A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Tuesday, 1 September 2015
យុវជនជាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រឈមបញ្ហាច្រើនក្នុងជីវិតការងារ
ដោយ យ៉ង ចាន់តារា
2015-08-30 rfa
អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានរកឃើញថា ស្ថានភាពសិទ្ធិការងាររបស់យុវជនក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនទាន់មានលក្ខណៈល្អនៅឡើយ។ យុវជនជាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានបញ្ហាប្រឈមជាច្រើន ដូចជា ការរំលោភបំពានរាងកាយ និងផ្លូវភេទ ការរើសអើងពីសំណាក់និយោជក និងមិនមានកិច្ចសន្យាការងារ។ បញ្ហាទាំងនេះ ត្រូវបានលើកយកមកបង្ហាញជាសាធារណៈដល់អ្នកចូលរួមចំនួន ២៧០អង្គ និងនាក់ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យហ្សាម៉ាន់ (ZAMAN) ក្នុងក្រុងភ្នំពេញ។
ការសិក្សាស្រាវជ្រាវរបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ធ្វើឡើងជាមួយយុវជនដែលកំពុងធ្វើការជាកម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបជាង ៤០០នាក់។ ការសិក្សាធ្វើឡើងជាមួយយុវជនជាកម្មករចេញពីសេវាកម្ម ១០ប្រភេទផ្សេងៗគ្នា ដូចជា អ្នករត់តាក់ស៊ី កម្មករសំណង់ អ្នកចាក់សាំង សន្តិសុខក្រុមហ៊ុន អ្នកបម្រើតាមហាង អ្នកលក់កាហ្វេចល័ត និងអ្នកបម្រើសេវាកម្សាន្តផ្សេងៗនៅរាជធានីភ្នំពេញ។
លទ្ធផលនៃការស្រាវជ្រាវនេះបង្ហាញថា ស្ថានភាពសិទ្ធិកម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមានភាពលំបាកជាងកម្មករកាត់ដេរ និងបុគ្គលិកក្រុមហ៊ុន ព្រោះមិនមានកិច្ចសន្យាការងារ មិនមានសហជីពការពារសិទ្ធិ និងប្រាក់ខែទាបជាងកម្មករកាត់ដេរ។ បន្ថែមពីលើនេះ ការរំលោភសិទ្ធិប្រមូលផ្តុំ សិទ្ធិបញ្ចេញមតិ សេរីភាពសហជីព និងនយោបាយចំពោះកម្មករពិតជាកើតមាន។ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធខ្លះ ពិសេសកម្មករធ្វើការនៅកន្លែងកម្សាន្ត ទទួលរងនូវការរំលោភបំពានលើរាងកាយ និងផ្លូវភេទពីម្ចាស់ហាង និងភ្ញៀវ។ ការសិក្សាបានបង្ហាញដែរថា យុវជនជាកម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានចំណេះដឹងទាបបំផុតអំពីច្បាប់ការងារ និងសិទ្ធិសេរីភាពរបស់ខ្លួន ហើយច្បាប់ការងារទៀតសោត ក៏មិនត្រូវបានយកមកអនុវត្តចំពោះសេវាកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
ថ្លែងសុន្ទរកថាបើកកម្មវិធីផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវស្ដីពីស្ថានភាពសិទ្ធិការងាររបស់យុវជន ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅព្រឹកថ្ងៃទី៣០ សីហា អ្នកស្រី សួស រដ្ឋាវី អនុរដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ថា លទ្ធផលនៃការស្រាវជ្រាវនេះ នឹងរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យមានការគោរពច្បាប់ការងារនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព។
ទាក់ទងទៅនឹងបញ្ហាប្រឈមនេះ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ (C-CAWDU) ស្នើឲ្យយុវជនដែលជាកម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវស្វះស្វែងរកអន្តរាគមន៍ពីក្រសួងការងារ ឬពីសហជីព ដើម្បីមានដំណោះស្រាយសមរម្យ៖ «ឲ្យតែកម្មករ និយោជិត ធ្វើការជាមួយក្រុមហ៊ុន ទោះបីជាក្រុមហ៊ុនណាក៏ដោយ ឲ្យតែក្រុមហ៊ុននៅក្នុងស្រុកខ្មែរ លើកលែងតែអ្នកបម្រើតាមយន្តហោះ និងកប៉ាល់ទេ ដែលច្បាប់ការងារមិនគ្របដណ្ដប់។ ទោះបីម្នាក់ក៏ដោយ បានន័យថា គឺមានសិទ្ធិទទួលបានការការពារដោយច្បាប់។ អ៊ីចឹងគាត់មានសិទ្ធិប្ដឹងទៅក្រសួងការងារ ឬសហជីព ដើម្បីការពារខ្លួនគាត់បាន»។
ដើម្បីធ្វើឲ្យស្ថានភាពសិទ្ធិការងាររបស់យុវជនក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានភាពល្អប្រសើរ លោកបណ្ឌិត កែម ឡី ទីប្រឹក្សាស្រាវជ្រាវឯករាជ្យ បានលើកឡើងជាអនុសាសន៍មួយចំនួនដល់ភាគីពាក់ព័ន្ធ។ អនុសាសន៍សំខាន់ៗមានជាអាទិ៍ រៀបចំឲ្យមានកម្មវិធីមិត្តអប់រំមិត្តស្ដីពីសិទ្ធិការងារកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតាមគ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងក្រុងភ្នំពេញ និងតាមបណ្ដាខេត្តបង្កើតគម្រោងតស៊ូមតិ ដែលមានការសហការគ្នារវាងសហជីពសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីទាមទារឲ្យមានការអនុវត្តច្បាប់ការងារនៅក្នុងគ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្កើនការផ្សព្វផ្សាយអំពីសិទ្ធិការងាររបស់កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ «យើងគួរតែមានការសហការគ្នាដែររវាងរដ្ឋាភិបាល សមាគមនិយោជក ទាក់ទងទៅនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយនិងគណៈកម្មការសុវត្ថិភាពភូមិ-ឃុំ ឬនៅភ្នំពេញ គេហៅថាគណៈកម្មការសុវត្ថិភាពសង្កាត់។ អ៊ីចឹងខ្ញុំគិតថា គណៈកម្មការហ្នឹងអាចជួយអន្តរាគមន៍ច្រើន ព្រោះមានការរំលោភបំពាន ភាគច្រើនគាត់ប្ដឹងទៅថៅកែដដែល។ ដល់ពេលថៅកែមានការរំលោភបំពានគាត់ គាត់អត់ដឹងថាប្ដឹងទៅឯណាទេ? អត់មានសហជីពទៀត អ៊ីចឹងបើសហការជាមួយគណៈកម្មការសុវត្ថិភាពភូមិ-ឃុំ អាចជួយអន្តរាគមន៍មួយចំនួន ប្រសិនបើគាត់មានការប្តឹងផ្តល់»។
របាយការណ៍ស្រាវជ្រាវស្ដីពីស្ថានភាពសិទ្ធិការងាររបស់យុវជន ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្ហាញថា ប្រាក់ខែសរុបជាមធ្យមរបស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួនជាង ១៧០ដុល្លារ (១៧២,៩៨ដុល្លារ) ក្នុងមួយខែ តិចជាងកម្មករកាត់ដេរដែលទទួលបានជិត ១៩០ដុល្លារ (១៨៨ដុល្លារ) ក្នុងមួយខែ។ កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធតែជិត ៤% (៣,៧%) ប៉ុណ្ណោះ ដែលមានសហជីព ហើយពួកគេតែជិត ៣០% (២៧,៧%) ប៉ុណ្ណោះ ដែលទទួលបានកិច្ចសន្យាការងារ។ ក្រៅពីនេះ ចំនួនប្រហែល ៤១% (៤០,៩%) នៃកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្វើការលើសពី ៦ថ្ងៃក្នុងមួយសប្ដាហ៍ និងលើសពី ៨ម៉ោងក្នុងមួយថ្ងៃ ដែលការងារទាំងនោះស្ថិតក្នុងបរិយាកាសមិនមានសុវត្ថិភាពការងារ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment