ដោយ ដែន អយុធ្យា
2015-12-06 rfa
បឹងព្រែកទប់ ឬបឹងទឹកសាប ស្ថិតក្នុងភូមិ១ សង្កាត់៣
ខេត្តព្រះសីហនុ
ដែលត្រូវគេចាក់ដីរំលោភយកបរិវេណបឹងធ្វើជាកម្មសិទ្ធិកន្លងមក។
រូបថតថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤
RFA/Den Ayuthyea
|
មន្ត្រីសង្គមស៊ីវិល ឃ្លាំដែលមើលការអភិវឌ្ឍសង្គម ទទូចឲ្យរដ្ឋាភិបាលដកហូតដីចំណីមាត់បឹងព្រែកទប់ ដែលជាបឹងធម្មជាតិស្តុកទឹកសាបដែលត្រូវបុគ្គលមួយចំនួនចាក់ដី រំលោភធ្វើកម្មសិទ្ធិនាពេលកន្លងមក ដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ។
មន្ត្រីសង្គម ស៊ីវិលរិះគន់ថា បទបញ្ជា ឬអនុសាសន៍របស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិសេសបទបញ្ជាផ្សេងៗដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញទាក់ទងវិធានការទប់ស្កាត់ការទន្ទ្រានកាន់កាប់ចំណីដី មាត់បឹងព្រែកទប់ អាជ្ញាធរខេត្តនេះអនុវត្តមិនទាន់មានប្រសិទ្ធភាពទេ។
សំណើ ឬសំណូមពររបស់ក្រុមមេដឹកនាំអង្គការសង្គមស៊ីវិលដូច្នេះ កើតឡើងបន្ទាប់ពីសង្កេតឃើញថា សព្វថ្ងៃនេះមានបុគ្គលមានអំណាច និងឈ្មួញ បានបន្តមានមហិច្ឆតារំលោភកាន់កាប់ផ្ទៃរងទឹកភ្លៀង ឬចំណីមាត់បឹងព្រែកទប់ជាបន្តបន្ទាប់ ព្រមទាំងបានបន្តសង់វីឡាធំស្កឹមស្កៃ និងសំណង់រឹងមាំផ្សេងៗទៀត ប៉ុន្តែអាជ្ញាធរខេត្តនេះមិនមានវិធានការផ្លូវច្បាប់ទៅលើម្ចាស់ សំណង់ទាំងនោះទេ។
រថយន្តដឹកដី និងគ្រឿងចក្រឈូសឆាយដីចូលទៅមាត់បឹងព្រែកទប់ ស្ថិតនៅក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥។ RFA/Den Ayuthyea |
មន្ត្រី សម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធ បានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នៅថ្ងៃសុក្រ ទី៤ ខែធ្នូ នាមាត់បឹងព្រែកទប់ថា លោកហាក់គ្មានជំនឿថា បទបញ្ជា ឬអនុសាសន៍របស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិសេសបទបញ្ជាផ្សេងៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញទាក់ទងវិធានការទប់ស្កាត់ការទន្ទ្រានកាន់កាប់ចំណីដី មាត់បឹងព្រែកទប់ គឺមន្ត្រីខេត្តព្រះសីហនុ អនុវត្តមិនមានប្រសិទ្ធភាពទេ។ ជាងនេះទៀត ក៏មិនទាន់ឃើញថ្នាក់ដឹកនាំខេត្តនេះមានចំណាត់ការតាមផ្លូវច្បាប់ ណាមួយ ទៅលើជនជាប់ពាក់ព័ន្ធសកម្មភាពរំលោភចាក់ដី ឬម្ចាស់វីឡាធំស្កឹមស្កៃ កំពុងសង់ជិតរួចជាស្ថាពរនៅជាប់ផ្នែកខាងលើមាត់បឹងព្រែកទប់នោះ ដែរ៖ «ផ្ទៃបឹងអាចលាតសន្ធឹងរហូតដល់ផ្នែកខាងលើៗដែលត្រូវគេរំលោភបំពាន និងចាក់ដីបំពេញ ហើយកំពុងសង់វីឡាធំស្កឹមស្កៃនាពេលសព្វថ្ងៃនេះ ហើយមាត់បឹងព្រែកទប់សព្វថ្ងៃនេះ ឃើញមានអ្នកមានអំណាចកំពុងសង់វីឡាជិតរួចហើយ ហើយផ្ទៃបឹងពេលបច្ចុប្បន្ននេះ ត្រូវរួមតូច ដែលធ្វើឲ្យស្ថានភាពទឹកបឹងព្រែកទប់ដែលពីមុនមានទំហំធំទូលាយ ប៉ុន្តែពេលនេះផ្ទៃទឹកនៅសល់តិចតួច និងរីងហួតនៅរដូវប្រាំងចូលមកដល់»។
បន្ថែម លើនេះ លោក ប៊ួន ណារិទ្ធ បានស្នើដល់ប្រមុខដឹកនាំរដ្ឋាភិបាល ត្រូវដកហូតដីចំណីមាត់បឹងព្រែកទប់ ដែលជាបឹងស្តុកទឹកសាបដ៏សំខាន់ មានទីតាំងក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ពីឯកជន និងមន្ត្រីមានអំណាច ដាក់ជាសម្បត្តិរដ្ឋវិញ។ លោកថា រាល់ការចេញប័ណ្ណកម្មសិទ្ធិលើចំណីដីមាត់បឹងព្រែកទប់ ជូនបុគ្គលមានអំណាច និងឈ្មួញមានទ្រព្យធននាពេលកន្លងមក គឺផ្ដើមដោយការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធរវាងមន្ត្រីនៅតាម មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធខ្លះនាខេត្តព្រះសីហនុ។ លោកថា បទល្មើសនេះគួរតែអភិបាលខេត្តព្រះសីហនុ ស្នើសុំគោលការណ៍ពីរដ្ឋាភិបាលឲ្យមោឃភាព ឬលុបចោលប័ណ្ណកម្មសិទ្ធិទាំងនោះដាក់ជាសម្បត្តិរដ្ឋវិញ ហើយអ្នកជាប់ពាក់ព័ន្ធត្រូវតែផ្ដន្ទាទោស។
ព្រះតេជព្រះគុណ លួន សុវ៉ាត ដែលបាននិមន្តទៅដល់ខេត្តព្រះសីហនុ ហើយបាននិមន្តទៅតំបន់ឆ្នេរសមុទ្រ និងបឹងព្រែកទប់ កាលពីថ្ងៃសុក្រ ទី៤ ខែធ្នូ មានថេរដីកាថា មិនគួររដ្ឋាភិបាល ឬអាជ្ញាធរខត្ត ទុកឲ្យមានសកម្មភាពទន្ទ្រានចាក់ដីលុបបឹងធម្មជាតិមួយនេះទេ។ ជាងនេះ អាជ្ញាធរក៏គួរទប់ស្កាត់សំណង់វីឡាធំស្កឹមស្កៃ ឬសំណង់រឹងមាំផ្សេងៗ កុំឲ្យបន្តសាងសង់នៅផ្នែកខាងលើមាត់បឹងព្រែកទប់តទៅទៀត៖ «យើងត្រូវរួមសហការគ្នាថែរក្សាដីតំបន់ឆ្នេរ ការពារបរិស្ថានឆ្នេរឲ្យមានអនាម័យ និងរួមគ្នាការពារបឹងធម្មជាតិស្តុកទឹកសាប បឹងព្រែកទប់នាខេត្តព្រះសីហនុ កុំឲ្យបាត់បង់។ ជាងនេះ ត្រូវរក្សាឲ្យទៅជាប្រយោជន៍រួមទុកប្រើប្រាស់សម្រាប់សាធារណជនឲ្យ បានស្មើភាព និងមានតម្លាភាព»។
