A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 18 March 2016

អ្នក​ជំនាញ​ចង់​ឃើញ​រដ្ឋមន្ត្រី​ថ្មី​មាន​វ័យ​ក្មេង​បន្ទាប់​ពី​រុះរើ​គណៈរដ្ឋមន្ត្រី


លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជាក់​បន្ថែម​ថា​ ការ​រុះ​រើ​គណៈរដ្ឋមន្ត្រី​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៤​ ខែ​មេសា​ ខាង​មុខ​នេះ។

រូប​ថត​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៣។
រូប​ថត​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៣។

17 មិនា 2016

ភ្នំពេញ—voa

បន្ទាប់​ពី​ការ​ទម្លាយ​ឲ្យ​ដឹង​ពី​ចេតនា​របស់​លោក​នៅ​ក្នុង​ការ​ដោះ​ដូរ​សមាសភាព​គណៈរដ្ឋមន្ត្រី​ កាល​ពី​ចុង​ខែ​កុម្ភៈ​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បញ្ជាក់​ថា​ រដ្ឋមន្ត្រី​នៃក្រសួង​ចំនួន​៨​នឹង​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្តូរ។​

ថ្លែង​ទៅ​កាន់​និស្សិត​និង​មន្ត្រី​រដ្ឋាភិបាល​ដែល​ចូលរួម​ពិធី​ចែក​សញ្ញាប័ត្រ​របស់​សាកលវិទ្យាល័យ​ន័រតុន​ ដែល​ធ្វើឡើង​នៅ​ឯ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ​ លោក ​ហ៊ុន សែន ​ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣០​ឆ្នាំ​ ថ្លែង​ថា​ ការ​ដោះដូរ​នេះ​ ធ្វើ​ឡើង​ដោយ​សារ​រដ្ឋមន្ត្រី​មួយ​ចំនួន​ត្រូវ​បាន​តែង​តាំង​ឲ្យ​បំពេញ​តួនាទីហើយ​ ​តែ​មាន​ភាព​ស្ពឹក​ស្រពន់​នៅ​ក្នុង​ការ​បំពេញ​ការងារ។​ លោកបញ្ជាក់​ថា៖​ «វា​ប៉ះពាល់​ប្រហែល​ជា​ ៨ក្រសួង​ ប៉ុណ្ណឹង។​ និយាយ​ឲ្យ​ ឲ្យៗ​ អញ្ចឹង​ទៅចុះ​។​ ​នេះ​ជា​ការ​ពង្រឹង​នូវ​ប្រសិទ្ធភាព​ការងារ​។​ មិន​មែន​រដ្ឋមន្ត្រី​អស់​នោះ​គឺ​ជា​ មនុស្ស​ដែល​ត្រូវ​កម្ចាត់​ចោល​ទេ។​ ប៉ុន្តែ​ទាម​ទារ​ឲ្យ​មានការ​ រៀប​ចំ​ពង្រឹង​ថែម​នូវ​ប្រសិទ្ធភាព»។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជាក់​បន្ថែម​ថា​ ការ​រុះ​រើ​គណៈរដ្ឋមន្ត្រី​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៤​ ខែ​មេសា​ ខាង​មុខ​នេះ។​ លោក​ថា​ អភិបាល​ខេត្ត​ចំនួន​បួន​ ក៏​នឹង​ត្រូវ​ធ្វើការ​ដោះដូរ​ ​ផង​ដែរ។ ខេត្ត​ដែលនឹង​ទទួល​ការ​ផ្លាស់​ប្តូរ​អភិបាល​ខេត្ត​រួមមាន​ ខេត្ត​កំពង់ស្ពឺ​ កំពត​ បន្ទាយមានជ័យ​ និង​ខេត្ត​ស្វាយរៀង។​



