2015-09-01 rfa
រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) (ឆ្វេង) ជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤។
RFA
|
អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែកញ្ញា នេះថា គម្រោងទស្សនកិច្ចរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសទៅកាន់ប្រទេសអូស្ត្រាលី នៅដើមខែកញ្ញា នេះ នឹងត្រូវពន្យារពេលវិញ ដោយសារពេលវេលាមិនអនុគ្រោះរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ។
ក្នុងកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៥ ខែសីហា រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានលើកឡើងពីគម្រោងទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី នៅដើមខែកញ្ញា របស់លោក ហោ ណាំហុង និងគម្រោងទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខែធ្នូ ខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងនោះ ក៏មានគម្រោងពិភាក្សាពីកិច្ចព្រមព្រៀងស្ដីពីជនភៀសខ្លួនដែរ។
អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ដែរថា ការលើកពេលនៃគម្រោងទស្សនកិច្ចរបស់លោក ហោ ណាំហុង នេះ ក៏ជាមូលហេតុធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យារពេលនៃគម្រោងទស្សនកិច្ចទៅប្រទេសអូស្ត្រាលី ដែរ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនអាចបញ្ជាក់ថាតើគម្រោងទស្សនកិច្ចទាំងពីរនឹងត្រូវលើកទៅថ្ងៃណាច្បាស់លាស់នោះទេ តែថា អាចនឹងលើកទៅដល់ឆ្នាំក្រោយ។ តែលោកមានប្រសាសន៍ថា ភាគីទាំងពីរកំពុងពិភាក្សាគ្នាដើម្បីកំណត់យកពេលវេលាសមស្របណាមួយ៕
No comments:
Post a Comment