2015-09-01 rfa
អ្នកនេសាទសហគមន៍ត្រើយកោះ ក្រុងកំពត ខេត្តកំពត រៀបចំទូកចេញទៅនេសាទ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។
RFA/Vohar Cheath
|
ប្រជាសហគមន៍នេសាទត្រើយកោះ នៅខេត្តកំពត នៅតែទន្ទឹងរង់ចាំចំណាត់ការផ្លូវច្បាប់ពីសំណាក់អាជ្ញាធរ ទៅលើអ្នកនេសាទជនជាតិវៀតណាម ដែលបានសម្លាប់កម្មករទូកនេសាទរបស់សហគមន៍ខ្មែរម្នាក់ កាលពីចុងខែកក្កដា កន្លងទៅ។
ប្រជាសហគមន៍អះអាងថា នេះជាករណីធ្ងន់ធ្ងរជាងគេ ដែលអ្នកនេសាទជនជាតិវៀតណាម បានចូលមកក្នុងដែនសមុទ្រខ្មែរ ហើយវាយសម្លាប់កម្មករទូកនេសាទខ្មែរជាសមាជិកសហគមន៍របស់ពួកគាត់។
អស់រយៈពេលជាង ១ខែមកហើយដែលប្រជាសហគមន៍នេសាទត្រើយកោះ ក្រុងកំពត ទន្ទឹងរង់ចាំអន្តរាគមន៍ជាក់លាក់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការវែកមុខចាប់ឃាតកជាជនជាតិវៀតណាម ដែលបានសម្លាប់កម្មករទូកនេសាទម្នាក់ជាសមាជិករបស់សហគមន៍ មកផ្ដន្ទាទោសតាមផ្លូវច្បាប់។
តំណាងសហគមន៍នេសាទត្រើយកោះ លោក នាក់ ស្រេម បានឲ្យវិទ្យុអាស៊ីសេរី ដឹងនៅរសៀលថ្ងៃទី៣១ ខែសីហា ថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍ហាក់មិនមានជំនឿលើអាជ្ញាធរ ថានឹងអាចនាំខ្លួនឃាតកមកផ្ដន្ទាទោសបានឡើយ។ ម្យ៉ាងវិញទៀត អាជ្ញាធរក៏មិនបានជម្រាបជូនពលរដ្ឋក្នុងសហគមន៍ អំពីដំណើរការស្វែងរកចាប់ខ្លួនជនល្មើសដែរ៖ «គាត់ថា បើរកទៅអត់មានឃើញ អត់មានដឹងឮ ហើយស្ងាត់ជ្រាបអ៊ីចឹង គាត់អត់មានជំនឿទៅលើអាជ្ញាធរទេ»។
កាលពីយប់ថ្ងៃទី២៦ កក្កដា កន្លងទៅ បុរសម្នាក់ជាកម្មករទូកនេសាទនៃសហគមន៍នេសាទត្រើយកោះ ត្រូវបានអ្នកនេសាទជនជាតិវៀតណាម សម្លាប់ រួចបោះសពចោលទៅក្នុងទឹកសមុទ្រ។ សមាជិកសហគមន៍ម្នាក់ គឺលោក សឿ រិន ដែលស្ថិតនៅក្នុងហេតុការណ៍ និងដែលបានជួយស្រង់សាកសពជនរងគ្រោះពីក្នុងទឹកសមុទ្រ បានរៀបរាប់ពីព្រឹត្តិការណ៍ដ៏រន្ធត់នោះថា ទូកនេសាទរបស់ជនជាតិវៀតណាម ពីរគ្រឿង បានធ្វើសកម្មភាពខុសច្បាប់ក្នុងដែនទឹកកម្ពុជា ខណៈដែលទូកនេសាទរបស់ខ្មែរកំពុងនេសាទក្នុងដែនទឹករបស់ខ្លួន៖ «វាអូសមងជាប់គ្នា វាខឹងខ្លាំង វាកាត់ពូមកបុកពន្លិចតែម្តង។ តែដល់ពេលបុកអត់លិច កូនដៃ (កម្មករ) ក៏ធ្លាក់ទឹក ហើយវាក៏ស្រង់កូនដៃឡើង រួចសម្លាប់ចោល។ បន្ទាប់មកវាតេអូហៅពួកខ្ញុំថា ឲ្យទៅយកខ្មោចពួកគ្នាឯងវិញទៅ។ វាមិនគួរសោះ អូសនៅទឹកដីខ្មែរសោះ វាមានកម្លាំងដល់ថ្នាក់ហ្នឹង ដល់ធ្វើបាបខ្មែរ»។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា ៨យប់ ស្ថិតនៅចម្ងាយប្រហែល ២គីឡូម៉ែត្រពីឆ្នេរសង្កាត់ត្រើយកោះ។ កម្មករទូកនេសាទដែលត្រូវបានសម្លាប់នោះ មានឈ្មោះ អៃ យ៉ូប អាយុ ៤២ឆ្នាំ ជាជនជាតិចាម រស់នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ ជនរងគ្រោះមានប្រពន្ធអាយុ ៣៥ឆ្នាំ មានជំងឺរ៉ាំរ៉ៃជាប់ខ្លួន និងមានកូន ២នាក់ក្នុងបន្ទុក ជាពលរដ្ឋក្រីក្ររស់នៅពឹងផ្អែកលើការចុះទូករបស់ប្ដី ដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសារ។
ក្រោយហេតុការណ៍កើតឡើង សហគមន៍បានដាក់ពាក្យបណ្ដឹង ២ផ្សេងគ្នាទៅកាន់នាយកដ្ឋានប៉ូលិសការពារព្រំដែនទឹក និងអធិការដ្ឋាននគរបាលក្រុងកំពត ដើម្បីជួយអន្តរាគមន៍។ លោក នាក់ ស្រេម ដែលជាប្រធានសហគមន៍បានបញ្ជាក់ថា ប៉ូលិសការពារព្រំដែនទឹកបានរកឃើញតម្រុយខ្លះទាក់ទងឃាតកម្មនេះ ប៉ុន្តែមិនមានលក្ខណៈច្បាស់លាស់ ដែលអាចចោទប្រកាន់ជនសង្ស័យបាននៅឡើយ៖ «ថ្ងៃមុនគាត់ថា ដឹងហេតុខ្លះៗ អត់ហ៊ានចោទគេ ព្រោះអត់មានភស្តុតាងអ្វីច្បាស់លាស់។ ណាមួយទៀត យើងអត់បានដឹងលេខទូករបស់គេប៉ុន្មានទៀត»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងនាយកដ្ឋានប៉ូលិសការពារព្រំដែនទឹក និងអធិការដ្ឋាននគរបាលក្រុងកំពត បាននៅឡើយនៅថ្ងៃទី៣១ សីហា ដើម្បីសុំការអធិប្បាយបន្ថែមអំពីដំណើរការនៃការស៊ើបអង្កេត។
ទាក់ទងនឹងករណីឃាតកម្មនេះ លោក ហេង ភារៈ មន្ត្រីនៃអង្គការសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តកំពត បានថ្លែងថា វាជាករណីដែលពិបាកដោះស្រាយ ដោយសារតែជនល្មើសជាជនជាតិវៀតណាម មិនត្រូវបានស្គាល់អត្តសញ្ញាណ។ ក្រៅពីនេះ ក្រុមគ្រួសារជនរងគ្រោះក៏មិនបានដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីជួយរកយុត្តិធម៌ និងទាមទារសំណង ហើយពួកគេក៏មិនបានស្វះស្វែងរកការជួយអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្សណាមួយដែរ។ យ៉ាងនេះក្តី លោកបានរិះគន់ភាពឆកល្វែងរបស់សមត្ថកិច្ច និងជំរុញឲ្យមានការស៊ើបអង្កេតច្បាស់លាស់ ដើម្បីឈានដល់ការវែកមុខចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់៖ «ការយឺតយ៉ាវមិនចាត់វិធានការណាមួយពីសំណាក់ប៉ូលិសយុត្តិធម៌ហ្នឹង វាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជនរងគ្រោះធ្ងន់ធ្ងរណាស់។ រហូតដល់ប្រជាពលរដ្ឋបាត់បង់ជីវិតហើយ មិនរកយុត្តិធម៌ជូនពលរដ្ឋ ចំណុចនេះធ្វើឲ្យជនរងគ្រោះប៉ះពាល់សិទ្ធិ»។
ក្រៅពីការអំពាវនាវរកយុត្តិធម៌ជូនជនរងគ្រោះ ពលរដ្ឋនៃសហគមន៍នេសាទត្រើយកោះ ក៏ស្នើឲ្យអាជ្ញាធរជួយទប់ស្កាត់បទល្មើសនេសាទ ដែលកំពុងកើតមាននៅដែនសមុទ្រខ្មែរនៅខេត្តកំពត ដែរ។ ប្រជាសហគមន៍នេសាទត្រើយកោះ អះអាងថា អ្នកនេសាទជនជាតិវៀតណាម ដែលភាគច្រើនមានមូលដ្ឋាននៅកោះត្រល់ តែងលួចនេសាទចូលដែនទឹកកម្ពុជា ដោយមិនញញើតអាជ្ញាធរ ហើយជាញឹកញាប់ តែងប៉ះទង្គិចជាមួយពួកគាត់។ ចំណុចដែនទឹកដែលវៀតណាម តែងបំពាននោះ ស្ថិតនៅទីតាំងជង្ហុកក្រមយ ដែលស្ថិតនៅចន្លោះសង្កាត់ត្រើយកោះ និងស្រុកទឹកឈូ ខេត្តកំពត៕
No comments:
Post a Comment