ដោយ យាង សុជាមេត្តា
2015-08-27 rfa
អង្គការការពារព្រៃឈើអន្តរជាតិឈ្មោះ ហ្វរ៉ែស្ត ធ្រែនស៍ (Forest Trends) លើកឡើងថា ព្រៃឈើនៅកម្ពុជា បានបាត់បង់ក្នុងកម្រិតប្រកាសអាសន្ន ដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន។
ក្នុងរបាយការណ៍សិក្សារបស់ខ្លួនដែលចេញផ្សព្វផ្សាយនៅក្នុងខែកក្កដា ឆ្នាំ២០១៥ អង្គការ Forest Trends រកឃើញថា ការបាត់បង់ព្រៃឈើច្រើនលើសលប់នៅកម្ពុជា គឺដោយសារតែក្រុមហ៊ុនមួយចំនួនបានប្រើប្រាស់សិទ្ធិសម្បទានរបស់ខ្លួនដែលទទួលបានពីរដ្ឋាភិបាលទៅកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃការពារសំខាន់ៗជាច្រើន។
អង្គការ Forest Trends ឲ្យដឹងថា ក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនសរុបជាផ្ទៃដីប្រមាណ ២,៦លានហិកតារ គឺបានកើនឡើងប្រមាណ ៤ដងបើធៀបទៅនឹងឆ្នាំ២០០៤។ អង្គការ Forest Trends រកឃើញថា ដោយសារតែដីសម្បទានសេដ្ឋកិច្ចបានធ្វើឲ្យកម្ពុជា បាត់បង់ព្រៃឈើជាមធ្យមជាង ២ពាន់គីឡូម៉ែត្រការ៉េជារៀងរាល់ឆ្នាំ។
ព្រៃឈើដែលគ្របដណ្ដប់ផ្ទៃដីប្រទេសកម្ពុជា បានថយចុះពីប្រមាណ ៧២% ក្នុងឆ្នាំ១៩៧៣ មកនៅត្រឹមជិត ៤៨% នៅក្នុងឆ្នាំ២០១៤ ដែលក្នុងនោះមានរាប់បញ្ចូលទាំងព្រៃស្រោងព្រៃចម្ការ និងព្រៃចម្រុះនានាផងដែរ។
អង្គការ Forest Trends កត់សម្គាល់ថា ការបាត់បង់ព្រៃឈើដ៏មហិមានៅកម្ពុជា ដែលបង្កឡើងដោយការកាប់ឈើខុសច្បាប់របស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច គឺជាការបង្ហាញឲ្យឃើញពីបរាជ័យជាប្រព័ន្ធនៃការអនុវត្តច្បាប់ការពារព្រៃឈើនៅក្នុងប្រទេសកម្ពុជា៕
No comments:
Post a Comment