ដោយ យ៉ង ចាន់តារា
2015-09-29 rfa
អ្នកស្រី សិន សាហ្វ៊ី អង្គុយឱបកូននៅផ្ទះរបស់ខ្លួនកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥។
RFA/Yang Chandara
|
អស់រយៈពេលជាង ២ខែមកហើយ ដែលកម្មករទូកនេសាទជនជាតិចាម នៃសហគមន៍នេសាទត្រើយកោះ ខេត្តកំពត ត្រូវបានឃាតកជនជាតិវៀតណាម វាយសម្លាប់។ មកទល់ពេលនេះ អាជ្ញាធរមិនទាន់វែកមុខចាប់ជនដៃដល់បាននៅឡើយ ហើយគ្រួសារជនរងគ្រោះកំពុងរងផលវិបាកជាច្រើនក្នុងជីវិតរស់នៅ ប្រចាំថ្ងៃ។
តើក្រុមគ្រួសារជនរងគ្រោះជួបប្រទះ វិបត្តិអ្វីខ្លះ ក្រោយបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ និងជាជនបង្គោលក្នុងការរកចំណូលផ្គត់ផ្គង់គ្រួសារនោះ?
ក្រុម គ្រួសារកម្មករទូកនេសាទជនជាតិចាម ដែលត្រូវអ្នកនេសាទវៀតណាម វាយសម្លាប់កាលពីចុងខែកក្កដា កន្លងទៅ កំពុងរស់នៅដោយត្រដរ រកព្រឹកខ្វះល្ងាច ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
នាក់ សេន សិន សាហ្វ៊ី ៦២០ ប្រធានសហគមន៍នេសាទត្រើយកោះ លោក នាក់ សេន ឈរនិយាយជាមួយ អ្នកស្រី សិន សាហ្វ៊ី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥។ RFA/Yang Chandara |
«កុំឲ្យពួកយួន ពួកអីហ្នឹងចូលមកធ្វើរញ៉េរញ៉ៃអ៊ីចឹង។ យើងមិនមែនថាមិនឲ្យគេរកទេ ព្រោះមុខរបរហ្នឹង យើងរកស៊ីអ៊ីចឹងដូចគ្នា ប៉ុន្តែកុំឲ្យយើងរកស៊ីខុសច្បាប់ រកស៊ីឲ្យត្រូវច្បាប់ដូចគ្នា»
មាន សម្បុរស ស្លៀកពាក់ជារបៀបប្រពៃណីជនជាតិចាម កំពុងអង្គុយចិតបន្លែនៅក្នុងរោងប្រក់ស័ង្កសី អ្នកស្រី សិន សាហ្វ៊ី គឺជាភរិយានៃសពជនរងគ្រោះឈ្មោះ ឌុល អៃយ៉ូប ដែលត្រូវអ្នកនេសាទវៀតណាម សម្លាប់។ អ្នកស្រី សិន សាហ្វ៊ី និយាយដោយទឹកមុខស្រងូតស្រងាត់ថា ក្រុមគ្រួសារអ្នកស្រីមិនមានអាហារហូបចុកគ្រប់គ្រាន់ ដូចកាលដែលប្ដីអ្នកស្រីនៅរស់នោះឡើយ៖ «ចង់ឲ្យជួយធ្វើផ្ទះហ្នឹងឲ្យជួយទិញអង្ករអីឲ្យហូប បានភ្លើងបានទឹក។ ហ្នឹងពិបាកត្រង់ថា អត់មានអីហូប ផ្ទះចង់រលំ អត់មានភ្លើងអគ្គិសនី អត់មានទឹកអីហ្នឹង តែប៉ុណ្ណឹងទេ»។
