតុផល​ទេ។ ២១​គ្រួសារ​ទៅ​គ្រប់គ្រង​ដើម​ស្វាយចន្ទី បួន​ប្រាំ​ដើម​ហ្នឹង ដឹង​ថា​មិន​មែន​អ៊ីចឹង​ទេ ប្រាកដ​ជា​គាត់​បំពាន​ហើយ»។

លោក​បន្ត​ទៀត​ថា ដី​តំបន់​នោះ​អាជ្ញាធរ​បាន​វាស់វែង​ជូន​ប្រជាពលរដ្ឋ​រួច​រាល់​ហើយ លើក​លែង​តែ​ពលរដ្ឋ​ចូល​ទៅ​កាន់​កាប់​ក្រោយ​បទបញ្ជា​០១ របស់​រាជ​រដ្ឋាភិបាល ហើយ​ករណី​នេះ ខាង​លោក​ត្រូវ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​មាន​ការ​រំលោភ​ដី​របស់​រដ្ឋ​បន្ថែម​ទៀត។

ដោយឡែក​តំណាង​ពលរដ្ឋ​មួយ​រូប​ទៀត លោក ប្រាក់ សំអុល និយាយ​ថា ដោយសារ​អាជ្ញាធរ​មិន​បាន​វាស់វែង​ដី​ជូន​ពួក​គាត់​ពេល​នោះ ទើប​ធ្វើ​ឲ្យ​បញ្ហា​នេះ​មាន​ភាព​ចម្រូងចម្រាស​ឡើង។ លោក​ថា ពលរដ្ឋ​ចាប់​ផ្ដើម​តវ៉ា ព្រម​ទាំង​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ពាក់ព័ន្ធ ក្រោយ​ពេល​ខាង​រដ្ឋបាល​ព្រៃ​ឈើ​ចូល​ទៅ​ឈូស​ឆាយ​ដំណាំ​ពួក​គាត់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ យ៉ាង​នេះ​ក្តី លោក​រីករាយ​ក្រោយ​ពេល​ដឹង​ថា តុលាការ​សម្រេច​ចាត់​ចែង​ដី​ទាំង​នោះ​ជូន​ពួក​គាត់ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​មន្ត្រី​អាជ្ញាធរ អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​យក​តួនាទី​មក​ធ្វើ​បាប​ប្រជាពលរដ្ឋ៖ «ចាប់​ដាំ​ជា​ហូរហែ​តាំង​ពី​អើយ​មក មិន​ដែល​មាន​ពី​ណា​ហាម​ឃាត់ ទើប​តែ​ប៉ុន្មាន​ខែ​មុន​ហ្នឹង​មាន​ការ​ហាម​ឃាត់។ បើ​ឃាត់​តាំង​ពី​អើយ​មក គឺ​មិន​បញ្ហា​អី​ទេ»។

ជាមួយ​គ្នា​នេះ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ដើម្បី​តម្លាភាព និង​សន្តិភាព អ្នកស្រី ម៉ម ស៊ីថា ដែល​បាន​តាម​ដាន​រឿង​នេះ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​មាន​ទាំង​សាក្សី ព្រម​ទាំង​ដំណាំ​ដើម​ស្វាយចន្ទី​របស់​ខ្លួន​ដែល​អាច​បញ្ជាក់​ថា ពួក​គេ​បាន​ចូល​កាន់​កាប់​មុន​បទបញ្ជា​០១ របស់​រាជ​រដ្ឋាភិបាល។ អ្នកស្រី​បន្ថែម​ថា កន្លង​មក ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​នៅ​មិន​ទាន់​បាន​ត្រឹមត្រូវ។ ម្យ៉ាង ពួក​គេ​មិន​បាន​គោរព​តាម​គោលការណ៍​ច្បាប់​ទៀត​ផង ដូចជា​ករណី​ចូល​ឈូស​ឆាយ​ដំណាំ ឬ​ដី​លំនៅឋាន​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជា​មុន ជាដើម៖ «ក្រោយ​ពេល​មាន​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ គប្បី​ត្រូវ​មាន​ការ​ស្រាវជ្រាវ ការ​ស៊ើប​អង្កេត​ជុំវិញ​ការ​យក​អំណាច​រដ្ឋ​ទៅ​ប្រើប្រាស់»។

អ្នកស្រី ម៉ម ស៊ីថា យល់​ថា បញ្ហា​ដីធ្លី​នៅ​តែ​កើត​មាន​ឡើង ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​លើក​ឡើង​ទៀត​ថា ដើម្បី​ជៀសវាង​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក អាជ្ញាធរ​ត្រូវ​ប្រើប្រាស់​យន្តការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់លាស់ ព្រម​ទាំង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ជាដើម៕

1 comment:

Kim Ea said...

If this administration want to be delightful to local people, they ought to have a surgical strategy to incarcerated of all rotten flesh from middle level of this corrupt government out. If they still embedded with these bastard of land confiscation,with anarchic mood like this, the doom election will not a reversible trend in the near future .