ដោយ អ៊ុំ រង្សី
2016-01-30 rfa
ប្រជាពលរដ្ឋស្រុកគីរីសាគរ និងស្រុកបុទុមសាគរ
លើកបដាតវ៉ានៅពីមុខសាលាដំបូងខេត្តកោះកុង
ស្នើឲ្យដោះលែងយុវជនការពារបរិស្ថាន កាលពីព្រឹកថ្ងៃទី២០ ខែសីហា
ឆ្នាំ២០១៥។
Photo LICADHO
|
តវ៉ាឲ្យដោះលែងសកម្មជនបរិស្ថាន កោះកុង ៦២០
ប្រជាពលរដ្ឋស្រុកគីរីសាគរ និងស្រុកបុទុមសាគរ លើកបដាតវ៉ានៅពីមុខសាលាដំបូងខេត្តកោះកុង ស្នើឲ្យដោះលែងយុវជនការពារបរិស្ថាន កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។
Photo LICADHO
សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ស្នើទៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដើម្បីសុំសួរសុខទុក្ខជនជាប់ចោទដែលជាសកម្មជនការពារបរិស្ថានចំនួន ៤រូប ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកោះកុង។ ចំណែកឯមន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារវិញ មិនទាន់សម្រេចចំពោះការស្នើសុំនេះនៅឡើយទេ។
សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្សចាត់ទុកសកម្មជនអង្គការចលនាមាតាធម្មជាតិ ចំនួន ៣រូប និងតំណាងសហគមន៍អារ៉ែងម្នាក់ទៀត ដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារខេត្តកោះកុង។ ពួកគេទាំង ៤នាក់ គឺជាអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានដ៏សកម្ម ដើម្បីការពារផលប្រយោជន៍របស់ជាតិ។
អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនសក្តិ បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣០ ខែមករា ថា លោក និងសង្គមស៊ីវិលចំនួន ២២ទៀត បានដាក់លិខិតសុំការអនុញ្ញាតចូលជួបសួរសុខទុក្ខសកម្មជនទាំង ៤នាក់ ពីអគ្គនាយកដ្ឋានពន្ធនាគារកាលពីថ្ងៃទី២៨ មករា កន្លងទៅនេះ។ លោកថា សកម្មភាពចុះសួរសុខទុក្ខក្នុងបំណងលើកទឹកចិត្ត និងចង់ដឹងពីស្ថានភាពរបស់ពួកគាត់ ដែលជាសកម្មជនធ្លាប់ពុះពារលើកិច្ចការសង្គមកន្លងមក៖ «»។
អគ្គលេខាធិការគណៈកម្មាធិការប្រព្រឹត្តិកម្មរូបនេះ ឲ្យដឹងថា រហូតមកដល់ពេលនេះ លោកមិនទាន់ទទួលការឆ្លើយតបចំពោះការស្នើសុំសួរសុខទុក្ខសកម្មជន ៤នាក់នេះពីអគ្គនាយកដ្ឋានពន្ធនាគារនៅឡើយ។ ប៉ុន្តែលោកសង្ឃឹមថា អាជ្ញាធរនឹងយល់ព្រមតាមសំណើនេះ ព្រោះសកម្មជនទាំង ៤នាក់កំពុងជួបការលំបាក និងត្រូវការលើកទឹកចិត្ត និងគាំទ្រ។
ឆ្លើយតបចំពោះការស្នើសុំនេះ អនុប្រធាននាយកដ្ឋានអប់រំកែប្រែនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក សន កែវ មានប្រសាសន៍ថា លោកមិនទាន់ទទួលបានលិខិតស្នើសុំនេះនៅឡើយទេ។ លោកថា ចំពោះការសម្រេចបែបណា នឹងរង់ចាំមើលថ្ងៃច័ន្ទ ទី១ ខែកុម្ភៈ៖ «»។
សកម្មជនអង្គការចលនាមាតាធម្មជាតិ ចំនួន ៣រូប ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកោះកុង ហើយសង្គមស៊ីវិលគ្រោងនឹងទៅសុខទុក្ខរួមមាន លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា លោក ស៊ឹម សំណាង និងសកម្មជនម្នាក់ទៀត លោក វ៉ែន វ៉ន ជាតំណាងសហគមន៍អារ៉ែង។
ចំណែកឯស្ថានភាពជាប់ពន្ធនាគាររបស់សកម្មជនបរិស្ថានទាំង ៤នាក់នេះវិញ សមាជិកនៃអង្គការចលនាមាតាធម្មជាតិ លោក ចេក នេត្រា ឲ្យដឹងថា ក្នុងចំណោម ៤នាក់ មានម្នាក់ គឺ លោក ស៊ឹម សំណាង កំពុងមានជំងឺក្រពះធ្ងន់ធ្ងររហូតឈានដល់ក្អកធ្លាក់ឈាមផងដែរ។ លោកថា ខណៈនេះអ្នកទាំង ៤នាក់ ពិតជាត្រូវការលើកទឹកចិត្តពីសំណាក់អ្នកពាក់ព័ន្ធ។ លោកសង្ឃឹមថា អគ្គនាយកដ្ឋានពន្ធនាគារនឹងយល់ព្រមតាមការស្នើសុំរបស់សង្គមស៊ីវិល៖ «»។
កាលពីថ្ងៃទី១៧ ខែសីហា តុលាការបានចាប់ខ្លួនសកម្មជនការពារបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិទាំង ៣នាក់ មានឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ឹម សំណាង។ ពួកគេត្រូវចោទពីបទគំរាមកំហែង និងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ ខណៈពួកគេចុះធ្វើការនៅក្នុងសហគមន៍ប្រជាពលរដ្ឋក្នុងឃុំកណ្ដោល និងឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ កាលពីថ្ងៃទី១៧ ខែសីហា ដើម្បីប្រឆាំងសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន ដាយរិក អាកសេស (Direct Access)។ ចំណែកលោក វ៉ែន វ៉ន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។
សមាជិកចលនាមាតាធម្មជាតិ ក្រុមគ្រួសារជនជាប់ចោទ និងសង្គមស៊ីវិលនៅតែទទូចឲ្យរដ្ឋាភិបាល និងអ្នកដែលពាក់ព័ន្ធនានាជួយអន្តរាគមន៍ និងធ្វើការសិក្សាស្រាវជ្រាវបន្ថែមពីករណីនេះ ដើម្បីឲ្យសកម្មជនទាំង ៤នាក់នេះ បានរួចពីការឃុំខ្លួនឡើងវិញ ព្រោះអ្នកទាំង៤ គឺជាសកម្មជនដែលគ្រាន់តែធ្វើសកម្មភាពដើម្បីការពារផលប្រយោជន៍សង្គមប៉ុណ្ណោះ៕
No comments:
Post a Comment