Thu, 28 January 2016 ppp
ផាក់ ស៊ាងលី
ឈើត្រូវគេដុតនៅក្រុមហ៊ុនវៀតណាម ប៊ិញហ្វៀក១ ។ រូបថត សហការី |
មណ្ឌលគិរីៈ ខណៈដែលគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើកំពុងតែបន្តប្រតិបត្តិការបង្ក្រាបបទល្មើសនោះបែរជាឈើក្នុងដីសម្បទានសេដ្ឋកិច្ចចំនួនពីរផ្សេងទៀតដែលត្រូវបានរដ្ឋាភិបាលដកហូតអាជ្ញាប័ណ្ណហើយនោះត្រូវបានភ្លើងឆេះជាបន្តបន្ទាប់ហើយត្រូវបានសមត្ថកិច្ចអះអាងថាបណ្តាលមកពីភ្លើងឆេះព្រៃប៉ុន្តែសង្គមស៊ីវិលយល់ឃើញផ្ទុយពីនោះ។
បញ្ហាភ្លើងឆេះឈើជាបន្តបន្ទាប់ក្នុងដីសម្បទានកាលពីសប្តាហ៍មុន និងសប្តាហ៍នេះត្រូវបានលោកឧត្តមសេនីយ៍ វង្ស ពិសេន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំកម្លាំងជិះឧទ្ទម្ភាគចក្រទៅមើលក្នុងតំបន់នោះ។ ប៉ុន្តែមិនមានព័ត៌មានណាមួយត្រូវបានគេប្រាប់ឲ្យដឹងនោះទេ។
ខណៈអ្នកដុតបំផ្លាញឈើក្នុងក្រុមហ៊ុនវៀតណាម ប៊ិញហ្វៀក១ មិនទាន់ត្រូវបានរកឃើញនោះស្រាប់តែឈើជាច្រើនគំនរផ្សេងទៀតនៅក្នុងក្រុមហ៊ុន ដាយណាម និងក្រុមហ៊ុន កសិកម្មខ្មែរអង្គរ ត្រូវបានឆេះកាលពីដើមសប្តាហ៍នេះ។
លោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានអះអាងថាការឆេះឈើនៅពីរក្រុមហ៊ុនក្រោយនេះបណ្តាលមកពីឧប្បត្តិហេតុភ្លើងឆេះព្រៃដែលមិនទំនងជាមកពីគេលួចដុតដូចនៅក្រុមហ៊ុន ប៊ិញហ្វៀក១ នោះទេ។
លោកថា៖ «អាហ្នឹងមិនមែនគេលួចដុតទេវាជាភ្លើងឆេះព្រៃរាលដាល។ នៅ ប៊ិញហ្វៀក ប្រហែលគេលួចដុតតែនៅខ្មែរអង្គរ និងដាយណាមហ្នឹងវាភ្លើងឆេះព្រៃទេ»។ ទោះយ៉ាងណាលោកមិនអាចប៉ាន់ស្មានពីចំនួនឈើដែលត្រូវបានឆេះនោះទេ។
លោក សាក់ សារ៉ាង បន្តថាលោក និងកងកម្លាំងរបស់លោកបានទៅបាញ់ទឹកពន្លត់ភ្លើងទាំងនោះពេញមួយថ្ងៃដើម្បីកុំឲ្យរាលដាលទៅកន្លែងផ្សេងទៀត។
លោកថ្លែងថា៖ «ឈើហ្នឹងមានតែរបស់ក្រុមហ៊ុនហ្នឹងមិនមែនរបស់អ្នកណាផ្សេងទេ។
តែខ្ញុំមិនអាចដឹងទេថាឈើហ្នឹងវាស្របច្បាប់ ឬយ៉ាងណានោះទេ»។
លោកឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថាលោកបានទៅមើលកន្លែងដែលកងកម្លាំងឃាត់ឈើនៅក្នុងព្រៃរបស់ក្រុមហ៊ុនមួយប៉ុន្តែលោកមិនបានបញ្ជាក់ប្រាប់ពីឈ្មោះក្រុមហ៊ុន និងបរិមាណឈើនោះទេ។
លោកថ្លែងថា៖ «យើងឃើញមានឆេះដែរ។ វាអាចរាលពីព្រៃ។ យើងកំពុងតែសិក្សាស្រាវជ្រាវលើករណីនេះ។ អ្វីដែលគ្មានភ័ស្តុតាងច្បាស់លាស់យើងអត់អាចចោទប្រកាន់បានទេ»។
ប៉ុន្តែលោក សុក រដ្ឋា អ្នកសម្របសម្រួលអង្គការអាដហុកខេត្តមណ្ឌលគិរីបានចាត់ទុកការលើកឡើងថាឈើឆេះមកពីភ្លើងឆេះព្រៃនោះថា «ជាការគេចវេះមិនទទួលខុសត្រូវចំពោះការគ្រង់គ្រង និងទប់ស្កាត់តែប៉ុណ្ណោះ»។
លោក រដ្ឋា កត់សម្គាល់ថាជាធម្មតាឈើរបស់ក្រុមហ៊ុនបែបនោះគឺមានការយាមការពារដោយកម្មករ និងសន្តិសុខតឹងតែងណាស់ដែលមិនអាចត្រូវបានភ្លើងឆេះដោយងាយៗបែបនោះទេ។ «មែនទែនទៅអាឧប្បត្តិហេតុដែលកើតមានហ្នឹងវាមិនមែនគាប់ជួនអីដល់ថ្នាក់ហ្នឹងទេ។ បើភ្លើងឆេះព្រៃមែនក៏វាមិនអាចរាលដាលដល់គំនរឈើគរទុកនោះដែរព្រោះគេមានការយាមកាមតឹងតែងណាស់សូម្បីសហគមន៍ក៏មិនអាចចូលបានដែរថាភ្លើងឆេះព្រៃទៅរាលដាលដល់ឈើនោះវាមិនអាចទៅរួចទេ»។
