ដោយ ហ៊ុំ ចំរើន
2015-08-27
ប្រជាពលរដ្ឋនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បង្ហាញថា ក្ដីកង្វល់ចំពោះបទល្មើសនេសាទត្រីទ្រង់ទ្រាយធំ ដោយប្រើមងក្រឡាញឹក កើតឡើងកាន់តែខ្លាំងនៅតំបន់អភិរក្សស្រុកឯកភ្នំ ពុំមានសមត្ថកិច្ចណាទៅបង្ក្រាបនោះទេ។
អ្នកភូមិអះអាងថា សមត្ថកិច្ចច្រើនចុះទៅបង្ក្រាបចំពោះប្រជាពលរដ្ឋដែលធ្វើនេសាទជាលក្ខណៈគ្រួសារ រីឯអ្នកមានលុយមានកាក់ ធ្វើនេសាទទ្រង់ទ្រាយធំបានដោយសេរី។
ប្រជាពលរដ្ឋនៅស្រុកឯកភ្នំ អំពាវនាវឲ្យប្រធានរដ្ឋបាលជលផលខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ទៅលើអ្នកធ្វើនេសាទខុសច្បាប់ជាបន្ទាន់ ដើម្បីថែរក្សាសម្បត្តិមច្ឆជាតិក្នុងរដូវត្រីពងនេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមទៅថ្ងៃខាងមុខ។
ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី២៧ សីហា ថា ការធ្វើនេសាទត្រីទ្រង់ទ្រាយធំដោយប្រើឧបករណ៍ណរ៉ាវ ឬហៅថាមងក្រឡាញឹក កើតឡើងយ៉ាងអនាធិបតេយ្យនៅចំណុចភូមិក្បាលតោល ឃុំកោះជីវាំង ពុំមានសមត្ថកិច្ចណាទៅបង្ក្រាបនោះទេ។ អ្នកភូមិបញ្ជាក់ថា សកម្មភាពនេសាទនេះ ក្រុមអ្នកមានលុយមានកាក់ ប្រើមងក្រឡាញឹកដាក់តាមអមដងអូរ ដោយឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជលផលភូមិក្បាលតោល ដែលមួយកន្លែងប្រមាណពី ១ពាន់ទៅ ៣ពាន់ម៉ែត្រ។ រីឯប្រជាពលរដ្ឋក្រីក្រដែលធ្វើនេសាទជាលក្ខណៈគ្រួសារវិញ ត្រូវមន្ត្រីជលផល និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបមិនឲ្យធ្វើនេសាទនោះទេ៖ «បើអ្នកណាគ្មានលុយឲ្យសមត្ថកិច្ចទេ នោះគេនឹងចុះបង្ក្រាបទៅ បើគេមានលុយកាក់បង់ឲ្យសមត្ថកិច្ច គឺគេមិនបង្ក្រាបទេ។ ពួកខ្ញុំអ្នករស់នៅទន្លេសាបគ្មានដីធ្លីធ្វើស្រែនោះទេ គឺមានតែមុខរបរនេសាទបន្តិចបន្តួចគ្រាន់ដោះស្រាយជីវភាពគ្រួសារប៉ុណ្ណោះ»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានរដ្ឋបាលជលផលខេត្តបាត់ដំបង លោក ជួង សុភា មានប្រសាសន៍ថា មន្ត្រីជលផលតែងធ្វើការបង្ក្រាប និងរឹបអូសឧបករណ៍នេសាទខុសច្បាប់យកទៅបំផ្លាញចោលជាបន្តបន្ទាប់។ លោកស្នើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន សហការជាមួយមន្ត្រីជលផលចុះបង្ក្រាបបទល្មើសនេសាទរួមគ្នា ប្រសើរជាជាងការចោទប្រកាន់សមត្ថកិច្ចដោយគ្មានហេតុផលនោះ៖ «ព្រោះកាលណាពឹងតែលើកម្លាំងសមត្ថកិច្ច វាអត់គ្រប់គ្រាន់ទេ។ ឥឡូវបើប្រជាពលរដ្ឋឃើញមានបទល្មើសនេសាទនៅកន្លែងណា គាត់គួរតែទៅរាយការណ៍ឲ្យសមត្ថកិច្ចមក ខ្ញុំនឹងដឹកនាំកម្លាំងចុះទៅបង្ក្រាបផ្ទាល់តែម្ដង»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា សមត្ថកិច្ចជលផលត្រូវតែទទួលខុសត្រូវទប់ស្កាត់បទល្មើសនេសាទនេះឲ្យបាន ដើម្បីបង្ហាញស្នាដៃរបស់ខ្លួនឲ្យប្រជាពលរដ្ឋឃើញជាមុនសិន ទើបពួកគាត់នឹងមិនស្ដីបន្ទោសទៅសមត្ថកិច្ចទៀត៖ «រឿងបទល្មើសនេសាទនេះ ពិតជាកើតឡើងទ្រង់ទ្រាយធំមែន។ ខ្ញុំជឿជាក់ទៅសម្ដីដែលប្រជាពលរដ្ឋនិយាយ នោះពិតជាមានការប្រព្រឹត្តបទល្មើសនេសាទ»។
ទោះយ៉ាងនេះក្ដី ប្រជាពលរដ្ឋហាក់គ្មានជំនឿទៅលើគម្រោងការចុះបង្ក្រាបបទល្មើសនេសាទពីសំណាក់សមត្ថកិច្ចនេះ ថាមានប្រសិទ្ធភាពនោះឡើយ ពីព្រោះកន្លងទៅ សមត្ថកិច្ចច្រើនចុះបង្ក្រាបបែបគោះទឹកបង្អើលត្រី ពុំទទួលបានលទ្ធផលនោះទេ៕
No comments:
Post a Comment