ដោយ ហង្ស សាវយុត
2015-09-29
សកម្មភាពព្រះសង្ឃការពារព្រៃឈើនៅខេត្តឧត្ដរមានជ័យ។ រូបថតកាលពីខែកញ្ញា ឆ្នាំ២០១០
Photo: RFA
|
សហគមន៍ការពារព្រៃឈើអណ្តូងប នៅស្រុកបន្ទាយអំពិល មិនហ៊ានដើរល្បាតការពារព្រៃឈើរបស់គេបន្តទៀតទេ ដោយសារគេតែងទទួលរងការគំរាមកំហែងក្នុងពេលដែលទាហាន និងអ្នកមានអំណាចខ្លះកំពុងបញ្ជូនគ្រឿងចក្រទៅឈូសឆាយរំលោភយកដីនៅតំបន់នោះ។
បច្ចុប្បន្នសហគមន៍ការពារព្រៃឈើអណ្ដូងប នៅមានសង្ឃឹមតែម្យ៉ាង គឺដាក់ពាក្យប្ដឹងទៅតុលាការដើម្បីឱ្យជួយទប់ស្កាត់ និងការពារការរំលោភយកដីព្រៃឈើដោយខុសច្បាប់ពីក្រុមអ្នកមានអំណាចទាំងនោះ។
តំណាងសហគមន៍ការពារព្រៃឈើអណ្ដូងប នៅឃុំបេង ស្រុកបន្ទាយអំពិល ដែលមានភូមិសាស្ត្រជាប់គ្នានឹងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ អំពាវនាវឱ្យមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធ ជួយចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ទាហាន និងអ្នកមានអំណាចខ្លះទៀតដែលកំពុងតែប្រើប្រាស់គ្រឿងចក្រទៅឈូសឆាយរំលោភយកដីព្រៃសហគមន៍ជាច្រើនពាន់ហិកតារជាបន្ទាន់។
ការអំពាវនាវបានធ្វើឡើងនៅស្របពេលដែលប្រជាសហគមន៍ហាក់អស់លទ្ធភាពការពារព្រៃឈើទំហំជាង ៦ពាន់ហិកតារទៅហើយ ដោយសារតែក្រុមទាហាន និងអ្នកមានអំណាចខ្លះ តែងគំរាមកំហែងមកលើពួកគេក្នុងពេលចុះទប់ស្កាត់ការរុករានយកដីម្ដងៗ។
អនុប្រធានសហគមន៍ការពារព្រៃឈើអណ្ដូងប គឺលោក កើត ម៉ាប់។ លោកអះអាងនៅរសៀលថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ថា បច្ចុប្បន្ននេះ មានទាហានខ្លះដែលមកពីខេត្តបន្ទាយមានជ័យ និងខ្លះទៀតមកពីអង្គភាពកងពលតូចលេខ៤ ព្រមទាំងអ្នកមានអំណាចខ្លះផង កំពុងបញ្ជូនគ្រឿងចក្រទៅឈូសឆាយរំលោភយកដីព្រៃសហគមន៍។
តំណាងសហគមន៍ដដែលបញ្ជាក់ថា ដីព្រៃឈើទំហំជាង ៦ពាន់ហិកតារ ដែលអ្នកភូមិទទួលការពារតាំងពីអំឡុងឆ្នាំ២០០៤ មកនោះ ត្រូវអ្នកមានអំណាចព្រួតគ្នាឈូសរំលោភយកអស់ជាច្រើនពាន់ហិកតារហើយ នៅសល់តែជាង ១.០០០ហិកតារប៉ុណ្ណោះ៖ «តាំងពីទាហានគាត់ចូលទៅជួលដីឱ្យអ្នកភូមិចូលធ្វើចម្ការទៅ គឺមានការឈូសឆាយស្ទើរតែរៀងរាល់ថ្ងៃ។ ជិតអស់ហើយដីនោះ បើនិយាយរួមទៅផ្ទៃដីសហគមន៍គឺគេឈូសជុំវិញ នៅតែកៀនភ្នំចង្ក្រានយក្សបន្តិច»។
កាលពីរសៀលថ្ងៃច័ន្ទ តំណាងសហគមន៍ព្រៃឈើ បាននាំគ្នាទៅពឹងពាក់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ ឱ្យជួយធ្វើបណ្ដឹងដាក់ទៅតុលាការ ដើម្បីទប់ស្កាត់ការរុករានយកដីនេះ ពីព្រោះតែអាជ្ញាធរមូលដ្ឋានចាប់ពីឃុំបេង និងស្រុកបន្ទាយអំពិល ជាដើមហាក់មិនយកចិត្តទុកដាក់ជួយការពារ និងទប់ស្កាត់ទៅហើយ។
អភិបាលស្រុកបន្ទាយអំពិល លោក ហាំង ម៉េង មានប្រសាសន៍តំបន់ដីព្រៃសហគមន៍នោះ គឺកងទាហានបានចូលទៅធ្វើបន្ទាយ ចាប់តាំងពីអំឡុងឆ្នាំ២០០៨ ក្នុងពេលដែលប្រទេសកម្ពុជា និងថៃ កើតមានបញ្ហាជម្លោះព្រំដែននៅជិតប្រាសាទព្រះវិហារមក។ អភិបាលស្រុកដដែលបញ្ជាក់ថា បច្ចុប្បន្ន តំបន់ដីព្រៃសហគមន៍អណ្ដូងប នឹងត្រូវយកទៅរៀបចំឱ្យគ្រួសារកងទ័ពសង់លំនៅឋាន និងធ្វើកសិកម្ម ដូច្នេះក្នុងនាមលោកជាអាជ្ញាធរស្រុក មិនហ៊ានដោះស្រាយថា យ៉ាងណាឡើយ៖ «អាហ្នឹង ខ្ញុំមិនហ៊ានថាយ៉ាងម៉េចទេ ហើយក៏មិនមែនជាសមត្ថកិច្ចរបស់ខ្ញុំដែរ គឺខាងអង្គភាពយោធាគាត់មកឈរជើងដើម្បីការពារបូរណភាពទឹកដី»។
ទោះយ៉ាងណា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន យល់ថា ប្រសិនបើតំបន់ព្រៃសហគមន៍អណ្ដូងប នោះ ត្រូវដកហូតយកទៅធ្វើជាតំបន់គ្រួសារយោធាមែន គឺវាមិនទាន់ត្រឹមត្រូវទេ ពីព្រោះតំបន់ព្រៃសហគមន៍ព្រៃឈើនីមួយៗ គឺសុទ្ធតែក្រសួងកសិកម្ម ប្រគល់ឱ្យប្រជាពលរដ្ឋការពារតាមផ្លូវច្បាប់ ដូច្នេះប្រសិនបើមានការដកហូតយកដីនោះ គួរតែមានអនុក្រឹត្យប្រកាសឱ្យគេឯងដឹងឮជាសាធារណៈ មិនគួរចូលទៅឈូសឆាយដោយស្ងាត់ និងគ្មានតម្លាភាពដូច្នេះឡើយ៕
No comments:
Post a Comment