ពលរដ្ឋនៅស្ទឹងត្រែងជាង១០០នាក់តវ៉ាប្រឆាំងអាជ្ញាធរហាមមិនឲ្យឆ្ការព្រៃយកដីសហគមន៍
ដោយ ម៉ែន សុធីរ
2015-09-28 rfa
ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង ជាង ១០០នាក់ នៅថ្ងៃទី២៨ ខែកញ្ញា តវ៉ាប្រឆាំងការអនុវត្តច្បាប់របស់អាជ្ញាធរជំនាញ ដែលបានហាមអ្នកភូមិមិនឲ្យកាប់ឆ្ការព្រៃសហគមន៍ស្រែគរ ដើម្បីយកដីធ្វើចម្ការ។ ការតវ៉ានេះ ប្រជាសហគមន៍អះអាងថា មន្ត្រីរដ្ឋបាលព្រៃឈើ និងនគរបាលប៉ុស្តិ៍ស្រែគរ ទាមទារឲ្យអ្នកភូមិចុះកិច្ចសន្យាជាក់លាក់ដើម្បីបញ្ឈប់សកម្មភាពកាប់ឆ្ការព្រៃសហគមន៍ដើម្បីយកដី។
ការតវ៉ានេះពុំមានអំពើហិង្សា និងបាតុភាពអ្វីកើតឡើងជាដុំកំភួនឡើយ។ ចំណែកដំណោះស្រាយកំពុងឋិតក្នុងភាពចម្រូងចម្រាសនៅឡើយទេ។
តំណាងពលរដ្ឋជនជាតិដើមភាគតិចព្នងម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនទៀត គឺអ្នកស្រី សារឿន សាខុម និយាយថា អ្នកភូមិមិនយល់ព្រមផ្ដិតមេដៃចុះកិច្ចសន្យាដើម្បីបញ្ឈប់កាប់ឆ្ការព្រៃជាដាច់ខាត ដរាបណាដំណោះស្រាយនៅមិនទាន់បញ្ចប់។ អ្នកស្រីបារម្ភថា លំនៅឋាន និងភូមិដែលគាត់រស់នៅបច្ចុប្បន្ន នឹងក្លាយជាផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ និងគំរាមកំហែងដោយទឹកជំនន់បើទំនប់ដំណើរការ ដូច្នេះអ្នកភូមិក៏សម្រេចចិត្តកាប់ឆ្ការព្រៃសហគមន៍ ដើម្បីយកដីធ្វើចម្ការចិញ្ចឹមជីវិត។
អ្នកស្រីថា ព្រៃសហគមន៍ឃុំស្រែគរ បច្ចុប្បន្ន ក៏ជាព្រៃរេចរឹល ដែលពុំអាចមានលទ្ធភាពឲ្យអ្នកភូមិអាស្រ័យផលក្រៅពីយកដីធ្វើចម្ការដូចមុនឡើយ ព្រោះតែក្រុមហ៊ុនសំអាតផ្ទៃអាងបានកាប់បំផ្លាញដើមឈើធំៗតាំងពីឆ្នាំ២០១២៖ «ខ្ញុំថាបើខ្ញុំកាប់ដីខុសច្បាប់ ខ្ញុំមិនកាប់លក់ទេ ពួកខ្ញុំគ្រាន់តែកាប់ចិញ្ចឹមជីវិត ដីសហគមន៍ទេ។ មិនឲ្យពួកខ្ញុំធ្វើ បើមិនចង់ឲ្យពួកខ្ញុំធ្វើ ហេតុអីបើក្រុមហ៊ុនមកធ្វើនោះ? វាអស់ហើយ នៅតែប៉ុណ្ណឹងទេ ហេតុនេះហើយពួកខ្ញុំធ្វើគ្រាន់បានដីហ្នឹងទុកឲ្យកូនចៅខ្ញុំជំនាន់ក្រោយ»។
អ្នកភូមិឲ្យដឹងថា ពលរដ្ឋជាង ១០០គ្រួសារ បាននាំគ្នាមកកាប់ឆ្ការព្រៃទំហំក្បាលដី ៣០ម៉ែត្រ ទៅ ៩០ម៉ែត្រ ជម្រៅពី ៥០ម៉ែត្រទៅ ១០០ម៉ែត្រ តាមបណ្ដោយអមសងខាងផ្លូវចូលក្រុមហ៊ុនសម្អាតផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដោយសំអាងថា ដីនោះជាបរិវេណដីព្រៃសមូហភាពសហគមន៍ ហើយរហូតមកដល់បច្ចុប្បន្ន ដីព្រៃសមូហភាពសហគមន៍ដែលអ្នកភូមិកាប់ឆ្ការអស់ប្រហែលជិត ១០០ហិកតារ ចាប់តាំងពីចុងឆ្នាំ២០១៤។
អ្នកភូមិឲ្យដឹងថា ពលរដ្ឋជាង ១០០គ្រួសារ បាននាំគ្នាមកកាប់ឆ្ការព្រៃទំហំក្បាលដី ៣០ម៉ែត្រ ទៅ ៩០ម៉ែត្រ ជម្រៅពី ៥០ម៉ែត្រ ទៅ ១០០ម៉ែត្រ តាមបណ្ដោយអមសងខាងផ្លូវចូលក្រុមហ៊ុនសម្អាតផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដោយសំអាងថា ដីនោះជាបរិវេណដីព្រៃសមូហភាពសហគមន៍ ហើយរហូតមកដល់បច្ចុប្បន្ន ដីព្រៃសមូហភាពសហគមន៍ដែលអ្នកភូមិកាប់ឆ្ការអស់ប្រហែលជិត ១០០ហិកតារ ចាប់តាំងពីចុងឆ្នាំ២០១៤។
ព្រៃសហគមន៍ឃុំស្រែគរ ឬព្រៃអ្នកតាដែលនៅសងខាងផ្លូវចូលទៅការដ្ឋានក្រុមហ៊ុនសម្អាតផ្ទៃអាងនៃទំនប់វារីអគ្គិសនីសេសានក្រោម២ មានទំហំជាង ២.៦០០ហិកតារ ជាតំបន់ព្រៃត្រៀមបម្រុងសម្រាប់ការប្រើប្រាស់ជាលក្ខណៈសមូហភាពសហគមន៍ ដែលមិនឋិតក្នុងបរិវេណសម្អាតផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយពីអភិបាលស្រុកសេសាន លោក ពន្លឺ មង្គល និងនាយខណ្ឌរដ្ឋបាលព្រៃឈើខែត្រស្ទឹងត្រែង លោក ឈៀង តុលា បានទេ នៅថ្ងៃទី២៨ ខែកញ្ញា ដោយទូរស័ព្ទហៅចូលពុំមានអ្នកទទួល។
ទាក់ទងបញ្ហានេះ មេឃុំស្រែគរ លោក សៀក មេគង្គ ថ្លែងបញ្ជាក់ថា អាជ្ញាធរឃុំនឹងចាត់ឲ្យមេភូមិស្រង់ទិន្នន័យពលរដ្ឋដែលជាប់ពាក់ព័ន្ធកាប់ឆ្ការព្រៃដើម្បីរៀបចំឯកសារបទដ្ឋានដាក់ជូនអាជ្ញាធរខែត្រសម្រេច ក្នុងគោលដៅផ្ដល់ដីសម្បទានសង្គមកិច្ចដល់អ្នកភូមិដែលមិនព្រមចាកចេញពីភូមិកំណើត។
លោកចាត់ទុកថា សកម្មភាពកាប់ឆ្ការព្រៃរបស់អ្នកភូមិ គឺជាអំពើខុសច្បាប់។ តែទោះយ៉ាងណា ក៏ការតវ៉ាណាមួយដែលធ្វើឡើងដោយអហិង្សាគឺជាសិទ្ធិរបស់ពលរដ្ឋ៖ «ខ្ញុំបានណែនាំថា យើងចង់បានយើងធ្វើលិខិតស្លាកស្នាម ស្នើមកភូមិឃុំមក ភូមិឃុំនឹងរត់ការឲ្យដើម្បីឲ្យគាត់ក្លាយជាស្របច្បាប់។ ប៉ុន្តែគាត់នៅតែប្រើសិទ្ធិអំណាចរបស់គាត់។ ក្នុងនោះដែរ គាត់បានសហការគ្នាទាំងពីរភូមិ ដើម្បីតតាំងជាមួយរដ្ឋបាលព្រៃឈើ»។
ករណីនេះដែរ មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល យល់ថា ការតវ៉ា និងក្តីកង្វល់របស់ពលរដ្ឋ គឺជាមូលដ្ឋានចម្បងដែលអាជ្ញាធរ ឬមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់ដោះស្រាយ ដោយផ្ដោតលើមូលដ្ឋានច្បាប់៖ «បើតាមយើងអង្កេតមើលទៅ គាត់គ្រាន់តែកាប់ដីលំនៅឋាន និងដីកសិកម្មមួយចំនួនទេ។ អាជ្ញាធរគួរតែពិនិត្យឲ្យបានដិតដល់»។
រហូតមកទល់បច្ចុប្បន្ន ប្រជាពលរដ្ឋជាង ២៥៤គ្រួសារក្នុងចំណោមអ្នកភូមិសរុបចំនួន ៥៧០គ្រួសារ មិនទាន់យល់ព្រមទទួលយកសំណងនោះនៅឡើយ។ ដោយឡែក គោលនយោបាយផ្ដល់សំណងផលប៉ះពាល់ប្រជាពលរដ្ឋឃុំស្រែគរ ឋិតក្នុងគម្រោងជម្លៀសប្រជាពលរដ្ឋចេញពីលំនៅឋានទៅតាំងទីលំនៅកន្លែងថ្មី ក្រៅពីសំណងផ្ទះសម្បែង ដីលំនៅឋាន ផលដំណាំរាជរដ្ឋាភិបាលសម្រេចផ្ដល់ដីកសិកម្មជាកម្មសិទ្ធិជូនអ្នកភូមិក្នុងមួយគ្រួសារ ៥ហិកតារដូចៗគ្នា ក្នុងនោះប្រជាពលរដ្ឋជាង ៥០ភាគរយក្នុងចំណោះអ្នកភូមិទាំងអស់មិនទាន់យល់ព្រមទទួលយកសំណងនោះនៅឡើយ៕
No comments:
Post a Comment