តើការមិនចូលស្រុករបស់មេបក្សជំទាស់អាចនឹងប៉ះពាល់ដំណើរការបោះឆ្នោតឬទេ?
ដោយ ម៉ម មុនីរតន៍
2015-11-24
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេលត្រឡប់ពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥។ |
ប្រទេសកម្ពុជា គ្រោងនឹងរៀបចំការបោះឆ្នោតសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នៅឆ្នាំ២០១៧។ ដោយឡែក សម្រាប់ការបោះឆ្នោតសកលអាណត្តិទី៦វិញ នឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០១៨។ បើទោះជាបែបនេះក្ដី សម្រាប់អ្នកវិភាគនយោបាយ និងអ្នកជំនាញកិច្ចការបោះឆ្នោតវិញ យល់ឃើញថា ការបោះឆ្នោតខាងមុខនេះ អាចនឹងប៉ះពាល់ដល់ដំណើរការ និងនីតិវិធីបោះឆ្នោត ប្រសិនបើមេបក្សជំទាស់នៅតែត្រូវខកខានមិនអាចមានលទ្ធភាពណាមួយវិលចូលស្រុកវិញបានទេនោះ។
តុលាការក្រុងភ្នំពេញ បានចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី ផ្ទួនៗគ្នាក្នុងក្នុងដំណាក់កាលចុងក្រោយនេះ ហើយត្រូវបានអ្នកវិភាគមើលឃើញថា គឺជាឧបសគ្គដ៏ចម្បងដែលរាំងខ្ទប់ដល់ការវិលចូលស្រុកវិញរបស់មេបក្សប្រឆាំងនៅកម្ពុជា។
អ្នកជំនាញលើកិច្ចការបោះឆ្នោតយល់ឃើញថា ការខកខានដែលមិនអាចចូលប្រឡូក និងការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យនយោបាយឡើងវិញរបស់ប្រធានគណបក្សជំទាស់នេះ គឺជាការដើរថយក្រោយនៃដំណើរឆ្ពោះទៅរកប្រជាធិបតេយ្យមួយដ៏ពិតប្រាកដ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និង ត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា អង្គការនិកហ្វិច (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា ប្រសិនបើលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅតែមិនត្រូវបានផ្ដល់លទ្ធភាពពេញលេញក្នុងការចូលរួមបោះឆ្នោតទេ វានឹងធ្វើឲ្យបរិយាកាសប្រព្រឹត្តទៅដោយមិនស្មើភាព ហើយការប្រកួតប្រជែងនោះទៀតសោត មិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ។
លោកបន្តថា៖ «ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ទាល់តែមានការចូលរួម ហើយចូលរួមដោយពេញលេញពីគណបក្សទាំងអស់ដែលចូលរួមប្រកួតហ្នឹង។ បើយើងមិនឲ្យមានវត្តមានគណបក្សដែលចូលរួមប្រកួត ប៉ះពាល់ដល់ដំណើរការបោះឆ្នោតធ្ងន់ធ្ងរណាស់បាទ!»។
ការចុះឈ្មោះបោះឆ្នោតជាផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់តាមប្រព័ន្ធកុំព្យូទ័រ គ.ជ.ប នឹងចាប់អនុវត្តចន្លោះពីខែមីនា ដល់ខែឧសភា ឆ្នាំ២០១៦ ខាងមុខ ហើយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់តែម្ដង នឹងរៀបចំនៅឆ្នាំ២០១៧។ ចំណែកការបោះឆ្នោតសកល ឬហៅថា បោះឆ្នោតជាតិវិញ នឹងប្រព្រឹត្តទៅក្នុងសប្ដាហ៍ទី៤ នៃខែកក្កដា។
ជុំវិញការបោះឆ្នោតនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញាកាលពីថ្ងៃទី៣ ខែសីហា ថា លោកមិនព្រមឲ្យមានការបោះឆ្នោតមុនអាណត្តិជាដាច់ខាត ជាពិសេសគណបក្សប្រជាជនកម្ពុជា នឹងមិនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថែមកែប្រែច្បាប់បោះឆ្នោតទៀតផង។
លោក ហ៊ុន សែន រិះគន់ថា គណបក្សសង្គ្រោះជាតិ តែងប្រើប្រាស់ការចូលសភា និងវប្បធម៌សន្ទនាធ្វើជាដើមទុនក្នុងរឿងនយោបាយរបស់ខ្លួន។ ហេតុនេះលោកចាត់ទុកថា ដើម្បីបញ្ចប់ការចំណេញនយោបាយដោយឆៅៗបែបនេះ គឺលោកនឹងមិនយល់ព្រមឲ្យមានការបោះឆ្នោតមុនអាណត្តិ ដូចការចង់បានរបស់គណបក្សប្រឆាំងទៀតឡើយ៖ «បើចង់បោះមុនការកំណត់ ត្រូវកែរដ្ឋធម្មនុញ្ញ។ អ៊ីចឹងគណបក្សប្រជាជន មិនកែដាច់ខាត មិនកែរដ្ឋធម្មនុញ្ញ។ បើអ៊ីចឹងត្រូវតែបោះឆ្នោតនៅដដែល។ រាល់ថ្ងៃអាទិត្យ អាទិត្យទី៤ ខែកក្កដា តែដដែលហ្នឹង។ អត់ឲ្យលោកឯងយកទៅឃោសនាបានទេ»។
អ្នកវិភាគនយោបាយមើលឃើញថា ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបិទផ្លូវប្រធានគណបក្សជំទាស់នេះ គឺជាមធ្យោបាយដែលធ្វើឲ្យគណបក្សប្រឆាំងត្រូវចុះខ្សោយ។ មានពិសោធន៍រួចមកហើយ ដែលគណបក្សគ្រប់គ្រងរដ្ឋាភិបាល គឺគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ត្រូវខ្សោះកម្លាំងរហូតបាត់បង់អាសនៈពីក្នុងរដ្ឋសភា។ ដោយឡែកការបង្កើតរលកថ្មី គឺផ្ដល់លទ្ធភាពឲ្យមានគណបក្សនយោបាយតូចៗ កើតឡើងក្នុងអន្តរកាលនេះ អ្នកវិភាគយល់ឃើញថា បក្សកាន់អំណាចប្រហែលបានដឹងរួចទៅហើយថា បក្សថ្មីបង្កើតថ្មីទាំងនេះ នឹងមិនអាចជាគូប្រយុទ្ធដ៏ខ្លាំងជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានអាយុកាលដ៏ចំណាស់ណាស់មកហើយនេះបានដូចគណបក្សសង្គ្រោះជាតិឡើយ។
កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅ តំណាងគណបក្សនយោបាយទាំងពីរបានសន្យាថា នឹងបន្តពិគ្រោះយោបល់អំពីកាលបរិច្ឆេទនៃការបោះឆ្នោតនេះបន្ថែមទៀត។ យ៉ាងណាលោក ហ៊ុន សែន បានប្ដេជ្ញាជាថ្មីទៀតថា នឹងពុំមានការកែប្រែ ឬត្រូវពន្យារពេលនៃការបោះឆ្នោតទេ។ ការបញ្ជាក់ជំហរដូចនេះរបស់ប្រធានគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីប្រមុខដឹកនាំបក្សជំទាស់ គឺលោក សម រង្ស៊ី ចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រីកំពុងរកមធ្យោបាយដើម្បីកុំឲ្យមានការបោះឆ្នោតជាតិ សម្រាប់អាណត្តិទី៦ ខាងមុខនេះ។
បើទោះជាបែបណា ច្បាប់ស្ដីពីការបោះឆ្នោតថ្មី ជ្រើសតាំងតំណាងរាស្ត្រ មាត្រា៣ ចែងថា កាលបរិច្ឆេទនៃការបោះឆ្នោត ត្រូវកំណត់ និងប្រកាសដោយនាយករដ្ឋមន្ត្រីតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ប្រទេសកម្ពុជា ឆ្លងកាត់ការបោះឆ្នោតសកលចំនួន ៥អាណត្តិរួចមកហើយ។ ជារួម ក្រោយការប្រកាសលទ្ធផលឆ្នោតផ្លូវការម្ដងៗ ភាគីគណបក្សដែលចាញ់ឆ្នោតតែងតែចោទប្រកាន់ គ.ជ.ប ចាស់អំពីការលួចបន្លំសន្លឹកឆ្នោតដែលមានបក្សកាន់អំណាចនៅពីក្រោយខ្នង។ ដូចជាការបោះឆ្នោតអាណត្តិទី៥ កាលពីឆ្នាំ២០១៣ ធ្វើឲ្យជាប់គាំងនយោបាយអស់រយៈពេលជិត ១ឆ្នាំជាដើម ដែលគណបក្សជំទាស់ធ្វើពហិការមិនចូលប្រជុំសភាដើម្បីបង្កើតរដ្ឋាភិបាល។
មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា យល់ឃើញថា ថ្វីបើកម្ដៅនយោបាយនៅពេលនេះបានឡើងខ្ពស់ហួសពីការរំពឹងទុកយ៉ាងណាក៏ដោយចុះ ក៏បញ្ហានេះ មិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោត ឬ គ.ជ.ប ត្រូវរងសម្ពាធឥទ្ធិពលនយោបាយណាមួយឡើយ។