ប្ដី របស់អ្នកស្រី គឺលោក ឌុល អៃយ៉ូប អាយុ ៤២ឆ្នាំ ត្រូវបានអ្នកនេសាទវៀតណាម សម្លាប់ រួចបោះសពចូលក្នុងសមុទ្រកាលពីយប់ថ្ងៃទី២៦ ខែកក្កដា ខណៈដែលទូកនេសាទរបស់ពួកលោកកំពុងនេសាទនៅក្នុងដែនទឹកកម្ពុជា។
សមាជិក សហគមន៍ម្នាក់ឈ្មោះ លោក សឿ រឿន ដែលជាសាក្សីស្ថិតក្នុងហេតុការណ៍ និងបានជួយស្រង់សាកសពជនរងគ្រោះពីក្នុងទឹកសមុទ្រ បានថ្លែងកាលពីថ្ងៃទី៣០ កក្កដា ថា អ្នកនេសាទវៀតណាម មួយចំនួន បានចូលនេសាទក្នុងដែនសមុទ្រខ្មែរដោយបំពាន និងប្រើឧបករណ៍នេសាទខុសច្បាប់ រួចក៏បានប៉ះទង្គិចជាមួយក្រុមរបស់ពួកលោក៖ «វាអូសមងជាប់គ្នា វាខឹងខ្លាំង វាកាត់ពួរមកបុកពន្លិចតែម្តង។ តែដល់ពេលបុកអត់លិច កូនដៃ (កម្មករ) ក៏ធ្លាក់ទឹក ហើយវាក៏ស្រង់កូនដៃឡើង រួចសម្លាប់ចោល។ បន្ទាប់មកវាតេអូហៅពួកខ្ញុំថា ឲ្យទៅយកខ្មោចពួកគ្នាឯងវិញទៅ។ វាមិនគួរសោះ អូសនៅទឹកដីខ្មែរសោះ វាមានកម្លាំងដល់ថ្នាក់ហ្នឹង ដល់ធ្វើបាបខ្មែរ»។
មរណភាពរបស់ប្ដី ធ្វើឲ្យជីវភាពគ្រួសារ អ្នកស្រី សិន សាហ្វ៊ី ស្រុតចុះជាខ្លាំង ពីព្រោះគ្រួសារទាំងមូលរស់នៅពឹងផ្អែកតែទៅលើការចុះទូកនេសាទរបស់ លោក ឌុល អៃយ៉ូប ដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសារ។ បច្ចុប្បន្ននេះ អ្នកស្រី សិន សាហ្វ៊ី ប្រកបរបរជាអ្នកលក់ប្រហិត ដើម្បីរកប្រាក់ចិញ្ចឹមកូន ២នាក់។ កូនស្រីបងមានឈ្មោះ អៃយ៉ូប ខឌី អាយុ ១៥ឆ្នាំ រៀននៅសាលាបឋមសិក្សាត្រើយកោះ ក្រុងកំពត ឯកូនប្រុសពៅមានអាយុ ៥ឆ្នាំ ឈ្មោះ អៃយ៉ូប រ៉ូសាគីន មិនទាន់ចូលរៀននៅឡើយ។ តាមរយៈរបរលក់ប្រហិតនេះ អ្នកស្រីអាចរកប្រាក់បានប្រហែល ៧ពាន់រៀលក្នុងមួយថ្ងៃ សរុបទាំងថ្លៃដើម និងប្រាក់ចំណេញ។
កំពុងស្រាយថង់ ដើម្បីយកប្រហិតមកបង់លក់ឲ្យក្មេងៗ កុមារី អៃយ៉ូប ខឌី បាននិយាយដោយទឹកមុខស្មើថា នាងមិនមានបំណងរៀនបន្តទៅមុខវែងឆ្ងាយឡើយ ពីព្រោះមិនចង់ឃ្លាតឆ្ងាយពីម្តាយ និងប្អូនប្រុសរបស់នាង។ បើទុកជានាងរៀនពូកែបានចំណាត់ថ្នាក់ក្រោម ១០ ក៏ដោយ ក៏នាងសម្រេចចិត្តថានឹងឈប់រៀន បន្ទាប់ពីចប់ថ្នាក់ទី៦ ដើម្បីមើលថែទាំគ្រួសារ៖ «រៀនតែនៅទីនេះចប់ប្រហែលជាឈប់ហើយទេដឹង! ខ្ជិលទៅទៀត ខ្ជិលចោលម៉ាក់ ចោលប្អូន។ មិនដឹងនៅរៀនធ្វើអ្វី ទៅដល់មុខទៀតបានដឹង»។