បឹងព្រែកទប់ ដែលជាប្រភពទឹកស្អាតដ៏សំខាន់ទុកប្រើប្រាស់នៅទូទាំងខេត្តនេះ បានរងការរំលោភបំពានធ្វើកម្មសិទ្ធិឯកជនជាច្រើនឆ្នាំមកហើយ ហើយបញ្ហានេះ ឈានដល់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់ព្រមានធ្ងន់ៗទៅមន្ត្រីរដ្ឋាភិបាលទាំងឡាយណាដែលជាប់ ពាក់ព័ន្ធបទល្មើសរំលោភយកដីបឹងព្រែកទប់ ឲ្យដកខ្លួនជាបន្ទាន់ ព្រោះត្រូវប្រឈមការផ្ដន្ទាទោស។
ត្រង់ចំណុចនេះ មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ កំពុងរង់ចាំមើលចំណាត់ការតាមផ្លូវច្បាប់ឲ្យស្របតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលបានព្រមានធ្ងន់ៗដល់អ្នកជាប់ពាក់ព័ន្ធសកម្មភាពទន្ទ្រានកាន់ កាប់ដីចំណីមាត់បឹងព្រែកទប់ មន្ត្រីក្រោមឱវាទ អនុវត្តមានប្រសិទ្ធភាពដែរឬទេ។
ទោះជាបែបនេះក្តី បច្ចុប្បន្ននេះ ផ្ទៃរងទឹកភ្លៀង ឬដីចំណីមាត់បឹងព្រែកទប់ មានទីតាំងនៅក្នុងសង្កាត់៣ ក្រុងព្រះសីហនុ គេសង្កេតឃើញមានរបងថ្មបន្តហ៊ុមព័ទ្ធទុកចោល ហើយក៏មានសកម្មភាពចាក់សំរាមចូលក្នុងផ្ទៃបឹង និងមានសំណង់វីឡាធំស្កឹមស្កៃថែមទៀត។ វីឡាធំស្កឹមស្កៃដែលសង់មានទំហំធំ ហើយសង់ជិតរួចរាល់ជាស្ថាពរ ត្រូវមន្ត្រីសាលាខេត្តព្រះសីហនុ បញ្ជាក់ថា ជាកម្មសិទ្ធិរបស់ លោក តាក់ វណ្ណថា អតីតស្នងការនគរបាលខេត្តព្រះសីហនុ ហើយបច្ចុប្បន្នមានតួនាទីជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ។ មន្ត្រីមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ និយាយថា ទីតាំងសង់វីឡានេះមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវពីមន្ទីរស្ថាប័ន ជំនាញពាក់ព័ន្ធខេត្តព្រះសីហនុ។ សំណង់វីឡានេះ មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ថ្លែងថា សង់មិនខ្វល់នឹងបទបញ្ជារបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ឬបទបញ្ជាផ្សេងៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ហើយអាជ្ញាធរខេត្តនេះមិនមានវិធានការទប់ស្កាត់ទេ។
ទាក់ទង បឹងព្រែកទប់នេះដែរ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខាខេត្តព្រះសីហនុ ដែលបានចុះដល់មាត់បឹងព្រែកទប់ ឲ្យដឹងថា ដីលំនៅឋានពិតប្រាកដរបស់ប្រជាពលរដ្ឋ ដែលមករស់នៅអចិន្ត្រៃយ៍ក្នុងតំបន់ជាប់មាត់បឹងព្រែកទប់ មានតែជាង ៥០គ្រួសារទេ ប៉ុន្តែនៅក្នុងអាណត្តិទី៤ ដែល លោក ស្បោង សារ៉ាត់ ធ្វើជាអភិបាលខេត្តព្រះសីហនុ មានបញ្ជីឈ្មោះអ្នករស់នៅជុំវិញមាត់បឹងព្រែកទប់ មានរហូតដល់ ២៥០គ្រួសារ ក្នុងនោះមានឈ្មោះឈ្មួញមានទ្រព្យ កងកម្លាំងប្រដាប់អាវុធពាក់ផ្កាយពីរ ឬផ្កាយបី និងមន្ត្រីកំពុងបម្រើការងារនៅសាលាខេត្ត និងនៅតាមមន្ទីរស្ថាប័នរដ្ឋក្នុងតំណែងសព្វថ្ងៃ ក៏មានឈ្មោះកាន់កាប់ដីចំណីមាត់បឹងព្រែកទប់ ហើយអាចធ្វើប្លង់កម្មសិទ្ធិថែមទៀត។
