A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 31 January 2016

អ្នក​បឹងកក់​មិន​ព្រម​រុះ​រើ​​ផ្ទះ​តាម​ការ​កំណត់​របស់​អាជ្ញាធរ


ដោយ សិរីមុនី
2016-01-30  rfa

លោកស្រី ផាន់ ឈុនរ៉េត និង​ស្វាមី ថ្លែង​ការពារ​មិន​ឲ្យ​អាជ្ញាធរ​រុះរើ​ផ្ទះ​លោកស្រី​ចេញ​ពី​តំបន់​បឹងកក់ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៦។
 RFA/Sireymuny


ប្រជាពលរដ្ឋ​នៅ​សហគមន៍​បឹងកក់ ប្រមាណ​ជិត ១០០​នាក់ ប្រមូល​ផ្ដុំ​នៅ​គ្នា​នៅ​មុខ​ផ្ទះ​របស់​លោកស្រី ផាន់ ឈុនរ៉េត ដើម្បី​ការពារ​កុំ​ឱ្យ​សាលា​ខណ្ឌ​ដូនពេញ ចុះ​រុះរើ​ផ្ទះ​របស់​ពួកគាត់។ ផ្ទះ​លោកស្រី ផាន់ ឈុនរ៉េត នៅ​ខាង​ជើង​វិហារ​ឥស្លាម ស្ថិត​នៅ​ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ដែល​សាលា​ខណ្ឌ​ដូនពេញ ចោទ​ប្រកាន់​ថា បាន​សង់​លើ​ដី​របស់​រដ្ឋ ហើយ​តម្រូវ​ឱ្យ​រុះរើ​ផ្ទះ​នោះ​ចេញ​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មករា។

​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា រដ្ឋ​មិន​គួរ​ឈ្លោះ​នឹង​រាស្ត្រ​នោះ​ទេ និង​គួរ​មាន​ដំណោះស្រាយ​មួយ​ឱ្យ​បាន​សមស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ។

សាលា​ខណ្ឌ​ដូនពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា មិន​ទាន់​ចុះ​រុះរើ​ផ្ទះ​របស់​លោកស្រី ផាន់ ឈុនរ៉េត សកម្មជន​ដីធ្លី​បឹងកក់ ដែល​សាលា​ខណ្ឌ​ដូនពេញ ចោទ​ប្រកាន់​ថា ផ្ទះ​នោះ​សង់​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ និង​សង់​នៅ​លើ​ដី​សាលា​ខណ្ឌ​ដូនពេញ។

​សកម្មជន​បឹងកក់ លោកស្រី ផាន់ ឈុនរ៉េត និយាយ​ថា លោកស្រី​មក​តាំង​ទីលំនៅ​បឹងកក់ តាំង​ពី​ឆ្នាំ​១៩៩៣ ហើយ​លោកស្រី​មិន​បាន​រំលោភ​យក​ដី​របស់​សាលា​ខណ្ឌ​ដូនពេញ នោះ​ទេ។ លោកស្រី​នឹង​មិន​ចាកចេញ​ពី​ផ្ទះ​របស់​លោកស្រី​ឡើយ បើ​ទោះ​បី​សាលា​ខណ្ឌ​ដូនពេញ ចេញ​លិខិត​ឱ្យ​លោកស្រី​រុះរើ​ផ្ទះ​ក៏ដោយ ក៏​ស្រី​មិន​ព្រម​រុះរើ​ដែរ។

សកម្មជន​បឹងកក់ ទាំង​នោះ នៅ​ក្នុង​ដៃ​កាន់​បដា​សរសេរ​ថា អាជ្ញាធរ​មិន​ត្រូវ​រុះរើ​ផ្ទះ​លោកស្រី ផាន់ ឈុនរ៉េត នោះ​ទេ និង​ត្រូវ​ចេញ​ប័ណ្ណ​ជូន​លោកស្រី។ បន្ថែម​ពី​លើ​បដា​នោះ សកម្មជន​បឹងកក់ ក៏​បាន​និមន្ត​ព្រះសង្ឃ​សូត្រ​ធម៌​ប្រោះព្រំ​ក្នុង​ន័យ​ការពារ​កុំ​ឱ្យ​សាលា​ខណ្ឌ​ដូនពេញ ចុះ​រុះរើ​ផ្ទះ​របស់​ពួកគាត់។

លោកស្រី​បន្ត​ថា ទោះ​សាលា​ខណ្ឌ​ដូនពេញ ដាក់​ត្រាក់ទ័រ​មក​ឈូស​កម្ទេច​ផ្ទះ​របស់​លោកស្រី ក៏​លោកស្រី​មិន​ចាកចេញ​ដែរ។ លោកស្រី​បន្ថែម​ថា លោកស្រី​គ្មាន​ផ្ទះ គ្មាន​ទីពឹង​សម្រាប់​អាស្រ័យ និង​គ្មាន​លទ្ធភាព​ទិញ​ដី និង​ផ្ទះ​ថ្មី​សម្រាប់​ជ្រក​នោះ​ទេ ម្ល៉ោះ​ហើយ​លោកស្រី​សុខ​ចិត្ត​ស្លាប់​នៅ​នឹង​ផ្ទះ​នេះ៖ «សូម​ឱ្យ​សាលា​រាជធានី​ភ្នំពេញ ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​ខ្ញុំ​មក។ ខ្ញុំ​មិន​សុខ​ចិត្ត​ទេ ខ្ញុំ​តស៊ូ​លុះ​ត្រា​ជីវិត​ខ្ញុំ​អស់។ ខ្ញុំ​សន្យា​រួច​ហើយ បើ​ជីវិត​ខ្ញុំ​អស់ អ្នក​ឯង​យក​បាន​ក៏​យក​ទៅ ប៉ុន្តែ​ជីវិត​ខ្ញុំ​នៅ ខ្ញុំ​សុខ​ចិត្ត​ស្លាប់​នៅ​ទី​នេះ»។

