សមត្ថកិច្ចក្រៀកលោក ហុង សុខហួរ នៅសាលាដំបូងរាជធានីកាលពីខែសីហា។ ហេង ជីវ័ន |
Thu, 24 September 2015 ppp
តាំង វីដា
ភ្នំពេញៈ មេធាវីការពារសិទ្ធិ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលរងការចោទពាក់ព័ន្ធនឹងការក្លែងឯកសារសន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម បានធ្វើសេចក្តីសន្និដ្ឋានផ្នែកច្បាប់បង្ហាញថាកូនក្តីរបស់ខ្លួនគ្មានទោសទៅកាន់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញដោយសុំលើកលែងការចោទប្រកាន់។
តាមសេចក្តីសន្និដ្ឋានសុំលើកលែងការចោទប្រកាន់ចំនួន ៥ ទំព័រ ដែលបានផ្ញើទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៥ លោក ជូង ជូងី សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងជាមេធាវីការពារសិទ្ធិលោក ហុង សុខហួរ បានបង្ហាញលទ្ធផលវិភាគសំណុំរឿងសាជាថ្មីដោយផ្គូផ្គងអង្គហេតុនៃដំណើររឿងដែលបានកើតឡើងចំពោះកូនក្តីរបស់លោកជាមួយនឹងមាត្រាមួយចំនួននៃអង្គច្បាប់ដែលចៅក្រមសម្រេចជ្រើសរើសយកមកចោទប្រកាន់ដោយបានសន្និដ្ឋានជាចុងក្រោយថាលោក ហុង សុខហួរ មិនបានកែ ឬក្លែងបន្លំសន្ធិសញ្ញាប្រើប្រាស់ជាផ្លូវការបង្កនូវភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដូចការចោទប្រកាន់នោះទេ។
សេចក្តីសន្និដ្ឋានបានលើកឡើងថាលោក ហុង សុខហួរ មិនបានប្រព្រឹត្តបទល្មើសជាក់ស្តែងក្លែងបន្លំឯកសារសាធារណៈ និងមិនបានប្រព្រឹត្តបទល្មើសញុះញង់បង្កឲ្យមានគ្រោះថ្នាក់ដល់សង្គមដូចការចោទប្រកាន់នោះទេដោយសារឯកសារសន្ធិសញ្ញាដែលលោកបានយកមកបកស្រាយ និងបង្ហោះលើហ្វេសប៊ុកនោះគឺស្រាវជ្រាវបានពីអ៊ីនធឺណិតមិនមែនជាឯកសារផ្លូវការនោះទេហើយក៏មិនអាចយកទៅប្រើប្រាស់ជាមួយប្រទេសវៀតណាមបានដែរ។
ចំណែកឯ ចំណាត់ការរបស់សមត្ថកិច្ចតំណាងអយ្យការ និងតុលាការក្នុងការចោទប្រកាន់ចាប់ខ្លួនឃាត់ខ្លួន និងឃុំខ្លួនលោក ហុង សុខហួរ ពីបទល្មើសជាក់ស្តែងគឺបានបំពានធ្ងន់ធ្ងរដល់រដ្ឋធម្មនុញ្ញមាត្រា ១០៤ អំពីអភ័យឯកសិទ្ធិសភា និងនីតិវិធីក្រមព្រហ្មទណ្ឌផងដែរ។
លោក ជូង ជូងី បានអះអាងថាទឡ្ហីករណ៍នៃវិភាគផ្លូវច្បាប់នេះគឺបង្ហាញយ៉ាងច្បាស់ថាការចោទប្រកាន់គឺមិនត្រឹមត្រូវហើយការអនុវត្តនីតិវិធីរបស់សមត្ថកិច្ច និងតុលាការក៏មិនត្រឹមត្រូវឡើយ។
លោកថា៖ «រហូតមកទល់ពេលនេះមិនមានឯកសារណាមួយបញ្ជាក់ពីការដកអភ័យឯកសិទ្ធិព្រឹទ្ធសភារបស់លោក ហុង សុខហួរ នៅឡើយទេអ៊ីចឹងការបន្តឃុំខ្លួន និងការចោទប្រកាន់នេះគឺមិនត្រឹមត្រូវទាំងអស់»។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីលោក កោ វណ្ឌី បានឲ្យដឹងថាលោកទើបបានទទួលសេចក្តីសន្និដ្ឋានស្នើសុំនោះម្សិលមិញ និងមិនទាន់មានពេលគ្រប់គ្រាន់ដើម្បីពិនិត្យនៅឡើយទេដោយសារលោកជាប់រវល់ច្រើន។
លោក អ៊ុំ សារិទ្ធិ អគ្គលេខាធិការ និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាជុំវិញចំណាត់ការរបស់សមត្ថកិច្ច និងតុលាការគឺធ្វើឡើងស្របតាមការអនុវត្តច្បាប់ចំពោះបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។
លោកថា៖ «បទល្មើសព្រហ្មទណ្ឌជាក់ស្តែងគឺមិនគិតថាគាត់ជាសមាជិករដ្ឋសភា ឬព្រឹទ្ធសភានោះទេម្យ៉ាងកន្លងមកព្រឹទ្ធសភាបានបង្ហាញជំហរច្បាស់ណាស់គឺទុកឲ្យតុលាការចាត់ការតាមនីតិវិធីរបស់ខ្លួនទោះបីជាគាត់មិនទាន់ត្រូវបានដកហូតអភ័យឯកសិទ្ធិក្តី»។
លោក ហុង សុខហួរ ត្រូវបានតុលាការសម្រេចឃុំខ្លួនដោយចោទប្រកាន់ ៣ បទល្មើសរួមមានការក្លែងឯកសារសាធារណៈការប្រើប្រាស់ឯកសារដែលក្លែង និងញុះញង់ឲ្យមានអសន្តិសុខពាក់ព័ន្ធសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមឆ្នាំ ១៩៧៩។
លោក ហុង សុខហួរ ត្រូវបានគេចាប់ខ្លួនពីរថ្ងៃបន្ទាប់ពីការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គណបក្សសង្គ្រោះជាតិ និងមជ្ឈដ្ឋានជាច្រើនទៀតបានចាត់ទុកករណីចាប់ឃុំខ្លួនលោក ហុង សុខហួរ ថាជារឿងនយោបាយមិនមែនជាការប្រព្រឹត្តបទល្មើសជាក់ស្តែងអ្វីឡើយ៕
No comments:
Post a Comment