គម្រោង​នៃ​ការ​ដោះដូរ​គណៈ​រដ្ឋមន្ត្រី​នេះ​ត្រូវ​បាន​មន្ត្រី​អ្នកនាំពាក្យ​នៃ​រដ្ឋសភា​ជាតិ​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ ម្សិលមិញ​នេះ​ គឺ​ក្នុង​ពេល​ដែល​សភា​បាន​ទទួល​លិខិត​ស្នើ​សុំ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ធ្លាប់​លើក​ឡើង​ថា ​ជា​ការ​ចាំបាច់​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ការ​ដោះ​ដូរ​គណៈ​រដ្ឋ​មន្ត្រី​ ខណៈ​ពេល​ដែល​មាន​មន្ត្រី​វ័យ​ចំណាស់​មួយ​ចំនួន​បាន​កំពុង​ដឹកនាំ​ក្រសួង​ដោយ​មិន​មាន​ការ​ធ្វើ​កំណែទម្រង់លើ​ចំណុច​អវិជ្ជមាន​ នៅ​ក្នុង​ក្រសួង​ដែល​ខ្លួន​គ្រប់​គ្រង។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កាលពី​ចុង​ខែ​កុម្ភៈ​ ក៏បាន​ថ្លែង​ចំៗ​ទៅកាន់​ក្រសួង​ចំនួន​ពីរ​ ដែល​លោក មើល​ឃើញ​ថា​ មាន​ភាព​យឺតយ៉ាវ​នៅ​ក្នុង​ការ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​។ ក្រសួង​ទាំង​ពីរ​នោះ​រួម​មាន​ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ និង​ក្រសួង​កសិកម្ម។​ លោក​ថ្លែង​នៅ​ពេល​នោះ​ផង​ដែរ​ថា​ ​ពេល​វេលា​សម្រាប់​ «ការ​មុជ​ទឹក​ ឆ្លុះ​កញ្ចក់​ ដុះ​ក្អែល​របស់​ថ្នាក់​ដឹកនាំ​ ឬ​មន្ត្រី​នៃ​ក្រសួង​នីមួយៗ​ ដែល​លោក​បាន​ទុក​ឲ្យ​ គឺ​ផុត​កំណត់​បាត់​ទៅ​ហើយ។​

អ្នកស្រី​ ធីតា ឃឹៈ​ នាយិកា​អង្គការ​សីលកា ​ដែល​ធ្វើការ​ពង្រឹង​អភិបាល​កិច្ច​សាធារណៈ​ ​ថ្លែង​ប្រាប់​ VOA​ ថា​ ​ការ​សម្រេច​រុះរើ​គណៈរដ្ឋមន្ត្រី​ពាក់​កណ្តាល​អាណត្តិ​នេះ​ ​អាច​នឹង​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​នៃ​ការបម្រើ​សេវា​សាធារណៈ​ដល់ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ។​ អ្នក​ស្រី​ថា​ តំណែង​រដ្ឋ​មន្ត្រី​នេះ​ គួរ​តែ​ផ្តល់​ជូន​ដល់​មន្ត្រី​រដ្ឋាភិបាល​ជំនាន់​ក្រោយ​ ដែល​មាន​វ័យ​ក្មេង​ និង​អាច​មាន​គំនិត​ច្នៃប្រឌិត​ច្រើន​ក្នុង​ការ​ ធ្វើ​បង្កើន​គុណភាព​ការងារ​នៅ​តាម​ក្រសួង​របស់​ខ្លួន។​ ​

«កុំ​ឲ្យ​មនុស្ស​ចាស់ៗធ្វើ​អី។ តាម​មើល​ទៅ​ទាល់​អ្នក​ជំនាន់​ក្រោយ​ ប្រហែល​ជា​អាច​មាន​ គំនិត​ច្នៃ​ប្រឌិត​ ហើយ​នឹង​មាន​ លើក​ទឹកចិត្ត​ក្នុង​ការ​ធ្វើការ​ងារ​ហ្នឹងថ្មី​ច្រើន​ ហើយ​អា​ហ្នឹង​ឯង​ទាល់​តែ​ ខាង​រដ្ឋាភិបាល​គាត់​ ថ្នាក់​ដឹកនាំ​ខាងលើ​ខ្ពស់​ហ្នឹង​ ​ទាល់​តែ​គាត់​មាន​វិធានការ​ដើម្បី​គាំទ្រ​ការងារ​របស់​គាត់​ ធ្វើ​ផង​»។​

