ដោយ អ៊ុង សេរីវុទ្ធ
2016-01-27
លោកឧកញ៉ា ទ្រី ភាព។
Photo/Global Witness
|
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ផ្ញើលិខិតចំហមួយជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យបំភ្លឺពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ទៅឲ្យឧកញ៉ា ទ្រី ភាព និងឧកញ៉ា លឹម ប៊ុនណ្ណា ហៅខ្នា ដែលកំពុងរត់គេចខ្លួន ខណៈដីនេះរដ្ឋាភិបាលទើបដកហូតពីក្រុមហ៊ុនចំនួន២ ដែលរំលោភលើលក្ខខណ្ឌនៃកិច្ចសន្យា។ ប៉ុន្តែមន្ត្រីក្រសួងបរិស្ថានអះអាងថា ក្រុមហ៊ុនទាំងពីរនេះ គ្រាន់តែទទួលបានសិទ្ធិប្រមូលអនុផលព្រៃឈើ ដែលសល់ពីការឈូសឆាយទេ។
លិខិតចំហរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី២៦ មករា ចាត់ទុកការផ្ដល់ដី សម្បទានសេដ្ឋកិច្ច២កន្លែង នៅខេត្តមណ្ឌលគិរី ដែលរដ្ឋាភិបាលទើបដកហូត ពីក្រុមហ៊ុនដែលរំលោភលើលក្ខខណ្ឌធ្វើអាជីវកម្មនោះ ថាបានបំពានលើបទបញ្ជាលេខ០១ របស់រដ្ឋាភិបាលកាលពីឆ្នាំ២០១២ ដែលផ្អាករាល់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាបណ្ដោះអាសន្ន និងដាក់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព លើកឡើងថា សារព័ត៌មានមួយចំនួនបានចុះផ្សាយពីក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុនរបស់ឧកញ៉ា លឹម ប៊ុនណ្ណា ដែលទទួលបានដីសម្បទានថ្មីលើដីដែលរដ្ឋាភិបាលទើបដកហូតនោះ។
ចក់ សុភាព ២០១៦ ៨៥៥
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ RFA
|
អ្នកស្រី ចក់ សុភាព ចោទជាសំណួរទៅក្រសួងបរិស្ថាន ដើម្បីឲ្យឆ្លើយបំភ្លឺ ពីដីសម្បទានដែលរដ្ឋាភិបាលទើបបានដកហូតពីក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុនកសិកម្មខ្មែរអង្គរ និងក្រុមហ៊ុនដាយណាម នៅខេត្តមណ្ឌលគិរីនោះ ថា ពិតជាធ្វើឡើងស្របតាមបទបញ្ជាលេខ០១ ឬជាកិច្ចព្រមព្រៀងប្រើប្រាស់ដីប្រភេទផ្សេង ដែលមិនមែនជាសម្បទានដីសេដ្ឋកិច្ចថ្មីទេ៖ «រាល់ដីសម្បទានដែលរដ្ឋដកហូត វាត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ប៉ុន្តែហេតុអ្វីដីទាំងនេះត្រូវប្រគល់ទៅក្រុមហ៊ុនរបស់ឧកញ៉ាទាំងពីររូបនេះអ៊ីចឹងវិញ»។
ឆ្លើយតបនឹងលើកឡើងនេះ នាយខុទ្ទកាល័យក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ មករា ថា ដីដែលរដ្ឋាភិបាលទើបដកហូតនេះ មិនត្រូវបានប្រគល់ជាដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនណាឡើយ សូម្បី១ម៉ែត្រក្ដី ប៉ុន្តែលោកបញ្ជាក់ថា ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុនរបស់ឧកញ៉ា លឹម ប៊ុនណ្ណា គ្រាន់តែបានសិទ្ធិពីការដេញថ្លៃ ប្រមូលអនុផលព្រៃឈើ ដែលសល់ពីការឈូសឆាយឈើនោះប៉ុណ្ណោះ៖ «ខ្ញុំបានទទួលមកដែរ ប៉ុន្តែស្រង់សំដី(Quote) មកខុស គាត់ (អភិបាលខេត្តមណ្ឌលគិរី លោក អេង ប៊ុនហេង) ចង់និយាយថា ផ្ដល់សិទ្ធិឲ្យគាត់ប្រមូលផលអនុផលព្រៃឈើ ដែលសេសសល់ហ្នឹង។ ប៉ុន្តែប្រហែលជាអ្នកស្រង់សំដី មិនអស់សេចក្ដី អ៊ីចឹងវាអាចច្រឡំថា ការឲ្យផ្ដល់ដីសម្បទាន»។
យ៉ាងណាក៏ដោយអ្នកស្រី ចក់ សុភាព ស្នើឲ្យក្រសួងបរិស្ថាន ផ្ដល់ព័ត៌មានអំពីសិទ្ធិដែលក្រុមហ៊ុនទាំងនេះមាន និងធានាថា មិនមានការកាប់ព្រៃឈើថ្មីទៀតឡើយ បើមិនមែនជាដីសម្បទានសេដ្ឋកិច្ចថ្មីទេ។ អ្នកស្រីក៏បារម្ភចំពោះការប្រើប្រាស់ដីនេះដោយក្រុមហ៊ុនទាំងពីរ ព្រោះក្រុមហ៊ុនទាំងនេះធ្លាប់ជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់ដី ក្នុងបំណងកាប់ឈើខុសច្បាប់។
របាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក (Global Witness) កាលពីឆ្នាំ២០១៥ រកឃើញថា លោកឧកញ៉ា ទ្រី ភាព កំពុងកាន់កាប់ដីសម្បទានសេដ្ឋកិច្ច មានទំហំជិត ៣ម៉ឺនហិកតារ (២៩.៥៨៩) និងជាអ្នកដឹកនាំនៃបណ្ដាញកាប់ព្រៃឈើខុសច្បាប់ ដែលការពារដោយក្រុមមន្ត្រីយោធា ប៉ូលិស និងមន្ត្រីគយក្នុងការបោសសំអាត ឈើក្រញូងរបស់ខ្មែរ ដឹកទៅលក់ក្នុងទីផ្សារងងឹតប្រទេសចិន៕
No comments:
Post a Comment