ដោយ ម៉ម មុនីរតន៍
rfa 2015-11-25
ពីឆ្វេង៖ លោក កឹម សុខា លោក សម រង្ស៊ី និងលោក ហ៊ុន សែន
ចាប់ដៃគ្នាក្រោយចេញពីជំនួបប្រជុំកំពូល នាវិមានព្រឹទ្ធសភា
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
RFA/Tin Zakariya
|
មន្ត្រីជាន់ ខ្ពស់គណបក្សកាន់អំណាច ពិចារណាក្នុងការមិនចរចាជាមួយគណបក្សជំទាស់ ប្រសិនបើគណបក្សនេះពិតជាលើកឡើងនូវរបៀបវារៈនយោបាយ ពីសំណុំរឿងរបស់ លោក សម រង្ស៊ី ដើម្បីដាក់លើតុពិគ្រោះយោបល់មែននោះ។ អ្នកវិភាគនយោបាយវិញយល់ឃើញថា ប្រសិនបើអ្នកនយោបាយនៅតែដើរលើផ្លូវរៀងៗខ្លួនដូចនេះ អ្នករងគ្រោះ គឺជាប្រជាពលរដ្ឋ និងប្រទេសជាតិ។
មន្ត្រីនាំពាក្យ គណបក្សដែលគ្រប់គ្រងរដ្ឋាភិបាល បដិសេធការចរចាជាមួយគណបក្សប្រឆាំង ប្រសិនបើកិច្ចពិភាក្សានោះ ផ្ដោតលើបញ្ហារបស់ លោក សម រង្ស៊ី ដើម្បីឲ្យរួចផុតពីការចោទប្រកាន់របស់តុលាការ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ក៏មិនជំទាស់ដែរ ប្រសិនកិច្ចពិគ្រោះយោបល់នោះធ្វើឡើងស្ថិតក្នុងក្របខ័ណ្ឌត្រឹម វប្បធម៌សន្ទនា ហើយចង់បន្តឲ្យមានស្ថិរភាពនយោបាយនៅកម្ពុជា។
ការ បដិសេធពីជំនួបរបស់មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចនៅពេលនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ ក្រោយពីអនុប្រធានគណបក្សជំទាស់ ប្រកាសជំហរថា ខ្លួននឹងវិលទៅរកតុចរចាឡើងវិញជាមួយគណបក្សដែលគ្រប់គ្រង រដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។
លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា ជំទាស់ថា បក្សនៅក្នុងរដ្ឋាភិបាលនឹងពិចារណាមិនចរចា ប្រសិនបើគណបក្សប្រឆាំងលើកយកសំណុំរឿងរបស់ លោក សម រង្ស៊ី ហើយចង់សម្របសម្រួលផ្នែកនយោបាយ ដើម្បីឲ្យរួចពីការចោទប្រកាន់តាមផ្លូវតុលាការមែននោះ។ លោក សុខ ឥសាន ចាត់ទុកថា វានឹងមិនអាចទៅរួចឡើយ ព្រោះសំណុំរឿង លោក សម រង្ស៊ី នេះវាពុំមែនជាទំនាស់នយោបាយ ហើយបក្សកាន់អំណាច មិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់តុលាការនោះទៀតផង៖ «»។
កាល ពីថ្ងៃទី១៣ វិច្ឆិកា តំណាងអយ្យការរបស់តុលាការក្រុងភ្នំពេញ លោក ស៊ឺ វណ្ណនី បានចេញដីកាតាមចាប់ខ្លួនប្រធានគណបក្សជំទាស់ ក្រោមបទចោទបរិហារកេរ្តិ៍លើ លោក ហោ ណាំហុង។ ភាពតានតឹងផ្នែកនយោបាយនេះ មិនទាន់ទាំងចុះកម្ដៅស្រួលបួលទៅវិញនៅឡើយផង រយៈពេល ៨ថ្ងៃក្រោយ ពោលគឺកាលពីថ្ងៃទី២០ វិច្ឆិកា ស្រាប់តែមានដីកាថ្មីបន្ថែមមួយទៀត ដែលចេញដោយចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ លោក កោ វណ្ឌី វិញម្ដង។ ដីកាបន្ថែមដែលបង្គាប់ឲ្យ លោក សម រង្ស៊ី ចូលខ្លួនជាថ្មីទៀតនេះ គឺនឹងត្រូវអនុវត្តនៅថ្ងៃទី៤ ធ្នូ ពាក់ព័ន្ធនឹងបទចោទសមគំនិត