អ្នកស្រី​ ធីតា ឃឹះ​ បន្ថែម​ថា​ ​ តុលាការ​រដ្ឋបាល​គួរ​ត្រូវ​បង្កើត​ឡើង​ដើម្បីត្រួតពិនិត្យ ​លើ​សកម្មភាព​ការ​ងារ របស់​ស្ថាប័ន​រដ្ឋ​នីមួយៗ​ តែថា​ ការ​បង្កើត​តុលាការ​នៅ​ពេល​នេះ​ គឺ​ពិបាក​នឹង​ធ្វើ​បាន​នៅ​ក្នុង​ដំណាក់កាល​នៃ​ការដោះដូរ​គណៈរដ្ឋមន្ត្រី​នេះ​។​ ​

ទាក់​ទិន​ ការ​ផ្លាស់​ប្តូរ​អភិបាលខេត្ត​ អ្នក​ស្រី​ក៏បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ត្រូវ​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​បាន​ច្រើន​ដល់​អភិបាល​ខេត្ត​និមួយៗ​។​ អ្នកស្រី​ថា​ អភិបាល​ខេត្ត​មិន​អាច​គ្រាន់​តែ​ជា​ទី​ប្រឹក្សា​របស់​នាយ​ក​រដ្ឋមន្ត្រី​នោះ​ទេ​ ហើយ​អភិបាល​ខេត្ត​ទាំង​អស់​ត្រូវ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​មានការ​ទទួល​ខុស​ត្រូវទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។​

អ្នក​ជំនាញ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ធ្លាប់​ឲ្យ​ដឹង​ថា​ ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិ​បាល​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​ និង​គ្រប់​គ្រាន់​នៅ​ឡើយ​នោះ​ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​នៅ​ស្ថិត​ជា​ប្រទេស​ពុក​រលួយ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក។​

លោក ពេជ្រ​ ពិសី​ នាយក​កម្មវិធី​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​ (Transparency International Cambodia) ​មាន​ប្រសាសន៍​ថា​ លោក​ពិបាក​នឹង​ធ្វើ​ការ​ព្យាករណ៍​ចំពោះ​សមត្ថភាព​រដ្ឋមន្ត្រី​ថ្មី​ដែល​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ឲ្យ​ចូល​កាន់​តំណែង​ ថា​នឹងអាច​ទប់​ស្កាត់​អំពើ​ពុក​រលួយ​បាន​ប៉ុណ្ណា​នោះ​ទេ​។​ អំពើ​ពុករលួយត្រូវគេ​ដឹង​ថា​កំពុង​កើត​មាន​នៅ​តាម​បណ្តា​ស្ថាប័ន​ក្រសួង​រដ្ឋ។​ លោក​បញ្ជាក់​ថា៖​

«បញ្ហា​ថា​តើ​អំពើ​ពុករលួយ​ត្រូវ​កាត់​បន្ថយ​ឬ​អត់​ គឺ​យើង​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​ទេ​ ទាល់​តែ​យើង​ចាំ​មើល​សិន​ ថា​តើ​មន្ត្រី​ថ្មី​ដែល​គេ​តែងតាំង​ហ្នឹង​តើ​ត្រង់គាត់​មាន​សមត្ថភាព​ នៅ​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ពុករលួយ​ នៅ​ក្នុង​ការ​ទប់​ស្កាត់​បក្ស​ពួក​និយម​ នៅ​ក្នុង​បណ្តា​ក្រសួង​ដែល​គេ​ផ្លាស់​ប្តូរ​ហ្នឹង​ឬអត់​»។

យ៉ាង​ណា​ក៏ដោយ​ លោក​ថា​ ការ​ដោះដូរ​គណៈរដ្ឋមន្ត្រី​នេះ​ ​នឹង​ផ្តល់​ឱកាស​ដល់​មន្ត្រី​នៅ​ក្នុង​រដ្ឋាភិបាល​ ឬ​មន្ត្រី​នៅ​ក្នុង​គណបក្ស​គ្រប់​គ្រង​ប្រទេស​ដែល​មាន​សមត្ថភាព​ ធ្វើ​ការបង្កើន​គុណភាព​សេវា​សាធារណៈដែល​កំពុង​រង​ការ​រិៈ​គន់​ពី​សាធារណៈ​ជន​នៅ​ឡើយ​នា​ពេល​បច្ចុប្បន្ន​នេះ។

របាយការណ៍​និយាយ​ពី​ការ​ឃ្លាំ​មើល​សកម្មភាព​ការងារ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៥​ ឆ្នាំ​ទី​២​ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​ ដោយ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា Comfrel កាល​ពី​ខែកុម្ភៈ​នេះ ​បាន​បង្ហាញ​ថា​ មាន​ប្រជាពលរដ្ឋ​ភាគច្រើន​ជាង​គេ​ប្រមាណ​៣១%​ ពេញ​ចិត្ត​ខ្លះ​ ចំពោះ​ការ​បំពេញ​ និង​អនុវត្តន៍​ការ​ពង្រឹង​រដ្ឋបាល​សាធារណៈ​ វិមជ្ឈការ​ និងវិសហមជ្ឈការ​ ការ​ពង្រឹង​ផ្នែក​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​ និង​ការ​ប្រឆាំង​អំពើ​ពុករលួយ។​ ខណៈ​ដែល​ភាគរយ​នៃ​ការ​ពេញចិត្ត​មធ្យម​ ឬ​ពាក់​កណ្តាល​មាន​ចំនួន​ច្រើន​បន្ទាប់ គឺ​ប្រមាណ​២៩%។​

លោក​ ឡេង ប៉េងឡុង​ អ្នកនាំពាក្យ​រដ្ឋសភា​ជាតិ​ មិន​ទាន់​អាច​ឲ្យ​ដឹង​បាន​ទេ​ ពី​សមាសភាព​នៃ​រដ្ឋមន្ត្រី​ដែល​ត្រូវ​ដោះដូរ ហើយ​ថា​ សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ត្រូវ​បាន​បញ្ជូន​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ ដើម្បី​ធ្វើ​ការ​ពិនិត្យ​នឹង​ពិចារណា។​

«ខ្ញុំ​អត់​ទាន់​និយាយ​អី​បាន​ទេ​បាទ​ ពីព្រោះ​ឥឡូវ​ផ្ញើ​ទៅ​ជូន​គណៈ​អចិន្ត្រៃយ៍​ហើយ។​ គណៈ​អចិន្ត្រៃយ៍​គឺថា​ សម្តេច​ប្រធាន​លោក​បាន​ចារ​ឲ្យ​ដាក់​ចូល​ទៅក្នុង​របៀបវារៈ​ប្រជុំ​អចិន្ត្រៃយ៍​ហើយ»។​

លោក​ពុំ​ទាន់​អាច​ឲ្យ​ដឹង​បាន​ទេ អំពី​ថា ​តើ​ការ​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ នឹង​ត្រូវ​ធ្វើ​ឡើង​ពេល​ណា​នោះ។​

លោក​ វ៉ា ស៊ឹមសុរិយា​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ថ្លែង​ថា​ លោក​មិន​ដឹង​ថា​ រដ្ឋមន្ត្រី​បច្ចុប្បន្ន​គឺ​លោក​ត្រាំ អ៊ីវតឹក នឹង​ត្រូវ​ផ្លាស់​ប្តូរ​នោះ​ទេ។​ លោក​ថា​ ក្រសួង​ត្រូវ​រង់​ចាំ​ការ​សម្រេច​របស់រដ្ឋាភិបាល​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៤​ ខែ​មេសា​ ខាង​មុខ​នេះ។​

លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ធ្លាប់​បានផ្តល់​ចំណាត់​ថា្នក់​ F​ ដល់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន។​ ការ​ផ្តល់​ចំណាក់​ថ្នាក់​របស់​លោក​នា​ពេល​នោះ​ កើត​មាន​បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​ថា​ រថយន្ត​ធុន​ធ្ងន់​មួយ​គ្រឿង​ដឹក​អង្ករ​ទម្ងន់​ជាង​៧០​តោន​ បាន​ធ្វើ​ឲ្យ​ខូចខាត​ផ្នែក​ខ្លះ​នៃស្ពាន​អ្នក​លឿង​ ដែល​ជា​ជំនួយ​ពី​ប្រទេស​ជប៉ុន​ ហើយ​ទើបបាន​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៥។​ លោក​ក៏​បាន​ផ្តល់​ចំណាត់​ថា្នក់​ F ​ដល់​ក្រសួង​កសិកម្ម​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ អ៊ុក រ៉ាប៊ុន។​ លោក​ អ៊ុក រ៉ាប៊ុន​ គឺ​ជា​អតីត​រដ្ឋលេខាធិការ​មួយ​រូបនៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ៕

No comments: