ដោយ សូត សុខប្រាថ្នា
2015-09-01 rfa
អាជ្ញាធរខេត្តត្បូងឃ្មុំ សម្រេចនាំខ្លួនប្រជាពលរដ្ឋនៅឃុំដា ស្រុកមេមត់ ពីរនាក់ មកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត កាលពីល្ងាចថ្ងៃទី៣១ ខែសីហា។ ការនាំខ្លួនមកសាកសួរភ្លាមៗនេះ បន្ទាប់ពីពលរដ្ឋទាំងនោះបានធ្វើសកម្មភាពដកបង្គោលរណបព្រំដែនកម្ពុជា-វៀតណាម នៅចំណុចឃុំដា ស្រុកមេមត់ ។ យ៉ាងណាគ្រួសារជនសង្ស័យស្នើឱ្យអាជ្ញាធរដោះលែងសមាជិកគ្រួសារពួកគាត់វិញ ដោយអះអាងថា ប្តីរបស់ខ្លួនគ្មានចេតនាទៅបំផ្លាញបង្គោលព្រំដែននោះទេ។
មន្ត្រីសមត្ថកិច្ចឱ្យដឹងថា ពួកគេកំពុងសាកសួរជនសង្ស័យពីរនាក់ពាក់ព័ន្ធសកម្មភាពដកបង្គោលព្រំដែន ដែលជាប្រភេទបង្គោលរណបលេខ ១១០.១ នៅចំណុចឃុំដា ស្រុកមេមត់។ សមត្ថកិច្ចថា ត្បិតតែការសាកសួរនៅមិនទាន់បញ្ចប់ និងមិនទាន់បានលទ្ធផលក៏ដោយ ប៉ុន្តែប្រសិនបើការសាកសួរចប់ពេលណាគេនឹងបញ្ជូនរបាយការណ៍នោះទៅថ្នាក់លើដើម្បីសម្រេចបន្តទៀត។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក ម៉ៅ ពៅ មានប្រសាសន៍នៅថ្ងៃទី១ ខែកញ្ញា ថា ខាងលោកនៅមិនទាន់បញ្ចប់ការសាកសួរទៅលើបុរសពីរនាក់នោះនៅឡើយ។ ដូច្នេះ គេមិនទាន់ដឹងថា ករណីនេះជាការប៉ុនប៉ង ឬអចេតនាយ៉ាងណាទេ៖ «យើងមិនទាន់មានអីទៅដាក់បន្ទុកថា គាត់មានចេតនា ឬមិនមានទេ ប៉ុន្តែបច្ចុប្បន្នយើងកំពុងសួរនាំគាត់។ តែបើគ្មានចេតនាទេ ហេតុអីបានជាគាត់បីនាក់នាំគ្នាទៅរុះរើរបងហ្នុង»។
សមត្ថកិច្ចការពារព្រំដែនឃុំដា ចាប់ឃាត់ខ្លួនបុរសពីរនាក់ក្នុងចំណោមបីនាក់ កាលពីម៉ោងជាង ៦ល្ងាច នៅថ្ងៃទី៣១ ខែសីហា គឺម្នាក់ឈ្មោះ សោម វ៉ាត និងម្នាក់ទៀត ឈ្មោះ សុខ គោ ជាប្រជាពលរដ្ឋរស់នៅភូមិដាខាងត្បូង ឃុំដា។ ការចាប់ខ្លួននោះ ខណៈសមត្ថកិច្ចឃើញពួកគេបីនាក់ធ្វើសកម្មភាពបម្រុងដកបង្គោលរណបលេខ ១១០.១ នៅចន្លោះបង្គោលព្រំដែនលេខ ១១០ និង ១១១ ហើយសមត្ថកិច្ចទៅសួរនាំ និងចាប់ខ្លួនពលរដ្ឋពីរនាក់ ហើយម្នាក់ទៀតបានរត់គេចខ្លួនបាត់។
កាលពីថ្ងៃទី២៥ ខែកក្កដា មានជនមិនស្គាល់មុខបានវាយបំផ្លាញបង្គោលរណបលេខ ១១០.៣ ដែលអាជ្ញាធរប្រទេសទាំងពីរទើបបោះកាលពីថ្ងៃទី២៤ ខែកក្កដា។ ចំណែកករណីនេះ លោក ម៉ៅ ពៅ បញ្ជាក់ថា ការនាំខ្លួនពលរដ្ឋមកសាកសួរ គឺដើម្បីស៊ើបអង្កេតឱ្យបានច្បាស់លាស់ ខ្លាចក្រែងករណីទាំងពីរនេះមានពាក់ព័ន្ធគ្នា។ លើសពីនេះទៀត ដើម្បីរក្សាសន្តិសុខសណ្តាប់ សមត្ថកិច្ចតែងពន្យល់ប្រាប់ពលរដ្ឋឱ្យយល់ដឹងអំពីបញ្ហាច្បាប់ និងបញ្ហាព្រំដែនជានិច្ច។
ទោះជាយ៉ាងណា ប្រពន្ធជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ អ្នកស្រី ជ្រន់ ស្រីទូច ឱ្យដឹងថា ប្ដីអ្នកស្រីតែងតែទៅមើលស្រូវស្រែជាមួយប្អូនថ្លៃរបស់ខ្លួន នៅចំណុចវាលបែង។ អ្នកស្រីបន្តថា មុនពេលកើតហេតុ គឺប្ដីអ្នកស្រី និងពលរដ្ឋផ្សេងទៀត នាំគ្នាផឹកស្រាស្រវឹង ហើយក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញនៅពេលព្រលប់ តាមផ្លូវជាប់បង្គោលរណបនោះ។ អ្នកស្រីថា ស្របពេលជិះមក ក៏ទៅបុកនឹងបង្គោលរណបលេខ ១១០.១ ម្យ៉ាងដោយស្រវឹងផង ពួកគេនាំគ្នាបម្រុងដកបង្គោលនោះចោល ប៉ុន្តែមិនបានដកចេញទេ។
អ្នកស្រីអះអាងថា ប្តីនិងប្អូនថ្លៃអ្នកស្រីដែលសមត្ថកិច្ចចាប់ខ្លួន គឺពុំមែនជាអ្នកមាននិន្នាការនយោបាយ ឬអ្នកមិនពេញចិត្តចំពោះការបោះបង្គោលអ្វីឡើយ ប៉ុន្តែអាចជារឿងស្រវឹង និងអចេតនាទៅវិញទេ៖ «ប្តីខ្ញុំជាប់នៅហ្នុងហើយ ហើយខ្ញុំតេសួរប៉ូលិសគេថា ប្តីនាងឯងជិះទៅបុកបង្គោលគេ ហើយចាប់ដកបង្គោលគេចេញ ប៉ុន្តែប្ដីឯងមិនអាចដកបង្គោលគេចេញទេ ព្រោះស្រវឹងឡើងទន់ហើយ»។
ស្ត្រីរូបនេះ ស្នើឱ្យសមត្ថកិច្ចដោះលែងប្តី និងប្អូនថ្លៃអ្នកស្រីវិញ ដោយយល់ថា ពួកគេមិនដឹងថា មានរឿងធំបែបនេះទេ។
យ៉ាងណា ស្នងការនគរបាលខេត្តលើកឡើងថា ខាងក្រុមគ្រួសារជនសង្ស័យលើកឡើងបែបណានោះ គឺជាសិទ្ធិរបស់ពួកគាត់ ចំណែកសមត្ថកិច្ចមានតួនាទីធ្វើតាមនីតិវិធី។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក ប៊ូ វីរៈ មានប្រសាសន៍ថា អាជ្ញាធរត្រូវរកឱ្យឃើញនូវចេតនាពិតប្រាកដរបស់ជនសង្ស័យ ថាតើពួកគេពិតជាមានចេតនាចង់បំផ្លាញបង្គោលនោះមែន ឬយ៉ាងណា?
លោកថា ប្រសិនបើរកឃើញថា ពលរដ្ឋទាំងពីររូប មិនមានចេតនាចង់បំផ្លាញបង្គោលរណបទេ សមត្ថកិច្ចត្រូវដោះលែងជនទាំងនោះវិញ៖ «ត្រូវរកឱ្យឃើញហេតុផល បើរកឃើញ ឬរកមិនឃើញ តែបើមិនរកឃើញ គឺត្រូវតែដោះលែងគាត់ជាបន្ទាន់»។
លោកបន្ថែមថា ប្រសិនបើករណីនេះឈានដល់ការឃុំខ្លួនជនសង្ស័យ ឬគ្មានការដោះលែងវិញទេ ខាងអង្គការលីកាដូ ខេត្តកំពង់ចាម នឹងចុះស៊ើបអង្កេតដល់កន្លែងកើតហេតុ ដើម្បីរកឱ្យឃើញការពិតជុំវិញបញ្ហាមួយនេះ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋនៅស្រុកស្រែមិនសូវយល់ដឹងអំពីច្បាប់នោះទេ ហើយពួកគាត់ក៏មិនសូវយល់ដឹងអំពីផលប៉ះពាល់នៃការដកបង្គោលរណបព្រំដែននោះដែរ៕
No comments:
Post a Comment