A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 25 September 2015

អាន​ច្រើន​កើន​ប្រាជ្ញា

អាន​ច្រើន​កើន​ប្រាជ្ញា

និស្សិត​កម្ពុជា​អាន​សៀវភៅ​នៅ​បណ្ណាល័យ​ជាតិ​កន្លង​មក។ ហុង មិនា
មាន​សុភាសិត​ខ្មែរ​មួយ​ពោល​ថា​អាន​ច្រើន​កើន​ប្រាជ្ញា​ដែល​ជា​សុភាសិត​ផ្តល់​តម្លៃ​ដល់​ការ​អាន​ជា​គ្រឹះ​នៃ​ចំណេះដឹង​។
ខ្ញុំ​មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង​ដែល​​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ ចេញ​អនុក្រឹត្យ​កំណត់​​យក​ថ្ងៃ​ទី​ ១១ ខែ​មីនា​រៀងរាល់​ឆ្នាំ​ជា​ទិវា​ជាតិ​អំណាន​ដើម្បី​បណ្តុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន​លើក​កម្ពស់​សមត្ថភាព​អាន និង​ការ​តែង​និពន្ធ​ដើម្បី​រួម​ចំណែក​ការពារ​ និង​ពង្រឹង​វប្បធម៌​ខ្មែរ​។
ជាច្រើន​ទសវត្សរ៍​មក​ហើយ​ដែល​ប្រជាជន​ខ្មែរ​ភាគច្រើន​ពុំ​មាន​ទម្លាប់​ អាន​ទាំង​ក្មេង​ទាំង​ចាស់​។ មាន​មូលហេតុ​ជាច្រើន​ដែល​បណ្តាល​ឲ្យ​អត្រា​ទាប​នៃ​ការ​អាន​នេះ​ចេះ​តែ​បន្ត​ មាន​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ក៏​វា​មិន​ទាន់​យឺត​ពេល​នោះ​ទេ​ក្នុង​ការ​ចាប់ផ្តើម​ អាន​។ ប្រភព​នៃ​ការ​អាន​ដំបូង​គឺ​ចេញ​ពី​ខ្លួនឯង​ហើយ​ក៏​មាន​ការ​ជំរុញ​លើក​ ទឹកចិត្ត​ពី​ឪពុក​ម្តាយ លោកគ្រូ​អ្នកគ្រូ មិត្តភក្តិ​ជាដើម​។ អត្ថប្រយោជន៍​នៃ​ការ​អាន​មាន​ច្រើន​ឥត​គណនា​ហើយ​អត្ថប្រយោជន៍​ទាំង​នេះ​មាន​ ភាព​ខុសៗ​គ្នា​អាស្រ័យ​ទៅ​តាម​អ្នក​អាន​ម្នាក់ៗ​។
ខ្ញុំ​សូម​ចែករំលែក​បទពិសោធ​ផ្ទាល់​របស់​ខ្ញុំ​។ ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​តាំងពី​នៅ​កុមារ​។ ពេល​ខ្ញុំ​នៅ​ទី​ណា​ក៏ដោយ​ខ្ញុំ​តែងតែ​យក​សៀវភៅ​តាម​ជាប់​ខ្លួន​ជានិច្ច​។ ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​វិទ្យាសាស្ត្រ​សង្គម​ច្រើន​ជាង​វិទ្យាសាស្ត្រ​ពិត ​។ ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​អក្សរសាស្ត្រ​សៀវភៅ​ប្រលោមលោក និង​កំណាព្យ​។ មូលហេតុ​ដែល​ខ្ញុំ​ចូលចិត្ត​អាន​ប្រភេទ​សៀវភៅ​ទាំង​នេះ​គឺ​ដោយសារ​វា​ឆ្លុះ​ បញ្ចាំង​ពី​តថភាព​សង្គម​នៃ​សម័យកាល​នីមួយៗ​។ ការ​អាន​សៀវភៅ​ទាំង​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ខ្ញុំ​ជាច្រើន​។


