មន្ត្រីគណបក្សសង្គ្រោះជាតិប្រកាសធ្វើពហិការមិនចូលប្រជុំសភានៅថ្ងៃទី៣០វិច្ឆិកា
ដោយ ខែ សុណង
rfa 2015-11-29
មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រកាសមិនចូលប្រជុំសភានៅថ្ងៃទី៣០ ខែវិច្ឆិកា ដោយសារពុំមានជំនួបកំពូលរវាងគណបក្សទាំងពីរនៅមុនថ្ងៃប្រជុំសភាពេញអង្គ។
អ្នកនាំពាក្យក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍នៅថ្ងៃទី២៩ ខែវិច្ឆិកា ថា ថ្នាក់ដឹកនាំគណបក្ស បានសម្រេចថានឹងមិនចូលប្រជុំសភាទេ ដោយសារតែគ្មានការចរចាណាមួយក្នុងវប្បធម៌សន្ទនា ដើម្បីដោះស្រាយអំពើអយុត្តិធម៌ជាច្រើនមកលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ បញ្ហាទាំងនោះមានជាអាទិ៍ អំពើហិង្សាលើអ្នកតំណាងរាស្ត្រទាំងពីរ ករណីតវ៉ាដកតំណែងប្រធានទី១ នៃរដ្ឋសភា ការដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ គឺលោក សម រង្ស៊ី ជាដើម ដែលមិនទាន់មានដំណោះស្រាយ ហើយជាទង្វើរំលោភច្បាប់៖ «ព័ត៌មានពីលោកប្រធានអនុប្រធាន សម្រេចថាមិនចូលរួមប្រជុំសភាស្អែកនេះទេ។ នៅមានការជួបគ្នាតាមរយៈវប្បធម៌សន្ទនាសំឡេងភាគតិច និងសំឡេងភាគច្រើននៃរដ្ឋសភា ដែលនឹងជជែករកដំណោះស្រាយបញ្ហាទាំងអស់នេះ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍កាលពីថ្ងៃទី២៨ វិច្ឆិកា ថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ពេលព្រឹកប្រជុំសភាធម្មតា ហើយចាប់ពីម៉ោង ៥ល្ងាច គណបក្សទាំងពីរដែលដឹកនាំដោយ លោក ស ខេង និងលោក កឹម សុខា អាចជួបចរចាគ្នាធម្មតាដូចលើកមុនៗ។ លោកថា ទោះគ្មានវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃប្រជុំសភា ក៏គ្មានបញ្ហាដែរ ព្រោះតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មានចំនួនច្រើនលើសលុបដើម្បីអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦។
សម័យប្រជុំសភាលើកទី៥ នីតិកាលទី៥ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា មានរបៀបវារៈពីរ គឺការពិភាក្សាសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ និងការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីស្ថិតិ៕
No comments:
Post a Comment