ព្រៃឈើត្រូវបានកាប់ដើម្បីធ្វើដីសម្បទាននៅក្នុងខេត្តរតនគីរីនៃប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA) |
នេះបង្ហាញទីតាំងឧទ្យានជាតិវីរៈជ័យនៅតំបន់ កន្ទុយនាគ ភាគឦសាននៃប្រទេសកម្ពុជាជាប់ព្រំដែនប្រទេសឡាវនិងវៀតណាម។ (ផែនទី Google Maps) |
School of Vice: Tragedy unlimited. Clearing the path to economic development or mass colonial settlement within the so-called "Development Triangle"?
***
Huk Reaksmey 27 សីហា 2015
ភ្នំពេញ—voa
ក្រុមអង្គការសង្គមស៊ីវិលមួយក្រុមនៅថ្ងៃពុធនេះបានចេញរបាយការណ៍ថ្មីមួយបង្ហាញពីវិនាសកម្មព្រៃឈើដែលបានកើតឡើងនៅក្នុងខេត្តភាគឦសានចំនួនពីរនៅក្នុងប្រទេសកម្ពុជាដោយសារគោលនយោបាយអភិវឌ្ឍន៍ និងវិនិយោគរបស់រដ្ឋាភិបាល ដែលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចយ៉ាងមហិមាឲ្យក្រុមហ៊ុនឯកជនសម្រាប់ដាំដំណាំកសិ-ឧស្សាហកម្ម។
របាយការណ៍ដែលមានចំណងជើងថា «ការកាប់ឈើ និងបរិបាលកិច្ច៖ ការកាប់ឈើខុសច្បាប់ជាប្រព័ន្ធ និងការបំផ្លាញព្រៃឈើរដ្ឋ និងតំបន់ការពារ» បានផ្តោតទៅលើខេត្តរតនគិរី និងខេត្តស្ទឹងត្រែងដែលជាទីទាក់ទាញដល់ក្រុមហ៊ុនឯកជនដើម្បីដាក់ទុនដាំដំណាំឧស្សាហកម្ម ជាពិសេសដំណាំកៅស៊ូ។ របាយការណ៍ឲ្យដឹងថា ក្រុមហ៊ុនជាច្រើន បានកាប់ឈើ ដករំលើងដើមឈើទាំងឫសនិង ដាំដំណាំកៅស៊ូជំនួស។
ទីតាំងស្នូលដែលរបាយការណ៍នេះ បានផ្តោតជាសំខាន់នោះគឺតំបន់សួនឧទ្យានជាតិវីរជ័យដែលជាតំបន់ការពារ និងមានទីតាំងនៅភាគខាងជើងខេត្តរតនគិរី និងស្ទឹងត្រែង។
របាយការណ៍សរសេរថា៖ «ក្រុមហ៊ុនជាច្រើនបានធ្វើការកាប់ឈើជុំវិញ ឬនៅក្នុងតំបន់នេះដែលរួមមានក្រុមហ៊ុនអានម៉ាឌីគ្រុប ក្រុមហ៊ុនឧកញ៉ាគិត ម៉េងគ្រុប ក្រុមហ៊ុនឧកញ៉ាលឹម ប៊ុណ្ណា ក្រុមហ៊ុនម៉ុងឫទ្ធី ក្រុមហ៊ុនវៀតណាមហ័ងអាញយ៉ាឡាយ ក្រុមហ៊ុនជាំងលី និងក្រុមហ៊ុន ម៉ែន សារុនជាដើម។ ការកាប់ឈើបានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៦ និងបន្តរហូតដល់ឆ្នាំ២០១៣»។
