A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 6 November 2015

Hun Sen warns political analysts who analyze that the reason the government canceled the Water Festival was because it was afraid "protests" [It's freedom of speech Mr Hun Sen] លោក ហ៊ុន សែន ព្រមាន​អ្នក​វិភាគ​ដែល​ថា​រដ្ឋាភិបាល​លុប​បុណ្យ​អុំទូក​ព្រោះ​ខ្លាច​មាន​បាតុកម្ម

 

ដោយ ម៉ម មុនីរតន៍
2015-11-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ហ៊ុន សែន ថ្លែង​មុខ​វត្ត​បុទុមវតី ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​គម្រោង​ការពារ​ទឹក​ជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ នៅ​ទីតាំង​សួនច្បារ មុខ​វត្ត​បទុមវតី នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Brach Chev
 
ក្រុម​អ្នក​វិភាគ​យល់​ឃើញ​ថា ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រឆាំង​អ្នក​វិភាគ​គឺ​មិន​ខុស​អ្វី​ខឹង​គោ​ទៅ​វ៉ៃ​រទេះ​នោះ​ទេ។ ការ​ថ្លែង​របស់​អ្នក​វិភាគ​បែប​នេះ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ថ្លែង​ជា​សាធារណៈ​ថា កុំ​ចេះ​តែ​ហ៊ាន បើទោះជា​ការ​វិភាគ​ណា​មួយ​វា​ជា​សិទ្ធិ​របស់​ពួក​គេ​ក៏​ពិត​មែន ក៏ប៉ុន្តែ​ត្រូវ​ធ្វើ​ឡើង​ដោយ​ចេះ​យោគយល់​ចំពោះ​អ្នក​ដទៃ​ដែរ។
ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្ត្រី​ទៅ​លើ​អ្នក​វិភាគ បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ថា ការ​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក អកអំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ តាម​ដង​ទន្លេ​សាប​ក្នុង​ឆ្នាំ​២០១៥ នេះ ដោយសារ​គណបក្ស​កាន់​អំណាច​បារម្ភ​ខ្លាច​មាន​បាតុកម្ម​របស់​ពលរដ្ឋ។
ការ​ព្រមាន​របស់​លោក ហ៊ុន សែន ជា​ថ្មី​ទៀត​នេះ ត្រូវ​បាន​អ្នក​វិភាគ​ប្រៀបធៀប​ទៅ​នឹង​ឆាកល្ខោន​មួយ​រោង​ដែល​លោក​នាយករដ្ឋមន្ត្រី​បែរ​ជា​ខឹង​អ្នក​រូត​ខ្សែ​វាំងនន ដែល​គ្រាន់​តែ​ដើម្បី​កំដរ​ល្ខោន ដោយ​ឡែក​តួ​សំដែង​វិញ​បែរ​ជា​រួច​ខ្លួន។
ការ​រិះគន់​របស់​ក្រុម​អ្នក​វិភាគ​ចំពោះ​សារ​នយោបាយ​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី​ប្រតិកម្ម​ចោទ​ប្រកាន់​ថា អ្នក​វិភាគ​អាង​តែ​មាន​មាត់​ចេះ​តែ​និយាយ ហើយ​ថែម​ទាំង​គំរាម​ថា កុំ​ចេះ​តែ​ហ៊ាន។
ទាក់ទិន​បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​យល់​ឃើញ​ថា សារ​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​ប្រតិកម្ម​ចំពោះ​ការ​វិភាគ​របស់​អ្នក​នៅ​ក្រៅ​សៃវៀន​នយោបាយ​នេះ វា​ជា​រឿង​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​ទៅ​វិញ​ទេ។
លោក កែម ឡី អះអាង​ថា មាន​អ្នក​នយោបាយ​ជា​ច្រើន​ដែល​លោក ហ៊ុន សែន គួរ​តស៊ូ​មតិ​ជាមួយ ក៏ប៉ុន្តែ​នៅ​ពេល​នេះ​បែរ​ជា​ខឹងសម្បា​ចំពោះ​អ្នក​ដែល​នៅ​ក្រៅ​ឆាក​នយោបាយ​ទៅ​វិញ។ លោក​បន្ត​ថា «ខ្ញុំ​មើល​ទៅ​របៀប​ខឹង​គោ​វាយ​នង្គ័ល​ទេ។ តាម​ពិត​ទៅ យើង​វិភាគ​ទៅ​តាម​ស្ថានភាព ពីព្រោះ​លើក​ដំបូង​នៅ​ពេល​ដែល​មាន​បញ្ហា​ម្ដង​ហើយ​ម្ដង​ទៀត ពេល​បុណ្យ​អុំ​ទូក​មាន​មនុស្ស​ស្លាប់​នៅ​ស្ពាន​អី​ហ្នឹង យើង​លើក​ចេញ។ នៅ​ពេល​ដែល​មាន​ការ​បោះ​ឆ្នោត ២០១៣ មាន​បញ្ហា​បាតុកម្ម​ច្រើន​អ៊ីចឹង គឺ​យើង​លើក។ មូលហេតុ​ហ្នឹង​មិន​មែន​យើង​វិភាគ​ទៅ​ឥត​មាន​ភស្តុតាង​ទេ»
ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹក​ជំនន់ និង​កែ​លម្អ​ប្រព័ន្ធ​លូ​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​៥ វិច្ឆិកា ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ចេញ​កំហឹង​ចំពោះ​អ្នក​វិភាគ​ដែល​មិន​សំដៅ​ចំ​ឈ្មោះ​ដោយ​ចាត់​ទុក​ថា ជា​ការ​វិភាគ​ដែល​គ្មាន​ទិស​ដៅ​ហើយ​មាន​មាត់​ចេះ​តែ​និយាយ។ លោក​បន្ត​ថា «សូម​អ្នក​វិភាគ​ទាំងឡាយ​យល់​ឲ្យ​ច្បាស់​កុំ​ព្រហើន។ ខ្ញុំ​ទទួល​ខុស​ត្រូវ​ដឹក​នាំ​ប្រទេស​នេះ។ អស់​លោក​អ្នក​មាន​សិទ្ធិ ក៏ប៉ុន្តែ​សូម​អស់​លោក​អ្នក​មាន​ភាព​ថ្លៃថ្នូរ និង​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់ កុំ​អាង​តែ​ខ្លួន​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ខ្វះ​វិចារណញ្ញាណ»
ជា​ទម្លាប់​របស់​លោក​នាយករដ្ឋមន្ត្រី​ដែល​តែង​ប្រើប្រាស់​វេទិកា​សាធារណៈ ហើយ​ស្ដីបន្ទោស​បក្ស​ប្រឆាំង ឬ​គំរាម​ចាប់​ដាក់គុក និង​ព្រមាន​វៃ​ខ្នោះ​អ្នក​រិះគន់​ជាដើម​នោះ ដោយ​ឡែក​លើក​នេះ​វិញ លោក ហ៊ុន សែន ក៏​បាន​យក​វេទិកា​សាធារណៈ​របស់​លោក ហើយ​រិះគន់​អ្នក​វិភាគ​ដូច​មុនៗ​ដែរ។
មូលហេតុ​ដែល​នាំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ប្រតិកម្ម​នឹង​ការ​រិះគន់​ដែល​សម្រេច​លុប​ចោល​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ ព្រោះ​តែ​អ្នក​វិភាគ​យល់​ឃើញ​ថា ប្រហែល​ជា​លោក ហ៊ុន សែន ព្រួយ​បារម្ភ​ខ្លាច​មាន​បាតុកម្ម​ផ្ទុះ​ឡើង​ប្រឆាំង​រូប​លោក​ក្នុង​ថ្ងៃ​បុណ្យ​អុំ​ទូក​ប៉ុណ្ណោះ ដែល​ពុំ​មាន​ហេតុ​ផល​ណា​ក្រៅ​ពី​នេះ​ឡើយ។
បើ​ទោះ​ជា​បែប​ណា លោក​នាយករដ្ឋមន្ត្រី​ចំអក​ឲ្យ​អ្នក​វិភាគ និង​គណបក្ស​ប្រឆាំង​ថា លោក​មិន​ខ្លាច​មាន​បាតុកម្ម​ទេ។ ជាង​នេះ​ទៀត លោក​ថែម​ទាំង​ហ៊ាន​ចំណាយ​លុយ​ឲ្យ​ធ្វើ​ទៀត​ផង។ ក៏ប៉ុន្តែ​អ្វី​ដែល​សម្រេច​ចិត្ត​លុប​បុណ្យ​អុំ​ទូក​ជា​ថ្មី​ទៀត​ក្នុង​ឆ្នាំ​នេះ ព្រោះ​តែ​កម្ពស់​ទឹក​មិន​អាច​បម្រើ​សេចក្ដី​ត្រូវការ​សម្រាប់​រៀបចំ​ព្រះ​រាជ​ពិធី​បាន។ ហេតុ​នេះ រដ្ឋាភិបាល​បង្ខំ​លុប​បុណ្យ​អុំ​ទូក​នេះ ប៉ុន្តែ​ពិធី​ផ្សេង​ទៀត​នៅ​តែ​អាច​ប្រារព្ធ​បាន​ជា​ធម្មតា។ លោក​បន្ត​ថា«ឥឡូវ​សូម​អ្នក​អត្ថាធិប្បាយ​ចេញ​មក ដើម្បី​និយាយ​គ្នា លោក​ឯង​យក​ទូក​មក​អុំ​មក អុំ​ខ្លួន​ឯង​ឥឡូវ​ហ្នឹង។ ឲ្យ​ទឹក​ប៉ុណ្ណឹង​ឲ្យ​លោក​ឯង​អុំ​ខ្លួន​ឯង ខ្ញុំ​ជួយ​ចេញ​លុយ​ឲ្យ។ ជាពិសេស​អ្នក​ធ្វើ​វិភាគ ហើយ​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ខ្លះ​ដល់​រហូត​ថ្នាក់​ថា រាជ​រដ្ឋាភិបាល​មិន​ហ៊ាន​ចាត់​តាំង​បុណ្យ​អុំ​ទូក ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម។ សូម​អញ្ជើញ​ចេញ​មក​ធ្វើ​បាតុកម្ម​ចេញ​មក»
ពាក់ព័ន្ធ​នឹង​បាតុកម្ម​នេះ លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ព្រឹត្តិការណ៍​ដែល​មាន​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​រូប​លោក​នៅ​បូរី​ញីវយ៉ក សហរដ្ឋអាមេរិក និង​នៅ​ប៉ារីស ប្រទេស​បារាំង គឺ​គណបក្ស​ជំទាស់​ជា​អ្នក​ដែល​ស្ថិត​នៅ​​ពី​ក្រោយ​ខ្នង។ ដោយ​ឡែក​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ ដែល​ប្រឆាំង​លោក កឹម សុខា វិញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា ក៏​មាន​អ្នក​រៀបចំ​ដែរ។ បើ​ទោះ​ជា​យ៉ាង​ណា បាតុកម្ម​ទាំង​ពីរ​នេះ មួយ​មាន​អំពើ​ហិង្សា​ដែល​បង្ក​ឲ្យ​អ្នក​តំណាងរាស្ត្រ​រង​របួស​ធ្ងន់ធ្ងរ។ ដោយ​ឡែក​បាតុកម្ម​នៅ​បូរី​ញីវយ៉ក សហរដ្ឋអាមេរិក និង​នៅ​ប៉ារីស ប្រទេស​បារាំង​វិញ ពុំ​មាន​អំពើ​ហិង្សា​ដូច​ថ្ងៃ​ទី​២៦ ខែ​តុលា ទេ។
លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ យល់​ឃើញ​ថា នេះ​ជា​សញ្ញា​នៃ​ការ​គំរាម​កំហែង ដែល​ការ​គំរាម​នេះ​គឺ​មាន​បញ្ញត្តិ​ដោយ​ច្បាប់ ហើយ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ ហេតុផល​ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​នេះ​ត្រូវ​បាន​លោក អំ សំអាត ចាត់​ទុក​ថា នោះ​ក៏​ព្រោះ​តែ​ការ​ផ្អាក​បុណ្យ​ជាតិ​ដ៏​សំខាន់​មួយ​នេះ ធ្វើ​ឡើង​ដោយ​មាន​មន្ទិល​សង្ស័យ​ជា​ច្រើន ហើយ​ពុំ​អាច​ទទួល​យក​បាន​ថែម​ទៀត​ផង។
យ៉ាង​ណា​ក៏​ដោយ លោក​នាយករដ្ឋមន្ត្រី​បាន​ព្រមាន​ថា រដ្ឋាភិបាល​ក៏​អាច​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម និង​ថា មែន​មាន​តែ​កម្លាំង​គាំទ្រ​​គណបក្ស​ប្រឆាំង​នោះ​ទេ។ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​លុប​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​ទៀត ក្រោម​ហេតុ​ផល​កម្ពស់​ទឹក​មិន​អាច​អុំ​ទូក​បាន។ ក៏ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​យល់​ឃើញ​ថា អ្វី​ដែល​រដ្ឋាភិបាល​ចេញ​បម្រាម​នេះ គឺ​ជា​ហេតុផល​នយោបាយ​ជា​ជាង​កម្ពស់​ទឹក​ទន្លេ​មាន​កម្រិត​ទាប៕

1 comment:

Anonymous said...

Prett Hun Sen is always warning to the public who has no arm to fight again with him,but with yuon he put his tail under his stomach as a dog.