ក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ផ្ទុយ ពីការអះអាងរបស់មន្ត្រីជាន់ខ្ពស់គណបក្សដែលគ្រប់គ្រងរដ្ឋាភិបាល ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងស្ថានទូតសហរដ្ឋអាមេរិកផង ចាត់ទុកថា នេះជាទំនាស់ផ្នែកផ្លូវនយោបាយច្រើនជាង។ បន្ទាប់ពីនយោបាយចាប់ផ្ដើមតានតឹងរវាង លោក សម រង្ស៊ី និងលោក ហ៊ុន សែន និងក្រោយពីនាយករដ្ឋមន្ត្រីព្រមានផ្ទួនៗប្រឆាំង លោក សម រង្ស៊ី គេសង្កេតឃើញថា ដីកាបង្គាប់ឲ្យតាមចាប់ខ្លួនមេបក្សជំទាស់ ក៏លេចឡើងព្រោងព្រាតភ្លាមដែរមួយរំពេច។ បញ្ហានេះ ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចាត់ទុកថា វាហាក់ផ្ទុយពីអ្វីដែលបានកើតឡើងលើគណបក្សជំទាស់។ រហូតមកដល់ពេលនេះ ពុំទាន់ឃើញដីកាអនុវត្តឲ្យចាប់ខ្លួនអ្នកប្រព្រឹត្តិបទល្មើសលើ អ្នកតំណាងរាស្ត្រ ២រូបបន្ថែមទៀតនៅឡើយ ក្រៅពីមនុស្ស ៣នាក់បានចេញសារភាពដោយខ្លួនឯង បន្ទាប់ពី លោក ហ៊ុន សែន អំពាវនាវ។ អតីតអនុប្រធានទី១ រដ្ឋសភា ដែលត្រូវបានសមាជិកសភាលើសលប់ពីខាងគណបក្សកាន់អំណាចដកចេញពីកៅអី លោក កឹម សុខា អះអាងថា នឹងបន្តស្វែងរកយុត្តិធម៌បន្តទៀត ប្រឆាំងការប្រើហិង្សាលើអ្នកតំណាងរាស្ត្រនេះ។
យ៉ាង ណាក៏ដោយ លោក កឹម សុខា អតីតអនុប្រធានទី១ នៃរដ្ឋសភា និងជាអនុប្រធានគណបក្សជំទាស់ នៅពេលជើងយន្តហោះចុះដល់ដីមិនទាំងបាន ២៤ម៉ោងឲ្យស្រួលបួលផង លោកប្រកាសពីជំហរបក្សភ្លាមដែរថា នឹងស្វែងរកមធ្យោបាយណាត់ជួបជាមួយគណបក្សកាន់អំណាច។ លោក កឹម សុខា បញ្ជាក់ថា មូលហេតុចម្បង គឺចង់ជួសជុលភាពប្រេះឆាផ្នែកនយោបាយឲ្យវិលមករកភាពប្រក្រតីឡើង វិញ។ មិនតែប៉ុណ្ណោះ របៀបវារៈសំខាន់ក្នុងជំនួបដែលប៉ះប៉ូវភាពធ្លុះធ្លាយកន្លងមកនេះ គណបក្សជំទាស់នឹងស្នើដែរទៅសមភាគីរបស់ខ្លួនពីសំណុំរឿង លោក សម រង្ស៊ី៖ «»។
សម្រាប់អ្នកវិភាគនយោបាយ យល់ឃើញថា នេះជាជម្រើសដ៏ល្អ ប្រសិនបើអ្នកនយោបាយចាប់ផ្ដើមងាកមករកតុចរចាឡើងវិញ។
លោក សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ សាទរចំពោះគំនិតផ្ដួចផ្ដើមនៅពេលនេះរបស់អ្នកនយោបាយ ដែលចង់ផ្សះផ្សាភាពប្រេះស្រាំកន្លងហួសទៅហើយនេះ។ លោកបន្ថែមថា បញ្ហាកាន់តែស្មុគស្មាញ ប្រសិនបើអ្នកនយោបាយកាន់តែបែរខ្នងដាក់គ្នា ហើយរឹតតែមិនចំណេញទៀតនោះ គឺប្រជាពលរដ្ឋ និងប្រទេសជាតិ។ លោកបន្ថែមទៀតថា ការមិនអត់ឱនផ្នែកនយោបាយ និងមិនគោរពគ្នាទៅវិញទៅមកនេះ ជាដើមចមនាំឲ្យមានទំនាស់ផ្នែកនយោបាយ ជាពិសេសចង់ឈ្នះចាញ់រៀងៗខ្លួន ដោយពុំបានគិតពីផលប្រយោជន៍ជាតិជាធំ៖ «»។
ថ្មីៗ នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ក៏បានអំពាវនាវដល់ភាគីជម្លោះទាំងពីរបក្សវិលមករកតុចរចាឡើងវិញ ដើម្បីសម្រួលស្ថានការណ៍នយោបាយកុំឲ្យមានកម្ដៅកាន់តែធ្ងន់ធ្ងរជាង នេះទៀត៕
No comments:
Post a Comment