លោក ហង្ស ពុទ្ធា មានជំនឿថា ចរន្តនយោបាយនេះអាចថយចុះ ហើយអ្វីៗនឹងវិលមកភាពប្រសើរឡើងវិញនៅមុនការបោះឆ្នោតមកដល់ក៏អាចថាបាន៖ «ការបោះឆ្នោតឆ្នាំ២០១៧ ឬក៏ឆ្នាំ២០១៨ ប្រហែលជាត្រូវរង់ចាំមើលបន្តិចទៀតសិន ពីព្រោះពេលខ្លះកម្ដៅរបស់អ្នកនយោបាយឡើងខ្ពស់ ប៉ុន្តែពេលខ្លះក៏ឃើញធ្លាក់ចុះទាបមកវិញដែរ។ អ៊ីចឹងសម្រាប់ គ.ជ.ប ហាក់ដូចជាកំពុងមមាញឹកក្នុងការងារផ្សេងៗដែលជាតួនាទីរបស់ខ្លួន»។
អ្នកវិភាគនយោបាយសង្កេតឃើញថា កម្ពុជាស្ទើរក្លាយជាទម្លាប់ទៅហើយ អំពីការប្រេះឆាផ្នែកនយោបាយនេះ។ ស្ទើរគ្រប់អាណត្តិ គណបក្សជំទាស់តែងត្រូវបានបិទច្រកចេញតាមអំណាចដីការបស់តុលាការ។ គណបក្សប្រឆាំងចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា គឺជាអ្នកដែលស្ថិតនៅពីក្រោយរាល់បណ្ដឹងពីតុលាការប្រឆាំងបក្សជំទាស់។
ជាញឹកញាប់រាល់មានមានប្រតិកម្មពីលោក ហ៊ុន សែន លើសំណុំរឿងអ្វីមួយ គេតែងសង្កេតឃើញចៅក្រម ឬព្រះរាជអាជ្ញានៃតុលាការក្រុងភ្នំពេញ តែងកោះហៅមេដឹកនាំបក្សជំទាស់យ៉ាងប្រញាប់ប្រញាល់។ សម្រាប់អាណត្តិនេះ ក៏មិនខុសពីអាណត្តិមុនៗដែរ ប្រធានគណបក្សជំទាស់ដ៏ធំនៅកម្ពុជា ត្រូវចៅក្រមស៊ើបសួរ និងតំណាងអយ្យការក្រុងភ្នំពេញ បានចេញដីកាផ្ទួនៗគ្នា ឲ្យចូលខ្លួនបំភ្លឺក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា។ ក៏ប៉ុន្តែអ្នកវិភាគនយោបាយកត់សំគាល់ថា បើទោះជាបែបនេះក្ដី នៅនាទីចុងក្រោយ ស្ថានភាពនយោបាយតឹងយ៉ាងណា អ្នកនយោបាយក៏នៅតែអាចវិលមកតុចរចា ហើយចាប់ដៃគ្នាបានដដែល។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ យល់ឃើញថា ប្រសិនបើមេបក្សជំទាស់ ពិតជាពុំអាចរកច្រកចេញ ឬផ្សះផ្សាផ្នែកនយោបាយបានមែន ករណីនេះលោកមើលឃើញថា វាអាចប៉ះពាល់ដល់ដំណើរការបោះឆ្នោតដែរ ប៉ុន្តែមិនធ្វើឲ្យរាំងស្ទះដល់ដំណើរការទាំងមូលទេ។ ក្រៅពីនេះវិញ អាចជាការប៉ះពាល់ខ្លះដែរ ក៏ប៉ុន្តែបញ្ហានៅត្រង់ថា ការប្រកួតប្រជែងដោយខ្វះការចូលរួមពេញលេញពីគូប្រកួតប៉ុណ្ណោះ៖ «ទោះបីមេគណបក្សប្រឆាំងមិនចូល ប៉ុន្តែមានគណបក្សច្រើនទៀតកកើត។ អ៊ីចឹងមានន័យថា ប្រទេសកម្ពុជា មានប្រជាធិបតេយ្យហើយ ប៉ុន្តែគ្រាន់តែបក្សប្រឆាំងដ៏ធំជាងគេនៅស្រុកខ្មែរ មិនបានចូលតែប៉ុណ្ណឹងទេ»។
យ៉ាងណាលោក សំ គន្ធាមី ចាត់ទុកថា វត្តមានប្រមុខដឹកនាំបក្សប្រឆាំងគឺជាតួអង្គដ៏សំខាន់ ក្នុងដំណើរការបោះឆ្នោត។ ហេតុនេះ ប្រសិនបើការខកខានណាមួយដែលពុំអាចផ្ដល់លទ្ធភាពឲ្យមានការប្រកួតប្រជែងដោយផ្ទាល់ទេ វាជាដំណើរការខ្វះតម្លាភាព ត្រឹមត្រូវ និងជាការប្រព្រឹត្តទៅដោយស្មើមុខស្មើមាត់ណាស់៖ «បេក្ខភាពរបស់គាត់គឺជាកត្តាសំខាន់បំផុត ដែលប្រជាពលរដ្ឋពិចារណាក្នុងការបោះឆ្នោតឲ្យ ព្រោះរើសអ្នកមកជំនួសមិនបានទេ»។
បើទោះជាបែបណា សម្រាប់អ្នកជំនាញកិច្ចការបោះឆ្នោតយល់ឃើញថា ការបោះឆ្នោតនៅពេលខាងមុខ ប្រសិនបើវត្តមានមេបក្សជំទាស់នៅតែពុំអាចមានលទ្ធភាពចូលរួមប្រកួតប្រជែងទេ គឺដំណើរការបោះឆ្នោតនោះ ប្រៀបដូចកីឡាករទម្ងន់ធ្ងន់ ត្រូវប្រកួតជាមួយកីឡាករទម្ងន់ស្រាលយ៉ាងដូច្នោះដែរ៕
No comments:
Post a Comment