ក្រុមហ៊ុន ដាយណាម និងកសិកម្មខ្មែរអង្គរ ត្រូវបានរដ្ឋាភិបាលដកហូតអាជ្ញាប័ណ្ណរួចហើយដោយសារតែមិនគោរពតាមលក្ខខណ្ឌ និងកិច្ចសន្យាជាមួយនឹងរដ្ឋាភិបាល។ ទោះយ៉ាងណាលោក សុករដ្ឋា បានថ្លែងថាបើទោះបីជាមានការប្រកាសដកហូតយ៉ាងណាក៏ដោយ ក៏នៅតែមានការប្រមូលឈើ និងកាប់រានដីព្រៃដែរ។
ទាក់ទងទៅនឹងក្រុមហ៊ុនទាំងពីរនេះដែរមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានផ្ញើលិខិតចំហមួយទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ កាលពីថ្ងៃអង្គារដើម្បីស្នើសុំការបំភ្លឺពីការផ្តល់ដីសម្បទានជាថ្មីទៅឲ្យក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព និង លឹម ប៊ុណ្ណា បន្ទាប់ពីដីក្រុមហ៊ុនទាំងពីរនេះត្រូវបានរដ្ឋាភិបាលសម្រេចដកហូតដីទុកជាសម្បត្តិរដ្ឋ។ ការស្នើសុំការបំភ្លឺនេះធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយថាដីសម្បទានដែលបានដកហូតនោះត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុនលោកឧកញ៉ាទាំងពីរទៅវិញដែលនោះវាផ្ទុយទៅនឹងបទបញ្ជា ០១ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែឧសភាឆ្នាំ ២០១២។
លិខិតដែលចុះហត្ថលេខាដោយនាយិកាលោកស្រី ចក់ សុភាព បានសរសេរថា៖ «នាងខ្ញុំសូមស្នើឲ្យក្រសួងបរិស្ថានមេត្តាបំភ្លឺពីការផ្តល់ដីសម្បទាននោះថាពិត ឬមិនពិត បើមិនមែនជាការផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីនោះទេសូមក្រសួងផ្តល់ព័ត៌មានអំពីសិទ្ធិដែលក្រុមហ៊ុនទាំងនោះមាន និងធានាថាមិនឲ្យមានការកាប់បំផ្លាញព្រៃឈើជាថ្មីទៀតឡើយ»។
លោកស្រី ចក់ សុភាព បន្តក្នុងលិខិតនោះថាការព្រួយបារម្ភលើការប្រើប្រាស់ដីសម្បទានដែលដកហូតនោះគឺមានកាន់តែខ្លាំងឡើងដោយហេតុថាកន្លងមកលោក ទ្រី ភាព ត្រូវបានរាយការណ៍ថាជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់ដី «ក្នុងបំណងកាប់ឈើខុសច្បាប់»។ រីឯលោក លឹម ប៊ុណ្ណា វិញត្រូវបានគេលើកឡើងចំឈ្មោះថាជាមុខសញ្ញាមួយរបស់គណកម្មការស៊ើបអង្កេតបទល្មើសព្រៃឈើ។
ទោះបីយ៉ាងណាលោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានបានពន្យល់ថាការចុះផ្សាយពីរឿងផ្តល់ដីសម្បទាននោះគឺជារឿងភាន់ច្រឡំនោះទេ។
លោកថា ការផ្តល់ដីសម្បទានថ្មីទៅឲ្យក្រុមហ៊ុន ទ្រី ភាព និង លឹម ប៊ុណ្ណា គឺគ្មាននោះទេ។ បន្ទាប់ពីក្រុមហ៊ុនចាស់ត្រូវបានលុបចោលគឺមានឈើសេសសល់ក្នុងដីទាំងនោះពីម្ចាស់សម្បទានមុនហើយក៏ត្រូវផ្តល់សិទ្ធិឲ្យក្រុមហ៊ុន ទ្រី ភាព និង លឹម ប៊ុណ្ណា ធ្វើការប្រមូលដោយមានការបង់ពន្ធចូលរដ្ឋត្រឹមត្រូវ៕
No comments:
Post a Comment