ត្រង់ចំណុចនេះ លោក សុខ សុខុម ថ្លែងថា រាល់ការសាងសង់សំណង់ផ្សេងៗនៅជាប់មាត់បឹងព្រែកទប់ ក៏គួរតែមានវិធានការតាមផ្លូវច្បាប់ ដើម្បីវាយកម្ទេចចោល ហើយស្ដារផ្ទៃរងទឹកភ្លៀងបឹងទឹកសាបមួយនេះ ឲ្យមានផ្ទៃធំទូលំទូលាយដូចពេលមុនវិញ ដើម្បីរក្សាផ្ទៃបឹងស្តុកទឹកសាបទុកជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ព្រះសីហនុ ប្រើប្រាស់៖ «ដីនៅជាប់មាត់បឹងព្រែកទប់ជាប់ផ្លូវក្រាលកៅស៊ូនេះ គឺជាដីសាធារណៈរបស់រដ្ឋ មិនត្រូវឲ្យមានសកម្មភាពចាក់ដីលុប និងមិនត្រូវឲ្យមានអ្នកសង់វីឡាធំស្កឹមស្កៃនៅតាមផ្ទៃរងទឹក ភ្លៀងជាប់មាត់បឹងព្រែកទប់ កំពុងសង់រាល់ថ្ងៃនេះទេ។ កន្លងមក ឃើញអាជ្ញាធរវាយកម្ទេចវីឡាដែលមន្ត្រីមន្ទីររៀបចំដែនដី សង់នៅជាប់មាត់បឹងព្រែកទប់ចោល ប៉ុន្តែពេលបច្ចុប្បន្ន ស្រាប់តែមានសកម្មភាពចាក់ដីលុបមាត់បឹង និងអង្កន់ដីចែកគ្នាជាប្លង់ៗ ហើយសង់វីឡាធំស្កឹមស្កៃនៅជាប់មាត់បឹងព្រែកទប់បន្តកើតមានដដែល។ សង្គមស៊ីវិលពួកខ្ញុំ មិនគាំទ្រទេ គឺគាំទ្រឲ្យអាជ្ញាធររក្សាដីមាត់បឹងព្រែកទប់ ឲ្យនៅជាសម្បត្តិរដ្ឋវិញ ហើយដីតំបន់ដែលជាភូមិអ្នកស្រុករស់នៅអចិន្ត្រៃយ៍យូរឆ្នាំ និងរស់នៅជាក់ស្តែង ស្នើឲ្យចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់»។
ទាក់ទិន បញ្ហានេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងពិធីប្ដូរតំណែងអភិបាលខេត្តព្រះសីហនុ បានព្រមានមិនបញ្ចេញឈ្មោះដល់មន្ត្រី ឬអ្នកពាក់ព័ន្ធសកម្មភាពរំលោភដីចំណីមាត់បឹងព្រែកទប់ដោយខុស ច្បាប់ទាំងឡាយ ឲ្យដកខ្លួនជាបន្ទាន់ បើមិនដូច្នេះទេ នឹងត្រូវផ្ដន្ទាទោសតាមច្បាប់។ ក្នុងឱកាសនោះ លោកមិនទាន់បង្ហាញចំណាត់ការតាមផ្លូវច្បាប់ទៅលើជនប្រព្រឹត្តិ ល្មើស ត្រូវផ្ដន្ទាទោសបែបណា ឬនៅពេលណានោះទេ។
តាម របាយការណ៍របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ បង្ហាញថា បច្ចុប្បន្ននេះ បឹងព្រែកទប់មានផ្ទៃសរុបប្រមាណ ១៥ហិកតារ និងអាចស្តុកទឹកបានប្រហែល ៥០ម៉ឺនម៉ែត្រគូប។ បញ្ហានេះ មន្ត្រីសាលាខេត្តព្រះសីហនុ ចូលនិវត្តន៍ បានឲ្យដឹងថា នៅមុនពេលមានការរំលោភ ផ្ទៃបឹងព្រែកទប់មានផ្ទៃបឹងរួមទាំងផ្ទៃរងទឹកភ្លៀង