តំណាងរាស្ត្រ CNRP នៅតែជួបភាពងាយរងគ្រោះនិងការគំរាម
Fri, 19 February 2016 ppp
ឡាយ សាមាន
![]() |
តំណាងរាស្ត្រ CNRP និងអ្នកគាំទ្រពេលចុះពិនិត្យព្រំដែនកន្លងមក។ ម៉ៃ វីរៈ |
ភ្នំពេញៈ អង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការងារបោះឆ្នោតនៅកម្ពុជាកាលពីម្សិលមិញបានបង្ហាញរបាយការណ៍មួយដោយរកឃើញថាតំណាងរាស្ត្រភាគច្រើនមកពីគណបក្សសង្គ្រោះជាតិនៅតែជួបប្រទះភាពងាយរងគ្រោះនិងការគំរាមកំហែងដូចពលរដ្ឋធម្មតា បើទោះជាមានអភ័យឯកសិទ្ធិក្តី។
របាយការណ៍ស្តីពីលទ្ធផលនៃការសង្កេតរដ្ឋសភានិងតំណាងរាស្ត្រ មានកម្រាស់៤៣ទំព័ររបស់អង្គការខុម ហ្វ្រែលត្រូវបានផ្សព្វផ្សាយកាលពីម្សិលមិញឲ្យដឹងថា តំណាងរាស្ត្រត្រូវបានការពារដោយអភ័យឯកសិទ្ធិនិងបុព្វសិទ្ធិពិសេសមួយចំនួនមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន ប៉ុន្តែប្រឈមភាពងាយរងគ្រោះមិនខុសពីប្រជាពលរដ្ឋធម្មតានោះទេ។
របាយការណ៍សង្កេតឃើញថា៖«មានតំណាងរាស្ត្រ៥រូប រួមទាំងសមាជិកព្រឹទ្ធសភាម្នាក់មកពីគណបក្ស សម រង្ស៊ី បានទទួលរងគ្រោះដូចជាការរំលោភបំពានលើការដកអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រពីរដ្ឋសភានិងតុលាការ ការដកតំណែងនិងបញ្ហាសន្តិសុខសុវត្ថិភាព អ្នកតំណាងរាស្ត្រ»។
របាយការណ៍បន្តថា ជាងនេះទៅទៀត តំណាងរាស្ត្របានរងនូវអំពើហិង្សានិងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅមុខរដ្ឋសភា នៅពេលខ្លួនចុះបំពេញការងារ ពោលគឺពេលចុះពិនិត្យតំបន់ដែលមានទំនាស់នៅតាមបន្ទាត់ព្រំដែននិងនៅគេហដ្ឋាន។
អង្គការនេះសង្កត់ធ្ងន់ថា ភាពងាយរងគ្រោះមួយទៀតគឺអង្គភាពប្រឆាំងអំពើពុករលួយបានដាក់លិខិតសួរនាំតំណាងរាស្ត្រម្នាក់ពីកិច្ចការចំណាយថវិកាដែលរៃអង្គាសពីបុគ្គលឯកជនសម្រាប់ការងារបេសកកម្ម វាមិនត្រឹមជាការគំរាមកំហែង តែជាការរំលោភសិទ្ធិ។
អ្នកសម្របសម្រួលជាន់ខ្ពស់នៃកម្មវិធីនេះលោក គឹម ឈន ថ្លែងថា ភាពងាយរងគ្រោះដែលតំណាងរាស្ត្រកំពុងជួបប្រទះ គឺជាការព្រួយបារម្ភរបស់សង្គមស៊ីវិលនិងជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធរឹតបន្ដឹងសុវត្ថិភាពការពារតំណាងរាស្ត្រ។ លោកថា៖«ភាពងាយរងគ្រោះ វាធ្វើឲ្យតំណាងរាស្ត្រមានការបារម្ភនៅពេលបំពេញសកម្មភាពឲ្យបានល្អ ព្រោះអត់មានច្បាប់អីជួយគាំទ្រគាត់ឲ្យបានពេញលេញដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ»។