ការកាប់ឈើនេះ គឺផ្តោតយកតែឈើប្រណិតមានតម្លៃដូចជា ក្រញូង បេង នាងនួន ដើម្បីបំពេញតាមតម្រូវការទីផ្សាររបស់ប្រទេសចិន វៀតណាម និងឡាវ។ ចាប់តាំងពីដើមឆ្នាំ២០១៣ ក្រុមហ៊ុនទាំងនោះ ក៏បានដកខ្លួន ដោយមានក្រុមហ៊ុនទ្រីភាពគ្រុប មកជំនួសក្នុងការបន្តកាប់ប្រមូលទិញស្តុកទុក និងដឹកជញ្ជូនឈើប្រណីតជាចំហ និងផ្តាច់មុខនៅក្នុងតំបន់នេះ និងនៅទូទាំងប្រទេសកម្ពុជាទាំងមូល។ នេះបើតាមការបញ្ជាក់របស់របាយការណ៍ដែលបានប្រើពេលស្រាវជ្រាវអស់ជាច្រើនខែកាលពីឆ្នាំ២០១៤។
នៅក្នុងរបាយការណ៍ដដែលនេះ បានឲ្យដឹងផងដែរថា ប្រភេទឈើក្រញូង ត្រូវបានគិតក្នុងតម្លៃ៥ ទៅ១០ដុល្លារក្នុងមួយគីឡូ មានន័យថា ឈើក្រញូងក្នុងមួយម៉ែត្រគូបមានតម្លៃស្មើនឹង ៥ម៉ឺនទៅ១០ម៉ឺនដុល្លារ នៅលើទីផ្សារខេត្តរតនគិរី។ ចំពោះក្រញូងវិញមានតម្លៃចាប់ពី១០ម៉ឺន ទៅ២០ម៉ឺនដុល្លារ (ដែលកម្ររកបានអ្នកទិញណាស់ព្រោះការនាំចេញ គឺខុសច្បាប់ហើយមានតែអ្នកកាប់ឈើដែលមានឥទ្ធិពល ឬអំណាចខ្លាំងប៉ុណ្ណោះដែលអាចហ៊ានកាប់ ហើយឈើប្រភេទក្រញូងសៀម មានតម្លៃចាប់ពី១លានប្រាំសែនដុល្លារ និងអាចឡើងដល់២លានដុល្លារក្នុង១ម៉ែត្រគីប។ នេះបើតាមតម្លៃទីផ្សារនៅប្រទេសចិន។
នៅក្នុងសិក្ខាសាលាប្រកាសផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ រៀបចំដោយអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ការសួរដេញដោលអំពីការយល់ឃើញនៃរបាយការណ៍ត្រូវបានផ្តល់ជូនដល់អ្នកចូលរួមដែលភាគច្រើនជាសកម្មជនការពារបរិស្ថាន និងប្រជាពលរដ្ឋដែលមកពីសហគមន៍នានានៅក្នុងខេត្តរតនគិរីនិងស្ទឹងត្រែង។
លោកស្រ៊ុន ដារិទ្ធិ ទីប្រឹក្សាក្រសួងបរិស្ថាន និងនាយខុទ្ទកាល័យក្រសួងបរិស្ថានបញ្ជាក់ថា៖
«ខ្ញុំសូមជម្រាបថា ព្រៃមិនមែនក្រុងទេ ដូចជានៅក្នុងកន្ទុយនាគ រាប់ម៉ឺនហិកតា លំផាត់រាប់ម៉ឺនហិកតា រាប់សិបម៉ឺន តើយើងមានកម្លាំងសម្រាប់ការពារព្រៃហ្នឹងទេ? តែបួន ដប់ ម្ភៃនាក់ទេ។ ដល់ចែកគ្នាទៅបាននៅក្នុងម្នាក់ត្រូវប្រហែលជា១ម៉ឺនហិកតា។ គ្រប់គ្រងព្រៃ ម្នាក់១ម៉ឺនហិកតា។ តើឧទ្យានុរក្សយើងមានលទ្ធភាពគ្រប់គ្រាន់ហើយឬនៅ គ្រប់គ្រងព្រៃ១ម៉ឺនហិកតានេះ? ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រប់គ្រងផលលំបាកដែលយើងមាន។ អញ្ចឹងវាមិនដូចអាមេរិក ហើយក៏មិនដូចអឺរ៉ុបដែរ។ ខ្ញុំទទួលស្គាល់កន្លែងហ្នឹងបន្តិចមានការខ្វះខាត»។
