កម្ពុជា ថៃ ជួបប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែន
Thu, 28 January 2016 ppp
វង្ស សុខេង
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជានឹងចាកចេញទៅកាន់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅលើកទី ១១ ដែលមានរយៈពេលបីថ្ងៃក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតាមព្រំដែនរួមចម្ងាយប្រហែល ៨០០ គីឡូម៉ែត្រ។
គណៈប្រតិភូនេះដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ ៤ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ។ នៅពេលដែលទៅដល់នៅទីក្រុងបាងកកគណៈប្រតិភូនឹងជួបប្រជុំជាមួយនឹងសមភាគីនៃក្រសួងការពារជាតិថៃ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងថាគណៈប្រតិភូនឹងពិភាក្សាគ្នាអំពីឧក្រិដ្ឋកម្មឆ្លងដែនក្នុងនោះរួមមានការរត់ពន្ធគ្រឿងញៀន ការជួញដូរមនុស្ស ការកាប់ឈើខុសច្បាប់ និងការរត់ពន្ធវត្ថុបុរាណ។
ការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្មបានប៉ាន់ប្រមាណថាឧក្រិដ្ឋកម្មឆ្លងដែនបង្កើតប្រាក់យ៉ាងហោចណាស់ ១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំនៅតំបន់អាស៊ីអាគ្នេយ៍។ ការជួញដូរមនុស្សគឺជាបញ្ហាធ្ងន់ធ្ងរក្នុងប្រទេសថៃ និងកម្ពុជា។
របាយការណ៍ស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានកត់សម្គាល់ពីស្ថានភាពកាន់តែអាក្រក់នៅក្នុងប្រទេសទាំងពីរនាប៉ុន្មានឆ្នាំថ្មីៗនេះ។
របាយការណ៍សម្រាប់ឆ្នាំ ២០១៥ បានរកឃើញនូវនិន្នាការកំពុងកើនឡើងដែលបុរសកម្ពុជាត្រូវបានគេជួញដូរទៅប្រទេសថៃហើយក្រោយមកត្រូវបានគេបង្ខំឲ្យធ្វើការលើទូកនេសាទ។ កម្ពុជាជាប្រទេសឆ្លងកាត់មួយសម្រាប់ស្ត្រីវៀតណាមដែលត្រូវបានជួញដូរទៅប្រទេសថៃដើម្បីបម្រើផ្លូវភេទ។
លោក សុជាតិ បញ្ជាក់ថាមិនមានក្នុងរបៀបវារៈអំពីដីការបស់តុលាការយុតិ្តធម៌អន្តរជាតិថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៣ ដែលកងទ័ពកម្ពុជា និងថៃត្រូវបានបង្គាប់ឲ្យដកចេញពីតំបន់គ្មានយោធាជុំវិញប្រាសាទព្រះវិហារទេ។
ទោះយ៉ាងណាលោក សុជាតិ លើកឡើងថាបញ្ហានេះអាចត្រូវពិភាក្សា។ លោកបន្តថាវាអាស្រ័យលើ «ការព្រមព្រៀងរបស់ភាគីទាំងពីរក្នុងអំឡុងពេលប្រជុំជាក់ស្តែង»៕ TK
No comments:
Post a Comment