អ្នកស្រី សិន សាហ្វ៊ី៖ «កុំ ឲ្យពួកយួន ពួកអីហ្នឹងចូលមកធ្វើរញ៉េរញ៉ៃអ៊ីចឹង។ យើងមិនមែនថាមិនឲ្យគេរកទេ ព្រោះមុខរបរហ្នឹង យើងរកស៊ីអ៊ីចឹងដូចគ្នា ប៉ុន្តែកុំឲ្យយើងរកស៊ីខុសច្បាប់ រកស៊ីឲ្យត្រូវច្បាប់ដូចគ្នា»។
ទាក់ទងនឹង ឃាតកម្មលើ លោក ឌុល អៃយ៉ូប ប្រធានសហគមន៍នេសាទត្រើយកោះ លោក នាក់ សេន បានបញ្ជាក់ថា ពលរដ្ឋហាក់មិនមានជំនឿទៅលើសមត្ថកិច្ច ថាអាចវែកមុខចាប់ឃាតកបានឡើយ ពីព្រោះជនបង្កជាជនជាតិវៀតណាម ដែលពួកលោកខ្វះភស្តុតាងក្នុងការចោទប្រកាន់។ យ៉ាងនេះក្តី លោកអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ទប់ស្កាត់បទល្មើសនេសាទសមុទ្រត្រង់ភូមិសាស្ត្រខេត្តកំពត ឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិតបានដោយសុវត្ថិភាព និងដើម្បីកុំឲ្យជនជាតិវៀតណាម ចូលមកនេសាទខុសច្បាប់ដោយសេរីបន្តទៀត។ ចំពោះក្រុមគ្រួសារជនរងគ្រោះវិញ លោកថ្លែងថា នឹងរៃអង្គាសប្រាក់កាសខ្លះ ដើម្បីឧបត្ថម្ភដល់ការរស់នៅរបស់ពួកគេ៖ «សហគមន៍មានគំនិតមួយថា យើងពិនិត្យមើលគាត់ បើគាត់ដាច់ពេល ឬខ្វះខាតមិនមានអ្វីផ្គត់ផ្គង់កូនគាត់អីអ៊ីចឹង គាត់ត្រូវប្រាប់មក យើងអាចថាយើងដើររៃអង្គាសប្រជានេសាទក្នុងភូមិ ដើម្បីជួយគាត់ឲ្យគាត់បានហូបគ្រប់គ្រាន់តែប៉ុណ្ណឹង។ យើងមិនអាចជួយធ្វើអ្វីធំដុំជាងនេះទេ»។
ចំណែកចៅ សង្កាត់ត្រើយកោះ លោក ពៅ សុន មានប្រសាសន៍ថា ការវែកមុខចាប់ជនដៃដល់ជាភារៈរបស់សមត្ថកិច្ចគ្រប់គ្រងដែនសមុទ្រ ដែលហួសពីសមត្ថភាពរបស់អាជ្ញាធរសង្កាត់។ បើទុកជាមិនអាចអន្តរាគមន៍ក្នុងសំណុំរឿងឃាតកម្មនេះក៏ដោយ ក៏ លោក ពៅ សុន បានទាក់ទងជាមួយសមាគមឥស្លាម និងអាជ្ញាធរថ្នាក់លើ ដើម្បីស្វែងរកជំនួយដល់គ្រួសារជនរងគ្រោះ ដែលកំពុងប្រឈមបញ្ហាលំបាកក្នុងការរស់នៅ៖ «ការស៊ើបអង្កេតជាតួនាទីរបស់មន្ត្រីជំនាញ ខ្ញុំសង្កាត់អត់បានដឹងដែរ ប៉ុន្តែយើងក៏បានរាយការណ៍ជូនសមត្ថកិច្ចដែរ ហើយសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតដែរ។ សមត្ថកិច្ចគាត់បាននិយាយថា បើសិនជាអ្នកនេសាទយើង គាត់បានថតលេខទូកទុក វានឹងងាយស្រួលរក។ ដោយសារពេលនោះជាពេលយប់ យើងក៏អត់បានថតលេខទូក អ៊ីចឹងខាងវៀតណាម ក៏គេសហការដែរ បើតាមសមត្ថកិច្ចខាងព្រំដែនលើកឡើង។ ជារួមមក យើងអត់មានភស្តុតាង ដឹងតែទូក ហើយទូកមានច្រើនយើងចំណាំអត់បាន។ បើសិនបានលេខ ខាងវៀតណាម គេរកឲ្យបានភ្លាម»។
ប្រជាសហគមន៍នេសាទ ត្រើយកោះ អះអាងថា អ្នកនេសាទជនជាតិវៀតណាម ដែលភាគច្រើនមានមូលដ្ឋាននៅកោះត្រល់ តែងលួចនេសាទចូលដែនទឹកកម្ពុជា ដោយមិនញញើតអាជ្ញាធរ ហើយជាញឹកញាប់ តែងប៉ះទង្គិចជាមួយពួកគាត់។ ចំណុចដែនទឹកដែលវៀតណាម តែងបំពាននោះ ស្ថិតនៅទីតាំងគន្លុកក្រម៉យ ដែលស្ថិតនៅចន្លោះសង្កាត់ត្រើយកោះ និងស្រុកទឹកឈូ ខេត្តកំពត។
ក្រឡេក ទៅមើលការរស់នៅរបស់ក្រុមគ្រួសារជនរងគ្រោះវិញម្តង។ អ្នកស្រី សិន សាហ្វ៊ី និងកូនទាំងពីរនាក់ស្នាក់នៅក្នុងផ្ទះមួយ ដែលមានទំហំប្រហែល ៤ គុណនឹង ៥ម៉ែត្រ យកស័ង្កសីមកធ្វើជាជញ្ជាំង និងដំបូល។ ផ្ទះនេះមិនមានជើងទម្ររឹងមាំទេ ដោយសសរនីមួយៗត្រូវសត្វស៊ី និងពុកឥតចន្លោះ។ ប្ដីត្រូវគេសម្លាប់ និងម្យ៉ាងមិនមានលុយចាក់ដីផង ផ្ទះដ៏តូចមួយនេះត្រូវទឹកលិចសឹងត្រឹមជង្គង់នៅពេលភ្លៀង។ ពេលទឹកស្រកអស់ ផ្លូវចូល រួមទាំងសណ្ឋានដីក្រោមផ្ទះ ត្រូវក្លាយជាភក់ជ្រាំសឹងរកកន្លែងដើរគ្មាន។ ផ្ទះនេះមិនមានបង្គន់អនាម័យទេ ពោលគឺអ្នកស្រី និងកូនៗ ត្រូវទៅរកវាលស្រែដែលនៅក្បែរនោះ ដើម្បីបន្ទោបង់។ ក្នុងមួយខែៗ អ្នកស្រីត្រូវបង់ថ្លៃទឹកភ្លើងជាង ១ម៉ឺនរៀល ប៉ុន្តែតាំងពីប្ដីស្លាប់ទៅ អ្នកស្រីគ្មានលុយបង់ឲ្យអ្នកផ្គត់ផ្គង់ឡើយ ហើយប៉ុន្មានសប្ដាហ៍មុននេះ គេបានផ្អាកការផ្គត់ផ្គង់ទឹកស្អាត ហើយមិនយូរមិនឆាប់ គេនឹងផ្តាច់អគ្គិសនីជាបន្តទៀត។
នៅ ក្នុងដំណើរឆ្ពោះទៅកន្លែងបញ្ចុះសពប្ដីជាប់វិហារឥស្លាម ចម្ងាយប្រមាណ ៥០០ម៉ែត្រ ចុះតាមផ្លូវមេនៃសង្កាត់ត្រើយកោះ ក្រុងកំពត អ្នកស្រី សិន សាហ្វ៊ី រំឭកថា លោក ឌុល អៃយ៉ូប ជាស្វាមីដែលស្រឡាញ់កូន និងក្រុមគ្រួសារយ៉ាងខ្លាំង។ នៅពេលលាចាកលោកទៅ ម្នាក់ៗសុទ្ធតែស្រក់ទឹកភ្នែកស្ដាយរូបលោក