ដោយសារការខ្វះខាតជីវិត និងការបម្រែបម្រួលអាកាសធាតុដោយការកាប់បំផ្លាញព្រៃឈើនេះជនជាតិដើមភាគតិចក៏បានក្លាយជាអ្នកជាប់ពាក់ព័ន្ធនឹងការកាប់ឈើផងដែរ។ របាយការណ៍សរសេរថា អ្នកដឹកនាំសហគមន៍ខ្លះ បានប្រឡូកខ្លួនចូលរួមនិងរកប្រាក់បានពីការកាប់ឈើនេះ គឺប្រសើរជាងការឈរមើលដើមឈើដែលត្រូវគេយកពីគាត់រលីងដោយគ្មានបានអ្វីទាល់តែសោះ។
បទសម្ភាសន៍មួយដែលធ្វើឡើងជាមួយមេឃុំម្នាក់ ហើយបានដកស្រង់និងបញ្ចូលក្នុងរបាយការណ៍នេះបានសរសេរថា៖
«ប្រសិនបើយើងមិនកាប់ឈើទេ តើយើងអាចចិញ្ចឹមជីវិតគ្រួសារយើងដោយរបៀបណានៅពេលដែលឃុំនេះត្រូវបានទឹកជន់លិចទាំងស្រុងទៅហើយ ម្យ៉ាងបើយើងមិនកាប់ទេ ក៏ក្រុមហ៊ុន នៅតែកាប់ដដែលហ្នឹង។ កាប់ឈើដើម្បីបានប្រាក់ប្រសើរជាង បាត់បង់អ្វីៗគ្រប់យ៉ាង»។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋជនជាតិភាគតិចដែលមកពីតំបន់រងគ្រោះដោយសារការបំផ្លិចបំផ្លាញព្រៃឈើនេះ បានទទូចសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើការការពាររក្សាទុកព្រៃខ្លះសម្រាប់កូនខ្មែរអ្នកជំនាន់ក្រោយ។
របាយការណ៍ខាងលើបានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ចាប់តាំងពីក្រុមហ៊ុនទ្រីភាពគ្រុប និងក្រុមហ៊ុនដទៃទៀតបានចូលមក ធនធានធម្មជាតិ ជាពិសេសព្រៃឈើនៅក្នុងតំបន់នេះត្រូវបានវិនាស ហិនហោចដែលការកាប់ឈើ គឺមានការកើនឡើងរហូតដល់ចម្ងាយ ១០ គីឡូម៉ែត្រក្នុងមួយខែ។ ដោយយោងទៅលើការគណនាចំនួនរថយន្ត ដឹកឈើ និងចំនួនឈើដែលបានដឹកជញ្ជូនក្នុងមួយរថយន្តគេ បានធ្វើការប៉ាន់ប្រមាណថា យ៉ាងហោចណាស់ឈើប្រហែល ៨១.០០០ ដើម ឬស្មើនឹង២៤៣.០០០ ម៉ែត្រគីប ត្រូវបានគេដឹកចេញពីព្រៃនៃភាគខាងជើងខេត្តរតនគិរី និងស្ទឹងត្រែងនៅក្នុងឆ្នាំ២០១៤។
គិតមកដល់ឆ្នាំ២០១៤ យ៉ាងហោចណាស់មានក្រុមហ៊ុន សម្បទានដីសេដ្ឋកិច្ច ចំនួន៣៤ កំពុងធ្វើប្រតិបត្តិការនៅក្នុងខេត្តរតនគិរី ដែលគ្របដណ្ដប់លើផ្ទៃដីទំហំជាង ២៣២.១៦៨ហិកតា និងមានក្រុមហ៊ុនចំនួន១១ ដែលទទួលបានសិទ្ធិ ឬសម្បទាន ដើម្បីជីករករ៉ែ លើផ្ទៃដីទំហំ ជាង៥៨៨ ៦៣២ហិកតា និងមានតំបន់សេដ្ឋកិច្ចពិសេស ធំមួយកន្លែង មានទីតាំងក្នុងស្រុកអូរយ៉ាដាវ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ១៣៦ហិកតា។ ផ្ទៃដីសរុបក្រោមរូបភាពសម្បទានមានទំហំ ៨២០.៩៣៦ ហិកតា៕
No comments:
Post a Comment