តំណាងរាស្ត្រ CNRP លោក អ៊ូ ច័ន្ទឫទ្ធិ ដែលបានចូលរួមក្នុងសន្និសីទនោះ បានថ្លែងថា ភាពងាយរងគ្រោះរបស់តំណាងរាស្ត្រពិសេសមកពីបក្សសង្គ្រោះជាតិតែម្តងដែលបានជួបកន្លងមក ដោយសារប្រព័ន្ធតុលាការធ្វើការមិនទាន់រឹងមាំនិងមិនទាន់ឯករាជ្យ។
លោកថា៖«យើងមានបុព្វសិទ្ធិលើសប្រជាពលរដ្ឋ ប៉ុន្តែការអនុវត្តច្បាប់ ប្រព័ន្ធតុលាការមិនសូវរឹងមាំ អ៊ីចឹងហើយបានផ្តល់ឱកាសឲ្យមានការប្រើអំពើហិង្សាលើតំណាងរាស្ត្រ ធ្វើឲ្យតំណាងរាស្ត្រមួយចំនួនក្នុងគណបក្សសង្គ្រោះជាតិមានការភ័យខ្លាច»។
យ៉ាងណាក៏ដោយ លោកថា ពេលនេះគណបក្សសង្គ្រោះជាតិមិនទាន់មានយន្តការការពារតំណាងរាស្ត្រឲ្យគេចផុតពីភាពងាយរងគ្រោះនៅឡើយទេ តែលោកជំរុញឲ្យប្រព័ន្ធតុលាការត្រូវធ្វើការដោយឯករាជ្យ ចាប់អ្នកវាយឬគំរាមតំណាងរាស្ត្រមកផ្តន្ទាទោសទើបតំណាងរាស្ត្រអាចរួចផុតពីបញ្ហានេះ។
ទោះជាយ៉ាងនេះក្តី លោកបញ្ជាក់ថា ពេល CNRP ឈ្នះឆ្នោត នឹងធ្វើកំណែទម្រង់ប្រព័ន្ធឲ្យឯករាជ្យ ពិសេសតម្រូវឲ្យមន្ត្រីជាន់ខ្ពស់តុលាការមិនអាចជាសមាជិករបស់បក្ស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ ដោយសុំមិនអត្ថាធិប្បាយលម្អិតទៅលើរបាយការណ៍នោះទេ តែលោកថា សេរីភាពនៃការបញ្ចេញមតិរបស់តំណាងរាស្ត្របច្ចុប្បន្ននេះមានភាពល្អប្រសើរ និងល្មមគ្រប់គ្រាន់។
យ៉ាងណាក៏ដោយលោកថា ប្រព័ន្ធយុត្តិធម៌មិនបណ្តោយឲ្យបុគ្គលប្រើហិង្សាលើតំណាងរាស្ត្រស្រេចតែចិត្តនោះទេ។
លោកថា៖«បើមានការរំលោភលើតំណាងរាស្ត្រមែន ហើយការរំលោភបំពានជាអំពើល្មើសច្បាប់ អ្នកប្រព្រឹត្តនឹងមិនរួចខ្លួនទេគឺត្រូវតែទទួលទោសទៅតាមបទប្បញ្ញត្តិនៃច្បាប់ ដូចឃើញកន្លងមកហើយអ្នកវាយលើតំណាងរាស្ត្រ៣នាក់ ត្រូវទទួលការថ្កោលទោសពីគ្រប់ស្ថាប័ន ហើយស្ថិតក្រោមនីតិវិធីរបស់តុលាការ»។
ប្រធានអង្គការវេទិកាអនាគតនិងអ្នកវិភាគនយោបាយលោក អ៊ូ វីរៈ ថ្លែងថា ជាទូទៅ នៅកម្ពុជា មានច្បាប់គ្រប់គ្រាន់ សម្រាប់ការពារអ្នកតំណាងរាស្ត្រ តែការអនុវត្តគឺមិនបានតាមច្បាប់ទេ។
លោកថា៖«យើងមើលទៅគណបក្សកាន់អំណាច ដូចជាគ្មានឆន្ទៈក្នុងការអនុវត្តច្បាប់រដ្ឋធម្មនុញ្ញទាល់តែសោះ អ៊ីចឹងគាត់ប្រើអំណាចផ្តាច់មុខ ទៅជាការគំរាមលើសមាជិកបក្សប្រឆាំង»។
