2015-09-01 rfa
សាកសពស្ត្រីអ្នកផ្ទុកមេរោគអេដស៍នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវក្រុមគ្រួសារតម្កល់រៀបចំធ្វើបុណ្យនៅផ្ទះ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥។
RFA/Uon Chhin
|
អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ម្នាក់ទៀតបានស្លាប់ ដែលជាមនុស្សទី១០ ហើយ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ជិត ៣០០នាក់។
កូនស្រីអ្នកស្លាប់ គឺអ្នកស្រី ប៊ិន លឿត ថ្លែងខណៈធ្វើបុណ្យសពនៅផ្ទះភូមិរកា កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ថា ម្ដាយរបស់គាត់បានស្លាប់កាលពីរសៀលថ្ងៃទី៣១ ខែ សីហា។
អ្នកស្រីបញ្ជាក់ថា ម្ដាយរបស់អ្នកស្រីឈ្មោះ ឆេង អឿន អាយុ ៧៩ឆ្នាំ បានស្លាប់បន្ទាប់ពីឈឺធ្ងន់ប្រមាណ ១០ថ្ងៃ៖ «គេឲ្យខ្ញុំយកម្ដាយខ្ញុំទៅពេទ្យដែរ តែខ្ញុំមិនបានយកគាត់ទៅពេទ្យទេ ពីព្រោះខ្ញុំមើលអាការៈក្នុងខ្លួនរបស់គាត់ដូចជាធ្ងន់ធ្ងរ ដាច់បាយដាច់ទឹកទៅហើយ។ បើទោះជាខ្ញុំយកគាត់ទៅពេទ្យ ក៏ព្យាបាលមិនជាដែរ ខ្ញុំក៏សម្រេចចិត្តមើលថែគាត់នៅផ្ទះទៅ»។
អ្នកស្រីបន្តថា ម្ដាយអ្នកស្រីធ្វើតេស្តឈាមនៅមណ្ឌលសុខភាពឃុំរកា ឃើញមានមេរោគអេដស៍កាលពីខែមករា ឆ្នាំ២០១៥ កន្លងទៅ។
រហូតមកទល់ពេលនេះអ្នកដែលផ្ទុកមេរោគអេដស៍នៅឃុំរកា មានចំនួន ២៩០នាក់ ក្នុងចំណោមនោះស្លាប់ចំនួន ១០នាក់ គឺស្ត្រីចំនួន ៦នាក់ និងបុរស ៤នាក់៕
No comments:
Post a Comment