ដីហ៊ុមព័ទ្ធជុំវិញមាត់បឹងសរុបមានចំនួនប្រមាណ ២៧០ហិកតារ។ ក្រោយមក ពេលមានសកម្មភាពទន្ទ្រានកាន់កាប់ដីផ្ទៃរងទឹកភ្លៀងខុសច្បាប់ពី ឈ្មួញ និងមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាល ដោយមានការឃុបឃិតពីមន្ត្រីស្ថាប័នជំនាញខ្លះនាខេត្តព្រះសីហនុ ផ្ទៃបឹងព្រែកទប់ បានរួមនៅសល់ជាង ៩០ហិកតារ ដែលកាលណោះក្នុងអាណត្តិ លោក សាយ ហាក់ ធ្វើជាអភិបាលខេត្ត។ បន្តមកទៀតមកដល់អាណត្តិទី៤ ដែល លោក ស្បោង សារ៉ាត់ ដឹកនាំខេត្តព្រះសីហនុ ដីផ្ទៃរងទឹកភ្លៀងដែលនៅសេសសល់ជាង ៩០ហិកតារ ត្រូវមន្ត្រី និងឈ្មួញឃុបឃិតគ្នារំលោភធ្វើជាកម្មសិទ្ធិគ្មានសល់ ដោយកាលណោះ លោក ស្បោង សារ៉ាត់ បានសម្រេចរក្សាការពារផ្ទៃបឹងព្រែកទប់ចន្លោះពី ១៤ ទៅ ១៥ហិកតារប៉ុណ្ណោះ។
ផ្ដើមពីបញ្ហានេះ លោក សុខ សុខុម ប្រធានអង្គការ ស៊ី.អ៊ិន.រ៉ូ សាខាខេត្តព្រះសីហនុ និងលោក ប៊ួន ណារិទ្ធ មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ ថ្លែងថា នឹងរង់ចាំមើលអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន អាចរក្សាបឹងព្រែកទប់កុំឲ្យមានការរំលោភបំពាន ដើម្បីរក្សាប្រភពទឹកស្អាតមានប្រសិទ្ធភាពដែរឬទេ។
ទោះ ជាបែបណាក៏ដោយចុះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានប្ដេជ្ញាថា នឹងខំពង្រឹងអនុវត្តអនុសាសន៍ការពារបឹងព្រែកទប់ ឲ្យស្របតាមការចង្អុលបង្ហាញរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងបទបញ្ជាផ្សេងៗរបស់ប្រមុខដឹកនាំដោយយកចិត្តទុកដាក់។ លោក យន្ត មីន ដែលធ្លាប់ដើរហាត់ប្រាណតាមផ្លូវក្រាលកៅស៊ូនៅជាប់មាត់បឹងព្រែក ទប់ស្ទើរជារៀងរាល់ល្ងាច មិនបានបញ្ជាក់ថា នៅពេលណាអាជ្ញាធររឹបអូសយកដីចំណីមាត់បឹងព្រែកទប់ មកដាក់ជាសម្បត្តិរដ្ឋវិញនោះទេ។
ភ្ជាប់បញ្ហានេះ អ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ នៅតែមានជំនឿថា ក្រោមការដឹកនាំរបស់ លោក យន្ត មីន ជាអភិបាលខេត្តនេះ នឹងអាចឈានដល់មានវិធានការតាមផ្លូវច្បាប់ទៅលើជនទាំងឡាយ ដែលបន្តប៉ុនប៉ងរំលោភដីចំណីបឹងព្រែកទប់ មកធ្វើជាកម្មសិទ្ធិកន្លងមក។ ទោះជាយ៉ាងណា អ្នកស្រី សុធារី សម្ដែងការខកចិត្ត ដែលអាជ្ញាធរខេត្តនេះអនុញ្ញាតឲ្យសំណង់វីឡាធំស្កឹមស្កៃ និងសកម្មភាពចាក់សំរាមចូលមាត់បឹងព្រែកទប់ អាចធ្វើសកម្មភាពរហូតមកដល់សព្វថ្ងៃនេះ៕
No comments:
Post a Comment