ដោយ ម៉ម មុនីរតន៍
2016-02-24 rfa
ប្រធានគណៈទាក់ទងបរទេស និងជាសមាជិកគណៈកម្មការមជ្ឈិមបក្សរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហ្វាង ប៊ិញ គ្វន់ (Hoàng Bình Quân) បន្ទាប់ពីជួបប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន នាវិមានរដ្ឋសភា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth
ក្រុមអ្នកតាមដាននយោបាយនៃអង្គការមិនមែនរដ្ឋាភិបាល បានរិះគន់ចំពោះរបៀបទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម។ ការរិះគន់របស់អង្គការសង្គមស៊ីវិលនៅពេលនេះ ធ្វើឡើងចំពេលគណៈប្រតិភូវៀតណាម បានធ្វើរបាយការណ៍ជូនប្រធានរដ្ឋសភា អំពីមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម និងទិសដៅសម្រាប់អភិវឌ្ឍបន្តរបស់បក្សកុម្មុយនិស្តវៀតណាម។
សង្គមស៊ីវិល និងគណបក្សប្រឆាំង បង្ហាញការព្រួយបារម្ភចំពោះទំនាក់ទំនងរវាងប្រទេសវៀតណាម និងកម្ពុជា ថាអាចមានផលមិនល្អសម្រាប់ជោគវាសនារបស់ប្រទេសកំពុងអភិវឌ្ឍមួយនេះ ខណៈភាពចម្រូងចម្រាសរឿងព្រំដែននៅមិនទាន់ដោះស្រាយចេញ និងនៅតែបន្តមានភាពរកាំរកូសនៅតាមខ្សែបន្ទាត់ព្រំដែនថែមទៀតនៅឡើយផង។
អ្នកឃ្លាំមើលព្រំដែននៃអង្គការក្រៅរដ្ឋាភិបាល លោក ទិប ទាវ យល់ឃើញថា នេះជាសញ្ញាដែលនាំឲ្យមានផលអវិជ្ជមានទៅវិញទេសម្រាប់កម្ពុជា។ លោកថ្លែងបន្តថា ទំនាក់ទំនងរបស់វៀតណាម តែងឲ្យកម្ពុជា ខាតបង់ជាហូរហែក្នុងពេលបច្ចុប្បន្ន និងប្រវត្តិសាស្ត្រ។ ម្យ៉ាងទៀត ការបន្តយុទ្ធសាស្ត្រដូចនេះ លោកបញ្ជាក់ថា នឹងធ្វើឲ្យពលរដ្ឋកម្ពុជា ដែលធ្លាប់មានប្រវត្តិដ៏ជូរចត់ជាមួយវៀតណាម កាន់តែខ្លាចរអា និងព្រួយបារម្ភពីទំនាក់ទំនងនេះ។ លោកបន្តថា «បានន័យថា គណបក្សប្រជាជនកម្ពុជា នៅតែបំពេញកាតព្វកិច្ច និងតួនាទីរបស់ខ្លួន ក្នុងការតបស្នងសងគុណចំពោះវៀតណាម គ្មានទីបញ្ចប់ដល់សព្វថ្ងៃនេះ។ អ៊ីចឹងព័ត៌មានបែបនេះរឹតតែធ្វើឲ្យប្រជាពលរដ្ឋខ្មែរមិនសប្បាយចិត្តកាន់តែខ្លាំងឡើង»។
កាលពីព្រឹកថ្ងៃទី២៤ កុម្ភៈ ប្រធានរដ្ឋសភា លោក ហេង សំរិន មានជំនួបទ្វេភាគីជាមួយ លោក ហ្វាង ប៊ិញ គ្វន់ (Hoàng Bình Quân) ជាប្រធានគណៈទាក់ទងបរទេស និងជាសមាជិកគណៈកម្មការមជ្ឈិមបក្សរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបនៅវិមានរដ្ឋសភា។ ការបើកទ្វារស្វាគមន៍គណៈប្រតិភូវៀតណាម នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់កម្ពុជា បញ្ជាក់ថា ដើម្បីអនុញ្ញាតឲ្យវៀតណាម បានរាយការណ៍អំពីរបាយការណ៍នៃមហាសន្និបាត ដែលបក្សកុម្មុយនិស្តវៀតណាម បានសម្រេចកាលពីពេលថ្មីៗនេះ។
ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន (ស្ដាំ) ជួបជាមួយប្រធានគណៈទាក់ទងបរទេស និងជាសមាជិកគណៈកម្មការមជ្ឈិមបក្សរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហ្វាង ប៊ិញ គ្វន់ (Hoàng Bình Quân) នាវិមានរដ្ឋសភា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។
ថ្លែងក្រោយកិច្ចប្រជុំបិទទ្វារ ទីប្រឹក្សាផ្ទាល់របស់ លោក ហេង សំរិន គឺលោក សន សារណា ឲ្យដឹងថា ជំនួបដែលប្រើពេលប្រមាណ ១ម៉ោង គឺប្រតិភូវៀតណាម បានរាយការណ៍ពីសន្និបាតរបស់បក្សកុម្មុយនិស្តវៀតណាម និងស្ថានភាពដទៃទៀត ឲ្យមន្ត្រីជាន់ខ្ពស់របស់រដ្ឋសភាកម្ពុជា បានដឹងអំពីភាពជោគជ័យនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាម និងផែនការមេបន្ត ដើម្បីដាក់ឲ្យអនុវត្តក្នុងរយៈពេល ៥ឆ្នាំទៅមុខទៀត។ លោកបន្តថា «រាយការណ៍អំពីលទ្ធផលដ៏ត្រចះត្រចង់នៃមហាសន្និបាតលើកទី១២ របស់បក្សកុម្មុយនិស្តវៀតណាម ដែលទើបតែបញ្ចប់នៅពេលថ្មីៗនេះ។ នៅក្នុងមហាសន្និបាតនេះ បានកសាងនូវឯកសារគោលជាត្រីវិស័យសម្រាប់ការអភិវឌ្ឍ ៥ឆ្នាំទៅមុខរបស់ប្រទេសវៀតណាម»។
បើទោះជាបែបណា លោក សន សារណា បានបដិសេធទៅនឹងសំណួរអំពីបញ្ហាព្រំដែនដែលកំពុងមានភាពចម្រូងចម្រាសរវាងប្រទេសទាំងពីរ។ លោកបញ្ជាក់ថា អ្វីដែលកម្ពុជា និងវៀតណាម ពិភាក្សាក្នុងជំនួបនោះ គឺផ្ដោតសំខាន់អំពីរបាយការណ៍នៃមហាសន្និបាតរបស់វៀតណាម ប៉ុណ្ណោះ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ យល់ឃើញថា វាហាក់ប្លែកណាស់ដែលវៀតណាម ធ្វើរបាយការណ៍អំពីសមិទ្ធផលរបស់ខ្លួនឲ្យកម្ពុជា បានដឹង។ លោកបន្តថា មានយន្តការ ឬមធ្យោបាយច្រើនណាស់ ដែលគេអាចបញ្ជូនសារទាំងនេះ ដោយមិនចាំបាច់មករាយការណ៍ដោយផ្ទាល់យ៉ាងដូច្នេះទេ។ លោកបន្តថា «ដោយខ្ញុំមិនបានចូលរួម ខ្ញុំមិនបានដឹងខ្លឹមសារទាំងស្រុងទេ ក៏ប៉ុន្តែបើជារបាយការណ៍ យើងអាចធ្វើរបាយការណ៍តាមការទូតដោយពុំបាច់ផ្ទាល់បែបនេះទេ»។
បើទោះជាបែបនេះក៏ដោយ លោក សន សារណា ទីប្រឹក្សារបស់ លោក ហេង សំរិន អះអាងថា នេះជារបៀបទំនាក់ទំនងការទូតរវាងប្រទេស និងប្រទេស ដែលមានអធិបតេយ្យ ព្រមទាំងជារដ្ឋឯករាជ្យ។
រដ្ឋាភិបាលកម្ពុជា តែងចាត់ទុកថា ប្រទេសវៀតណាម គឺជាប្រទេសមហាមិត្តម៉ឺនឆ្នាំ។ ស្តូបមិត្តភាពកម្ពុជា-វៀតណាម ជាច្រើនទីតាំង ទាំងនៅក្រុងភ្នំពេញ និងតាមបណ្ដាខេត្តផង ត្រូវបានសាងសង់ឡើងដើម្បីបង្ហាញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ការបង្កើតឲ្យមានស្តូបនេះ ត្រូវបានរដ្ឋាភិបាលអះអាងថា ក្នុងហេតុផលរំឭកការដឹងគុណ ដែលកងទ័ពវៀតណាម បានជួយរំដោះកម្ពុជា ពីរបប ប៉ុល ពត។ ទាំងនេះ នៅមិនទាន់គិតដល់សមាគមវៀតណាម ដែលត្រូវបានពង្រីកនៅគ្រប់រាជធានី ខេត្ត ក្រុង នៅឡើយផង។
ថ្វីបើរដ្ឋាភិបាលអះអាងថា វៀតណាម គឺជាមិត្តដែលមិនអាចបំភ្លេចបានក៏ដោយចុះ ចំពោះសង្គមវិល និងគណបក្សប្រឆាំងវិញ តែងចាត់ទុកទំនាក់ទំនងវៀតណាម មកលើកម្ពុជា ពុំមានអ្វីក្រៅពីក្រោមហេតុផលឈ្លានពានទឹកដីកម្ពុជា ប៉ុណ្ណោះ៕
No comments:
Post a Comment