ដោយ ម៉ែន សុធីរ
rfa 2015-11-29
គ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ (WY) ដែលមន្ត្រីកងរាជអាវុធហត្ថបង្ក្រាបបានកាលពីខែសីហា ឆ្នាំ២០១៥។
RFA/Men Sothyr
|
សង្គមស៊ីវិល និងពលរដ្ឋ បារម្ភពីការនាំចូលគ្រឿងញៀនពីប្រទេសឡាវ ឆ្លងតាមច្រករបៀងទាំងផ្លូវទឹក និងផ្លូវគោកមកកម្ពុជា។ ការបារម្ភនេះ បន្ទាប់ពីការចរាចរទីផ្សារផ្លូវងងឹតទាក់ទិនគ្រឿងញៀន និងករណីឃាត់ខ្លួនជនសង្ស័យបានកាន់តែច្រើន។ មន្ត្រីសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលពង្រឹងយន្តការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យចូលរួមរាយការណ៍ពីបទល្មើសគ្រឿងញៀនឲ្យបានគ្រប់គ្នា ព្រោះកន្លងមកយន្តការនេះពុំសូវមានប្រសិទ្ធភាពទេ។
មន្ត្រីសង្គមស៊ីវិល អំពាវនាវឲ្យរដ្ឋាភិបាលរកមធ្យោបាយបន្ថែម ដើម្បីទប់ស្កាត់ការហូរចូលគ្រឿងញៀនពីក្រៅប្រទេសឲ្យមានប្រសិទ្ធភាព។ ការអំពាវនាវនេះ ធ្វើឡើងខណៈដែលចំនួននៃអ្នកប្រើប្រាស់គ្រឿងញៀនកាន់តែកើនឡើង និងចំនួនជនសង្ស័យដែលត្រូវបានចាប់ខ្លួន ក៏កើនឡើងដែរ។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍នៅថ្ងៃទី២៩ វិច្ឆិកា ថា ការហូរចូលគ្រឿងញៀន និងចំនួនអ្នកប្រើប្រាស់ ព្រមទាំងចំនួននៃការបង្ក្រាបក៏កាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោកថា ករណីនេះជាសញ្ញាបង្ហាញឲ្យឃើញពីការបង្ក្រាបរបស់រដ្ឋាភិបាល ហាក់មិនទាន់មានភាពប្រសើរនៅឡើយ។ លោកអំពាវនាវឲ្យសមត្ថកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាមួយអ្នកពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រទេសឡាវ៖ «យើងព្យាយាមលុបបំបាត់។ ខ្ញុំជឿថាអាច។ ទោះបីវាមិនបាត់ ក៏វាប្រសើរជាងមុន ព្រោះយើងឃើញ ២០១៥ នេះ មានការបង្ក្រាបច្រើនណាស់។ យើងសរសើរទៅលើកងរាជអាវុធហត្ថ និងស្នងការខេត្ត»។
ចំណែករបាយការណ៍របស់កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឆ្នាំ២០១៥ ឲ្យដឹងថា សមត្ថកិច្ចបង្ក្រាបការជួញដូរគ្រឿងញៀនចំនួន ៤២ករណី ចាប់ខ្លួនសង្ស័យចំនួន ៧៥នាក់ ក្នុងនោះមានជនជាតិឡាវ ៥នាក់ និងចាម ម្នាក់។ សមត្ថកិច្ចរឹបអូសគ្រឿងញៀនមេតំហ្វេតាមមីនប្រភេទម្សៅ (ICE) ជាង ២ពាន់ក្រាម (២.២៩៩,៥២២ក្រាម) និង ២១កញ្ចប់តូច ប្រភេទមេតំហ្វេតាមីនគ្រាប់ (WY) ចំនួនជាង ៣ពាន់គ្រាប់ (៣.២១២គ្រាប់) បើធៀបនឹងឆ្នាំ២០១៤ កើនឡើង។
ស្នងការខេត្តស្ទឹងត្រែង លោក ម៉ៅ តារា បញ្ជាក់យ៉ាងខ្លីថា បញ្ហាគ្រឿងញៀននៅតែជាប្រធានបទក្ដៅសម្រាប់ខេត្តស្ទឹងត្រែង ដែលនគរបាលកំពុងយកចិត្តទុកដាក់បង្ក្រាប៖ «ឆ្នាំហ្នឹងយើងបង្ក្រាបបានច្រើន ប៉ុន្តែបញ្ហាគ្រឿងញៀនវាមិនចេះអស់ទេ»។
យ៉ាងនេះក្តី មន្ត្រីសង្គមស៊ីវិលមើលឃើញថា យន្តការបង្ក្រាបរបស់រដ្ឋាភិបាលហាក់ដូចជាមិនទុកចិត្តគ្នារវាងសមត្ថកិច្ច និងតុលាការ បង្កឲ្យកើនឡើងនូវការជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់។
មន្ត្រីសម្របសម្រួលនៃបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា រដ្ឋាភិបាលគួរពង្រឹងច្បាប់ជាមូលដ្ឋានគ្រឹះ និងអនុវត្តច្បាប់ដោយមិនរើសមុខ។ លោកយល់ថា រដ្ឋាភិបាលគួរពង្រឹងការត្រួតពិនិត្យពីលទ្ធភាពនៃការបង្ក្រាបរបស់មន្ត្រីជំនាញដោយឯករាជ្យ ដើម្បីស្ទង់ពីកម្រិតសមត្ថភាពមន្ត្រីជំនាញ ថាតើមានសមត្ថភាពកម្រិតណា ដើម្បីងាយស្រួលរកគន្លឹះកែលំអបន្ថែម ក្នុងការទប់ស្កាត់ករណីគ្រឿងញៀនឲ្យបានប្រសើរ។ លោកផ្តល់ទស្សនៈថា រដ្ឋាភិបាលគួរតែមានយន្តការកែលំអនៃការបង្ក្រាបដោយវិវឌ្ឍន៍តាមសម័យកាល ខណៈដែលចំនួននៃអ្នកប្រើប្រាស់ និងចំនួននៃការបង្ក្រាបកាន់តែកើនឡើង ជាកញ្ចក់ឆ្លុះបញ្ចាំងពីសមត្ថភាពនៃការបង្ក្រាបរបស់មន្ត្រីជំនាញ៖ «មានតែការបន្ថែមល្បឿនទាំងការទប់ស្កាត់តាមព្រំដែន និងបង្ក្រាបក្នុងប្រទេស។ យើងអាចមើលឃើញថា ការកើនឡើងនៃគ្រឿងញៀន ពិសេសការចែកចាយ ដូចជាឆ្លងដែនមកហ្នឹង។ វាអាចពាក់ព័ន្ធធ្ងន់ធ្ងរទៅនឹងរឿងពុករលួយហ្នឹង។ ពុករលួយវាអាចរឿងភាពអសកម្មពាក់ព័ន្ធសមត្ថកិច្ច ឬពាក់ព័ន្ធអ្នកអនុវត្តន៍ច្បាប់ក្នុងកម្រិតណាមួយហ្នឹង»។
កាលពីចុងខែមិថុនា ឆ្នាំ២០១៥ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ បង្ហាញគ្រឿងញៀនទម្ងន់ជិត ៥៥គីឡូក្រាម ដែលមានតម្លៃប្រមាណជិត ៣លានដុល្លារ ដែលនគរបាលជំនាញបង្ក្រាបបាន ដោយចាត់ទុកថា ប្រសិនគ្រឿងញៀនទាំងនោះបានចរាចរ នឹងបង្កហានិភ័យដល់ពលរដ្ឋខ្មែររាប់លាននាក់។
របាយការណ៍ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឆ្នាំ២០១៥ ឲ្យដឹងថា នគរបាលបង្ក្រាបបទល្មើសគ្រឿងញៀនមានចំនួន ៤៧ករណី ធៀបឆ្នាំ២០១៤ កើនឡើង ២៨ករណី ស្មើ ៤០,៤២%។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៧៤នាក់ ក្នុងនោះជនជាតិឡាវ ៣នាក់ ជនជាតិចាម ៣នាក់ និងជនជាតិវៀតណាម ៤នាក់។ ចំនួននេះ ធៀបឆ្នាំ២០១៤ កើនឡើង ៤៤ករណី។ សមត្ថកិច្ចក៏រឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ឬម៉ាទឹកកក (WY) ចំនួនជាង ៦ពាន់គ្រាប់ (៦.៥៩១គ្រាប់) និងប្រភេទមេតំហ្វេតាមីនម្សៅ (ICE) ជាង ៤ពាន់ក្រាម (៤.៨៤៩,៦ក្រាម)៕
1 comment:
បើចង់អស់គ្រឿងញៀន លុះត្រាចាប់ពួកឧត្តមសេនីយ៏ ឬ ឯកឧត្តម ឬ នាយបូ៉លិស អស់នោះគ្រឿងញៀនមិខតែសាបសូន្យ ។
Post a Comment