ដោយ យាង សុជាមេត្តា
2015-12-06 rfa
នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស
និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី
នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥។
RFA/Chuop Sereyroth
|
អង្គការ-សមាគមខ្មែរកម្ពុជាក្រោម នៅថ្ងៃទី៦ ខែធ្នូ បានជួបជុំគ្នាប្រារព្ធខួបលើកទី៦៧ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ។ ការប្រារព្ធពិធីនេះ គឺក្នុងបំណងដើម្បីចូលរួមអបអរសាទរខួបលើកទី៦៧ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃទី១០ ខែធ្នូ ផង និងដើម្បីលើកឡើងពីការរំលោភសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោម ពីសំណាក់អាជ្ញាធរវៀតណាម ផង។
ពិធីជួបជុំនេះ បានធ្វើឡើងនៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ដែលឋិតនៅបុរីសហគមន៍ព្រៃនគរ ក្នុងភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានពលរដ្ឋខ្មែរក្រោមជិត ២០០នាក់ចូលរួម រួមទាំងព្រះសង្ឃផងដែរ។
នៅក្នុងពិធីនោះ តំណាងអង្គការ-សមាគមខ្មែរកម្ពុជាក្រោម បានថ្លែងចាត់ទុកទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ថាគឺជាព្រះដ៏ប្រសើរបំផុត ដែលអាចនាំមកនូវសុភមង្គលសម្រាប់មនុស្សជាតិទូទាំងពិភពលោក ក្នុងនោះក៏មានខ្មែរក្រោមផងដែរ។ យ៉ាងណាក៏ដោយ ខ្មែរក្រោមលើកឡើងថា បើទោះជាពិភពលោកមានសេចក្តីថ្លែងការណ៍ស្ដីពីសិទ្ធិមនុស្សអន្តរជាតិរយៈពេល ៦៧ឆ្នាំមកហើយក្តី ប៉ុន្តែរហូតមកទល់ពេលនេះ មានជនជាតិមួយចំនួន ក្នុងនោះក៏រាប់បញ្ចូលទាំងខ្មែរក្រោម កំពុងទទួលរងនូវភាពអយុត្តិធម៌ ការឈឺចាប់ និងគ្មានសិទ្ធិសេរីភាពនៅឡើយ។
ពលរដ្ឋខ្មែរក្រោម លើកឡើងថា ចាប់តាំងពីដែនដីកម្ពុជាក្រោម ត្រូវបានបារាំង កាត់ប្រគល់ឲ្យប្រទេសវៀតណាម គ្រប់គ្រងពីឆ្នាំ១៩៤៩ មក ខ្មែរក្រោមបានរស់នៅក្នុងភាពកណ្ដោចកណ្ដែង និងទទួលរងនូវការឈឺចាប់ឥតឈប់ឈរពីមួយជំនាន់ទៅមួយជំនាន់។ ចំណែកបុព្វបុរសរបស់ខ្មែរក្រោម ក៏ត្រូវបានអាជ្ញាធរវៀតណាម កាប់សម្លាប់ ចាប់ដាក់គុកធ្វើទារុណកម្ម និងការរើសអើងជាតិសាសន៍ជាបន្តបន្ទាប់។
ក្រៅតែពីលើកឡើងអំពីទុក្ខវេទនារបស់ខ្មែរក្រោមនៅក្នុងពិធីនោះ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម ក៏បានចែកចាយនូវរបាយការណ៍រំលោភសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោម ដល់អ្នកចូលរួម។ ការរំលោភសិទ្ធិមនុស្សទាំងនោះមានដូចជា កូនចៅខ្មែរក្រោមគ្មានសាលារៀនអក្សរសាស្ត្រខ្មែរស្របច្បាប់ ខ្មែរក្រោមខ្វះសេរីភាពក្នុងការគោរព និងអនុវត្តទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន ខ្វះសេរីភាពក្នុងជំនឿ និងប្រតិបត្តិសាសនា ព្រមទាំងការប្រឈមជាច្រើនផ្សេងទៀត ដូចជា សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការទទួលបានព័ត៌មាន និងសេរីភាពក្នុងការដើរហើរដោយសេរី ជាដើម។
នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន កត់សម្គាល់បន្ថែមថា ក្រៅតែពីមានការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្មែរក្រោម ដូចបានរៀបរាប់ខាងដើម អាជ្ញាធរវៀតណាម ក៏បានធ្វើទុក្ខបុកម្នេញទៅដល់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលបានធ្វើដំណើរទៅលេងស្រុកកំណើត ឬទៅសួរសុខទុក្ខសាច់ញាតិនៅដែនដីកម្ពុជាក្រោមផងដែរ។ ការធ្វើទុក្ខបុកម្នេញនេះ គឺស្ដែងឡើងតាមរយៈការកោះហៅព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំងនោះទៅសាកសួរ ដែលធ្វើឲ្យពួកគេមានការបារម្ភ និងភ័យខ្លាច ហើយដែលអ្នកខ្លះទៀត គឺមិនហ៊ានត្រឡប់ទៅស្រុកកំណើតវិញតែម្តង។
លោក សឺន ជុំជួន បញ្ជាក់ថា ការដែលអាជ្ញាធរវៀតណាម ធ្វើដូចនេះ គឺដើម្បីគំរាមកុំឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដែលចាកចេញពីស្រុកកំណើត ហ៊ានវិលត្រឡប់ទៅស្រុកកំណើតវិញតែម្តង៖ «រដ្ឋាភិបាលវៀតណាម មិនត្រូវនិមន្តព្រះសង្ឃ ឬហៅប្រជាពលរដ្ឋទៅសួរចម្លើយ នៅពេលពួកគាត់ទៅសួរសុខទុក្ខបងប្អូនខ្មែរនៅកម្ពុជាក្រោមឡើយ គួរផ្តល់ឲ្យឱកាសឲ្យខ្មែរក្រោមគ្រប់គ្រាន់ ក្នុងការសិក្សាអក្សរសាស្ត្ររបស់ខ្លួន ជាពិសេសគឺប្រវត្តិសាស្ត្រ និងភូមិសាស្ត្ររបស់ខ្មែរ ទាក់ទងនឹងការទទួលបានព័ត៌មាន និងការបញ្ចេញមតិ ជាដើម។ រដ្ឋាភិបាលវៀតណាម គួរតែផ្តល់ឱកាសឲ្យខ្មែរក្រោម ទទួលបានព័ត៌មានគ្រប់គ្រាន់តាមរយៈការស្តាប់វិទ្យុនានា ដូចជាវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក ជាដើម»។
ដែនដីកម្ពុជាក្រោម មានខេត្ត-ក្រុងទាំងអស់ចំនួន២១ គ្របដណ្ដប់លើផ្ទៃដីសរុបប្រមាណ ៧ម៉ឺនគីឡូម៉ែត្រក្រឡា។ បច្ចុប្បន្ន មានពលរដ្ឋខ្មែរក្រោមប្រមាណ ១២លាននាក់កំពុងរស់នៅទីនោះ និងមានវត្តអារាមសរុបប្រមាណជិត ៦០០។ ដែនដីនេះ ត្រូវបានជនជាតិវៀតណាម លេបត្របាក់បន្តិចម្តងៗតាំងពីដើមសតវត្សរ៍ទី១៧។ ក្រោយមកនៅឆ្នាំ១៩៤៩ ក្រោមការគ្រប់គ្រងរបស់អាណានិគមនិយមបារាំង បារាំង បានកាត់ទឹកដីនេះទៅឲ្យប្រទេសវៀតណាម គ្រប់គ្រង រហូតមកដល់ពេលបច្ចុប្បន្ន។
ក្រោមការគ្រប់គ្រងរបស់វៀតណាម ខ្មែរក្រោមតែងរអ៊ូរទាំអំពីការរំលោភសិទ្ធិខ្មែរក្រោមពីសំណាក់រដ្ឋាភិបាលវៀតណាម និងពីការធ្វើទុក្ខបុកម្នេញនានាដែលអាជ្ញាធរវៀតណាម បានធ្វើមកលើពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមនៅទីនោះ៕
No comments:
Post a Comment