ដោយឡែករបាយការណ៍ឆ្នាំទី២ នីតិកាលទី៥ រកឃើញថា សកម្មភាពគណៈកម្មការជំនាញ រដ្ឋសភា និងចំនួននៃការឡើងបញ្ចេញមតិរបស់តំណាងរាស្ត្រក្នុងកិច្ចប្រជុំពេញអង្គ បានកើនឡើង។ បើទោះជាមានការកើនឡើង ក្តី ប៉ុន្តែការពិភាក្សានិងអនុម័តសេចក្តីស្នើនិងសេចក្តីព្រាងច្បាប់ជាច្រើន គឺខ្វះតម្លាភាពមិនសូវមានគុណភាពនិងធ្វើដោយប្រញាប់ប្រញាល់។ ប៉ុន្តែ សកម្មភាពចុះមូលដ្ឋានរបស់តំណាងរាស្ត្រទាំងពីរបក្សមានការថយចុះ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងរបាយការណ៍កាលពីឆ្នាំ២០១៤។
នៅឆ្នាំ២០១៥ សកម្មភាពរបស់តំណាងរាស្ត្រចុះមូលដ្ឋានមាន៩១ រូប (CNRP ៤២រូប CPP ៤៩ រូប)ធ្វើសកម្មភាព ១០០៤ លើក តែកាលពីឆ្នាំ ២០១៤ មានតំណាងរាស្ត្រ ៩៦ រូបធ្វើសកម្មភាព ១២៧៤ លើក។ បើទោះជាការចុះមូលដ្ឋានមានការថយចុះ តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលចុះធ្វើសកម្មភាពនៅតាមមូលដ្ឋានច្រើនជាងគណបក្សប្រជាជនកម្ពុជា៕
2 comments:
វាមិនខុសទេ ព្រោះ សង្រ្គោះជាតិ មានតែបាទដៃទទេ គឺដូចត្រីនៅក្នុងទ្រុងតាំងពីយូរមកហើយ តែពួកគេមានទឹកចិត្តស្រឡាំញ់ជាតិ ព្រោះគេឃើញយួនវាបំពានគ្រប់យ៉ាង តែយួនគេមិនបំបាត់គឺដោយសារ ដុល្លា នោះឯង ហើយគេក៍មិនឲ្យខ្លាំងជាង ជាង ពួកដែលរណបរបស់គេដែរ ឃើញទេ? ហើយឥឡូវ ពួកគេចាប់បញ្ចេញ ពួកដែលទៅធ្វើការជាមួយ ហ៊ុន សែន ឲ្យត្រឡប់មកធ្វើការនៅតាមកន្លែងដែលគេរស់នៅពីមុន ដើម្បីបញ្ចុះបញ្ចូលខ្មែរឲ្យកាន់ជើង ហ៊ុន សែន ហើយបំបែកបំបាក់សង្រ្គោះជាតិ នៅតាមកន្លែងទាំងនោះ ហើយអ្នកទាំងនោះ គេដើរតួរ ដូចជាចារកម្មដ៍សំខាន់របស់គេ។
បើបងប្អូនមិនជឿទេសុំពិនិតមើលទៅ តើអ្នកទាំងនោះមានត្រឡប់វិញទេ? ហើយគេធ្វើអ្វី?
តើជឿបានទេ? ប្រយត្ន័ទៅបើគេចូលជាមួយយួនហើយគេមិនខ្លាចសម្លាប់ខ្មែរដើម្បីបុណ្យសក្តិទេ។
ផ្កាយពេញខ្លួន យួនពេញស្រុក
The danger of opposition party will happened any time and any circumstance in this kleptocracy regime , because this country is not run by undemocratic government . They run by communist authoritarians and thuggish well paid or prone uncivilized partnerships under Yuon occupiers ordered in the back scene . The laws ,justices system ,military and securities apparatus are under the PM order mouth . The declaration of democraticcountry just in his mouth ,but doesn't applicable to the citizen of the country .
Post a Comment