សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ
ពេលបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែសីហា
ឆ្នាំ២០១៥ ដើម្បីសាកសួរ។
RFA/Brach Chev
|
2015-08-30 rfa
សាលាឧទ្ធរណ៍ នឹងបើកសវនាការលើការសុំនៅក្រៅឃុំរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង លោក ហុង សុខហួរ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ខាងមុខ។ លោក ហុង សុខហួរ កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោកនៅថ្ងៃទី១៥ សីហា។ ការចាប់ខ្លួននេះ គឺ ៣ថ្ងៃបន្ទាប់ពីមានបញ្ជាផ្ទាល់មាត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រោយការចាប់ខ្លួន សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ លោក ហុង សុខហួរ ពីបទក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចោទប្រកាន់នេះ គឺបន្ទាប់ពី លោក ហុង សុខហួរ បង្ហោះវីដេអូឃ្លីប និងបកស្រាយអំពីខ្លឹមសារនៃសន្ធិសញ្ញា ឆ្នាំ១៩៧៩ ទាក់ទងនឹងផែនទី និងព្រំដែនរវាងកម្ពុជា និងវៀតណាម។ រដ្ឋាភិបាល ចាត់ទុកការផ្សាយវីដេអូនោះថា ផ្ទុយពីខ្លឹមសារដើមនៃសន្ធិសញ្ញាឆ្នាំ១៩៧៩។
មេធាវីការពារក្ដី លោក ហុង សុខហួរ គឺលោក ជូង ជូងី ថ្លែងនៅល្ងាចថ្ងៃទី៣០ សីហា ថា អំពើរបស់ លោក ហុង សុខហួរ មិនមែនជាបទល្មើសទេ ព្រោះក្នុងនាមលោកជាសមាជិកព្រឹទ្ធសភា លោកស្រាវជ្រាវឃើញឯកសារថតចម្លងនោះនៅក្នុងអ៊ីនធឺណិត៖ «គាត់មិនមែនទៅផលិតសន្ធិសញ្ញាហ្នឹងទេ។ អ៊ីចឹងចោទប្រកាន់គាត់ថាក្លែងបន្លំឯកសារវាអត់ត្រូវ ហើយទីពីរ គាត់យកទៅផុស (Post) ក្នុងអ៊ីនធឺណិត។ ការផុស (Post) នៅក្នុងអ៊ីនធឺណិតមិនមែនជាការប្រើប្រាស់ទេ គឺជាការចែករំលែកព័ត៌មាន ដែលខ្លួនទទួលបាន ហើយអ្វីដែលផុស (Post) ក្នុងអ៊ីនធឺណិត មិនមែនថាជាការពិតទាំងស្រុងទេ។ វាអាចពិត អាចមិនពិត។ វាគ្រាន់តែជាការចែករំលែកនូវអ្វីដែលខ្លួនមានតែប៉ុណ្ណឹងទេ ហើយទៅចោទថា ប្រើប្រាស់ឯកសារក្លែង។ ការផុស (Post) ក្នុងអ៊ីនធឺណិត ធ្វើម្ដេចទៅជាការប្រើប្រាស់កើតទៅ? សន្ធិសញ្ញា ខ្លឹមសារពិតរបស់វា គឺប្រើប្រាស់រវាងរដ្ឋ និងរដ្ឋ មិនមែនយកមកផុស (Post) ក្នុងអ៊ីនធឺណិត ថាជាការប្រើប្រាស់ទេ។ អ្នកចោទចេះតែចោទទៅ អាងមានសិទ្ធិអំណាចចោទចេះតែចោទទៅ អត់មានពិចារណាខ្លឹមសារច្បាប់ច្បាស់លាស់ទេ។ ការផុស (Post) ក្នុងហ្វេសប៊ុក (Facebook) មិនមែនជាការប្រើប្រាស់ទេ វាជាការចែករំលែកព័ត៌មាន ហើយវាអាចពិត អាចមិនពិត ហើយអត់មានច្បាប់ណាថា យកឯកសារទៅផុសក្នុងហ្វេសប៊ុក បើមិនពិត ត្រូវមានទោសឧក្រិដ្ឋ អត់មានច្បាប់ណាចែងអ៊ីចឹងផង»។
លោកមានប្រសាសន៍ទៀតថា លោកនឹងប្រឹងប្រែងឲ្យអស់សមត្ថភាពរបស់លោក នៅក្នុងសវនាការនៅថ្ងៃទី២ ខែកញ្ញា នោះ ដើម្បីការពារសិទ្ធិកូនក្ដីលោក ព្រោះតាមផ្លូវច្បាប់ លោក ហុង សុខហួរ មិនត្រូវរងការចោទប្រកាន់អ្វីទាំងអស់៕
No comments:
Post a Comment