ដោយ យាង សុជាមេត្តា
rfa 2015-12-05
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ថ្លែងក្នុងសន្និសីទកាសែតនាទីស្នាក់ការកណ្ដាលគណបក្ស រាជធានីភ្នំពេញ
កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។
RFA/Brach Chev
|
សភាសហរដ្ឋអាមេរិក ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចប់នូវរាល់ការធ្វើទុក្ខបុកម្នេញលើលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងត្រូវប្រគល់សមាជិកភាពតំណាងរាស្ត្រទៅឲ្យលោក សម រង្ស៊ី វិញ។ ការទទូចនេះ ធ្វើឡើងនៅក្នុងលិខិតមួយច្បាប់ដែលសភាសហរដ្ឋអាមេរិក បានផ្ញើទៅកាន់លោក ហ៊ុន សែន កាលពីថ្ងៃទី៣ ខែធ្នូ។
បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងក្រសួងការបរទេសសហរដ្ឋអាមេរិក ពេលនេះ ដល់វេនសភាសហរដ្ឋអាមេរិកវិញម្ដង ដែលបានបញ្ចេញប្រតិកម្មចំពោះការធ្វើបាបទៅលើបក្សប្រឆាំងដោយរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន។
ក្នុងលិខិតផ្ញើទៅកាន់លោក ហ៊ុន សែន សភាសហរដ្ឋអាមេរិក បានស្នើឲ្យនាយករដ្ឋមន្ត្រីកាន់អំណាច ៣ទសវត្សរ៍រូបនេះ បញ្ឈប់នូវការធ្វើបាប និងធ្វើទុក្ខបុកម្នេញទៅលើអ្នកនយោបាយបក្សប្រឆាំង ពិសេសត្រូវលុបចោលដីកាតាមចាប់ខ្លួនលោក សម រង្ស៊ី ហើយប្រគល់សមាជិកភាពជាតំណាងរាស្ត្រឲ្យលោក សម រង្ស៊ី វិញ។ រដ្ឋាភិបាលកម្ពុជា ក៏ត្រូវបញ្ចប់ការប្រើប្រាស់រាល់ទម្រង់ហិង្សានយោបាយលើបក្សប្រឆាំង និងបង្កើតបរិយាកាសល្អប្រសើរដើម្បីធ្វើឲ្យប្រជាធិបតេយ្យរីកលូតលាស់នៅកម្ពុជា។
សភាសហរដ្ឋអាមេរិក បញ្ជាក់ប្រាប់លោក ហ៊ុន សែន ដែរថា ពួកគេបានខកចិត្តម្តងរួចហើយចំពោះភាពមិនប្រក្រតីនានា ដែលបានកើតឡើងក្នុងពេលបោះឆ្នោតកាលពីឆ្នាំ២០១៣ ប៉ុន្តែបញ្ហានេះ បានធូរស្រាលទៅវិញនៅពេលគណបក្សសង្គ្រោះជាតិ ព្រមដើរចូលសភា ក្រោយការចរចាត្រូវរ៉ូវគ្នាជាមួយគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពួកគេថា ស្ថានការណ៍មួយរយៈពេលចុងក្រោយនេះ ដែលក្នុងនោះរួមមានទាំងការបង្កើតច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល និងការវាយប្រហារទៅតំណាងរាស្ត្របក្សប្រឆាំងជាដើម បានធ្វើឲ្យលំហប្រជាធិបតេយ្យនៅកម្ពុជា រួមតូច និងប៉ះពាល់ដល់សកម្មភាពបំពេញការងាររបស់អង្គការសង្គមស៊ីវិល និងបក្សប្រឆាំង។
សភាសហរដ្ឋអាមេរិក ថ្លែងថា សកម្មភាពទាំងអស់នេះ កំពុងធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍស្ថាប័នប្រជាធិបតេយ្យនៅកម្ពុជា ហើយវាក៏ធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ និងដល់កិច្ចប្រឹងប្រែងដើម្បីរឹតចំណងឲ្យកាន់តែរឹងមាំរវាងកម្ពុជា និងសហរដ្ឋអាមេរិក ផងដែរ។ សភាសហរដ្ឋអាមេរិក បញ្ជាក់ថា សំឡេងរបស់ពលរដ្ឋកម្ពុជា គួរត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ស្ដាប់ និងគួរត្រូវបានស្វាគមន៍ឲ្យចូលរួមក្នុងការពិភាក្សាជាចំហ។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ទទូចឲ្យរដ្ឋសភាកម្ពុជា ប្រគល់សមាជិកភាពសភាឲ្យលោក សម រង្ស៊ី ឡើងវិញ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ម៉ាក់ ថូននើ (Mark Toner) កាលពីថ្ងៃទី១៣ វិច្ឆិកា ក៏បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោលប្រកាន់ចំពោះលោក សម រង្ស៊ី។
ចំពោះការរិះគន់របស់សភាសហរដ្ឋអាមេរិកពេលនេះ មន្ត្រីរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឆ្លើយតបថា រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នគឺកើតចេញពីឆន្ទៈរបស់ពលរដ្ឋខ្មែរ មិនមែនដូចរដ្ឋាភិបាលរបស់លោកសេនាប្រមុខ លន់ នល់ ក្នុងឆ្នាំ១៩៧០ ដែលស្ថិតក្រោមអាណានិគមរបស់សហរដ្ឋអាមេរិក នោះទេ។ លោកថា កម្ពុជា មានរដ្ឋធម្មនុញ្ញ និងមានច្បាប់ផ្ទាល់ខ្លួនដែលត្រូវអនុវត្ត និងមិនអាចធ្វើតាមបញ្ជារបស់ប្រទេសណាមួយឡើយ។
លោក ផៃ ស៊ីផាន អះអាងថា ករណីលោក សម រង្ស៊ី គឺជារឿងបុគ្គលសុទ្ធសាធ មិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ៖ «វាគ្មានឥទ្ធិពលអ្វីមកលើរដ្ឋាភិបាលកម្ពុជា នោះទេ ពីព្រោះរដ្ឋាភិបាលគឺជារដ្ឋាភិបាលដែលមានអធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួន ហើយទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅមានដដែល បើអាមេរិកបោះបង់ខ្មែរចោលហើយទៅយកមនុស្សខុសច្បាប់ មិនអនុវត្តច្បាប់ ហើយជាទណ្ឌិតគេចខ្លួនពីការអនុវត្តច្បាប់ ខ្ញុំមិនជឿថា គេអាចនិយាយថា សហរដ្ឋអាមេរិក ជានីតិរដ្ឋនោះទេ សហរដ្ឋអាមេរិកគ្រាន់តែយក សម រង្ស៊ី ជាតុក្កតាជាកូនអុកនយោបាយរបស់ខ្លួន»។
រហូតមកទល់ពេលនេះ លោក សម រង្ស៊ី កំពុងទទួលរងនូវការចោទប្រកាន់ចំនួន ៣ករណី គឺករណីបរិហារកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ករណីចូលរួមក្លែងបន្លំឯកសារសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាមួយលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី និងករណីបរិហារកេរ្តិ៍ដែលលោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដែលប្តឹងកាលពីថ្ងៃទី១ ខែធ្នូ ពាក់ព័ន្ធនឹងការបង្ហោះឯកសាររបស់លោក សម រង្ស៊ី ដែលថា របបគ្រប់គ្រងរបស់លោក ហេង សំរិន បានកាត់ទោសសម្ដេចព្រះ នរោត្តម សីហនុ ដោយសារតែចាត់ទុកព្រះអង្គថាជាជនក្បត់ជាតិ។
យ៉ាងណាក៏ដោយ ចាប់តាំងពីតុលាការចេញដីកាតាមខ្លួនលោក សម រង្ស៊ី កាលពីថ្ងៃទី១៣ វិច្ឆិកា មក សាររិះគន់លើរដ្ឋាភិបាលកម្ពុជា បានធ្លាក់មកជាបន្តបន្ទាប់ ក្នុងនោះមានទាំងពីលោក បាន គីមូន (Ban Ki-Moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា សមាជិកព្រឹទ្ធសភាអូស្ត្រាលី សភាសហភាពអឺរ៉ុប ព្រមទាំងអង្គការការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។ សភាសហភាពអឺរ៉ុប ក៏បានគំរាមលុបចោលជំនួយប្រមាណ ៤១០លានដុល្លារដែលគ្រោងផ្ដល់ឲ្យកម្ពុជា ពីឆ្នាំ២០១៤ ដល់២០២០ ផងដែរ បើបក្សកាន់អំណាចនៅតែបន្តធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង៕
3 comments:
A swa siphan, only you bunch of monkeys understand your fucking rules of law, no one else does.No one is buying your piece of shit. You fucking cpp really insult people's intelligence,but people are not stupid.
Hun sen is more inclined to take order from china than from US...
With this call from the US congress for Cpp to loosen its grips on the opposition, I wonder US will have the courage to punish this thuggish govt cutting aid and ban military exercise,after all this decisions are made by the congress.
Post a Comment