ប្រជាពលរដ្ឋខ្មែរស្នើឲ្យអាជ្ញាធរខេត្តស្វាយរៀង បិទច្រករបៀងកម្ពុជា-វៀតណាម នៅចំណុចភូមិទួលស្ដី ឃុំទួលស្ដី ស្រុកចន្ទ្រា។ សំណើនេះ ធ្វើឡើងបន្ទាប់ពីពួកគាត់ សង្កេតឃើញជនជាតិវៀតណាម ចេញចូលតាមច្រកនោះដោយខុសច្បាប់ចេះតែច្រើនឡើងៗយ៉ាងអនាធិបតេយ្យ ដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់សន្តិសុខពួកគាត់។
ប្រជាពលរដ្ឋខ្មែររស់នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង បង្ហាញការព្រួយបារម្ភចំពោះសន្តិសុខសុវត្ថិភាព ខណៈដែលលំហូរជនជាតិវៀតណាម ខុសច្បាប់នៅតាមច្រករបៀងដាច់ស្រយាលមួយចំនួនតាមបណ្តោយព្រំដែន ក្នុងខេត្តស្វាយរៀង កើនឡើង។
ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ រិះគន់ថា អាជ្ញាធរកម្ពុជា គិតតែទទួលផលប្រយោជន៍ផ្ទាល់ខ្លួន ដោយសម្ងំប្រព្រឹត្តអំពើពុករលួយរកលុយដាក់ហោប៉ៅ ភ្លេចគិតពីសន្តិសុខ និងប្រយោជន៍សង្គមជាតិខ្មែរ។ ពលរដ្ឋរូបនេះបន្តថា ជារៀងរាល់ថ្ងៃ ជនជាតិវៀតណាម ប្រមាណ ២០០នាក់ទៅ ៣០០នាក់ ធ្វើដំណើរចេញចូលទឹកដីខ្មែរទាំងយប់ទាំងថ្ងៃដោយសេរី តាមច្រកទួលស្ដី ជាប់បង្គោលព្រំដែនលេខ១៨៩ ស្ថិតក្នុងឃុំទួលស្ដី ស្រុកចន្ទ្រា។ បញ្ហានេះ វាខុសឆ្ងាយពីពលរដ្ឋខ្មែរដែលចូលទៅទឹកដីវៀតណាម ត្រូវបានអាជ្ញាធរវៀតណាម រឹតបន្តឹង៖ «ចង់បិទផ្លូវចេញចូលដែលឥតមានច្បាប់ហ្នឹង កុំឲ្យចេញចូលសេរីលើផ្លូវនេះហ្មង ព្រោះអីដំបូងឡើយ ផ្លូវនេះ គឺភ្លឺស្រែ តែឥឡូវក្លាយជាផ្លូវម៉ូតូដឹកទំនិញចេញចូលទាំងយប់ទាំងថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋនៅភូមិនេះដេកនៅមិនបាន។ នៅខាងគេ (វៀតណាម) គឺពិបាក គេមិនឲ្យយើងចេញចូលជិះម៉ូតូពេលយប់កាត់ភូមិគេនោះទេ ព្រោះខាងគេមានសមត្ថកិច្ចគេដើរល្បាត ហើយបើខាងខ្មែរយើងដូចជាមានកុងត្រូលជជុះអីអ៊ីចឹង វៀតណាម ចូលមកបង់ឲ្យ ១ពាន់ទៅ ២ពាន់រៀលអ៊ីចឹងទៅ ឲ្យគេចេញចូលតាមសេរីមួយយប់ទល់ភ្លឺ»។
ប្រជាពលរដ្ឋនៅភូមិទួលស្ដី ជាច្រើននាក់ទៀត អំពាវនាវឲ្យអាជ្ញាធរដែនដី និងប៉ូលិសការពារព្រំដែនកម្ពុជា ហាមឃាត់ចំពោះជនជាតិវៀតណាម ដែលចេញចូលទឹកដីខ្មែរដោយខុសច្បាប់ទាំងកណ្ដាលអាធ្រាត្រ ក្នុងបំណងការពារសុខសុវត្ថិភាពរបស់ពួកគាត់ ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាលផង។
ទន្ទឹមគ្នានេះ ពួកគាត់បញ្ជាក់ថា ប្រសិនបើបិទច្រករបៀងតូចនេះតែម្តង គឺរឹតតែល្អ សម្រាប់ការរស់នៅ និងការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋខ្មែរ។
ទាក់ទិនបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីអភិបាលស្រុកចន្ទ្រា លោក នួង រាំ និងស្នងការនគរបាលខេត្តស្វាយរៀង លោក កឹង ឃន បានទេនៅថ្ងៃទី២៣ ខែកញ្ញា ដោយលោកប្រាប់ថា ជាប់រវល់ប្រជុំ។
ចំពោះការត្អូញត្អែររបស់ប្រជាពលរដ្ឋខ្មែរនេះ មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន លើកឡើងថា អាជ្ញាធរខេត្តស្វាយរៀង គួរតែយកបញ្ហានេះទៅពិចារណា ព្រោះលោកសង្កេតឃើញថា ស្ទើរគ្រប់ច្រកដែលជាប់នឹងខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ទាំងអស់ គឺអាជ្ញាធរខ្មែរមានការអនុវត្តធូរលុង ចំពោះការចេញចូលរបស់ជនជាតិវៀតណាម ក្នុងស្រុកខ្មែរ។ លោកលើកឡើងដែរថា បញ្ហានេះធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងជីវភាពពលរដ្ឋខ្មែរ ប្រសិនបើកម្ពុជា មិនអាចគ្រប់គ្រង ឬក្ដោបក្ដាប់ស្ថានការណ៍ចេញចូលរបស់អន្តោប្រវេសន៍ខុសច្បាប់បានទេនោះ៖ «វៀតណាម ភាគច្រើន គេមករកស៊ីលក់ដូរនៅផ្សារហ្មង បើសិនជាបោះដុំឲ្យខ្មែរយើងលក់មិនអីទេ តែយើងមើលឃើញជាក់ស្តែង មកលក់ខ្លួនឯង ម៉ូតូផ្លាកលេខវៀតណាម អីវៀតណាម មកហ្មង។ បើការបិទព្រំដែន ធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចយើង គឺដូចជាគ្មានប៉ះពាល់ទេ តែខ្ញុំគិតថា ប៉ះពាល់វៀតណាម ធ្ងន់ធ្ងរជាង»។
យ៉ាងណាក៏ដោយ មួយរយៈចុងក្រោយនេះ ជនជាតិវៀតណាម ដែលចូលមកកម្ពុជា ខុសច្បាប់ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បាន និងបញ្ជូនត្រឡប់ទៅវិញជាបន្តបន្ទាប់។
ទាក់ទងបញ្ហានេះដែរ មាត្រា២៩ នៃច្បាប់ស្ដីពីអន្តោប្រវេសន៍ចែងថា ជនបរទេសរូបណាដែលគ្មានការអនុញ្ញាត ហើយចូលមកព្រះរាជាណាចក្រកម្ពុជា ដោយលបលាក់ បន្លំ ឫដោយល្បិចផ្សេងទៀត ដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់គុកពី ៣ខែដល់ ៦ខែ មុននឹងត្រូវបណ្ដេញចេញ ត្រូវផ្ដន្ទាទោសដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្ដល់ជំនួយ ឬជួយលាក់បាំងក្នុងការបញ្ចូលជនបរទេស ដែលគ្មានការអនុញ្ញាតមកក្នុងព្រះរាជាណាចក្រកម្ពុជា៕
No comments:
Post a Comment