មន្ត្រីរដ្ឋាភិបាល៖ កម្ពុជាមិនលក់អធិបតេយ្យភាពដើម្បីដោះដូរនឹងជំនួយបរទេស
ដោយ យាង សុជាមេត្តា
rfa 2015-11-27
លោក សម រង្ស៊ី (ពាក់កម្រងផ្កា) ប្រធានគណបក្សសង្គ្រោះជាតិ មកដល់កម្ពុជា វិញ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥។
RFA/Morm Moniroth
|
មន្ត្រីរដ្ឋាភិបាលថ្លែងថា កម្ពុជាមិនលក់អធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួនដើម្បីដោះដូរនឹងជំនួយបរទេសនោះទេ។ ការអះអាងនេះ គឺបន្ទាប់ពីសភាសហភាពអឺរ៉ុបបានបោះឆ្នោតលើសេចក្ដីសម្រេចមួយកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ដោយជំរុញឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលបទចោទប្រកាន់នានាលើលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងសកម្មជនបក្សប្រឆាំង។ សភាសហភាពអឺរ៉ុប ក៏គំរាមថា អាចនឹងលុបចោលជំនួយជាច្រើនលានដុល្លារដែលពួកគេគ្រោងផ្តល់ឲ្យកម្ពុជា។
នៅក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៦ ខែវិច្ឆិកា សភាសហភាពអឺរ៉ុបសម្ដែងការបារម្ភពីស្ថានភាពនយោបាយ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
សភាសហភាពអឺរ៉ុប លើកឡើងថា ពួកគេមានការបារម្ភពីបរិយាកាសនយោបាយដែលកំពុងតែយ៉ាប់យ៉ឺនសម្រាប់អ្នកនយោបាយបក្សប្រឆាំង សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនការពារបរិស្ថាន និងសង្គមស៊ីវិលនៅកម្ពុជា។ ពួកគេជំរុញឲ្យអាជ្ញាធរខ្មែរដកចេញនូវដីកាចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងទទូចឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោទប្រកាន់នានាលើលោក សម រង្ស៊ី និងអ្នកនយោបាយបក្សប្រឆាំង ក្នុងនោះក៏រួមមានសមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោក ហុង សុខហួរ ព្រមទាំងសកម្មជនបក្សប្រឆាំងដទៃទៀតដែរ។
សេចក្ដីសម្រេចរបស់សភាសហភាពអឺរ៉ុប ដែលមានសំឡេងគាំទ្រលើសលប់ពីសមាជិករបស់ខ្លួនក៏ជំរុញឲ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យអ្នកនយោបាយបក្សប្រឆាំងមានសិទ្ធិបំពេញការងារដោយសេរី មិនមានការភ័យខ្លាចដោយសារការគំរាមចាប់ខ្លួន ឬការធ្វើបាបនានា។ រដ្ឋាភិបាលកម្ពុជា ក៏ត្រូវបញ្ចប់នូវការប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាឧបករណ៍នយោបាយដើម្បីធ្វើបាបបក្សប្រឆាំង។
បន្ថែមពីលើសេចក្ដីថ្លែងការណ៍នេះ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បានរាយការណ៍ដោយស្រង់សម្ដីរបស់តំណាងរាស្ត្រសភាសហភាពអឺរ៉ុបមួយរូបដែលលើកឡើងពីលទ្ធភាពនៃការផ្ដាច់ជំនួយជាង ៤០០លានដុល្លារដែលសហភាពអឺរ៉ុបគ្រោងផ្ដល់ដល់កម្ពុជា ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ ប្រសិនបើរដ្ឋាភិបាលមិនធ្វើឲ្យរីកចំរើនលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ឆ្លើយតបចំពោះការគំរាមនេះ មន្ត្រីរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កម្ពុជាមិនលក់អធិបតេយ្យភាពដើម្បីដោះដូរនឹងជំនួយបរទេសនោះទេ។ លោកបញ្ជាក់ថា ការទាមទាររបស់សហភាពអឺរ៉ុបឲ្យកម្ពុជា ធ្វើនេះ ឬធ្វើនោះតាមខ្លួន គឺជាការផ្ទុយទៅនឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នីតិរដ្ឋ និងសណ្ដាប់ធ្នាប់នយោបាយដែលលោកថា កម្ពុជាកំពុងតែដំណើរការ និងពង្រឹងជាបន្តបន្ទាប់។
លោក ផៃ ស៊ីផាន៖ «ការគំរាមកំហែងតាមរយៈប្រាក់ជំនួយប្រឆាំងនឹងកម្ពុជា ដែលជារដ្ឋឯករាជ្យដែលមិនមែននៅក្រោមអាណានិគមរបស់អ្នកណាមួយនោះ គឺយើងមិនអាចទទួលយកបានទេ ពីព្រោះដើម្បីកសាងរដ្ឋនេះ យើងចំណាយអាយុជីវិតច្រើនណាស់ ហើយបំណងប្រាថ្នារបស់ពលរដ្ឋទាំងអស់ គឺសន្តិភាព នីតិរដ្ឋ និងសណ្ដាប់ធ្នាប់សង្គម ហើយជំនួយវាជាសន្តានចិត្តរបស់គេ ចង់គេឲ្យមិនឲ្យជារឿងរបស់គេ ក៏ប៉ុន្តែកម្ពុជា កំពុងរើ និងឈរលើខ្លួនឯង យើងមិនលុតជង្គង់ ដើម្បីបោះបង់ចោលអ្វីដែលជាអធិបតេយ្យភាពរបស់យើងសម្រាប់ជនបរទេសណាមួយនោះទេ»។
ជុំវិញស្ថានភាពនយោបាយតឹងតែងនៅកម្ពុជា នេះដែរ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានសម្ដែងទស្សនៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់លោកនៅថ្ងៃទី២៧ វិច្ឆិកា ថា វាល្មមដល់ពេលដែលអ្នកនយោបាយខ្មែរទទួលស្គាល់នូវតម្លៃគ្នាទៅវិញទៅមក បញ្ឈប់នូវការកម្ចាត់គ្នាបែបសត្រូវ និងត្រូវងាកមកប្រកួតប្រជែងគ្នាដោយភាពថ្លៃថ្នូរដើម្បីឲ្យជាតិរស់ទាំងអស់គ្នា។
លោក កឹម សុខា ដែលទើបត្រូវបានសមាជិកសភាបក្សកាន់អំណាចបោះឆ្នោតទម្លាក់ពីតំណែងអនុប្រធានទី១រដ្ឋសភា ថ្លែងថា អ្នកនយោបាយគួរធ្វើឲ្យមានការទុកចិត្តគ្នា ដែលមិនមែនមានតែនៅលើក្រដាសនោះទេ គឺត្រូវធ្វើឡើងក្នុងចិត្តទាំងអស់គ្នាដោយបំបាត់នូវគំនុំគំកួន និងបំបាត់ការបំភិតបំភ័យអ្នកដទៃ។ លោកថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នឹងមានគ្រោះថ្នាក់ ដរាបណាអ្នកនយោបាយខ្មែរមិនរកមធ្យោបាយស្មោះត្រង់ណាមួយដើម្បីដោះស្រាយបញ្ហា។
ក្រៅពីនោះ លោក កឹម សុខា ក៏បានលើកឡើងពីការតាំងចិត្តរបស់បក្សប្រឆាំងដើម្បីនាំមកនូវការផ្លាស់ប្ដូរនៅកម្ពុជា ជាការផ្លាស់ប្ដូរដែលលោក កឹម សុខា ថាគ្រប់ភាគីអាចទទួលយកបាន។
ចំពោះការលើកឡើងរបស់លោក កឹម សុខា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា អ្វីដែលលោក កឹម សុខា លើកឡើងពេលនេះ គឺស្របទៅតាមខ្លឹមសារកិច្ចព្រមព្រៀងដែលបក្សទាំង២ បានឯកភាពកន្លងមក។ ប៉ុន្តែលោកថា បើលោក កឹម សុខា ព្រួយបារម្ភពីការឡើងកម្ដៅនយោបាយនៅកម្ពុជា មែននោះ លោក កឹម សុខា ត្រូវអនុវត្តឲ្យត្រឹមត្រូវតាមកិច្ចព្រមព្រៀងរបស់បក្សទាំងពីរ។
លោក សុខ ឥសាន៖ «ខ្ញុំយល់ថា ការដែលមានបញ្ហាបោះឆ្នោតទម្លាក់គាត់ពីអនុប្រធានទី១ ហើយឯកឧត្ដម សម រង្ស៊ី ដែលតុលាការចេញដីកាចាប់ខ្លួន គឺជាការអនុវត្តច្បាប់ ហើយវាមិនមែនសម្ដែងនូវការធ្វើទុក្ខបុកម្នេញរបស់គណបក្សដឹកនាំអំណាចចំពោះគណបក្សប្រឆាំងទេ នេះវាកើតឡើងជាផលវិបាក ពីទង្វើនិងសកម្មភាពល្មើសច្បាប់របស់មេដឹកនាំគណបក្សប្រឆាំងប៉ុណ្ណោះ»។
តាំងពីមានការវាយប្រហារលើតំណាងរាស្ត្របក្សប្រឆាំង ការដកលោក កឹម សុខា ចេញពីអនុប្រធានទី១ រដ្ឋសភា ការចេញដីកាតាមចាប់ខ្លួន និងការដកសមាជិកភាពតំណាងរាស្ត្រ លោក សម រង្ស៊ី មក រដ្ឋាភិបាលត្រូវទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីអង្គការជាតិ និងសហគមន៍អន្តរជាតិ ក្នុងនោះមានតាំងពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សភាសហភាពអឺរ៉ុប សមាជិកសភាអាស៊ាន ក្រសួងការបរទេសសហរដ្ឋអាមេរិក និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិជាដើម។
យ៉ាងណា រដ្ឋាភិបាលកម្ពុជា ហាក់ពុំសូវយកចិត្តទុកដាក់ចំពោះការរិះគន់ និងការបារម្ភរបស់រដ្ឋាភិបាលបរទេស និងអង្គការអន្តរជាតិទាំងនេះទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាលតែងប្រតិកម្មថា ការរិះគន់ទាំងនេះមិនឆ្លុះបញ្ចាំងការពិត ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ឬដោយសារអ្នកទាំងអស់នេះមិនដឹងច្បាស់ពីស្ថានភាព ឬបរិបទនយោបាយនៅកម្ពុជា ជាដើម។
យ៉ាងណាក៏ដោយ សភាសហភាពអឺរ៉ុប នៅតែអំពាវនាវឲ្យរដ្ឋាភិបាល និងបក្សប្រឆាំងជួបចរចាគ្នាដើម្បីស្វែងរកដំណោះស្រាយនយោបាយតានតឹងនេះ។
ព្រឹទ្ធសភាកម្ពុជាប្រតិកម្មតបនឹងការរិះគន់របស់សភាអឺរ៉ុបនិងព្រឹទ្ធសភាអូស្ត្រាលី
ទាក់ទងនឹងរឿងនេះដែរ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ចេញសេចក្ដីថ្លែងការណ៍សម្ដែងការសោកស្ដាយចំពោះការរិះគន់របស់សភាសហភាពអឺរ៉ុប និងសមាជិកព្រឹទ្ធសភាអូស្ត្រាលី មកលើស្ថានការណ៍នយោបាយតានតឹងនៅកម្ពុជា។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ ដោយចាត់ទុកការអំពាវនាវរបស់សភាសហភាពអឺរ៉ុប និងសមាជិកព្រឹទ្ធសភាអូស្ត្រាលី ឲ្យរដ្ឋសភាកម្ពុជា ផ្ដល់សមាជិកភាពតំណាងរាស្ត្រ និងលើកលែងការចោទប្រកាន់ចំពោះលោក សម រង្ស៊ី ថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងរំលោភដល់អធិបតេយ្យភាពរបស់កម្ពុជា។ លោកថា ការអំពាវនាវនេះធ្វើឲ្យបាត់បង់តម្លៃប្រជាធិបតេយ្យ គោលការណ៍នីតិរដ្ឋ និងជាការបង្គាប់បញ្ជាដល់រដ្ឋអធិបតេយ្យដែលមានឯករាជ្យភាពពេញលេញក្នុងការសម្រេចកិច្ចការរបស់ប្រទេស។
លោកថ្លែងថា ការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី គឺជាចំណាត់ការរបស់តុលាការ មិនមានពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។ ចំណែកករណីដកតំណែងលោក កឹម សុខា ពីអនុប្រធានទី១ រដ្ឋសភាវិញ គឺដោយសារលោក កឹម សុខា បានបំពានលើក្រមសីលធម៌តំណាងរាស្ត្រ និងរដ្ឋធម្មនុញ្ញ ដោយបានប្រើតួនាទីជាអនុប្រធានទី១រដ្ឋសភា ដើម្បីវាយប្រហាររដ្ឋសភា និងញុះញង់ឲ្យមានអំពើហិង្សា៕
2 comments:
Yuon's slave Government,
The EU is trying to help Khmer people and Cambodia. If you are a slave who has been just executing your master Yuon's orders, this is a good opportunity for you to balk at your master Yuon.
Stop oppressing Khmer people for your master Mr. Yuon's slave government.
I really want to divide the country. Whoever want to live with Hun Sen go to live with Hun Sen. Whoever wants live with democracy counties like South Korea for example go to the western Cambodia. Divide the country.... I don't want to see his face and his evil people anymore. Hun Sen is the most boring person on earth.
Post a Comment