ដោយ ថា កិត្យា
2015-09-28 rfa
តុលាការខេត្តស្វាយរៀង។ រូបថតថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥
Photo Provided
|
សាលាដំបូងខេត្ត ស្វាយរៀង ផ្ដន្ទាទោសប្រធានសហគមន៍ដីធ្លីនៅឃុំអណ្ដូងត្របែក មួយរូប និងសកម្មជនដីធ្លីពីររូបទៀត ដាក់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំ ពីបទកាប់រានព្រៃឈើរបស់រដ្ឋតាមមាត្រា ៩៧ នៃច្បាប់ព្រៃឈើ។ ទោះយ៉ាងណា សកម្មជនដីធ្លីចាត់ទុកសាលក្រមរបស់តុលាការនោះថា គ្មានយុត្តិធម៌ និងខុសពីការពិត។
តុលាការខេត្ត ស្វាយរៀង នៅមិនទាន់ចេញដីកាចាប់ខ្លួនប្រធានសហគមន៍ ១រួប និងសកម្មជនដីធ្លី ២រូប នៅឃុំអណ្ដូងត្របែក ស្រុករមាសហែក នោះទេ បន្ទាប់ពីចេញសាលក្រមផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ដោយមិនព្យួរទោស រឿងកាប់ដើមអាកាស្យាដែលរដ្ឋបាលឈើបានដាំ។ នេះបើតាមការអោយដឹងពីមេធាវីការពារក្តីជនជាប់ចោទ។
ប្រធានសហគមន៍ដីធ្លីនៅឃុំអណ្ដូងត្របែក លោក សួន សីហា ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា សាលក្រមរបស់តុលាការខេត្តស្វាយរៀង មិនមានភាពយុត្តិធម៌សម្រាប់ពលរដ្ឋក្រីក្រ គ្មានអំណាចដូចពួកគាត់ទេ។ លោកបញ្ជាក់ថា ការចោទប្រកាន់ពួកគាត់ថា កាប់រានព្រៃឈើរបស់រដ្ឋនោះ ជាការបំភ័ន្តខុសការពិត ព្រោះដីនោះមិនមែនជាដីរបស់រដ្ឋឡើយ គឺជាដីរបស់ប្រជាពលរដ្ឋចំនួន ៨៦គ្រួសារដែលធ្លាប់កាន់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៧៩ មក។ លុះនៅឆ្នាំ២០០៨ រដ្ឋបាលព្រៃឈើបានចូលទៅដាំកូនអាកាស្យានៅលើដីទំហំជាង ៧១ហិកតារនោះ ដោយសំអាងថាជាដីរបស់រដ្ឋ។ ក្រោយមកប្រជាពលរដ្ឋមានគម្រោងប្ដឹងទាមទារយកដីនោះវិញ បន្ទាប់ពីដឹងថា អាជ្ញាធរឃុបឃិតគ្នាលក់ដីទៅអោយអ្នកមានលុយ និងអ្នកមានអំណាច ម្ល៉ោះហើយទើបរដ្ឋបាលព្រៃឈើប្តឹងតំណាង ៣នាក់ដាក់ពន្ធនាគារ ដើម្បីគំរាមកំហែង និងបំបាក់ស្មារតី៖ «»។
វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់ពីតុលាកាខេត្តស្វាយរៀង បានឡើយនៅថ្ងៃទី២៨ ខែកញ្ញា។ ទាក់ទិនបញ្ហានេះ មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន មានប្រសាសន៍ថា ការដែលតុលាការកាត់ទោសពលរដ្ឋទាំង ៣រូប អោយជាប់ពន្ធនាគារ ៥ឆ្នាំម្នាក់ គឺមានលក្ខណៈធ្ងន់ធ្ងរ ដោយគ្រាន់តែប្រជាពលរដ្ឋកាប់អាកាស្យាដែលដាំលើដីពួកគាត់តិចតូច ប៉ុណ្ណោះ។ លោកយល់ថា ការអនុវត្តច្បាប់របស់តុលាការហាក់មិនស្មើភាពនោះឡើយ ព្រោះមានក្រុមហ៊ុនខ្លះបានកាប់បំផ្លាញព្រៃឈើខ្មែរស្ទើរខ្ទេចខ្ទី អស់ទៅហើយ បែរជាគ្មានទោសទៅវិញ៖ «»។
មាត្រា ៩៧ នៃច្បាប់ស្ដីពីព្រៃឈើចែងថា ជនណាដែលប្រព្រឹត្តបទល្មើសកាប់រានព្រៃ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់ជាសម្បត្តិរដ្ឋ។
ទោះ យ៉ាងណា ជនជាប់ចោទទាំង ៣នាក់ ស្នើអោយមេធាវីការពារក្តីប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ខាងមុខនេះ ដើម្បីរកយុត្តិធម៌ជូនពួកគាត់៕
No comments:
Post a Comment