ក្នុង​ឆ្នាំ​ ១៩៩៩ ខ្ញុំ​បាន​ចូល​រៀន​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​វិទ្យាល័យ​សម្តេច​ឪ​ ខេត្ត​បន្ទាយមានជ័យ​។ នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ​ខ្ញុំ​បាន​ប្រឡង​ជាប់​ជ័យលាភី​អក្សរសាស្ត្រ​ខែ្មរ​ លេខ​ប្រាំ​ពីរ​ក្នុង​ចំណោម​ដប់​រូប​នៅ​ទូទាំង​ប្រទេស​។ ខ្ញុំ​មាន​ក្តី​រំភើប​ណាស់​ដែល​ទទួល​បាន​កិត្តិយស​នោះ​។ ជ័យលាភី​អក្សរសាស្ត្រ​ខែ្មរ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​អាច​ជ្រើសរើស​ មហាវិទ្យាល័យ​មួយ​ជា​ស្វ័យប្រវត្តិ​ដោយ​មិន​ចាំបាច់​ប្រឡង​​ចូល​នោះ​ទេ​។ នោះ​ហើយ​ជា​មូលហេតុ​ចម្បង​ដែល​ជំរុញ​ទឹកចិត្ត​ដល់​ខ្ញុំ​ក្នុង​ការ​បន្ត​ការ ​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ​។ ក្នុង​ន័យ​នេះ​ខ្ញុំ​ចង់​បញ្ជាក់​ថា​ការ​អាន​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្ញុំ ​ប្រែប្រួល​ជា​វិជ្ជមាន​ដែល​ខ្ញុំ​ចងចាំ​មិន​អាច​បំភ្លេច​បាន​។
ការ​អាន​ក៏​បាន​ផ្តល់​តម្លៃ​ដ៏ល្អ​មួយ​ទៀត​ដល់​រូប​ខ្ញុំ​គឺ​ភាព​ ស្រមើស្រមៃ។ តាមរយៈ​ការ​អាន​បាន​ធ្វើឲ្យ​ខ្ញុំ​មាន​ភាព​ស្រមើស្រមៃ​ពី​ទីកន្លែង ធម្មជាតិ មនុស្ស សង្គម​ពី​អតីត បច្ចុប្បន្ន និង​ពី​អនាគត​។ ការ​ស្រមើស្រមៃ​ទាំង​ឡាយ​ពុំ​បាន​ក្លាយ​ជា​ការពិត​ទាំងអស់​នោះ​ទេ​តែ​ការ​ ស្រមើស្រមៃ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភាព​សប្បាយ​រីករាយ ភាព​ស្ងប់ស្ងៀម និង​ភាព​វិជ្ជមាន​នៅក្នុង​ចិត្ត​។ នៅពេល​ដែល​ខ្ញុំ​បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​ជា​លើក​ដំបូង​ដើម្បី​បន្ត​ការ​ សិក្សា​ថា្នក់​ឧត្តមសិក្សា​ខ្ញុំ​នៅ​តែ​ឆ្លៀត​ពេល​អាន​សៀវភៅ​​ប្រលោមលោក​ ជាច្រើន​។
ខ្ញុំ​នៅ​ចាំ​បាន​ថា​ខ្ញុំ​បាន​អាន​សៀវភៅ​ប្រលោម​លោក​មួយ​ដែល​មាន​ចំណង​ ជើង​ថា​ជ្រោះ​ភ្នំ​គូលែន​ដែល​និពន្ធ​ឡើង​ដោយ​លោក ស៊ុំ ឈុំ នៅ​អំឡុង​ទសវត្សរ៍​ទី​ ៦០ ​។ ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​នោះ​ជា​ទីបំផុត​ដោយសារ​អ្នក​និពន្ធ​លោក​មាន​ សិល្បៈ​ក្នុង​ការ​សរសេរ​ជា​លក្ខណៈ​ចិត្តសាស្ត្រ និង​អាថ៌កំបាំង​ហើយ​លោក​ក៏​បាន​ពិពណ៌នា​ពី​ទិដ្ឋភាព​ភ្នំ​គូលែន​ដែល​នៅ​សម័យ ​នោះ​មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ទៅ​ដល់​។
ក្រៅពី​ចូលចិត្ត​អាន​សៀវភៅ​ប្រលោម​លោក​ខ្ញុំ​ក៏​ចំណាយ​ពេលវេលា​អាន​សៀវភៅ ​ផ្សេងៗ​ផង​ដែរ​។ នៅពេល​ដែល​ខ្ញុំ​បាន​ផ្លាស់​លំនៅ​មក​កាន់​ទីក្រុង​ភ្នំពេញ​ខ្ញុំ​ចំណាយ​ពេល​ អាន​កាសែត​ដើម្បី​តាមដាន​ព្រឹត្តិកាណ៍​នយោបាយ​ និង​សង្គម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។
ការ​អាន​ពី​ព្រឹត្តិការណ៍​ទាំង​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ខ្ញុំ​ ក្នុង​ការ​បង្កើន​ចំណេះដឹង​ផង និង​ជួយ​ដល់​ការងារ​របស់​ខ្ញុំ​ផង​ដែរ​។
ខ្ញុំ​សូម​លើក​ទឹកចិត្ត​ដល់​ប្អូនៗ​ជំនាន់​ក្រោយ​គួរ​ចំណាយ​​ពេលវេលា​ ក្នុង​ការ​អាន​ឲ្យ​បាន​ច្រើន​។ ប្អូនៗ​គួរ​អាន​អ្វី​ដែល​ប្អូនៗ​ចូលចិត្ត​ទោះ​ជា​វិទ្យាសាស្ត្រ​ពិត​ក្តី ឬ​វិទ្យាសាស្ត្រ​សង្គម​ក្តី​។ ការ​អាន​មិន​សំដៅ​លើ​តែ​សៀវភៅ​មួយ​មុខ​ប៉ុណ្ណោះ​ទេ​។
សូម្បី​តែ​ការ​អាន​កាសែត និង​គេហទំព័រ​ផ្សេងៗ​ក៏​ជា​ប្រភព​ព័ត៌មាន​សំខាន់​ដែរ​។ ការ​អាន​ច្រើន​ជួយ​ដល់​ប្អូនៗ​ឲ្យ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ដែល​អាច​ ធ្វើឲ្យ​ប្អូនៗ​ចេះ​ពិចារណា ចេះ​ថ្លឹងថ្លែង​ពី​អ្វី​ដែល​ពិត​ឬ​មិន​ពិត​អ្វី​ដែល​សមហេតុ​ផល​ ឬ​មិន​សម​ហេតុផល​។ អត្ថប្រយោជន៍​នៃ​ការ​អាន​ក៏​ផ្តល់​ឱកាស​ដល់​ប្អូនៗ​ក្នុង​ការ​ចែករំលែក​ពី​ អ្វី​ដែល​ប្អូនៗ​បាន​ដឹង​ទៅ​ដល់​ក្រុម​គ្រួសារ មិត្តភកិ្ត សហគមន៍ និង​ដល់​សង្គម​ជាតិ​ផង​ដែរ​៕

កញ្ញា វង្ស សុជាតា ជា​អតីត​សិស្ស​ជ័យលាភី​អក្សរសាស្ត្រ​ខ្មែរ​ទូទាំង
ប្រទេស​ឆ្នាំ​ ១៩៩៩ បច្ចុប្បន្ន​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ, អ៊ីមែលៈ vong.socheata@gmail.com

No comments: