ដោយ រដ្ឋា វិសាល
2015-08-01 rfa
សហគមន៍ជនជាតិដើមភាគតិចព្នង មកពីឃុំចំនួន៤ ក្នុងស្រុកប៊ូស្រា ស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រឈមមុខជាមួយកងកម្លាំងនៃអាជ្ញាធរស្រុកអូររាំង ដែលប៉ុនប៉ងរារាំងមិនឲ្យអ្នកភូមិចូលទៅសែនព្រេននៅតំបន់ព្រៃសក្ការៈសហគមន៍ ដែលក្រុមហ៊ុន មេហ្គាហ្វើស (Mega First) បានឈូសឆាយយក។
ក្រុមអាជ្ញាធរមាន ប៉ូលិស កងរាជអាវុធហត្ថ និងយោធាស្រុកអូររាំង ប្រមាណ ៣០នាក់ ខ្លះកាន់អាវុធ ខ្លះស្លៀកពាក់ឯកសណ្ឋានគ្មានអាវុធ ដឹកនាំដោយមន្ត្រីថ្នាក់អភិបាលរងស្រុក បានរារាំងមិនឲ្យអ្នកភូមិជាង ១០០នាក់ ចូលទៅតំបន់សែនព្រេនរបស់អ្នកភូមិ កាលពីព្រឹកថ្ងៃទី១ ខែសីហា ដោយសំអាងថា តំបន់នោះជាដីសម្បទានរបស់ក្រុមហ៊ុន មេហ្គា ហ្វើស។
មិនមានអំពើហិង្សាអ្វីក្នុងការប្រឈមមុខគ្នានេះទេ ក៏ប៉ុន្តែការប្រឈមមុខអូសបន្លាយអស់រយៈពេលប្រមាណមួយម៉ោងទើបក្រុមសមត្ថកិច្ចបើកផ្លូវឲ្យអ្នកភូមិចូលទៅធ្វើពិធីសែនព្រេនតាមប្រពៃណីជនជាតិដើមភាគតិច។
តំណាងសហគមន៍ លោក ទើយ ធិ ចោទប្រកាន់ក្រុមហ៊ុនថា បានឈូសឆាយព្រៃតំបន់គោរពបូជាសហគមន៍អស់ជាង ៧ហិកតារ ហើយធ្វើរបាំងបិទផ្លូវមិនឲ្យអ្នកភូមិធ្វើដំណើរទៅកាន់តំបន់នោះបានដូចធម្មតាឡើយ។ លោកថា អ្នកភូមិបានធ្វើការប្រឆាំងជាច្រើនលើក ខណៈក្រុមហ៊ុននេះប៉ុនប៉ងឈូសឆាយព្រៃសហគមន៍ដើម្បីយកដី។ ជាមួយនោះដែរ អ្នកភូមិបានធ្វើពាក្យប្ដឹងតវ៉ាជូនអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ប៉ុន្តែមិនមានការយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់សហគមន៍ឡើយ ផ្ទុយទៅវិញ ក្រុមហ៊ុនបានរំលោភឈូសឆាយព្រៃអភិរក្សផ្នែកជំនឿប្រពៃណី និងជាតំបន់ជម្រកសត្វ និងជាតំបន់ប្រភពទឹកប្រើប្រាស់របស់សហគមន៍អស់គ្មានសល់។
លោក ទើយ ធិ៖ «ព្រោះក្រុមហ៊ុនទេ ពួកខ្ញុំសែនព្រេននៅកន្លែងព្រៃពួកខ្ញុំកប់សព ឈូសឆាយកន្លែងពួកខ្ញុំ។ អ៊ីចឹងព្រៃខ្មោចមិនឲ្យប៉ះពាល់ដាច់ខាត ព្រៃតំណមព្រៃខ្មោច ព្រៃដង្ហើមទឹកទៀត។ តំណាងសហគមន៍នៅហ្នឹង បើមិនឈប់នៅតែបន្តធ្វើទៀត»។
ក្រុមហ៊ុន មេហ្គា ហ្វើស ទទួលបានដីសម្បទានជាង ៩ពាន់ហិកតារនៅស្រុកអូររាំង តាំងពីឆ្នាំ២០១២។ ក៏ប៉ុន្តែក្រុមហ៊ុននេះបានផ្អាកឈូសឆាយដីបន្ទាប់ពីសហគមន៍បានប្រមូលផ្តុំតវ៉ា និងដាក់ពាក្យប្ដឹងឲ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់សកម្មភាព និងដកអាជ្ញាប័ណ្ណក្រុមហ៊ុនដែលបង្កឲ្យមានផលប៉ះពាល់ព្រៃអភិរក្សរបស់ពលរដ្ឋជនជាតិដើមភាគតិច។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែសីហា មិនអាចទាក់ទងតំណាងក្រុមហ៊ុន មេហ្គា ហ្វើស សុំអធិប្បាយជុំវិញការតវ៉ារបស់អ្នកភូមិបានឡើយ។
ចំណែកអភិបាលស្រុកអូររាំង លោក នង ទុណ្ណារី បដិសេធមិនអធិប្បាយដោយសារជាប់រវល់។ ទាក់ទិនករណីនេះដែរ មន្ត្រីសម្របសម្រួលសមាគមអាដហុក លោក សុក រដ្ឋា ដែលបានឃ្លាំមើលបញ្ហានេះ ចាត់ទុកសកម្មភាពឈូសឆាយព្រៃសហគមន៍ពីសំណាក់ក្រុមហ៊ុនថា ជាការរំលោភបំពានទៅលើតំបន់វប្បធម៌ប្រពៃណី និងរំលោភទៅលើសិទ្ធិជនជាតិដើមភាគតិច។
លោកថា អាជ្ញាធរពាក់ព័ន្ធគួរយកចិត្តទុកដាក់ដោះស្រាយការតវ៉ារបស់អ្នកភូមិទាក់ទិនផលប៉ះពាល់ស្ដីពីសម្បទានសេដ្ឋកិច្ច ដែលគោលនយោបាយរាជរដ្ឋាភិបាលកំណត់ឲ្យកាត់ផលប៉ះពាល់ប្រជាពលរដ្ឋចេញ៖ «អាជ្ញាធរខេត្តគួរតែចាប់អារម្មណ៍ចំពោះការតវ៉ា និងទាមទាររបស់ជនជាតិដើមភាគតិច ត្រូវតែផ្តល់សិទ្ធិឲ្យពួកគាត់ឲ្យបានច្រើនក្នុងការទាមទារតវ៉ា មិនត្រូវរឹតត្បិតសេរីភាពពួកគាត់ដែលមិនបានប្រើហិង្សា ហើយគ្មានអាវុធក្នុងដៃ»។
ទោះជាយ៉ាងណាក៏ដោយ តំណាងសហគមន៍លោក ទើយ ធិ អះអាងថា អ្នកភូមិមិនព្រមបញ្ឈប់ការតវ៉ាប្រឆាំងការរំលោភសិទ្ធិរស់នៅរបស់អ្នកភូមិឡើយ ហេតុនេះអ្នកភូមិគ្រោងនឹងប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំ ដើម្បីធ្វើការតវ៉ាទាមទារឲ្យក្រុមហ៊ុនប្រគល់ដី និងសំណងខូចខាតតំបន់ព្រៃគោរពបូជាអ្នកភូមិ និងជាពិសេសទាមទារឲ្យប្រមុខរាជរដ្ឋាភិបាលលប់ចោទអាជ្ញាប័ណ្ណក្រុមហ៊ុននេះ ដែលបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិជនជាតិដើមភាគតិច៕
No comments:
Post a Comment