ដោយ ម៉ម មុនីរតន៍
2015-09-28 rfa
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ក្នុងពេលចូលរួមពិធីកាន់បិណ្ឌ១ នៅវត្តអង្គតាម៉ិញ ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំក២០១៥។
RFA/Morm Moniroth
|
នៅក្នុងពិធីកាន់បិណ្ឌទី១ ដែលជាពិធីបុណ្យប្រពៃណីខ្មែរនេះ ប្រធានគណបក្សជំទាស់ប្រាថ្នាចង់ឃើញប្រជាពលរដ្ឋខ្មែរចេះអភ័យឲ្យគ្នាទៅវិញទៅមក និងមានសេរីភាព រួចផុតពីការជាប់ទោសទណ្ឌ។
សារអំពាវនាវរបស់ប្រធានគណបក្សប្រឆាំងនៅពេលនេះ ស្របពេលស្ថានការណ៍នយោបាយ នៅតែបន្តភាពតានតឹង ខណៈដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែប្រកាន់ជំហរ មិនចរចាជាមួយមេបក្សប្រឆាំងឡើយ។ ដោយឡែកអ្នកវិភាគនយោបាយវិញ យល់ឃើញថា សារអំពាវនាវរបស់មេដឹកនាំបក្សជំទាស់នៅពេលនេះ អាចជាជម្រើសដ៏ល្អ ព្រោះជាមធ្យោបាយនឹងជួយលុបបំបាត់ការរើសអើងផ្នែកនយោបាយ និងធ្វើឲ្យកម្ពុជា ចំណេញថែមទៀតផង។
ប្រធានគណបក្សជំទាស់ពុំបានថ្លែងសារនយោបាយអ្វីឡើយ ពាក់ព័ន្ធប្រតិកម្មរបស់ប្រធានគណបក្សប្រជាជនកម្ពុជា ដោយចាត់ទុកថា រដូវបុណ្យទានលោកនឹងមិននិយាយអ្វីទាំងអស់អំពីរឿងនយោបាយ។
បដិសេធនឹងសំណួរអ្នកសារព័ត៌មានរបស់លោក សម រង្ស៊ី នេះ គឺក្នុងពេលដែលលោកចូលរួមកាន់បិណ្ឌ១ នៅវត្តអង្គតាម៉ិញ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា។
លោក សម រង្ស៊ី ថ្លែងថា លោកនឹងមិនបកស្រាយអ្វីទាំងអស់នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌនេះ ជាពិសេសរឿងនយោបាយ។ ការបង្ហាញវត្តមាន និងថ្លែងសារនយោបាយក្នុងរយៈពេលខ្លី បន្ទាប់ពីលោកដាក់បាត្រព្រះសង្ឃរួច ប្រធានគណបក្សជំទាស់បានអំពាវនាវសូមឲ្យពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយ បញ្ឈប់ប្រើហិង្សាដាក់គ្នា។ លើសពីនេះទៀត លោក សម រង្ស៊ី ប្រាថ្នាចង់ឃើញប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាព ដែលស្ថិតក្នុងសេចក្ដីថ្លៃថ្នូរ និងសន្តិភាព៖ «ចង់ឲ្យខ្មែរជានាគ្នា ឲ្យខ្មែរស្រលាញ់គ្នា ចេះអត់ឱនឲ្យគ្នាទៅវិញទៅមក ឲ្យខ្មែរទាំងអស់មានសេរីភាពពេញលេញ អត់ឲ្យនរណាត្រូវជាប់គុក ត្រូវគេធ្វើបាបទេ ឲ្យខ្មែរទាំងអស់បានសុខសប្បាយទាំងអស់គ្នា។ នេះជាបំណងរបស់ខ្ញុំ»។
ក្រៅពីនេះ លោក សម រង្ស៊ី សង្ឃឹមថា មន្រ្តីជាន់ខ្ពស់ និងសកម្មជនរបស់ខ្លួនចំនួន ១៥នាក់ ដែលត្រូវបានចាប់ និងឃុំខ្លួន អាចនឹងរួចផុតពីការចោទប្រកាន់តាមផ្លូវតុលាការ ក្នុងពេលឆាប់ៗនេះ។
យ៉ាងណាក៏ដោយចុះ ភាពស្ងប់ស្ងាត់របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅពេលនេះ នៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីព្រមានធ្ងន់ៗ មុនលោកចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេសកាលពីដើមសប្ដាហ៍មុននេះ។ រហូតមកដល់ពេលនេះ លោក សម រង្ស៊ី ពុំបានឆ្លើយតបអ្វីសូម្បីមួយមាត់ ចំពោះការទទូចចង់បានណាមួយរបស់លោក ហ៊ុន សែន ដែលស្នើឲ្យបកស្រាយ ថាតើដើម្បីចាប់ចោរត្រូវចូលឲ្យកៀកមេចោរសិន និងប្រៀបធៀបលោក ហ៊ុន សែន ទៅនឹងមេដឹកនាំ ហ្គាដាហ្វី (Gaddafi) បានន័យថាម៉េចនោះ?
ជុំវិញរឿងនេះ មន្ត្រីនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា យល់ឃើញថា ការពិតសន្តិភាព ដូចអ្វីដែលមេបក្សជំទាស់ចង់បាននោះ គឺលោកថា ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើរួចមកហើយ។ ម្យ៉ាងវិញទៀត គណបក្សសង្គ្រោះជាតិ តែងជាដៃគូមិនស្មោះត្រង់ក្នុងរឿងនយោបាយរបស់ខ្លួន ហើយប្រើប្រាស់វប្បធម៌សន្ទនាគ្រាន់តែដើម្បីហេតុផលនយោបាយប៉ុណ្ណោះ៖ «គណបក្សប្រឆាំងខ្លួនឯងទៅវិញទេ ដែលបានជ្រើសរើសយកទម្លាប់ខ្មែរខ្ចី នៅក្នុងល្បិចទុច្ចរិតនៃនយោបាយរបស់ខ្លួន បែរជាយកវប្បធម៌សន្ទនា ឬក៏ទ្រឹស្ដីក្នុងការផ្សះផ្សា និងបង្រួបបង្រួមជាតិនេះគ្រាន់តែជាខែលបិទបាំងនូវអំពើទុច្ចរិត របស់ខ្លួន គឺបែរជាប្រកាន់យកនូវទម្លាប់កាន់ដៃជាន់ជើង»។
ផ្ទុយពីនេះ អ្នកវិភាគនយោបាយយល់ឃើញថា សារនយោបាយរបស់មេបក្សជំទាស់នេះ អាចជាមធ្យោបាយល្អ ព្រោះកម្ពុជា នៅមានសក្ដានុពលច្រើនណាស់ ដែលទាមទារឲ្យមានការអភិវឌ្ឍប្រកបដោយចិរភាព និងទិសដៅមួយដ៏ត្រឹមត្រូវ។
លោក កែម ឡី អ្នកវិភាគនយោបាយចាត់ទុកថា អាចជាជម្រើសដ៏ល្អ ប្រសិនបើអ្នកនយោបាយចាប់ផ្ដើមលុបបំបាត់ការប្រកាន់និន្នាការនយោបាយ ហើយផ្ដោតលើផលប្រយោជន៍ជាតិជាធំអាចនឹងធ្វើឲ្យកម្ពុជា ចំណេញ៖ «ទី មួយខ្ញុំគិតថា ប្រសើរ បើសិនជាយើងនាំគ្នាលុបបំបាត់ការរើសអើងផ្នែកនយោបាយ ការរើសអើងគណបក្សនយោបាយ។ យើងត្រូវស្រលាញ់ ពីព្រោះអ្នកនៅគណបក្សណាក៏ដោយ ក៏ជាប្រជាជនខ្មែរអ៊ីចឹងណា។ អ៊ីចឹងបើសិនជាមេគណបក្សនីមួយៗមានភាពជាអ្នកដឹកនាំល្អ មានក្រមសីលធម៌ខ្ពស់ ហើយមុនបញ្ចេញសារនយោបាយ ត្រូវផ្ទៀងផ្ទាត់ជាមួយក្រមសីលធម៌សង្គម»។
អ្នកវិភាគនយោបាយយល់ឃើញថា ប្រទេសកម្ពុជា អាចនឹងនៅតែជាការប្រឈមក្នុងការកសាងសន្តិភាពពិតប្រាកដ ប្រសិនបើអ្នកនយោបាយនៅតែប្រកាន់ ហើយដើរផ្លូវរៀងៗខ្លួន និងបន្តរើសអើងផ្នែកនយោបាយនៅក្នុងសង្គម៕
No comments:
Post a Comment