លោកស្រី ផាន់ ឈុនរ៉េត ឋិត​ក្នុង​ចំណោម​អ្នក​មាន​បញ្ហា​ដីធ្លី​ចុង​ក្រោយ​ប៉ុន្មាន ៤១​គ្រួសារ ដែល​សាលាក្រុង​ភ្នំពេញ មិន​ទាន់​ដោះស្រាយ​រួច​រាល់។ បន្ទាប់​ពី​ផ្ទះ​ចាស់​ត្រូវ​បាន​ក្រុម​ស៊ូកាគូ (Shukaku) ចាក់​ខ្សាច់​លុប​បឹងកក់ ហើយ​បណ្ដាល​ឱ្យ​បាក់​ផ្ទះ​របស់​លោកស្រី។ លោកស្រី ផាន់ ឈុនរ៉េត សង់​ផ្ទះ​ថ្មី​នៅ​ក្នុង​ឆ្នាំ​២០១៥ ហើយ​លោកស្រី​ស្នើ​សុំ​ឱ្យ​សាលាក្រុង​ភ្នំពេញ ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​លោកស្រី។

នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​ការងារ​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ និយាយ​ថា រដ្ឋាភិបាល​គួរ​ប្រើ​យុទ្ធសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ទស្សនវិស័យ​ត្រឹមត្រូវ ហើយ​យក​ការ​រីក​ចម្រើន​របស់​រាស្ត្រ​ជា​ធំ ដោយ​គួរ​មាន​សំណង​សមស្រប​ជូន​ពលរដ្ឋ មិន​គួរ​ឱ្យ​ប្រជាពលរដ្ឋ​ស្រក់​ទឹកភ្នែក​ដោយសារ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នោះ​ទេ៖ «វា​អាច​កើត​មាន​អំពើ​ហិង្សា​កើត​ឡើង បើ​សិន​អាជ្ញាធរ​នៅ​តែ​រឹង​ទទឹង​ចង់​បាន​ដី​នោះ ជា​ដី​របស់​រដ្ឋ ហើយ​គាត់​មិន​ឱ្យ​ទៅ​ប្រជាពលរដ្ឋ​ទេ​នោះ។ យើង​មិន​ចង់​ឱ្យ​រដ្ឋ​ឈ្លោះ​ជាមួយ​រាស្ត្រ ហើយ​រាស្ត្រ​ឈ្លោះ​ជាមួយ​រដ្ឋ ដោយ​ហិង្សា​ទេ យើង​ចង់​រដ្ឋ​ដោះស្រាយ​ជាមួយ​រាស្ត្រ​ដោយ​សន្តិវិធី»។

លោក​បន្ត​ថា ជម្លោះ​ដីធ្លី​នៅ​បឹងកក់​នេះ គឺ​អូស​បន្លាយ​ពេល​វេលា​ជា​យូរ​មក​ហើយ ប៉ុន្តែ​នៅ​មិន​មាន​ដំណោះស្រាយ​ណា​មួយ​ល្អ​ប្រសើរ​សម្រាប់​ពលរដ្ឋ​នៅ​ឡើយ​ទេ។

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ខណ្ឌ​ដូនពេញ លោក គួច ចំរើន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ យ៉ាង​ណា​ក៏ដោយ លិខិត​របស់​សាលា​ខណ្ឌ​ដូនពេញ ចុះ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥ សរសេរ​ថា សូម​ឱ្យ​លោកស្រី ផាន់ ឈុនរ៉េត រុះរើ​សំណង់​ថ្មី​ឈើ​ប្រក់​ស័ង្កសី​មាន​ទំហំ ១៦,០៧​ម៉ែត្រ ចេញ​វិញ​ជា​បន្ទាន់​ដោយ​ទុក​រយៈពេល ១៥​ថ្ងៃ។

​ក្នុង​ករណី​លោកស្រី ផាន់ ឈុណារ៉េត មិន​បាន​អនុវត្ត​តាម​សេចក្ដី​ដំណឹង​នេះ​ទេ សាលា​ខណ្ឌ​ដូនពេញ នឹង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​ខូចខាត ឬ​បាត់បង់​សម្ភារៈ​ឡើយ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា សាលាក្រុង​ភ្នំពេញ គួរ​ត្រិះរិះ​ពិចារណា​ឡើង​វិញ​ជុំវិញ​រឿង​វិធានការ​នេះ ដោយ​មិន​គួរ​ចុះ​រុះរើ​ផ្ទះ​លោកស្រី ផាន់ ឈុណារ៉េត នោះ​ទេ ហើយ​គួរ​ប្រើ​វិធីសាស្ត្រ​ដែល​ល្អ​ជាង​នេះ​មក​ដោះស្រាយ​ជូន​ពលរដ្ឋ៕

No comments: