រដ្ឋាភិបាលកម្ពុជាប្រតិកម្មនឹងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
ដោយ ឡេង ម៉ាលី
2015-11-25
រដ្ឋាភិបាល
កម្ពុជា
ប្រតិកម្មតបទៅនឹងសេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសរបស់
អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា
ដោយចាត់ទុកការថ្លែងនោះ ថាជាការគ្មានពិសោធចំពោះរឿងកម្ពុជា។
មន្ត្រី
នាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
មានប្រសាសន៍នៅថ្ងៃទី២៥ វិច្ឆិកា ថា
លោកមិនជឿលើពាក្យសម្ដីរបស់អ្នករាយការណ៍ពិសេសរបស់អង្គការ
សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា គឺអ្នកស្រី រ៉ូណា
ស្មីត (Rhona Smith) ដែលថា ស្ថានភាពនយោបាយនៅកម្ពុជា
កំពុងឈានដល់ចំណុចកំពូលដ៏គ្រោះថ្នាក់ឡើងនោះទេ៖
«លោកស្រីហ្នឹងមិនមានការពិសោធន៍ចំពោះរឿងកម្ពុជា ទេ។ យើងឃើញហើយថា
អង្គការសហប្រជាជាតិ ដែលឲ្យលោកស្រីជាអ្នកតំណាង
គ្រាន់តែជាអ្នកសម្របសម្រួលទេ ក៏ប៉ុន្តែយើងជឿថា
លោកស្រីនៅតែសហការជាមួយប្រជាពលរដ្ឋកម្ពុជា
មិនចង់ឃើញជាវប្បធម៌មួយថា អនាគតរបស់កម្ពុជា
ឋិតនៅកណ្ដាប់ដៃរបស់បុគ្គលណាមួយឡើយ គឺឋិតនៅក្នុងស្ថាប័នជាតិ
និងនីតិរដ្ឋ ច្បាប់ទម្លាប់នេះឯង។ ដូច្នេះ ការបាត់ សម រង្ស៊ី ពីសភា
គឺគេឆ្លើយតបអ្វីទៅជាការរំលោភច្បាប់របស់ទណ្ឌិត សម រង្ស៊ី
ទៅលើការវិវាទបុគ្គល និងបុគ្គលសុទ្ធសាធ
អត់មានពាក់ព័ន្ធទៅនឹងរឿងនយោបាយ។ រីឯគណបក្សប្រឆាំងនៅកម្ពុជា
មិនមែនឋិតនៅតែគណបក្សសង្គ្រោះជាតិ នោះទេ គឺយើងមានគណបក្សដទៃទៀត
ដែលបង្កើតជាច្រើនបន្ថែមទៀត ហើយការងាររបស់គណបក្សសង្គ្រោះជាតិ
ក៏នៅតែបន្ត ដូចជាថ្មីៗនេះ ឯកឧត្ដម កឹម សុខា
លោកបានចាត់ការងារជាកាតព្វកិច្ចរបស់សមាជិករបស់លោកហ្នឹងឲ្យដំណើរ
ការក្នុងការពន្យល់អំពីនយោបាយរបស់គណបក្ស»។
ការ
ឆ្លើយតបនេះ គឺបន្ទាប់ពីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅថ្ងៃទី២៤ វិច្ឆិកា
ចេញផ្សាយសេចក្ដីថ្លែងការណ៍មួយរបស់អ្នករាយការណ៍ពិសេស គឺអ្នកស្រី
រ៉ូណា ស្មីត។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ អ្នកស្រី រ៉ូណា ស្មីត
សរសេរថា ការចាត់វិធានការបំបាក់ផ្នែកនយោបាយនៅកម្ពុជា
កំពុងឈានដល់ចំណុចកំពូលដ៏គ្រោះថ្នាក់
ហើយអ្នកជំនាញការសិទ្ធិមនុស្សសហប្រជាជាតិ ដាស់តឿន
ដោយសារតែបញ្ហានេះពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិមនុស្សរបស់
ប្រជាពលរដ្ឋកម្ពុជា។
អ្នកស្រី រ៉ូណា ស្មីត
កត់សម្គាល់ដោយក្ដីព្រួយបារម្ភអំពីស្ថានការណ៍តានតឹងរវាងគណបក្ស
នយោបាយប្រឆាំង និងគណបក្សកាន់អំណាច ឧប្បត្តិហេតុហិង្សា
ការបំភិតបំភ័យបុគ្គលមួយចំនួន
ការប្រើប្រាស់ភាសាប្រទូសរ៉ាយដាក់គ្នានៅក្នុងកិច្ចសន្ទនានយោបាយ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ
កំពុងឃ្លាំមើលស្ថានការណ៍នៅកម្ពុជា
ចាប់តាំងពីពេលវាយដំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
នៅខាងមុខរដ្ឋសភា ការទម្លាក់ លោក កឹម សុខា ពីតួនាទីអនុប្រធានរដ្ឋសភា
និងចុងក្រោយ គឺដកអភ័យឯកសិទ្ធិសភាពី លោក សម រង្ស៊ី
និងចេញដីកាចាប់ខ្លួនពីបទក្លែងឯកសារសាធារណៈ
ការញុះញង់ឲ្យមានភាពចលាចលធ្ងន់ធ្ងរដល់សន្តិសុខ
និងសណ្ដាប់ធ្នាប់សង្គម។
ឆ្លើយតបបញ្ហាទាំងនេះ
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា
រាជរដ្ឋាភិបាលនៅតែឲ្យតម្លៃលើនីតិរដ្ឋ
ដោយមិនឲ្យមានអ្នកណាម្នាក់លើច្បាប់ ហើយរឿងនយោបាយ គឺកម្ពុជា
កំពុងកសាងលទ្ធិប្រជាធិបតេយ្យ៖ «យើងយល់ឃើញថា
លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា
គឺមិនមែនឋិតនៅក្នុងបាតដៃរបស់ឯកឧត្ដម សម រង្ស៊ី ជាបុគ្គលនោះទេ
គឺឋិតនៅលើគោលការណ៍ ឋិតនៅលើនីតិរដ្ឋ
និងការទទួលខុសត្រូវចំពោះមុខច្បាប់
និងការទទួលខុសត្រូវចំពោះរដ្ឋធម្មនុញ្ញ។ ដូច្នេះ លទ្ធិប្រជាធិបតេយ្យ
គឺជាគោលបំណងរបស់ប្រជាពលរដ្ឋខ្មែរ មិនមែនក្រោមគំនាបរបស់បុគ្គល សម
រង្ស៊ី នោះទេ គឺឋិតនៅក្នុងរបបសេរីពហុបក្ស។
អាហ្នឹងជាលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា»។
លោកមាន
ប្រសាសន៍ទៀតថា ការលូកលាន់របស់អង្គការសហប្រជាជាតិ ដោយមិនយល់ច្បាប់
និងវប្បធម៌របស់កម្ពុជា ជាការលំបាក និងមានសោកនាដកម្ម
ដូចដែលអង្គការសហប្រជាជាតិ ទទួលស្គាល់របប ប៉ុល ពត ហើយ អ៊ុនតាក់ (UNTAC)
ធ្លាប់បរាជ័យក្នុងការរៀបចំសន្តិភាពនៅកម្ពុជា។
អ្នក
រាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត ថា
អ្នកស្រីមិនជ្រៀតជ្រែកផ្នែកនយោបាយនៅកម្ពុជា
ហើយក៏មិនធ្វើអត្ថាធិប្បាយលើចំណាត់ការរបស់តុលាការដែរ
រាប់ទាំងករណី លោក សម រង្សី ប៉ុន្តែក្ដីកង្វល់ធំសម្រាប់អ្នកស្រី
គឺអំពើហិង្សាដែលបានប្រព្រឹត្តលើការប្រើប្រាស់សិទ្ធិសេរីភាព
ដើម្បីសម្ដែងមតិដោយសន្តិវិធីនៅក្នុងជីវភាពនយោបាយ។
ដើម្បីឲ្យស្ថានភាពល្អប្រសើរ
អ្នកស្រីអំពាវនាវដល់គណបក្សនយោបាយទាំងពីរ
ឲ្យបន្តវប្បធម៌សន្ទនានយោបាយឡើងវិញ។
ទាក់ទងនឹងការ
អំពាវនាវរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា
ឲ្យចាប់ផ្ដើមកិច្ចសន្ទនាឡើងវិញ គណបក្សនយោបាយទាំងពីរបញ្ជាក់ថា
រហូតមកដល់ពេលនេះ
នៅមិនទាន់មានការទាក់ទងគ្នាជាផ្លូវការសម្រាប់ដាក់កាលបរិច្ឆេទ
ជួបគ្នានៅឡើយទេ។
អ្នកនាំពាក្យគណបក្សប្រជាជន
កម្ពុជា គឺលោក សុខ ឥសាន មានប្រសាសន៍ថា
ខាងលោកនៅមិនទាន់ទទួលបានតម្រុយអ្វីមួយសម្រាប់ជំនួបសន្ទនាជាមួយ
គណបក្សសង្គ្រោះជាតិ ទេ៖ «រហូតមកដល់ពេលនេះ នៅមិនមានតម្រុយអី
ឬមួយថា ឈប់សម្រាកបុណ្យអុំទូក ឬមួយយ៉ាងម៉េច គ្រាន់តែឯកឧត្ដម កឹម
សុខា បង្ហើរតាមរលកធាតុអាកាស តាមវាយោតែប៉ុណ្ណឹង។
បើថាមាននិន្នាការអី គាត់ស្នើអីជាលាយលក្ខណ៍អក្សរ
អាហ្នឹងបានជាផ្លូវការ បើគ្រាន់តែស្រែកតាមមេក្រូ
អាហ្នឹងមិនទាន់ផ្លូវការទេ»។
ដូចគ្នានេះដែរ
ខាងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ
ថ្លែងបញ្ជាក់បន្ថែមថា លោក កឹម សុខា ដែលជាប្រធានស្ដីទីគណបក្ស
លោកកំពុងធ្វើកិច្ចការនេះ៖ «លោកប្រធានស្ដីទីនឹងត្រិះរិះពិចារណា
ហើយលោកកំពុងធ្វើការហ្នឹងហើយបាទ។ បើសិនជាមានអីវិវឌ្ឍន៍ទៅ
គឺយើងខ្ញុំនឹងជូនព័ត៌មានជាសាធារណៈ»។
ស្ថានការណ៍
នយោបាយតានតឹងនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ
កំពុងតែទាញឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភកាន់តែច្រើន។ ថ្មីៗនេះ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon)
ក៏បានសម្ដែងក្ដីកង្វល់អំពីវិធានការរបស់រដ្ឋាភិបាលលើអ្នកនយោបាយ
បក្សប្រឆាំង ហើយនៅពេលនេះ សមាជិកសភាសហភាពអឺរ៉ុប
ក៏បង្ហាញការព្រួយបារម្ភរបស់ខ្លួនដែរ៕
No comments:
Post a Comment