ជាពិសេស គឺកូនប្រុសអាយុ ៥ឆ្នាំរបស់អ្នកស្រី៖ «កូនតូចហ្នឹងវានឹកឪវា វារត់មកទីនេះ។ ខ្ញុំឲ្យកូនបងមកតាមរក រកឃើញនៅទីនេះ រួចក៏យកវាទៅវិញទៅ។ ខ្ញុំសួរថា ឯងទៅទីនោះធ្វើអ្វី វាថាវានឹកប៉ា ឲ្យយកប៉ាវាឡើងវិញ វាថាឲ្យកាយឡើងវិញមក វាអត់ឲ្យកប់ទេ។ មនុស្សស្លាប់ទៅហើយ យកឡើងមកម្ដេចកើត? វាជេរគេ ខឹងគេយក (ឪពុក) កប់»។
អ្នកស្រី សិន សាហ្វ៊ី មិនដឹងត្រូវគិតយ៉ាងណានោះទេអំពីអនាគតកូនទាំងពីរ។ អ្នកស្រីក៏មិនដឹងថា អាចរួមរស់ជាមួយកូនៗបានយូរប៉ុណ្ណាទៀតដែរ ត្បិតអ្នកស្រីមានផ្ទុកមេរោគអេដស៍ជាង ១០ឆ្នាំមកហើយ។ អ្នកស្រីបានឆ្លងមេរោគនេះតាមរយៈការបញ្ចូលឈាម នៅពេលឆ្លងទន្លេកូនស្រីច្បង ហើយតាំងពីពេលនោះមក អ្នកស្រីត្រូវរស់ដោយការលេបថ្នាំពន្យារជីវិតជាប្រចាំ។ កូនស្រីច្បងរបស់អ្នកស្រី មិនបានឆ្លងមេរោគនេះទេ ប៉ុន្តែអ្នកស្រីហាក់មានមន្ទិលចំពោះកូនប្រុសពៅដែលមានរាងកាយ ស្គមស្គាំង៖ «ធ្លាក់ទឹកចិត្តដែរហ្នឹង ប៉ុន្តែអ្នកដែលទៅពេទ្យជាមួយគ្នាហ្នឹង គេបញ្ចុះបញ្ចូលថា កុំភ័យ កុំពិបាកកុំអីអ៊ីចឹង។ មនុស្សដែលកើតអ៊ីចឹង វាមានច្រើនណាស់ មិនមែនមានតែឯងមួយទេ។ ដូច្នេះអត់ពិបាកចិត្តវិញទៅ។ ចេះតែកាត់ចិត្តទៅ បាននៅដល់សព្វថ្ងៃហ្នឹងទៅ។ កាលពីដឹងមុនដំបូង ពិបាកដែរហ្នឹងណា»។
អ្នកស្រី សិន សាហ្វ៊ី អាយុ ៣៥ឆ្នាំ មិនដែលគិតថា មានអ្នកអាចរកយុត្តិធម៌ជូនក្រុមគ្រួសារអ្នកស្រីបានឡើយ។ អ្នកស្រីចង់ឃើញការស្លាប់របស់ស្វាមី ប្ដូរមកជាការទប់ស្កាត់បទល្មើសនេសាទ ដែលបង្កឡើងដោយជនជាតិវៀតណាម នៅភូមិសាស្ត្រខេត្តកំពត។ ក្រៅពីនេះ អ្វីដែលអ្នកស្រីចង់បានដើម្បីបន្តរស់តទៅទៀត គឺផ្ទះសមរម្យមួយខ្នង ដែលមានទឹកភ្លើង រួមទាំងម្ហូបអាហារសម្រាប់កូនទាំងពីរ និងការឧបត្ថម្ភដល់កូនស្រីច្បងដែលកំពុងប្រឈមនឹងការបោះបង់ការ សិក្សា៖ «កុំឲ្យពួកយួន ពួកអីហ្នឹងចូលមកធ្វើរញ៉េរញ៉ៃអ៊ីចឹង។ យើងមិនមែនថាមិនឲ្យគេរកទេ ព្រោះមុខរបរហ្នឹង យើងរកស៊ីអ៊ីចឹងដូចគ្នា ប៉ុន្តែកុំឲ្យយើងរកស៊ីខុសច្បាប់ រកស៊ីឲ្យត្រូវច្បាប់ដូចគ្នា»៕
No comments:
Post a Comment